ឃើញភ្លាម សន្និដ្ឋានភ្លែត តើគួរឲ្យទុកចិត្ដឬទេ?
ឃើញភ្លាម សន្និដ្ឋានភ្លែត តើគួរឲ្យទុកចិត្តឬទេ?
គ្រូពេទ្យម្នាក់កំពុងអង្គុយសម្រាកយ៉ាងស្រួលក្នុងបន្ទប់ទទួលភ្ញៀវនៅផ្ទះរបស់គាត់។ ពេលនោះគាត់កំពុងមើលទូរទស្សន៍ ដែលមានកម្មវិធីសម្ភាសភ្ញៀវម្នាក់ជារដ្ឋមន្ត្រីនៃប្រទេសអៀឡង់។ ក្រោយពីពិនិត្យមើលទឹកមុខរបស់រដ្ឋមន្ត្រីនោះយ៉ាងហ្មត់ចត់ គ្រូពេទ្យនេះបានកត់សម្គាល់ថា រដ្ឋមន្ត្រីនោះមានជំងឺដុះដុំសាច់។ ក្រោយមក គ្រូពេទ្យនេះបានទាក់ទងជម្រាបរដ្ឋមន្ត្រីនោះឲ្យទៅពិនិត្យសុខភាពភ្លាមៗ។
លទ្ធផលនៃការពិនិត្យគឺដូចអ្វីដែលគាត់បានសន្និដ្ឋានមែន។ គ្រូពេទ្យនោះមានសមត្ថភាពដែលអាចធ្វើរោគវិនិច្ឆ័យបានយ៉ាងត្រឹមត្រូវដោយគ្រាន់តែមើលមុខអ្នកជំងឺ។ ក៏ប៉ុន្តែ មនុស្សខ្លះគិតថាខ្លួនមានសមត្ថភាពអាចវិភាគមើលថាមនុស្សណាគឺគួរឲ្យទុកចិត្ត ហើយមានចរិត និងបុគ្គលិកលក្ខណៈបែបណា។
អស់ច្រើនសតវត្សរ៍មកហើយ ពួកអ្នកស្រាវជ្រាវខំបង្កើនសមត្ថភាពបែបវិទ្យាសាស្ត្រក្នុងការមើលចរិតលក្ខណៈរបស់មនុស្សតាមរយៈរូបរាងខាងក្រៅរបស់ពួកគេ។ សព្វវចនាធិប្បាយមួយបានបកស្រាយថា«នេះជាវិជ្ជាម្យ៉ាងដែលមានមូលដ្ឋានលើទ្រឹស្តីមិនពិត ដែលស្រាវជ្រាវប៉ាន់ស្មានចិត្តគំនិតនិងចរិតលក្ខណៈមនុស្សតាមរយៈទម្រង់មុខ និងរូបរាង»។ (Encyclopædia Britannica) នៅសតវត្សរ៍ទី១៩ អ្នកស្រាវជ្រាវអំពីអរិយធម៌មនុស្សឈ្មោះហ្វ្រាងស៊ីស ហ្គាលតុន ដែលជាបងប្អូនជីដូនមួយរបស់ឆាល ដាវីន និងអ្នកស្រាវជ្រាវរកឧក្រិដ្ឋជន ឈ្មោះសេសេរ៉ា ឡុមប្រូសូ ពីប្រទេសអ៊ីតាលី បានលើកឡើងនូវទ្រឹស្តីនិងវិធីស្រដៀងគ្នានេះដែរ តែអ្វីៗទាំងនោះមនុស្សជាច្រើនស្ទើរតែភ្លេចបាត់ទៅហើយ។
ប៉ុន្តែ មនុស្សជាច្រើនជឿថាខ្លួនអាចសន្និដ្ឋានយ៉ាងត្រឹមត្រូវអំពីមនុស្សម្នាក់ៗដោយគ្រាន់តែមើលសម្បកក្រៅប៉ុណ្ណោះ។ ដូច្នេះ តើការឃើញភ្លាម សន្និដ្ឋានភ្លែតគួរឲ្យទុកចិត្តឬទេ?
