គន្លឹះសុភមង្គលគ្រួសារ ចូរអប់រំកូនរបស់អ្នកឲ្យមានគោលការណ៍សីលធម៌ក្នុងខ្លួន
គន្លឹះសុភមង្គលគ្រួសារ
ចូរអប់រំកូនរបស់អ្នកឲ្យមានគោលការណ៍សីលធម៌ក្នុងខ្លួន
ឡូយដា *ដែលជាម្ដាយម្នាក់នៅប្រទេសម៉ិចស៊ិចបាននិយាយថា៖ «គេចែកស្រោមអនាម័យនៅឯសាលារៀន ដូច្នេះយុវវ័យគិតថារួមភេទជាមួយគ្នាគឺមិនមានអ្វីខុសទេឲ្យតែចេះការពារដោយប្រើស្រោមអនាម័យ»។
ណូប៊ូកូដែលជាម្ដាយម្នាក់នៅប្រទេសជប៉ុនបានស្រដីថា៖ «ខ្ញុំបានសួរកូនប្រុសរបស់ខ្ញុំថា បើវានិងសង្សារវានៅតែពីរនាក់ តើវានឹងធ្វើអ្វី? វាឆ្លើយថា៖ ‹អត់ដឹងដែរ›»។
ពេលកូននៅតូចនៅឡើយ តើអ្នករៀបចំផ្ទះឲ្យមានសុវត្ថិភាពចំពោះកូនឬទេ? អ្នកប្រហែលជាបិទកន្លែងដែលមានចរន្តអគ្គិសនីឆ្លងកាត់ លាក់របស់របរដែលមុតស្រួច និងដាក់ឃាំងជណ្ដើរ ដើម្បីកុំឲ្យកូនមានគ្រោះថ្នាក់។
បើយើងអាចធ្វើដូច្នេះដើម្បីការពារកូនជំទង់របស់យើង នោះជាការល្អណាស់! ប៉ុន្តែឥឡូវអ្នកមានការព្រួយបារម្ភខ្លាំងជាងដូចជា ‹តើកូនប្រុសរបស់ខ្ញុំមើលរូបអាសអាភាសឬទេ? តើកូនស្រីរបស់ខ្ញុំផ្ញើរូបស៊ិចស៊ីរបស់ខ្លួនតាមទូរស័ព្ទដៃឲ្យអ្នកឯទៀតឬទេ?› ហើយមានសំណួរមួយដែលឪពុកម្ដាយខ្លាចនឹងដឹងចម្លើយគឺ‹តើកូនជំទង់របស់ខ្ញុំប្រឡូកយ៉ាងសកម្មជាមួយនឹងការរួមភេទឬក៏អត់?›។
ការត្រួតត្រាទាំងស្រុងលើកូន មិនមែនជាវិធីដែលជួយកូនឲ្យមានសីលធម៌ក្នុងខ្លួនទេ
ឪពុកម្ដាយខ្លះខំការពារកូនជំទង់របស់ខ្លួន២៤ម៉ោងដោយតាមដាននិងត្រួតពិនិត្យរាល់ការប្រព្រឹត្តរបស់ពួកគេ។ ប៉ុន្តែក្រោយមក ឪពុកម្ដាយជាច្រើនបានយល់ថាការការពារកូនដូច្នេះនាំឲ្យកូនលាក់អ្វីដែលកូនកំពុងធ្វើទៅវិញ ហើយកូនក៏ពូកែលាក់នូវរាល់ការប្រព្រឹត្តដែលឪពុកម្ដាយមិនចង់ឲ្យខ្លួនគេធ្វើដែរ។
យ៉ាងច្បាស់ណាស់ ការត្រួតត្រាទាំងស្រុងលើកូនមិនមែនជាវិធីដែលជួយកូនឲ្យមានសីលធម៌ក្នុងខ្លួនទេ។ ព្រះយេហូវ៉ាមិនបានប្រើវិធីនេះដើម្បីធ្វើឲ្យមនុស្សនិងទេវតាគោរពលោកឡើយ ដូច្នេះអ្នកដែលជាឪពុកម្ដាយក៏គួរធ្វើដូចលោកដែរ។ (ចោទិយកថា ៣០:១៩) អាស្រ័យហេតុនេះ តើអ្នកអាចជួយកូនជំទង់របស់អ្នកឲ្យចេះធ្វើការសម្រេចចិត្តល្អដែលបង្ហាញពីការមានសីលធម៌យ៉ាងដូចម្ដេច?—សុភាសិត ២៧:១១
