ព្រះយេហូវ៉ាធ្វើឲ្យខ្ញុំមើលឃើញ
ព្រះយេហូវ៉ាធ្វើឲ្យខ្ញុំមើលឃើញ
រៀបរាប់ដោយ បងប្រុសប៉ាទ្រីស អូយ៉ាកា
នៅល្ងាចថ្ងៃមួយ ក្រោយពេលដែលខ្ញុំបានចំណាយពេលពេញមួយថ្ងៃក្នុងសភាពអស់សង្ឃឹម តែម្នាក់ឯង ពិការភ្នែក និងស្ដាប់វិទ្យុដែលបើកចោលរហូត។ ខ្ញុំក៏សម្រេចចិត្តថាចង់បញ្ចប់ជីវិតដ៏កម្សត់បែបនេះ។ ខ្ញុំបានចាក់ម្សៅដែលមានជាតិពុលក្នុងកែវទឹកមួយ ហើយដាក់នៅលើតុពីមុខខ្ញុំ។ ខ្ញុំចង់មុជទឹកសម្អាតខ្លួនជាលើកចុងក្រោយ ហើយស្លៀកពាក់ឲ្យបានស្អាតបាតមុនពេលដែលខ្ញុំផឹកទឹកដែលមានជាតិពុលដើម្បីបញ្ចប់ជីវិតរបស់ខ្ញុំ។ ហេតុអ្វីខ្ញុំចង់សម្លាប់ខ្លួន? ហើយហេតុអ្វីបានជាខ្ញុំនៅមានជីវិតរហូតដល់សព្វថ្ងៃនេះដើម្បីរៀបរាប់អំពីរឿងរបស់ខ្លួន?
ខ្ញុំកើតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៥៨ ខេត្តកាសាយ អូរីអិនតល់ នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ឪពុកខ្ញុំបានស្លាប់ចោលខ្ញុំពេលដែលខ្ញុំនៅតូចអាយុ៩ឆ្នាំ ហើយបងប្រុសខ្ញុំជាអ្នកបីបាច់ថែរក្សាខ្ញុំរហូតដល់ខ្ញុំធំឡើង។
បន្ទាប់ពីរៀនចប់ ខ្ញុំបានធ្វើការនៅចំការកៅស៊ូ។ ព្រឹកមួយនាឆ្នាំ១៩៨៩ ពេលខ្ញុំកំពុងធ្វើរបាយការណ៍នៅការិយាល័យរបស់ខ្ញុំ រំពេចនោះស្រាប់តែខ្ញុំមើលអ្វីលែងឃើញទាំងអស់។ ដំបូងឡើយ ខ្ញុំគិតថាដាច់ភ្លើង ប៉ុន្តែ ខ្ញុំឮសំឡេងម៉ាស៊ីនភ្លើង ហើយនោះជាពេលព្រឹក! គួរឲ្យរន្ធត់ណាស់! ខ្ញុំមិនអាចមើលឃើញអ្វីទាំងអស់ សូម្បីតែកំណត់ហេតុដែលនៅពីមុខខ្ញុំ!
