លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

លោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ តើពិតជាបានកើតឡើងមែនឬ?

លោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ តើពិតជាបានកើតឡើងមែនឬ?

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី: លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ តើ​មាន​ប្រយោជន៍​អ្វី?

លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ តើ​ពិត​ជា​បាន​កើត​ឡើង​មែន​ឬ?

លោក​ហ៊ីរ៉ូដូថុស ជា​អ្នក​ប្រវត្ដិសាស្ត្រ​ជាតិ​ក្រិច​ម្នាក់​ដែល​រស់​នៅ​២.៥០០​ឆ្នាំ​មុន បាន​ប្រាប់​រឿង​របស់​ជន​ជាតិ​អេស៊ីប​នៅ​សម័យ​របស់​គាត់ ដោយ​សរសេរ​ថា​៖ ​«​នៅ​ឯ​ពិធី​ជប់​លៀង​របស់​ពួក​បុរស​អ្នក​មាន ក្រោយ​ពី​បរិភោគ​អាហារ​រួច​ហើយ បុរស​ម្នាក់​បាន​យក​រូប​ចម្លាក់​ឈើ​មួយ​ដែល​បាន​ឆ្លាក់​និង​លាប​ពណ៌​ជា​ស្រេច​ដូច​បេះបិទ​នឹង​ក្ដារ​មឈូស​ដែល​មាន​សាកសព។ រូប​ចម្លាក់​នោះ​មាន​ប្រវែង​ប្រហែល​កន្លះ​ម៉ែត្រ​ទៅ​មួយ​ម៉ែត្រ។ គាត់​កាន់​ដើរ​បង្ហាញ​ដល់​មនុស្ស​គ្រប់​គ្នា​ដែល​មាន​វត្តមាន​នៅ​ទី​នោះ រួច​និយាយ​ថា​៖ ‹សូម​ពិសា​ហើយ​សប្បាយ​រីករាយ​ចុះ ព្រោះ​ពេល​យើង​ស្លាប់​យើង​នឹង​ដូច​ជា​រូប​នេះ›​»។

មិន​គ្រាន់តែ​ជន​ជាតិ​អេស៊ីប​ប៉ុណ្ណោះ​ទេ​ដែល​មាន​ទស្សនៈ​ដូច​នោះ​អំពី​ជីវិត​និង​សេចក្ដី​ស្លាប់។ នៅ​សព្វ​ថ្ងៃ​នេះ ពាក្យ​ដែល​ថា​«​ពិសា បរិភោគ ហើយ​សប្បាយ​ទៅ​»​ គឺជា​ពាក្យ​ធម្មតា​ដែល​មនុស្ស​ទាំង​អស់​និយាយ។ បើ​សេចក្ដី​ស្លាប់​ជា​ទី​បញ្ចប់​នៃ​ជីវិត យើង​គួរ​សប្បាយ​ទាន់​យើង​នៅ​រស់ មែន​ទេ? ហេតុ​អ្វី​ចាំ​បាច់​ពិបាក​ដើម្បី​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ? បើ​សេចក្ដី​ស្លាប់​ជា​ទី​បញ្ចប់​នៃ​អ្វី​ៗ​ទាំង​អស់​មែន នោះ​ការ​រស់​ដើម្បី​បច្ចុប្បន្ន​នេះ​គឺជា​ការ​សម​ត្រឹម​ត្រូវ​ហើយ។ សាវ័ក​ប៉ូល​បាន​និយាយ​ដូច្នេះ។ គាត់​បាន​រៀប​រាប់​អំពី​អាកប្បកិរិយា​របស់​មនុស្ស​ដែល​មិន​ជឿ​ទៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ថា​៖ ​«​ប្រសិនបើ​មនុស្ស​ស្លាប់​នឹង​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ‹ចូរ​ឲ្យ​យើង​ស៊ី​ផឹក​ទៅ ព្រោះ​ស្អែក​យើង​ត្រូវ​ស្លាប់›​»។—កូរិនថូសទី១ ១៥:៣២

