លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្វីនឹងមកដល់«ទីបញ្ចប់»?

តើអ្វីនឹងមកដល់«ទីបញ្ចប់»?

តើ​អ្វី​នឹង​មក​ដល់​«​ទី​បញ្ចប់​»​?

​«​ . . . រួច​ទី​បញ្ចប់​នឹង​មក​ដល់​»។—ម៉ាថាយ ២៤:១៤

ថ្មី​ៗ នេះ​មនុស្ស​ជា​ច្រើន​និយាយ​អំពី​ទី​បញ្ចប់​នៃ​ពិភព​លោក។ សៀវភៅ ភាពយន្ត និង​ទស្សនាវដ្ដី​ដែល​មាន​តាំង​ពី​រឿង​កំប្លែង​រហូត​ដល់​រឿង​វិទ្យាសាស្ត្រ បាន​បង្ហាញ​អំពី​ទី​អវសាន​របស់​ពិភព​លោក​នេះ។ ក្នុង​នោះ​រួម​មាន​មហន្តរាយ​ដែល​មក​ពី​អាវុធ​នុយក្លេអ៊ែរ ការ​ប៉ះទង្គិច​គ្នា​រវាង​ផ្កាយ​ព្រះ​គ្រោះ​និង​ផែនដី មេរោគ​ដែល​សម្លាប់​មនុស្ស​ជា​ច្រើន ការ​ប្រែ​ប្រួល​នៃ​អាកាសធាតុ និង​ការ​វាយ​ប្រហារ​របស់​មនុស្ស​ភព​ផ្សេង។

សាសនា​ជា​ច្រើន​មាន​ទស្សនៈ​ផ្សេង​ៗ​គ្នា​អំពី​រឿង​នេះ ហើយ​ពួក​គេ​បង្រៀន​ថា​ពេល​«​ទី​បញ្ចប់​»​មក​ដល់ ភាវរស់​ទាំង​អស់​នៅ​ផែនដី​នឹង​ត្រូវ​វិនាស​សាប​សូន្យ។ ស្តី​អំពី​ម៉ាថាយ ២៤:១៤ សាសនវិទូ​ម្នាក់​បាន​សរសេរ​ពាក្យ​ដែល​គួរ​ឲ្យ​ខ្លាច​នេះ​ថា​៖ ​«​ខ​នេះ​ជា​ខ​សំខាន់​បំផុត​មួយ​ក្នុង​បណ្ដាំ​របស់​ព្រះ . . . ជំនាន់​យើង​អាច​ជួប​មហន្តរាយ​ធំ​ដល់​ម្ល៉េះ​ដែល​មាន​មនុស្ស​តិច​ណាស់​ចង់​គិត​អំពី​ការ​ពិត​នោះ​»។

ពេល​មនុស្ស​មាន​ទស្សនៈ​បែប​នេះ ពួក​គេ​មិន​បាន​គិត​អំពី​ការ​ពិត​ដ៏​សំខាន់​មួយ ពោល​គឺ​ពេល​ព្រះ​យេហូវ៉ា​បាន​«​តាំង​ឡើង​»​ផែនដី លោក​«​មិន​មែន​បង្កើត​មក​ឲ្យ​នៅ​ទទេ​ទេ គឺ​បាន​ជប​សូន​បង្កើត​ឲ្យ​ជា​ទី​អាស្រ័យ​នៅ​»។ (​អេសាយ ៤៥:១៨​) ដូច្នេះ​ពេល​លោក​យេស៊ូ​សំដៅ​ទៅ​«​ទី​បញ្ចប់​»​ លោក​មិន​ចង់​មាន​ន័យ​ថា​ផែនដី​នឹង​ត្រូវ​បំផ្លាញ​ចោល ឬ​មនុស្ស​ទាំង​អស់​នឹង​ត្រូវ​វិនាស​នោះ​ទេ។ ប៉ុន្តែ លោក​ចង់​សំដៅ​ទៅ​លើ​ការ​បំផ្លាញ​មនុស្ស​អាក្រក់ ដែល​ជា​មនុស្ស​រឹង​ទទឹង​ដែល​មិន​ចង់​រស់​នៅ​តាម​ការ​ណែនាំ​ដ៏​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា។

