គ្រាដ៏ល្អប្រសើរជាងជិតមកដល់ហើយ!
គ្រាដ៏ល្អប្រសើរជាងជិតមកដល់ហើយ!
«ដល់បន្ដិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ . . . ឯមនុស្សរាបសា គេនឹងបានផែនដីជា មរដក ហើយនឹងបានចិត្តរីករាយដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ»។—ទំនុកតម្កើង ៣៧:១០, ១១
តើលោកអ្នកចង់ឲ្យទំនាយដែលបានដកស្រង់ខាងលើនេះក្លាយជាការពិតឬទេ? លោកអ្នកពិតជាចង់មែន។ មានមូលហេតុជាក់ស្តែងដើម្បីឲ្យយើងជឿថាទំនាយនេះនឹងក្លាយជាការពិតនៅពេលឆាប់ៗខាងមុខនេះ។
អត្ថបទមុនៗយើងបានពិគ្រោះគ្នាអំពីទំនាយខ្លះៗដែលបង្ហាញភ័ស្តុតាងថាយើងកំពុងរស់នៅក្នុង«គ្រាចុងក្រោយបង្អស់»។ (ធីម៉ូថេទី២ ៣:១-៥) ព្រះបានបណ្ដាលឲ្យអ្នកដែលសរសេរគម្ពីរប្រាប់ទុកជាមុនអំពីព្រឹត្ដិការណ៍ទាំងនោះ ដើម្បីយើងអាចមានសេចក្ដីសង្ឃឹមបាន។ (រ៉ូម ១៥:៤) ការសម្រេចនៃទំនាយទាំងនោះបង្ហាញថាបញ្ហាដែលមាននៅសព្វថ្ងៃនេះជិតដល់ទីបញ្ចប់ហើយ។
តើនឹងមានអ្វីកើតឡើងក្រោយពីគ្រាចុងក្រោយបង្អស់បានដល់ទីបញ្ចប់? គឺរាជាណាចក្ររបស់ព្រះនឹងគ្រប់គ្រងលើមនុស្សជាតិ។ (ម៉ាថាយ ៦:៩, ១០) សូមពិចារណានូវរបៀបដែលគម្ពីរពណ៌នាអំពីស្ថានភាពដែលមាននៅលើផែនដីនៅពេលនោះ:
● ការអត់ឃ្លាននឹងត្រូវបំបាត់ចោល។ «នឹងមានស្រូវជាបរិបូរនៅក្នុងស្រុក[ផែនដី] រហូតដល់កំពូលភ្នំ ឯគួរស្រូវ នោះនឹងទ្រេតចុះឡើង»។—ទំនុកតម្កើង ៧២:១៦
● ជំងឺនឹងលែងមានទៀត។ «ពួកអ្នកដែលនៅក្នុងក្រុង គេនឹងមិនថា៖ ខ្ញុំឈឺទៀតឡើយ»។—អេសាយ ៣៣:២៤
● ផែនដីនឹងទៅជាស្អាតឡើងវិញ។ «ទីរហោស្ថាន ហើយទីហួតហែង នឹងមានសេចក្ដីអំណរ ឯសមុទ្រខ្សាច់នឹងរីករាយ ហើយផ្កាឡើងដូចជាកុឡាប»។—អេសាយ ៣៥:១
នេះគ្រាន់តែជាទំនាយខ្លះៗក្នុងគម្ពីរដែលលើកទឹកចិត្តយើង ហើយបន្ដិចទៀតទំនាយទាំងនេះនឹងសម្រេចជាក់ជាមិនខាន។ យើងសូមអញ្ជើញលោកអ្នកឲ្យសួរសាក្សីព្រះយេហូវ៉ា ដើម្បីបង្ហាញលោកអ្នកអំពីមូលហេតុដែលពួកគេជឿជាក់យ៉ាងខ្លាំងថា គ្រាដ៏ប្រសើរជាង ជិតមកដល់ហើយ!