វិធីដ៏សំខាន់មួយគឺឲ្យអ្នកពិភាក្សាជារឿយៗជាមួយកូនរបស់អ្នកអំពីការរួមភេទ ហើយធ្វើដូច្នេះពេលកូននៅតូចនៅឡើយ។ * (សុភាសិត ២២:៦) ក្រោយមកពេលដែលពួកគេចូលវ័យជំទង់ សូមបន្តនិយាយអំពីរឿងនេះជាមួយកូន។ ក្នុងនាមជាឪពុកម្ដាយ អ្នកគួរជាប្រភពព័ត៌មានដែលគួរឲ្យទុកចិត្តបំផុតសម្រាប់កូនជំទង់របស់អ្នក។ ក្មេងស្រី ជំទង់ម្នាក់នៅប្រទេសអង់គ្លេសឈ្មោះអាលីសៀបានពោលថា៖ «មនុស្សជាច្រើនគិតថា យើងចង់និយាយអំពីការរួមភេទជាមួយមិត្តភក្ដិគ្នាឯង។ ប៉ុន្តែនេះមិនមែនជាការពិតទេ យើងចង់ទទួលព័ត៌មាននេះពីឪពុកម្ដាយវិញ ព្រោះយើងទុកចិត្តអ្វីដែលពួកគាត់ប្រាប់យើង»។
កូនត្រូវការគោលការណ៍ដែលល្អជាចាំបាច់
ពេលកូនកំពុងធំឡើង កូនៗត្រូវដឹងច្រើនថែមទៀតអំពីការរួមភេទ មិនគ្រាន់តែដឹងអំពីការបន្តពូជប៉ុណ្ណោះទេ។ ពួកគេក៏ត្រូវមាន‹សមត្ថភាពយល់ដឹងដែលបានត្រូវបង្វឹកបង្ហាត់ដើម្បីសម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវ›។ (ហេប្រឺ ៥:១៤) បើនិយាយឲ្យចំទៅ ពួកគេត្រូវជឿជាក់យ៉ាងខ្លាំងអំពីអ្វីដែលខុសនិងអ្វីដែលត្រូវស្តីអំពីការរួមភេទ ហើយត្រូវរស់នៅសមស្របតាមការជឿជាក់នោះ។ តើអ្នកអាចអប់រំកូនជំទង់របស់អ្នកឲ្យមានគោលការណ៍សីលធម៌ក្នុងខ្លួនយ៉ាងដូចម្ដេច?
មុនដំបូងអ្នកត្រូវគិតពិចារណាអំពីគោលការណ៍របស់អ្នកជាមុនសិន។ ជាឧទាហរណ៍ អ្នកប្រហែលជាជឿជាក់យ៉ាងខ្លាំងថាអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ដែលជាការរួមភេទមុនពេលរៀបការ ជាអ្វីដែលខុស។ (ថែស្សាឡូនិចទី១ ៤:៣) កូនៗរបស់អ្នកទំនងជាដឹងទស្សនៈរបស់អ្នកស្តីអំពីរឿងនេះ ហើយពួកគេក៏ប្រហែលជាអាចដកស្រង់ខគម្ពីរផ្សេងៗដែលគាំទ្រគំនិតរបស់អ្នកដែរ។ ពេលអ្នកសួរពួកគេ នោះពួកគេប្រហែលជាឆ្លើយភ្លាមៗថាការរួមភេទមុនពេលរៀបការគឺខុស។
ប៉ុន្តែនេះមិនគ្រប់គ្រាន់ទេ។ ក្នុងសៀវភៅមួយដែលសរសេរអំពីការអប់រំកូនស្តីអំពីការរួមភេទ គេបានសង្កេតឃើញថា យុវវ័យខ្លះប្រហែលជាយល់ស្របនឹងឪពុកម្ដាយតែមាត់ទេ។ (Sex Smart) សៀវភៅនេះបានរៀបរាប់ថា៖ «ពួកគេមិនដឹងថាទស្សនៈណាគឺត្រឹមត្រូវឡើយ។ ពេលដែលពួកគេជួបរឿងមួយដែលមិនបានដឹងទុកជាមុន ដែលនាំឲ្យពួកគេមិនដឹងថាការប្រព្រឹត្តណាដែលគួរនិងមិនគួរធ្វើ នោះពួកគេចាប់ផ្ដើមយល់ខុស និងអាចធ្វើខុសសីលធម៌យ៉ាងធ្ងន់»។ នេះជាមូលហេតុដែលពួកគេត្រូវមានគោលការណ៍សីលធម៌ក្នុងខ្លួនជាចាំបាច់។ ក៏ប៉ុន្តែ តើអ្នកអាចជួយកូនជំទង់របស់អ្នកឲ្យមានសីលធម៌ក្នុងខ្លួនយ៉ាងដូចម្ដេច?
បញ្ជាក់ឲ្យកូនដឹងច្បាស់អំពីគោលការណ៍របស់អ្នក។ តើអ្នកជឿជាក់ថាការរួមភេទគឺសម្រាប់តែប្ដីប្រពន្ធតែប៉ុណ្ណោះឬ? បើដូច្នេះ សូមប្រាប់កូនជំទង់របស់អ្នកឲ្យច្បាស់និងជារឿយៗអំពីទស្សនៈនេះ។ យោងទៅតាមការស្រាវជ្រាវដែលមានក្នុងសៀវភៅមួយបានឃើញថា៖ «ពេលឪពុកម្ដាយបានប្រាប់កូនជំទង់របស់ពួកគេយ៉ាងច្បាស់ថាខ្លួនគាត់មិនពេញចិត្តឲ្យក្មេងៗជំទង់រួមភេទ នោះកូនរបស់ពួកគេទំនងជាពន្យារពេលប្រឡូកនឹងការរួមភេទ» (Beyond the Big Talk)។
ដូចបានរៀបរាប់ខាងលើ ការប្រាប់អំពីគោលការណ៍របស់អ្នកមិនធានាថា កូនៗរបស់អ្នកនឹងរស់នៅស្របតាមគោលការណ៍នោះទេ។ ប៉ុន្តែ ការប្រាប់យ៉ាងច្បាស់អំពីគោលការណ៍ដែលអ្នកចង់ឲ្យក្រុមគ្រួសារកាន់តាម នឹងធ្វើជាមូលដ្ឋានសម្រាប់ឲ្យកូនៗបណ្ដុះឲ្យមានគោលការណ៍របស់ខ្លួនដែរ។ បន្ថែមទៅទៀត តាមការសិក្សាស្រាវជ្រាវមួយចំនួនបានសង្កេតឃើញថា នៅទីបំផុតក្មេងៗយុវវ័យជាច្រើនបានកាន់តាមគោលការណ៍ដូចឪពុកម្ដាយ ទោះជាតាមមើលទៅក្នុងអំឡុងវ័យជំទង់ ពួកគេមិនបានធ្វើតាមគោលការណ៍នោះក៏ដោយ។
សូមសាកវិធីនេះ: ប្រើហេតុការណ៍ដែលកើតឡើងតាមព័ត៌មានដើម្បីចាប់ផ្ដើមសន្ទនានិងប្រាប់កូនអំពីគោលការណ៍របស់អ្នក។ ជាឧទាហរណ៍ បើមានព័ត៌មានអំពីបទល្មើសដែលទាក់ទងនឹងអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ អ្នកអាចនិយាយថា៖ «ប៉ា(ម៉ាក់)រន្ធត់ចិត្តណាស់ដែលបុរសខ្លះខំកេងចំណេញលើស្ត្រីភេទបែបនេះ។ តើកូនគិតថាពួកគេមានគំនិតបែបនេះពីណាមក?»។
ប្រាប់ការពិតទាំងអស់ដល់កូនអំពីការរួមភេទ។ ការព្រមានជាអ្វីដែលសំខាន់ចាំបាច់។ (កូរិនថូសទី១ ៦:១៨; យ៉ាកុប ១:១៤, ១៥) គម្ពីរពណ៌នាអំពីការរួមភេទជាអំណោយពីព្រះ មិនមែនជាអន្ទាក់របស់សាថានទេ។ (សុភាសិត ៥:១៨, ១៩; បទចម្រៀងសាឡូម៉ូន ១:២) ការប្រាប់កូនជំទង់របស់អ្នកអំពីគ្រោះថ្នាក់តែប៉ុណ្ណោះ ប្រហែលជាអាចធ្វើឲ្យពួកគេមានគំនិតមិនត្រឹមត្រូវ និងមានទស្សនៈខុសពីគម្ពីរស្តីអំពីរឿងនេះ។ ប្អូនស្រីម្នាក់ឈ្មោះកូរីណានៅប្រទេសបារាំងបាននិយាយថា៖ «ឪពុកម្ដាយរបស់ខ្ញុំនិយាយច្រើនអំពីការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ហើយនេះបានធ្វើឲ្យខ្ញុំមានគំនិតមិនត្រឹមត្រូវអំពីទំនាក់ទំនងខាងផ្លូវភេទ»។