ពិត​មែន ប៉ូល​មិន​បាន​ជឿ​ថា​សេចក្ដី​ស្លាប់​ជា​ទី​បញ្ចប់​នៃ​ជីវិត​នោះ​ទេ។ គាត់​ជឿ​ជាក់​ថា​មនុស្ស​ស្លាប់​អាច​រស់​ម្ដង​ទៀត​ដោយ​មិន​ចាំ​បាច់​ស្លាប់​ទៀត។ ជំនឿ​នោះ​មាន​មូលដ្ឋាន​លើ​ព្រឹត្ដិការណ៍​ដ៏​សំខាន់​បំផុត​ដែល​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​គ្មាន​អ្នក​ណា​អាច​ប្រកែក​បាន ពោល​គឺ​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ * ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ គឺជា​ហេតុ​ការណ៍​ពិត ជា​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​បំផុត​តែ​មួយ​គត់​ដែល​បាន​ពង្រឹង​ជំនឿ​របស់​ពួក​សាវ័ក​នៅ​សម័យ​មុន។

តើ​ការ​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ​មាន​ប្រយោជន៍​អ្វី​សម្រាប់​យើង? តើ​យើង​អាច​ដឹង​ថា​នោះ​ពិត​ជា​បាន​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? សូម​ឲ្យ​យើង​ពិនិត្យ​មើល​របៀប​ដែល​ប៉ូល​បាន​វែក​ញែក​អំពី​រឿង​ទាំង​នេះ ពេល​ដែល​គាត់​សរសេរ​សំបុត្រ​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស។

ចុះ​បើ​គ្រិស្ត​មិន​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

គ្រិស្ត​សាសនិក​ខ្លះ​ដែល​នៅ​ក្រុង​កូរិនថូស​សម័យ​បុរាណ​បាន​យល់​ច្រឡំ​អំពី​រឿង​នោះ ហើយ​អ្នក​ខ្លះ​ទៀត​មិន​បាន​ជឿ​ទាល់​តែ​សោះ​ថា មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មែនទែន​ទេ។ ក្នុង​សំបុត្រ​ទី​១​ដែល​សាវ័ក​ប៉ូល​សរសេរ​ទៅ​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស គាត់​បាន​រៀប​រាប់​អំពី​លទ្ធផល​ដែល​នឹង​កើត​ឡើង បើ​មនុស្ស​ស្លាប់​នឹង​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ គាត់​បាន​សរសេរ​ថា​៖ ​«​ប្រសិនបើ​មនុស្ស​ស្លាប់​នឹង​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មែន នោះ​គ្រិស្ត​ក៏​មិន​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែរ។ ប៉ុន្តែ​ប្រសិនបើ​គ្រិស្ត​មិន​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ នោះ​ការ​ផ្សព្វ​ផ្សាយ​របស់​យើង​គ្មាន​ប្រយោជន៍​សោះ ហើយ​ជំនឿ​របស់​យើង​ក៏​គ្មាន​ប្រយោជន៍​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​បាន​ធ្វើ​ជា​សាក្សី​ក្លែង​ក្លាយ​អំពី​ព្រះ​ដែរ . . . ជំនឿ​របស់​អ្នក​រាល់​គ្នា​គឺ​ឥត​ប្រយោជន៍​ទទេ ហើយ​ការ​ខុស​ឆ្គង​របស់​អ្នក​រាល់​គ្នា​មិន​បាន​ត្រូវ​អភ័យទោស​ឲ្យ​ឡើយ។ ឯ​ពួក​អ្នក​ដែល​បាន​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​ក្នុង​គ្រិស្ត​បាន​វិនាស​សាប​សូន្យ​ដែរ​»។—កូរិនថូស​ទី​១ ១៥:១៣​-​១៨

គ្មាន​អ្នក​ណា​អាច​ប្រកែក​នឹង​ពាក្យ​ដំបូង​របស់​ប៉ូល​ដែល​ថា បើ​មនុស្ស​ស្លាប់​នឹង​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មែន នោះ​គ្រិស្ត​ដែល​បាន​ស្លាប់​ប្រាកដជា​មិន​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឡើយ។ បើ​គ្រិស្ត​មិន​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ តើ​នឹង​មាន​លទ្ធផល​យ៉ាង​ណា? នោះ​ការ​ផ្សព្វ​ផ្សាយ​អំពី​ដំណឹង​ល្អ​នឹង​ទៅ​ជា​អ្វី​ដែល​ឥត​ប្រយោជន៍ ហើយ​ជា​ពាក្យ​កុហក​សុទ្ធ ពីព្រោះ​សេចក្ដី​បង្រៀន​នៃ​ការ​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ​គឺ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​សេចក្ដី​បង្រៀន​សំខាន់​ៗ​ជា​ច្រើន​ទៀត​ដែល​ទាក់​ទង​នឹង​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ នាម​របស់​លោក រាជាណាចក្រ​របស់​លោក និង​សេចក្ដី​សង្គ្រោះ​របស់​យើង។ បើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មិន​បាន​កើត​ឡើង​មែន នោះ​ដំណឹង​ដែល​ប៉ូល​និង​សាវ័ក​ឯ​ទៀត​ផ្សព្វ​ផ្សាយ​នឹង​ជា​អសារ​ឥត​ការ ហើយ​គ្មាន​ប្រយោជន៍​សោះ។