ភ្លាមៗនោះ ខ្ញុំបានហៅបុរសម្នាក់ដែលធ្វើការក្រោមបង្គាប់ឲ្យជូនខ្ញុំទៅជួបអ្នកទទួលខុសត្រូវខាងគិលានដ្ឋាន។ អ្នកនោះត្រឡប់ជាណែនាំខ្ញុំឲ្យទៅជួបគ្រូពេទ្យដែលមានបទពិសោធន៍ជាងនៅឯទីក្រុង។ លោកគ្រូពេទ្យបានពិនិត្យឃើញថាគ្រាប់ភ្នែករបស់ខ្ញុំមានរបួស ហើយថាស្ថានភាពរបស់ខ្ញុំគឺធ្ងន់ធ្ងរណាស់។ ដូច្នេះ គាត់ក៏បញ្ជូនខ្ញុំទៅរដ្ឋធានីឃិនសាសា។
ជីវិតនៅឃិនសាសា
នៅឃិនសាសា ខ្ញុំបានពិគ្រោះជាមួយអ្នកឯកទេសខាងភ្នែកជាច្រើននាក់ ប៉ុន្តែ គ្មានអ្នកណាម្នាក់អាចជួយខ្ញុំបានឡើយ។ ក្រោយមកខ្ញុំបានសម្រាកនៅមន្ទីរពេទ្យអស់រយៈពេល៤៣ថ្ងៃ គ្រូពេទ្យបានសន្និដ្ឋានថាខ្ញុំនឹងពិការភ្នែកអស់មួយជីវិត! ក្រុមគ្រួសាររបស់ខ្ញុំបាននាំខ្ញុំទៅគ្រប់វិហារទាំងអស់ដើម្បីរកការព្យាបាលដោយធ្វើការអស្ចារ្យ ប៉ុន្តែ គ្មាននរណាម្នាក់អាចព្យាបាលខ្ញុំបានទេ។
នៅទីបំផុត ខ្ញុំលែងមានសង្ឃឹមថានឹងមើលឃើញឡើងវិញ។ អ្វីៗទាំងអស់ក្នុងជីវិតនាំឲ្យខ្ញុំអស់សង្ឃឹម។ ខ្ញុំមើលលែងឃើញ ខ្ញុំបាត់បង់ការងារ។ ខ្ញុំបាត់បង់ប្រពន្ធដោយនាងរត់ចោលខ្ញុំ ហើយនាងបានយកទៅជាមួយរបស់របរទាំងអស់ដែលយើងមាននៅក្នុងផ្ទះ។ ខ្ញុំមានអារម្មណ៍ថាខ្មាសគេមិនចង់ចេញទៅណា ឬសេពគប់ជាមួយអ្នកឯទៀតទេ។ ខ្ញុំឃុំខ្លួន ហើយសំងំនៅតែក្នុងផ្ទះ។ ខ្ញុំមិនរាប់រកអ្នកណាទាំងអស់ ហើយគិតថាខ្លួនគ្មានតម្លៃទាល់តែសោះ។
ខ្ញុំប៉ងធ្វើអត្តឃាតពីរលើក។ គឺជាលើកទី២ដែលបានរៀបរាប់នៅដើមអត្ថបទនេះ។ ក្មេងតូចម្នាក់ដែលជាសាច់ញាតិនៅក្នុងគ្រួសារបានជួយជីវិតខ្ញុំ។ ដោយគ្មានចេតនា គាត់បានយកកែវទឹកដែលមានជាតិពុលចាក់ចោលទៅលើដី ពេលដែលខ្ញុំកំពុងមុជទឹកសម្អាតខ្លួន។ ខ្ញុំសប្បាយចិត្តដែលគាត់មិនបានផឹកទឹកពុលនោះ។ ប៉ុន្តែ ខ្ញុំខកចិត្តមែនទែនដោយរកកែវនោះមិនឃើញ។ បន្ទាប់មក ខ្ញុំក៏សារភាពប្រាប់ក្រុមគ្រួសារអំពីមូលហេតុដែលខ្ញុំរកកែវនោះ និងអំពីអ្វីដែលខ្ញុំប៉ងធ្វើ។
ខ្ញុំមានចិត្តដឹងគុណចំពោះព្រះ និងក្រុមគ្រួសាររបស់ខ្ញុំដែលបានមើលថែខ្ញុំ។ ការប៉ងធ្វើអត្តឃាតរបស់ខ្ញុំមិនបានសម្រេចទេ។
មានអំណរក្នុងជីវិតឡើងវិញ