សូមធ្វើឲ្យប្រាកដថាកូនៗរបស់អ្នកដឹងការពិតទាំងអស់អំពីការរួមភេទ។ ម្ដាយម្នាក់នៅប្រទេសម៉ិចស៊ិចឈ្មោះណាឌីយ៉ាបានស្រដីថា៖ «ខ្ញុំតែងតែខំប្រាប់កូនជំទង់របស់ខ្ញុំឲ្យយល់ថាការរួមភេទជាអ្វីដែលល្អនិងជាលក្ខណៈធម្មជាតិ ហើយថាព្រះយេហូវ៉ាបានរៀបចំឡើងដើម្បីឲ្យមនុស្សមានភាពរីករាយ។ ប៉ុន្តែព្រះផ្ដល់ឲ្យសម្រាប់ប្ដីប្រពន្ធតែប៉ុណ្ណោះ។ វាអាចធ្វើឲ្យមនុស្សមានសុភមង្គលឬទុក្ខវេទនាអាស្រ័យទៅលើរបៀបដែលយើងប្រើវា»។
សូមសាកវិធីនេះ: លើកក្រោយ ពេលដែលអ្នកនិយាយជាមួយកូនជំទង់របស់អ្នកអំពីការរួមភេទ សូមបញ្ចប់ការសន្ទនានោះដោយនិយាយអំពីលក្ខណៈល្អៗ។ កុំខ្លាចនិយាយថានេះជាអំណោយដ៏ល្អអស្ចារ្យមួយពីព្រះ ដែលកូនៗអាចរីករាយនៅអនាគតក្នុងនាមជាគូ
ស្វាមីភរិយា។ សូមធ្វើឲ្យកូនមានទំនុកចិត្តថា ទម្រាំដល់ពេលនោះ កូនអាចកាន់តាមខ្នាតតម្រារបស់ព្រះបាន។ជួយកូនជំទង់របស់អ្នកឲ្យចេះគិតអំពីផលវិបាក។ ដើម្បីធ្វើការសម្រេចចិត្តល្អក្នុងជីវិត យុវជនយុវតីត្រូវដឹងអំពីរបៀបដែលពួកគេអាចស្គាល់ជម្រើសរបស់ខ្លួន ហើយចេះថ្លឹងថ្លែងអំពីចំណុចល្អនិងចំណុចអាក្រក់នៃជម្រើសនីមួយៗនោះ។ កុំគិតថា បើកូនដឹងអំពីអ្វីដែលខុសនិងអ្វីដែលត្រូវគឺគ្រប់គ្រាន់ហើយ។ បងស្រីគ្រិស្តសាសនិកម្នាក់នៅប្រទេសអូស្ដ្រាលីឈ្មោះអេម៉ាបានពោលថា៖ «បើខ្ញុំគិតអំពីកំហុសដែលខ្ញុំធ្វើកាលពីនៅក្មេង នោះខ្ញុំអាចនិយាយថាការស្គាល់ខ្នាតតម្រារបស់ព្រះមិនមានន័យថាយើងធ្វើតាមនោះទេ។ គឺសំខាន់ចាំបាច់ណាស់ឲ្យយើងយល់នូវប្រយោជន៍ដែលមកពីខ្នាតតម្រារបស់ព្រះ និងផលវិបាកនៃការបំពានខ្នាតតម្រានោះវិញ»។