ការវិនិច្ឆ័យដោយមើលតែសម្បកក្រៅ
ក្នុងគម្ពីរ នៅសៀវភៅសាំយូអែលទី១មានឧទាហរណ៍គំរូមួយស្តីអំពីការវិនិច្ឆ័យ ដោយឃើញភ្លាម សន្និដ្ឋានភ្លែត។ ព្រះយេហូវ៉ាបានចាត់សាំយូអែលដែលជាអ្នកប្រកាសទំនាយឲ្យទៅចាក់ប្រេងលើសមាជិកម្នាក់ក្នុងក្រុមគ្រួសាររបស់អ៊ីសាយដើម្បីតាំងឡើងជាស្តេច។ គម្ពីរបានចែងថា៖ «កាលបានចូលមកដល់[កូនៗរបស់អ៊ីសាយ] នោះលោកក៏ក្រឡេកមើលទៅអេលាប ដោយគិតថា‹នេះប្រាកដជាអ្នកដែលព្រះយេហូវ៉ាចាក់ប្រេងតាំងឲ្យ បានមកនៅចំពោះទ្រង់ហើយ›។ តែព្រះយេហូវ៉ាទ្រង់មានបន្ទូលថា៖ ‹កុំឲ្យមើលតែឫកពាខាងក្រៅ ឬកំពស់ខ្លួននោះឡើយ ដ្បិតអញមិនទទួលអ្នកនេះទេ ពីព្រោះព្រះទ្រង់មិនទតចំពោះសេចក្ដី ដែលមនុស្សលោកពិចារណាមើលទេ ឯមនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ›»។ នេះបានកើតឡើងចំពោះកូនប្រុសទាំង៦នាក់ទៀតរបស់អ៊ីសាយ។ នៅទីបំផុត ផ្ទុយពីអ្វីដែលអ្នកប្រកាសទំនាយនិងអ៊ីសាយបានគិត ព្រះយេហូវ៉ារើសយកកូនទី៨របស់គាត់ឈ្មោះដាវីឌដែលនៅក្មេងខ្ចីឲ្យធ្វើជាស្តេចនៅពេលអនាគត ជាអ្នកដែលគ្មាននរណាម្នាក់នឹកឃើញថានឹងហៅគាត់ឲ្យមកជួបសាំយូអែលឡើយ។—សាំយូអែលទី១ ១៦:៦-១២
សព្វថ្ងៃនេះក៏គ្មានអ្វីខុសប្លែកដែរ។ ប៉ុន្មានឆ្នាំមុននេះ នៅប្រទេសអាឡឺម៉ង់ សាស្ដ្រាចារ្យម្នាក់ខាងឧក្រិដ្ឋវិជ្ជា បានដឹកនាំក្នុងការពិសោធមួយដែលមាននិស្សិតផ្នែកច្បាប់ចំនួន៥០០នាក់ចូលរួម។ មាន«ភ្ញៀវ»ដែលគេពុំស្គាល់អត្តសញ្ញាណចំនួន១២នាក់។ ភ្ញៀវទាំងនោះរួមមានមេប៉ូលិស ព្រះរាជអាជ្ញា បេឡានៅសកលវិទ្យាល័យ មន្ត្រីរដ្ឋការ មេធាវី មន្ត្រីតុលាការ និងឧក្រិដ្ឋជនបីនាក់។ និស្សិតទាំងនោះត្រូវប៉ាន់ស្មានថា ក្នុងចំណោមភ្ញៀវទាំងអស់ តើពួកគេមានមុខរបរអ្វី? ហើយបើពួកគេធ្លាប់ជាប់គុក តើដោយសារមូលហេតុអ្វី? និស្សិតទាំងនោះត្រូវធ្វើការប៉ាន់ស្មានដោយផ្អែកលើការមើលតែសម្បកក្រៅ និងការកម្សាន្តរបស់ភ្ញៀវទាំងនោះ។