នៅថ្ងៃសៅរ៍មួយ ក្នុងឆ្នាំ១៩៩២ ពេលខ្ញុំនៅផ្ទះកំពុងអង្គុយជក់បារី មានសាក្សីព្រះយេហូវ៉ាពីរនាក់មកបានជួបខ្ញុំពេលពួកគេកំពុងផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ ពួកគេសង្កេតឃើញថាខ្ញុំពិការភ្នែក ដូច្នេះហើយ ពួកគេអានអេសាយ ៣៥:៥ ដែលថា៖ «គ្រានោះ ភ្នែករបស់មនុស្សខ្វាក់ នឹងបានភ្លឺឡើង ហើយត្រចៀករបស់មនុស្សថ្លង់នឹងឮបាន»។ ពេលបានឮពាក្យទាំងនោះ ខ្ញុំមានអំណរខ្លាំងណាស់! សាក្សីព្រះយេហូវ៉ាគ្មានការព្យាបាលដោយធ្វើការអស្ចារ្យទេ គឺខុសពីអ្វីដែលខ្ញុំបានឮពីព្រះវិហារនានាដែលខ្ញុំបានទៅ។ ផ្ទុយទៅវិញ ពួកគេបានពន្យល់ថាខ្ញុំអាចមើលឃើញឡើងវិញនៅក្នុងពិភពលោកថ្មីដែលព្រះបានសន្យា បើខ្ញុំរៀនឲ្យស្គាល់ព្រះ។ (យ៉ូហាន ១៧:៣) ភ្លាមៗនោះខ្ញុំចាប់ផ្ដើមសិក្សាគម្ពីរជាមួយសាក្សីព្រះយេហូវ៉ាដោយប្រើសៀវភៅអ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី។ ខ្ញុំក៏ចាប់ផ្ដើមចូលរួមកិច្ចប្រជុំទាំងអស់នៅសាលប្រជុំក្នុងតំបន់ ហើយក៏បានធ្វើការកែប្រែក្នុងជីវិតរបស់ខ្ញុំដែរ។ ខ្ញុំបានឈប់ជក់បារី។
ប៉ុន្តែ ភាពពិការភ្នែកបានរារាំងខ្ញុំពីការរីកចម្រើនក្នុងការគោរពប្រណិប័តន៍ព្រះ។ ដូច្នេះ ខ្ញុំក៏បានទៅវិទ្យាស្ថានសម្រាប់ជនពិការភ្នែកដើម្បីរៀនអាននិងសរសេរអក្សរសម្រាប់មនុស្សងងឹតភ្នែក។ នេះជួយខ្ញុំឲ្យចូលរួមក្នុងការបង្ហាត់ខាងកិច្ចបម្រើដែលមាននៅសាលប្រជុំ។ មិនយូរប៉ុន្មាន ខ្ញុំបានចាប់ផ្ដើមចូលរួមផ្សព្វផ្សាយដល់អ្នកជិតខាងរបស់ខ្ញុំ។ ខ្ញុំចាប់ផ្ដើមមានអំណរក្នុងជីវិតឡើងវិញ។ ខ្ញុំបន្តរីកចម្រើន ហើយបានប្រគល់ខ្លួនជូនព្រះយេហូវ៉ា។ ខ្ញុំបានទទួលការជ្រមុជទឹកនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៩៤។
ដោយសារខ្ញុំស្រឡាញ់ព្រះយេហូវ៉ា និងអ្នកជិតខាងកាន់តែខ្លាំងឡើង នោះធ្វើឲ្យខ្ញុំចង់ចូលរួមក្នុងកិច្ចបម្រើពេញពេល។ ចាប់តាំងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៩៥ ខ្ញុំបានបម្រើជាអ្នកត្រួសត្រាយ ដែលជាអ្នកបង្រៀនគម្ពីរពេញពេល។ ខ្ញុំមានឯកសិទ្ធិបម្រើជាអ្នកចាស់ទុំក្នុងក្រុមជំនុំតាំងពីខែកុម្ភៈ ឆ្នាំ២០០៤។ ពេលខ្លះ ក្រុមជំនុំឯទៀតក្នុងតំបន់របស់ខ្ញុំបានអញ្ជើញខ្ញុំឲ្យទៅថ្លែងសុន្ទរកថា។ ពរទាំងអស់នេះធ្វើឲ្យខ្ញុំមានអំណរជាខ្លាំង ហើយជួយខ្ញុំឲ្យចងចាំមិនភ្លេចថា គ្មានពិការភាពណាដែលអាចរារាំងយើងមិនឲ្យសម្រេចបំណងក្នុងការបម្រើព្រះយេហូវ៉ាឡើយ។