គម្ពីរអាចជួយយើងបាន ព្រោះច្បាប់ជាច្រើនក្នុងគម្ពីរបញ្ជាក់អំពីផលវិបាកដែលមកពីការបំពានច្បាប់នោះ។ ជាឧទាហរណ៍ សុភាសិត ៥:៨, ៩ដាស់តឿនបុរសវ័យក្មេងឲ្យចាកចេញពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ‹ក្រែងពួកគេប្រគល់កិត្ដិសព្ទរបស់ខ្លួនដល់អ្នកដទៃ›។ ដូចខនេះបានបញ្ជាក់ ពួកអ្នកដែលរួមភេទមុនពេលរៀបការបាត់បង់សីលធម៌ខ្លះក្នុងខ្លួន បង្ខូចចំណងមិត្តភាពជាមួយនឹងព្រះ និងមិនសូវឲ្យតម្លៃចំពោះខ្លួនទៀត។ ជាលទ្ធផល នេះបានធ្វើឲ្យពួកអ្នកដែលមានគុណសម្បត្ដិទាំងនោះដែលអាចទៅជាគូអនាគតរបស់ពួកគេ ប្រហែលជាមិនសូវចាប់អារម្មណ៍នឹងពួកគេទៅវិញ។ ដោយសញ្ជឹងគិតអំពីគ្រោះថ្នាក់ដែលមកពីការបំពានច្បាប់របស់ព្រះ ដូចជាគ្រោះថ្នាក់ខាងផ្លូវកាយ ផ្លូវចិត្ត និងចំណងមិត្តភាពជាមួយនឹងលោក នោះអាចជួយកូនជំទង់របស់អ្នកឲ្យពង្រឹងការតាំងចិត្តរបស់ពួកគេក្នុងការរស់នៅស្របតាមច្បាប់របស់លោក។
សូមសាកវិធីនេះ: ប្រើឧទាហរណ៍ផ្សេងៗដើម្បីជួយកូនជំទង់របស់អ្នកឲ្យយល់ថាការធ្វើតាមខ្នាតតម្រារបស់ព្រះនាំឲ្យមានប្រយោជន៍មែន។ ជាឧទាហរណ៍ អ្នកអាចនិយាយថា៖ «ភ្នក់ភ្លើងជាអ្វីដែលល្អ ប៉ុន្តែបើភ្លើងឆេះព្រៃគឺអាក្រក់។ តើកូនគិតថាភ្លើងទាំងពីរនេះ ខុសគ្នាត្រង់ណា? ហើយបើកូនគិតអំពីកម្រិតដែលព្រះបានដាក់ស្តីអំពីការរួមភេទ តើទាក់ទងយ៉ាងណានឹងឧទាហរណ៍នេះ?»។ សូមប្រើកំណត់ហេតុនៅសៀវភៅសុភាសិត ៥:៣-១៤ដើម្បីជួយកូនជំទង់របស់អ្នកយល់អំពីផលវិបាកដ៏អាក្រក់ ដែលមកពីការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។
នៅប្រទេសជប៉ុន ប្អូនប្រុសម្នាក់អាយុ១៨ឆ្នាំឈ្មោះតាកាអូបាននិយាយថា៖ «ខ្ញុំដឹងថាខ្ញុំគួរធ្វើអ្វីដែលត្រឹមត្រូវ ប៉ុន្តែខ្ញុំត្រូវតស៊ូជានិច្ចដើម្បីប្រឆាំងនឹងបំណងប្រាថ្នារបស់រូបកាយខ្ញុំ»។ យុវជនយុវតីដែលមានអារម្មណ៍ដូចនេះអាចទទួលការលើកទឹកចិត្តបានដោយយល់ថាពួកគេមិនមែនជួបបញ្ហានេះតែម្នាក់ឯងទេ។ សូម្បីតែសាវ័កប៉ូលដែលជាគ្រិស្តសាសនិកដ៏ស្មោះត្រង់ម្នាក់ក៏បានសារភាពថា៖ «កាលខ្ញុំប៉ងប្រាថ្នាធ្វើអ្វីដែលត្រឹមត្រូវ នោះអ្វីដែលអាក្រក់នៅជាប់ជាមួយនឹងខ្ញុំ»។—រ៉ូម ៧:២១