តើមានលទ្ធផលយ៉ាងណា? និស្សិតចំនួន៧៥ភាគរយបានប៉ាន់ស្មានយ៉ាងត្រឹមត្រូវអំពីភ្ញៀវបីនាក់ដែលជាឧក្រិដ្ឋជន។ ប៉ុន្តែ ជាមធ្យម និស្សិតចំនួន៦០ភាគរយក៏សន្និដ្ឋានថាភ្ញៀវ៩នាក់ទៀតដែលមិនធ្លាប់ប្រព្រឹត្តបទល្មើសថាជាអ្នកប្រព្រឹត្តបទល្មើសដែរ។ ចំពោះព្រះរាជអាជ្ញា និស្សិតម្នាក់ក្នុងចំណោម៧នាក់គិតស្មានថា គាត់មានលទ្ធភាពជាអ្នកលក់គ្រឿងញៀន ហើយចំពោះមេប៉ូលិស និស្សិត
ម្នាក់ក្នុងចំណោមបីនាក់គិតស្មានថា គាត់ជាចោរ! ដូច្នេះ ការឃើញភ្លាម សន្និដ្ឋានភ្លែតអាចខុសយ៉ាងខ្លាំង។ ហេតុអ្វី?ការមើលតែសម្បកក្រៅអាចធ្វើឲ្យយល់ច្រឡំ
ពេលយើងជួបអ្នកណាម្នាក់ជាលើកដំបូង យើងមានទំនោរចិត្តសន្និដ្ឋានអំពីបុគ្គលនោះដោយផ្អែកលើបទពិសោធន៍ដែលយើងធ្លាប់មានកន្លងមក។ យើងមានទំនោរចិត្តសន្និដ្ឋាន និងវិនិច្ឆ័យគាត់តាមអ្វីដែលយើងមើលឃើញ។ ក្រៅពីរូបរាងសម្បកក្រៅ យើងប្រហែលជាសន្និដ្ឋានឬវិនិច្ឆ័យបុគ្គលម្នាក់ស្របតាមជាតិសាសន៍ កុលសម្ព័ន្ធ មុខមាត់ក្នុងសង្គម និងសាសនា។
បើបុគ្គលនោះពិតជាដូចអ្វីដែលយើងបានសន្និដ្ឋាន នោះយើងចាត់ទុកថាយើងចេះវិនិច្ឆ័យយ៉ាងត្រឹមត្រូវ ហើយក៏ជឿជាក់កាន់តែខ្លាំងឡើងដែរទៅលើការសន្និដ្ឋានរបស់ខ្លួន ពេលយើងជួបមនុស្សណាម្នាក់ជាលើកដំបូង។ ក៏ប៉ុន្តែ ពេលយើងដឹងថា ការសន្និដ្ឋានរបស់យើងគឺខុសទាំងស្រុង តើយើងមានប្រតិកម្មយ៉ាងណា? បើយើងទទួលស្គាល់ការពិត យើងគួរឈប់ទុកចិត្តលើការសន្និដ្ឋានរបស់យើង ហើយមើលអ្វីដែលជាហេតុការណ៍ពិតវិញ។ បើមិនដូច្នេះទេ យើងអាចធ្វើឲ្យអ្នកឯទៀតឈឺចិត្ត ឬរហូតដល់ធ្វើខុសយ៉ាងធ្ងន់ ដោយសារតែការប្រព្រឹត្តដែលកើតឡើងពីចិត្តអំណួតរបស់យើងក្នុងការគិតថាខ្លួនពូកែវិភាគមើលមនុស្ស។
ការសន្និដ្ឋានដែលមើលតែសម្បកក្រៅមិនគ្រាន់តែអាចបង្កគ្រោះថ្នាក់ដល់អ្នកដែលយើងវិនិច្ឆ័យប៉ុណ្ណោះទេ តែក៏បង្កគ្រោះថ្នាក់ដល់ខ្លួនដែលជាអ្នកវិនិច្ឆ័យគេដែរ។ ជាឧទាហរណ៍ នៅសតវត្សរ៍ទី១ ជនជាតិយូដាជាច្រើននាក់បានបដិសេធលោកយេស៊ូ ដោយសន្និដ្ឋានថាលោកមិនអាចជាមេស្ស៊ីដែលបានត្រូវសន្យាទេ។ ហេតុអ្វី? ដោយសារពួកគេមើលតែសម្បកក្រៅ នោះពួកគេឃើញតែលោកយេស៊ូជាកូនរបស់ជាងឈើស្រុកស្រែម្នាក់ប៉ុណ្ណោះ។ ទោះជាពួកគេភ្ញាក់ផ្អើលចំពោះសេចក្ដីបង្រៀនរបស់លោកយេស៊ូដែលប្រកបដោយប្រាជ្ញានិងមានឫទ្ធានុភាពក៏ដោយ ក៏ពួកគេមិនព្រមជឿថាលោកគឺខុសពីអ្វីដែលពួកគេសន្និដ្ឋានទុកជាមុនឡើយ។ ដោយសារពួកគេមានចិត្តគំនិតបែបនេះ បានធ្វើឲ្យលោកយេស៊ូទៅផ្សព្វផ្សាយនៅកន្លែងផ្សេងទៀត។ លោកបានមានប្រសាសន៍ថា៖ «នៅគ្រប់កន្លែង គេតែងគោរពអ្នកប្រកាសទំនាយ លើកលែងតែនៅស្រុកកំណើត និងនៅក្នុងផ្ទះរបស់ខ្លួន»។—ម៉ាថាយ ១៣:៥៤-៥៨
ពួកយូដាទាំងនេះ គឺជាសមាជិកនៃប្រជាជាតិដែលកំពុងរង់ចាំមេស្ស៊ីអស់ជាច្រើនសតវត្សរ៍មកហើយ។ ដោយសារពួកគេបានឃើញភ្លាម សន្និដ្ឋានភ្លែត នោះនាំឲ្យពួកគេមិនទទួលស្គាល់មេស្ស៊ីពេលដែលលោកមក។ ជាលទ្ធផលព្រះលែងពេញចិត្តនឹងពួកគេ។ (ម៉ាថាយ ២៣:៣៧-៣៩) ពួកអ្នកកាន់តាមលោកយេស៊ូក៏បានជួបនូវការរើសអើងបែបនេះដែរ។ មនុស្សជាច្រើនមិនអាចជឿថាអ្នកនេសាទដែលមានឋានៈតូចទាប មិនបានរៀនជ្រៅជ្រះ ហើយក៏មិនមែនជាអ្នកដែលមានអំណាចក្នុងសាសនា អាចមានព័ត៌មានដ៏សំខាន់ដើម្បីប្រាប់មនុស្សនោះទេ។ ពួកអ្នកដែលទុកចិត្តលើការ សន្និដ្ឋានរបស់ខ្លួនបានបាត់បង់ឱកាសដ៏ល្អក្នុងការធ្វើជាអ្នកកាន់តាមបុត្ររបស់ព្រះ។—យ៉ូហាន ១:១០-១២
មនុស្សខ្លះបានកែប្រែគំនិត
នៅសម័យរបស់លោកយេស៊ូមានមនុស្សខ្លះដែលមានចិត្តរាបទាប ហើយបានកែប្រែគំនិតរបស់ពួកគេពេលឃើញភ័ស្តុតាង។ (យ៉ូហាន ៧:៤៥-៥២) ក្នុងនោះមានដូចជា សមាជិកក្រុមគ្រួសាររបស់លោកយេស៊ូ ដែលពីដំបូងពួកគេមិនបានជឿទេថា លោកយេស៊ូជាមេស្ស៊ី។ (យ៉ូហាន ៧:៥) គួរឲ្យសរសើរមែនដែលក្រោយមកពួកគេបានកែប្រែគំនិតនិងបង្ហាញជំនឿលើលោក។ (សកម្មភាព ១:១៤; កូរិនថូសទី១ ៩:៥; កាឡាទី ១:១៩) ស្រដៀងគ្នាដែរ ច្រើនឆ្នាំក្រោយមក មនុស្សខ្លះដែលតំណាងឲ្យសហគមន៍យូដានៅទីក្រុងរ៉ូមបានស្ម័គ្រចិត្តស្ដាប់សាវ័កប៉ូល ជាជាងស្ដាប់ពាក្យចចាមអារ៉ាមរបស់អ្នកដែលប្រឆាំងនឹងគ្រិស្តសាសនា។ ក្រោយពីបានស្ដាប់អ្វីដែលប៉ូលនិយាយ អ្នកខ្លះបានក្លាយទៅជាអ្នកជឿ។—សកម្មភាព ២៨:២២-២៤