សូម​ពិចារណា​ឧទាហរណ៍​នេះ។ លោក​អ្នក​មាន​ផ្ទះ​ស្អាត​មួយ ហើយ​លោក​អ្នក​ឲ្យ​មនុស្ស​មួយ​ចំនួន​រស់​នៅ​ផ្ទះ​នោះ​ដោយ​ឥត​គិត​ថ្លៃ។ អ្នក​ខ្លះ​រស់​នៅ​ដោយ​សុខសាន្ត​ជា​មួយ​គ្នា ថែម​ទាំង​ជួយ​ថែ​ទាំ​ផ្ទះ​របស់​លោក​អ្នក​យ៉ាង​ល្អ។ ចំណែក​អ្នក​ខ្លះ​ទៀត​មិន​បាន​ធ្វើ​ដូច​នេះ​ទេ តែ​ពួក​គេ​បែរ​ជា​បង្ក​បញ្ហា​ផ្សេង​ៗ វាយ​តប់​គ្នា ហើយ​រំខាន​ដល់​មនុស្ស​ល្អ​ដែល​រស់​នៅ​ផ្ទះ​នោះ​ទៀត​ផង។ មនុស្ស​អាក្រក់​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​ខូច​របស់​របរ​ក្នុង​ផ្ទះ ហើយ​ពេល​លោក​អ្នក​ព្យាយាម​បញ្ឈប់​ពួក​គេ នោះ​ពួក​គេ​រឹង​ចចេស​មិន​ព្រម​ធ្វើ​តាម​លោក​អ្នក​ទេ។

ក្នុង​ករណី​នេះ តើ​លោក​អ្នក​នឹង​ធ្វើ​យ៉ាង​ណា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ? តើ​លោក​អ្នក​នឹង​បំផ្លាញ​ផ្ទះ​របស់​លោក​អ្នក​ចោល​ឬ​ទេ? លោក​អ្នក​ប្រហែលជា​មិន​ធ្វើ​ដូច្នេះ​ទេ លោក​អ្នក​ទំនង​ជា​នឹង​បណ្ដេញ​មនុស្ស​អាក្រក់​ទាំង​នោះ​ចេញ ហើយ​ជួស​ជុល​របស់​របរ​ដែល​ខូច​ខាត​ឡើង​វិញ។

ព្រះ​យេហូវ៉ា​ក៏​នឹង​ធ្វើ​ស្រដៀង​គ្នា​នេះ​ដែរ។ លោក​បាន​ដឹក​នាំ​អ្នក​តែង​ទំនុកតម្កើង​ឲ្យ​សរសេរ​ថា​៖ ​«​ពួក​អ្នក​ដែល​ធ្វើ​អាក្រក់ នឹង​ត្រូវ​កាត់​ចេញ តែ​អស់​អ្នក​ដែល​រង់​ចាំ​ព្រះ​យេហូវ៉ា នោះ​នឹង​បាន​ផែនដី​ជាម​រដក។ ដល់​បន្ដិច​ទៀត មនុស្ស​អាក្រក់​នឹង​មិន​មាន​ទៀត​ទេ។ អើ! អ្នក​នឹង​ខំ​មើល​កន្លែង​គេ តែ​គេ​មិន​នៅ​ទេ។ ឯ​មនុស្ស​រាបសា គេ​នឹង​បាន​ផែនដី​ជាម​រដក ហើយ​នឹង​បាន​ចិត្ត​រីករាយ ដោយ​សេចក្ដី​ក្សេម​ក្សាន្ត​ដ៏​បរិបូរ​»។—ទំនុកតម្កើង ៣៧:៩​-​១១

សាវ័ក​ពេត្រុស​ក៏​បាន​និយាយ​អំពី​រឿង​នេះ​ដែរ។ នៅ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ គាត់​បាន​សរសេរ​ថា​៖ ​«​មាន​មេឃ​នៅ​សម័យ​បុរាណ និង​មាន​ផែនដី​ដែល​រឹង​ផុស​ឡើង​ពី​ទឹក ក៏​នៅ​កណ្ដាល​ទឹក ហើយ​ដោយ​ការ​ទាំង​នោះ ពិភព​លោក​នៅ​សម័យ​នោះ​បាន​ត្រូវ​បំផ្លាញ​ចោល ពេល​ដែល​មាន​ទឹក​ជំនន់​»។ (​ពេត្រុសទី២ ៣:៥, ៦​) ក្នុង​ខ​នេះ​ពេត្រុស​សំដៅ​ទៅ​លើ​ទឹក​ជំនន់​ដែល​មាន​នៅ​សម័យ​ណូអេ។ មនុស្ស​ទុច្ចរិត​ដែល​រស់​នៅ​សម័យ​នោះ​បាន​ត្រូវ​បំផ្លាញ​ចោល មិន​មែន​ផែនដី​នោះ​ទេ។ ទឹក​ជំនន់​នោះ​ដែល​មាន​ពេញ​ផែនដី​ទុក​ជា​«​គំរូ​ពី​អ្វី​ដែល​នឹង​កើត​ឡើង​ដល់​មនុស្ស​ទុច្ចរិត​នៅ​ថ្ងៃ​មុខ​»។—ពេត្រុសទី២ ២:៦

