ព្រះយេហូវ៉ាស្អប់អំពើអយុត្ដិធម៌
ចូរចូលទៅជិតព្រះ
ព្រះយេហូវ៉ាស្អប់អំពើអយុត្ដិធម៌
«មនុស្សម្នាក់ មានអំណាចលើម្នាក់ទៀត ឲ្យគេត្រូវវេទនា»។ (សាស្ដា ៨:៩) ពាក្យទាំងនោះបានត្រូវកត់ទុកប្រហែល៣.០០០ឆ្នាំមុន ហើយការរៀបរាប់នេះគឺសមត្រឹមត្រូវនឹងពិភពលោកដែលយើងរស់នៅ។ មនុស្សជាតិមានទំនោរចិត្តដែលចង់ប្រើអំណាចរបស់ខ្លួនក្នុងផ្លូវខុស មិនថាពួកគេជាអ្នកណាឬរស់នៅកន្លែងណាទេ។ ជារឿយៗ ពួកគេធ្វើបាបអ្នកដែលគ្មានទីពឹងឬអ្នកដែលត្រូវការជំនួយ។ ស្តីអំពីភាពអយុត្ដិធម៌បែបនោះ តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណា? សូមឲ្យយើងរកចម្លើយដែលមានក្នុងសៀវភៅអេសេគាល ២២:៦, ៧, ៣១។—សូមអាន
ច្បាប់ដែលព្រះយេហូវ៉ាបានឲ្យដល់បណ្ដាជនអ៊ីស្រាអែល លោកបានបញ្ជាក់យ៉ាងច្បាស់ថា អ្នកដែលជាអ្នកគ្រប់គ្រងគេមិនត្រូវប្រើអំណាចរបស់ខ្លួនក្នុងផ្លូវខុសឡើយ។ លោកនឹងឲ្យពរដល់បណ្ដាជនលើកលែងតែអ្នកដឹកនាំប្រព្រឹត្តដោយសប្បុរសនិងដោយការយល់យោគចំពោះមនុស្សទាល់ក្រប៉ុណ្ណោះ។ (ចោទិយកថា ២៧:១៩; ២៨:១៥, ៤៥) ទោះជាយ៉ាងណាក៏ដោយ នៅសម័យដែលអេសេគាលរស់នៅ អ្នកគ្រប់គ្រងនៅក្រុងយេរូសាឡិមនិងស្រុកយូដា ពួកគេបានប្រើអំណាចរបស់ខ្លួនតាមរបៀបដ៏ឃោរឃៅ។ តើអ្វីបានកើតឡើង?
អ្នកគ្រប់គ្រងបានប្រើ«អំណាចដែលអាចនឹងកំចាយឈាម»។ (ខ៦) ពាក្យ«អំណាច»សំដៅទៅលើពួកអាជ្ញាធរឬពួកអ្នកដែលមានអំណាច។ នេះមានន័យថា ពួកអ្នកដែលបង្កើតច្បាប់បានលើកទឹកចិត្តអ្នកឯទៀតឲ្យធ្វើតាមច្បាប់ ប៉ុន្តែពួកគេបែរជាមិនគោរពច្បាប់ ព្រមទាំងបានប្រើអំណាចដើម្បីសម្លាប់ជនស្លូតត្រង់។ តើអាចមានយុត្ដិធម៌យ៉ាងដូចម្ដេច?