សព្វថ្ងៃនេះ មនុស្សជាច្រើនមានទស្សនៈអវិជ្ជមានអំពីសាក្សីព្រះយេហូវ៉ា។ ហេតុអ្វី? ក្នុងករណីភាគច្រើន នេះមិនមែនដោយសារពួកគេបានពិចារណាអំពីហេតុការណ៍ពិតឬបានរកភ័ស្តុតាងឃើញថាជំនឿនិងការប្រព្រឹត្តរបស់សាក្សីព្រះយេហូវ៉ាមិនផ្អែកលើគម្ពីរទេ។ ផ្ទុយទៅវិញ ពួកគេមិនព្រមជឿថាសាក្សីព្រះយេហូវ៉ាបង្រៀនសេចក្ដីពិតទេ។ នេះជាទស្សនៈដែលមនុស្សជាច្រើននៅសតវត្សរ៍ទី១មានចំពោះគ្រិស្តសាសនិកនៅជំនាន់នោះ។
មិនមែនជាការដែលគួរឲ្យភ្ញាក់ផ្អើលទេដែលមនុស្សមិនពេញចិត្តនិងនិយាយប្រឆាំងពួកអ្នកដែលខំព្យាយាមធ្វើតាមគំរូរបស់លោកយេស៊ូ។ ហេតុអ្វី? ដោយសារ លោកយេស៊ូបានព្រមានពួកអ្នកកាន់តាមពិតរបស់លោកថា៖ «មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នាដោយសារអ្នកកាន់តាមខ្ញុំ»។ ប៉ុន្តែ លោកបានលើកទឹកចិត្តពួកគេថា៖ «អ្នកណាដែលស៊ូទ្រាំរហូតដល់ទីបញ្ចប់ អ្នកនោះនឹងទទួលសេចក្ដីសង្គ្រោះ»។—ម៉ាថាយ ១០:២២
ដើម្បីស្ដាប់បង្គាប់លោកយេស៊ូ សាក្សីព្រះយេហូវ៉ានៅសព្វថ្ងៃនេះព្យាយាមផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះដល់មនុស្សទូទាំងពិភពលោក។ (ម៉ាថាយ ២៨:១៩, ២០) ពួកអ្នកដែលមិនព្រមស្ដាប់ កំពុងបាត់បង់ឱកាសបានជីវិតដែលគ្មានទីបញ្ចប់។ (យ៉ូហាន ១៧:៣) ចុះលោកអ្នកវិញ? តើលោកអ្នកនឹងឲ្យការសន្និដ្ឋាន និងគំនិតប្រកាន់ទុកជាមុនមកដឹកនាំលោកអ្នក ឬក៏លោកអ្នកនឹងស្ម័គ្រចិត្តពិចារណាហេតុការណ៍ពិតដោយមានទស្សនៈទូលំទូលាយវិញ? សូមចាំថា ការមើលតែសម្បកក្រៅអាចធ្វើឲ្យយល់ច្រឡំ ហើយការឃើញភ្លាមសន្និដ្ឋានភ្លែតក៏អាចខុសដែរ ប៉ុន្តែការពិចារណាហេតុការណ៍ពិតដោយមិនមានគំនិតប្រកាន់ទុកជាមុន អាចនាំឲ្យមានលទ្ធផលដែលគួរឲ្យភ្ញាក់ផ្អើល។—សកម្មភាព ១៧:១០-១២
[រូបភាពនៅទំព័រ២៩]
ការសន្និដ្ឋានរបស់ពួកគេធ្វើឲ្យជនជាតិយូដាជាច្រើនបដិសេធលោកយេស៊ូដែលជាមេស្ស៊ី
[រូបភាពនៅទំព័រ៣០]
តើទស្សនៈរបស់អ្នកចំពោះសាក្សីព្រះយេហូវ៉ាមានមូលដ្ឋានលើការសន្និដ្ឋានឬលើហេតុការណ៍ពិត?