ជាការល្អឲ្យយុវជនយុវតីយល់ថាការតស៊ូបែបនេះមិនតែងតែជាអ្វីដែលអាក្រក់នោះទេ ព្រោះនេះអាចជំរុញពួកគេឲ្យគិតថាខ្លួនចង់ក្លាយទៅជាមនុស្សប្រភេទណា។ នេះអាចជួយពួកគេឲ្យឆ្លើយដោយមានទំនុកចិត្តចំពោះសំណួរដូចជា‹តើខ្ញុំចង់កាន់កាប់លើជីវិតរបស់ខ្លួន ហើយមានកេរ្ដិ៍ឈ្មោះជាអ្នកដែលមានសីលធម៌ក្នុងខ្លួន ថែមទាំងមានចិត្តស្មោះគ្រប់លក្ខណៈឬទេ? ឬក៏តើខ្ញុំចង់មានកេរ្ដិ៍ឈ្មោះជាអ្នកដែលតោងកន្ទុយគេ ហើយចុះចាញ់នឹងបំណងប្រាថ្នារបស់ខ្លួនវិញ?›។ ការមានគោលការណ៍សីលធម៌ល្អនឹងជួយកូនជំទង់របស់អ្នកឲ្យចេះឆ្លើយសំណួរទាំងនេះយ៉ាងត្រឹមត្រូវ។
[កំណត់សម្គាល់]
^ វគ្គ 3 ឈ្មោះខ្លះក្នុងអត្ថបទនេះបានត្រូវផ្លាស់ប្ដូរ។
^ វគ្គ 10 ដើម្បីទទួលយោបល់អំពីរបៀបដែលអ្នកអាចផ្ដើមពិភាក្សាជាមួយកូនអ្នកស្តីអំពីការរួមភេទ និងអំពីរបៀបដែលអ្នកអាចប្រាប់អំពីរឿងនោះសមស្របតាមវ័យរបស់កូន សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១០ ទំព័រ៩-១១។
សូមសួរខ្លួនអ្នកថា . . .
▪ តើអ្វីបង្ហាញឲ្យខ្ញុំដឹងថាកូនជំទង់របស់ខ្ញុំមានគោលការណ៍សីលធម៌រឹងមាំ?
▪ ពេលដែលនិយាយជាមួយកូនជំទង់របស់ខ្ញុំអំពីការរួមភេទ តើខ្ញុំប្រាប់ថានេះជាអំណោយពីព្រះ ឬក៏ជាអន្ទាក់របស់សាថាន?
[ប្រអប់នៅទំព័រ៣១]
គម្ពីរនៅតែមានប្រយោជន៍រហូតដល់សព្វថ្ងៃនេះ
សៀវភៅមួយបានសរសេរថា៖ «ការណែនាំក្នុងគម្ពីរដែលទាក់ទងនឹងទំនាក់ទំនងផ្លូវភេទនៅតែមានប្រយោជន៍រហូតដល់សព្វថ្ងៃនេះ។ ក្មេងយុវជនយុវតីកាន់តែច្រើនមានវិបត្ដិខាងផ្លូវចិត្តដែលបណ្ដាលមកពីការរួមភេទមុនពេលរៀបការ មានកូនឥតខាន់ស្លា ជំងឺអេដស៍ និងជំងឺកាមរោគផ្សេងៗ។ ដូច្នេះ ការណែនាំក្នុងបទគម្ពីរដែលថាឲ្យរួមភេទក្រោយពេលរៀបការ . . . ប្រាកដជាមានប្រយោជន៍ណាស់ នេះជារបៀបតែមួយគត់ដែលមានប្រសិទ្ធភាពដើម្បីអាចជៀសពីផលវិបាកទាំងនោះបាន» (Parenting Teens With Love and Logic)។