ព្រះយេហូវ៉ាបានផ្ដល់«ភ្នែក»សម្រាប់ខ្ញុំ
ដូចបានរៀបរាប់នៅខាងដើម ប្រពន្ធរបស់ខ្ញុំបានបោះបង់ចោលខ្ញុំដោយសារខ្ញុំពិការភ្នែក។ ប៉ុន្តែ ព្រះយេហូវ៉ាបានផ្ដល់ពរដល់ខ្ញុំច្រើនជាងទៅទៀត។ ក្នុងអត្ថន័យមួយដ៏ពិសេស លោកបានឲ្យភ្នែកដល់ខ្ញុំ។ អេននី ម៉េវ៉េមប៊ូក្លាយជាភ្នែករបស់ខ្ញុំ ព្រោះនាងស្ម័គ្រចិត្តទទួលខ្ញុំជាប្ដីទោះបីជាខ្ញុំពិការភ្នែកក៏ដោយ។ នាងក៏ជាអ្នកផ្សព្វផ្សាយពេញពេលដែរ នាងតែងតែទៅជាមួយខ្ញុំក្នុងកិច្ចបម្រើផ្សាយ។ ចំពោះសុន្ទរកថារបស់ខ្ញុំ នាងបានអានពីឯកសារដើមឲ្យខ្ញុំស្ដាប់។ ដោយធ្វើដូច្នេះ ខ្ញុំអាចកត់កំណត់ជាអក្សរសម្រាប់មនុស្សងងឹតភ្នែក។ នាងជាពរដ៏ពិសេសចំពោះខ្ញុំ។ ដោយសារនាង ខ្ញុំបានឃើញការពិតចំពោះពាក្យដែលបានចែងនៅសុភាសិត ១៩:១៤ ដែលថា«ផ្ទះសំបែង នឹងទ្រព្យសម្បត្ដិ ជាមរដកមកពីឪពុក តែប្រពន្ធដែលឆ្លៀវឆ្លាត នោះហើយជាអំណោយទានមកពីព្រះយេហូវ៉ា»។
ព្រះយេហូវ៉ាក៏បានឲ្យពរដល់ខ្ញុំនិងអេននីដែរ គឺពួកយើងមានកូនពីរនាក់ កូនស្រីមួយនិងប្រុសមួយ។ ខ្ញុំពិតជាចង់ឃើញមុខកូនទាំងពីរខ្លាំងណាស់នៅសួនឧទ្យាន! ពរមួយទៀតគឺបងប្រុសខ្ញុំបានអនុញ្ញាតឲ្យពួកយើងរស់នៅលើដីដែលជាកម្មសិទ្ធិរបស់គាត់ ហើយគាត់ក៏ព្រមទទួលសេចក្ដីពិតពីគម្ពីរនិងទទួលការជ្រមុជទឹក! យើងទាំងអស់គ្នានៅក្នុងក្រុមជំនុំជាមួយគ្នា។
ទោះបីជាខ្ញុំពិការភ្នែក ក៏ខ្ញុំនៅតែមានបំណងចង់បម្រើព្រះឲ្យបានកាន់តែច្រើនថែមទៀត ពីព្រោះលោកប្រទានពរដល់ខ្ញុំច្រើនលើសលប់។ (ម៉ាឡាគី ៣:១០) ខ្ញុំអធិដ្ឋានរាល់ថ្ងៃសូមឲ្យរាជាណាចក្ររបស់ព្រះបានមកដល់ និងសូមឲ្យលោកបំបាត់ការឈឺចាប់ឲ្យអស់ពីផែនដី។ ចាប់តាំងពីពេលដែលខ្ញុំបានស្គាល់ព្រះយេហូវ៉ា ខ្ញុំពិតជាអាចនិយាយថា៖ «អំណោយពរនៃព្រះយេហូវ៉ា នោះធ្វើឲ្យទៅជាមាន ហើយទ្រង់មិនបន្ថែមសេចក្ដីទុក្ខព្រួយផងទេ»។—សុភាសិត ១០:២២
[រូបភាពនៅទំព័រ១១]
កំពុងថ្លែងសុន្ទរកថា ហើយនៅជាមួយក្រុមគ្រួសារនិងបងប្រុសខ្ញុំ