ពាក្យដែលអេសេគាលបានរៀបរាប់ខាងលើនេះ មិនគ្រាន់តែសំដៅទៅលើពួកអ្នកដឹកនាំប៉ុណ្ណោះទេ តែក៏សំដៅទៅអស់អ្នកដែលធ្វើតាមអ្នកដឹកនាំទាំងនោះដែរ ដោយសារពួកគេមិនធ្វើតាមច្បាប់ព្រះយេហូវ៉ា។ អេសេគាលបានរៀបរាប់ថា៖ «គេបានមើលងាយទាំងឪពុកម្ដាយផង»។ (ខ៧) ដោយសារមនុស្សគ្មានចំណេះស្តីអំពីអំណាចដែលព្រះយេហូវ៉ាបានឲ្យដល់ឪពុកម្ដាយ នោះពួកគេបានបង្ខូចច្បាប់ដែលជាមូលដ្ឋានដ៏រឹងមាំដែលមាននៅក្នុងក្រុមគ្រួសារទាំងឡាយ។—និក្ខមនំ ២០:១២
បណ្ដាជនអ៊ីស្រាអែលបានកេងប្រវ័ញ្ចលើពួកអ្នកទន់ខ្សោយដែលនៅក្នុងចំណោមពួកគេ។ នៅពេលដែលពួកអ៊ីស្រាអែលមិនធ្វើតាមច្បាប់របស់ព្រះ នោះបង្ហាញថាពួកគេមិនយកចិត្តទុកដាក់ចំពោះច្បាប់ដ៏ល្អដែលលោកបានផ្ដល់ឲ្យពួកគេទេ។ ជាឧទាហរណ៍ ច្បាប់របស់ព្រះបានបង្គាប់ដល់បណ្ដាជនអ៊ីស្រាអែលឲ្យមានការយោគយល់ ជាពិសេសចំពោះជនជាតិដទៃដែលស្នាក់នៅប្រទេសរបស់ពួកគេ។ (និក្ខមនំ ២២:២១; ២៣:៩; លេវីវិន័យ ១៩:៣៣, ៣៤) ផ្ទុយទៅវិញ ពួកគេបែរជា«សង្កត់សង្កិន»ទៅលើពួកជនជាតិដទៃ។—ខ៧
ពួកអ៊ីស្រាអែលក៏បានធ្វើទុក្ខបុកម្នេញដល់អស់អ្នកដែលគ្មានទីពឹង ពោលគឺ«ពួកកំព្រានឹងស្រីមេម៉ាយ»។ (ខ៧) ប៉ុន្តែ ព្រះយេហូវ៉ាផ្ដល់ការគាំទ្រជាពិសេសដល់អស់អ្នកដែលបាត់បង់ឪពុកម្ដាយ ឬគូរបស់ខ្លួនស្លាប់។ ព្រះបានសន្យាថា លោកនឹងដាក់ទោសដល់អស់អ្នកដែលធ្វើបាបក្មេងកំព្រាឬស្ត្រីមេម៉ាយ។—និក្ខមនំ ២២:២២-២៤
តាមវិធីនេះនិងតាមវិធីផ្សេងទៀត បណ្ដាជនអ៊ីស្រាអែលនៅសម័យអេសេគាល ពួកគេបានធ្វើខុសនឹងច្បាប់របស់ព្រះ ហើយបានជាន់ឈ្លីច្បាប់ដែលបង្ហាញពីសេចក្ដីស្រឡាញ់របស់លោក។ តើព្រះយេហូវ៉ានឹងធ្វើអ្វី? លោកសន្យាថា៖ ‹ខ្ញុំចាក់សេចក្ដីគ្នាន់ក្នាញ់របស់ខ្ញុំទៅលើគេ›។ (ខ៣១) ពាក្យរបស់លោកពិតជាសម្រេចមែន គឺនៅឆ្នាំ៦០៧ មុនគ.ស. លោកបានអនុញ្ញាតឲ្យពួកបាប៊ីឡូនបំផ្លាញក្រុងយេរូសាឡិម និងចាប់យកប្រជាជនរបស់នាងទៅធ្វើជាឈ្លើយសឹក។
ពាក្យរបស់អេសេគាលបង្រៀនយើងនូវមេរៀនពីរស្តីអំពីព្រះយេហូវ៉ានិងភាពអយុត្ដិធម៌: ទី១ លោកស្អប់អំពើអយុត្ដិធម៌។ ទី២ លោកមានចិត្តមេត្ដាករុណាចំពោះជនដែលគ្មានកំហុស។ ព្រះមិនប្រែប្រួលឡើយ។ (ម៉ាឡាគី ៣:៦) លោកសន្យាថា មិនយូរទៀតលោកនឹងបំបាត់ចោលអំពើអយុត្ដិធម៌ និងអស់អ្នកដែលធ្វើឲ្យមានអំពើអយុត្ដិធម៌នោះ។ (សុភាសិត ២:២១, ២២) សូមអញ្ជើញរៀនថែមទៀតអំពីព្រះដែល«សព្វព្រះទ័យ[ស្រឡាញ់]នឹងសេចក្ដីយុត្ដិធម៌» និងអំពីរបៀបដែលលោកអ្នកអាចចូលកាន់តែជិតព្រះ។—ទំនុកតម្កើង ៣៧:២៨
[ឃ្លាអក្សរធំនៅទំព័រ២២]
ព្រះយេហូវ៉ាបានបញ្ជាក់យ៉ាងច្បាស់ថា ពួកអ្នកគ្រប់គ្រងមិនត្រូវប្រើអំណាចរបស់ខ្លួនក្នុងផ្លូវខុសឡើយ