ក្រោយ​មក ពេត្រុស​បន្ថែម​ថា​៖ ​«​មេឃ​និង​ផែនដី​ដែល​មាន​ឥឡូវ​នេះ​បាន​ត្រូវ​ទុក​ដោយ​ឡែក​សម្រាប់​ឲ្យ​ភ្លើង​ឆេះ​»។ បើ​យើង​អាន​ដល់​ត្រឹម​នេះ យើង​អាច​យល់​ខុស។ ប៉ុន្តែ សូម​កត់​សម្គាល់​ខ​នេះ​ដែល​បន្ត​ថា​៖ ‹ហើយ​បំផ្លាញ​មនុស្ស​ទុច្ចរិត​ចោល›។ ដូច្នេះ ការ​បំផ្លាញ​នេះ​មិន​មែន​ជា​ការ​បំផ្លាញ​ចោល​ផែនដី​នោះ​ទេ តែ​ជា​ការ​បំផ្លាញ​ចោល​មនុស្ស​អាក្រក់​វិញ។ តើ​មាន​អ្វី​កើត​ឡើង​បន្ទាប់​មក? ពេត្រុស​បាន​សរសេរ​ថា​៖ ​«​យើង​កំពុង​ទន្ទឹង​រង់​ចាំ​មេឃ​ថ្មី​[​រាជាណាចក្រ​របស់​ព្រះ​ដែល​គ្រប់​គ្រង​ដោយ​មេស្ស៊ី​]​និង​ផែនដី​ថ្មី[​សង្គម​មនុស្ស​សុចរិត​] ស្រប​តាម​សេចក្ដី​សន្យា​របស់​លោក ហើយ​ទី​នោះ សេចក្ដី​សុចរិត​នឹង​ស្ថិតស្ថេរ​ជា​ដរាប​»។—ពេត្រុសទី២ ៣:៧, ១៣

ទំនាយ​ក្នុង​គម្ពីរ​ក៏​បាន​បង្ហាញ​ថា​«​ទី​បញ្ចប់​»​ជិត​មក​ដល់​ហើយ។ សូម​អាន​ម៉ាថាយ ២៤:៣​-​១៤ និង​ធីម៉ូថេទី២ ៣:១​-​៥ ដែល​ចែង​អំពី​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​ថា​ទី​បញ្ចប់​ពិត​ជា​ជិត​មក​ដល់​មែន។ *

ហេតុ​អ្វី​មាន​មនុស្ស​ជា​ច្រើន​យល់​ច្រឡំ​អត្ថន័យ​នៃ​ម៉ាថាយ ២៤:​១៤ ដែល​ជា​ខ​គម្ពីរ​មួយ​ដែល​ក្មេង​ៗ​ក៏​អាច​យល់​បាន​នោះ? មូលហេតុ​គឺ សាថាន​បាន​ធ្វើ​ឲ្យ​មនុស្ស​មិន​យល់​សេចក្ដី​ពិត​ដ៏​មាន​តម្លៃ​ក្នុង​បណ្ដាំ​របស់​ព្រះ។ (​កូរិនថូសទី២ ៤:៤​) មូលហេតុ​មួយ​ទៀត​គឺ​ដោយ​សារ​ព្រះ​បាន​លាក់​គោល​បំណង​របស់​លោក​ពី​មនុស្ស​ដែល​អួតអាង ហើយ​បើក​បង្ហាញ​ឲ្យ​មនុស្ស​ដែល​បន្ទាប​ខ្លួន​បាន​យល់។ ស្តី​អំពី​រឿង​នេះ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ឱ​បិតា ជា​ម្ចាស់​ស្ថាន​សួគ៌​និង​ផែនដី ខ្ញុំ​សូម​សរសើរ​លោក​នៅ​មុខ​មនុស្ស ពីព្រោះ​លោក​បាន​លាក់​អ្វី​ៗ​ទាំង​នេះ​ពី​អ្នក​ប្រាជ្ញ​និង​អ្នក​ចេះ​ដឹង តែ​បាន​បើក​សម្ដែង​ឲ្យ​កូន​តូច​ៗ​យល់​វិញ​»។ (​ម៉ាថាយ ១១:២៥​) យើង​មាន​កិត្ដិយស​មែន​ដែល​យើង​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​បន្ទាប​ខ្លួន​ដែល​យល់​អំពី​អត្ថន័យ​នៃ​រាជាណាចក្រ​របស់​ព្រះ។ ម្យ៉ាង​ទៀត ដោយ​សារ​យើង​គាំទ្រ​រាជាណាចក្រ​នោះ យើង​នឹង​ទទួល​ពរ​ជា​មិន​ខាន!

[​កំណត់​សម្គាល់​]

^ វគ្គ 11 ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម សូម​មើល​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ជំពូក​ទី​៩ ដែល​បាន​ត្រូវ​បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

[​រូបភាព​នៅ​ទំព័រ​៩​]

រាជាណាចក្រ​នឹង​ធ្វើ​ឲ្យ​អំពើ​ទុច្ចរិត​ទាំង​អស់​នៅ​ផែនដី លែង​មាន​ទៀត​ឬ​មក​ដល់​«​ទី​បញ្ចប់​»​