សូម​គិត​អំពី​លទ្ធផល​ផ្សេង​ទៀត។ បើ​គ្រិស្ត​មិន​បាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​ទេ នោះ​អ្វី​ដែល​គ្រិស្ត​សាសនិក​ជឿ​នឹង​ទៅ​ជា​ការ​ឥត​ប្រយោជន៍ អសារ​ឥត​ការ និង​ជា​ជំនឿ​ដែល​មាន​មូលដ្ឋាន​លើ​ពាក្យ​កុហក។ ម្យ៉ាង​ទៀត អ្វី​ដែល​ប៉ូល​និង​អ្នក​ឯ​ទៀត​និយាយ​គឺជា​ពាក្យ​មិន​ពិត មិន​គ្រាន់តែ​អំពី​ការ​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ​ប៉ុណ្ណោះ​ទេ តែ​អំពី​អ្នក​ដែល​បាន​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ គឺ​ព្រះ​យេហូវ៉ា។ មួយ​ទៀត ការ​បញ្ជាក់​ថា​គ្រិស្ត​បាន​«​ទទួល​មរណភាព​ដើម្បី​លោះ​យើង​ពី​ភាព​ខុស​ឆ្គង​»​ក៏​ជា​ពាក្យ​កុហក​ដែរ។ ព្រោះ​ថា​បើ​លោក​ដែល​ជា​អ្នក​សង្គ្រោះ​មិន​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​ទេ នោះ​លោក​ក៏​មិន​អាច​សង្គ្រោះ​មនុស្ស​ឯ​ទៀត​បាន​ដែរ។ (​កូរិនថូសទី១ ១៥:៣​) នោះ​មាន​ន័យ​ថា គ្រិស្ត​សាសនិក​ដែល​បាន​ស្លាប់ សូម្បី​តែ​អ្នក​ដែល​បាន​ស្លាប់​ដោយ​សារ​ជំនឿ​របស់​ខ្លួន បាន​ស្លាប់​ទាំង​មាន​គំនិត​ភាន់​ច្រឡំ​ថា​ពួក​គេ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។

ប៉ូល​បាន​បញ្ចប់​ឃ្លា​ថា​៖ ​«​ប្រសិនបើ​យើង​បាន​សង្ឃឹម​លើ​គ្រិស្ត​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ យើង​ជា​មនុស្ស​គួរ​ឲ្យ​អាណិត​ជាង​គេ​»។ (​កូរិនថូសទី១ ១៥:១៩​) ប៉ូល​ក៏​ដូច​ជា​គ្រិស្ត​សាសនិក​ឯ​ទៀត​ដែរ ដែល​បាន​រង​ទុក្ខ ត្រូវ​គេ​បៀតបៀន ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក ហើយ​ត្រូវ​ប្រឈម​មុខ​នឹង​សេចក្ដី​ស្លាប់ ព្រោះ​គាត់​ជឿ​ទៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​ថា​ទាំង​អស់​នោះ​នឹង​កើត​ឡើង​មែន។ បើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​ពាក្យ​កុហក នោះ​គ្មាន​ប្រយោជន៍​ទេ!

មូលហេតុ​ដែល​អ្នក​គួរ​ជឿ

ប៉ូល​មិន​បាន​គិត​ថា​ជំនឿ​របស់​គ្រិស្ត​សាសនិក​មាន​មូលដ្ឋាន​លើ​ពាក្យ​កុហក​ឡើយ។ គាត់​ដឹង​ថា លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មែន ហើយ​ប៉ូល​បាន​ពន្យល់​យ៉ាង​សង្ខេប​អំពី​ទី​សម្អាង​ដល់​អ្នក​ក្រុង​កូរិនថូស ពោល​គឺ​«​គ្រិស្ត​បាន​ទទួល​មរណភាព​ដើម្បី​លោះ​យើង​ពី​ភាព​ខុស​ឆ្គង ស្រប​ទៅ​តាម​បទ​គម្ពីរ ហើយ​ថា​លោក​ត្រូវ​គេ​បញ្ចុះ រួច​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី ស្រប​ទៅ​តាម​បទ​គម្ពីរ ហើយ​ថា​លោក​បាន​លេច​មក​ជួប​កេផាស រួច​សាវ័ក​ទាំង​ដប់​ពីរ​នាក់​»។ * បន្ទាប់​មក​ប៉ូល​បាន​បន្ថែម​ទៀត​ថា​៖ ​«​លោក​លេច​មក​ជួប​បង​ប្អូន​ជាង​ប្រាំ​រយ​នាក់​នៅ​ពេល​តែ​មួយ។ បង​ប្អូន​ភាគ​ច្រើន​ពី​ចំណោម​បង​ប្អូន​ទាំង​នោះ នៅ​រស់​រហូត​ដល់​សព្វ​ថ្ងៃ​នេះ តែ​ពួក​គាត់​ខ្លះ​បាន​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​ហើយ។ ក្រោយ​មក​ទៀត លោក​លេច​មក​ជួប​យ៉ាកុប រួច​សាវ័ក​ទាំង​អស់ តែ​ក្រោយ​បង្អស់ លោក​លេច​មក​ជួប​ខ្ញុំ​»។—កូរិនថូស​ទី​១ ១៥:៣​-​៨

ពេល​ប៉ូល​ចាប់​ផ្ដើម គាត់​និយាយ​ដោយ​ជឿ​ជាក់​ថា គ្រិស្ត​បាន​ស្លាប់​ដើម្បី​លោះ​យើង​ពី​ភាព​ខុស​ឆ្គង ត្រូវ​គេ​បញ្ចុះ រួច​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ តើ​អ្វី​បាន​ធ្វើ​ឲ្យ​ប៉ូល​ជឿ​ជាក់​យ៉ាង​នេះ? មូលហេតុ​មួយ គឺ​មាន​ការ​បញ្ជាក់​ពី​សាក្សី​ជា​ច្រើន​នាក់​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក។ ពេល​ដែល​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​លេច​មក​ជួប​មនុស្ស​ខ្លះ​ដោយ​ឡែក​ពី​គ្នា(​រួម​ទាំង​ប៉ូល​) ជួប​ជា​ក្រុម​តូច​ៗ និង​ក្រុម​មនុស្ស​៥០០​នាក់​ទៀត​ផង។ មនុស្ស​ជា​ច្រើន​ក្នុង​ចំណោម​នោះ​ច្បាស់​ជា​សង្ស័យ ពេល​ដែល​ពួក​គេ​បាន​ឮ​ដំណឹង​ថា​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ (​លូកា ២៤:១​-​១១​) នៅ​សម័យ​ប៉ូល​សាក្សី​ភាគ​ច្រើន​នៅ​រស់​នៅ​ឡើយ ដូច្នេះ​អ្នក​ណា​ក៏​អាច​សួរ​បញ្ជាក់​ពួក​គេ​អំពី​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​ដែរ។ (​កូរិនថូសទី១ ១៥:៦​) បើ​មាន​សាក្សី​តែ​ម្នាក់​ឬ​ពីរ​នាក់​ប្រហែលជា​ពិបាក​ជឿ តែ​បើ​មាន​ការ​បញ្ជាក់​ពី​សាក្សី​៥០០​នាក់​ឬ​ច្រើន​ជាង នោះ​ពិត​ជា​ជឿ​បាន។

សូម​កត់​សម្គាល់​ដែរ​ថា​ប៉ូល​បាន​និយាយ​ពីរ​ដង​អំពី​មរណភាព ត្រូវ​គេ​បញ្ចុះ និង​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​«​ស្រប​ទៅ​តាម​បទ​គម្ពីរ​»។ ព្រឹត្ដិការណ៍​ទាំង​នោះ​បញ្ជាក់​ថា ទំនាយ​ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ​ស្តី​អំពី​មេស្ស៊ី​បាន​សម្រេច​ពិត​មែន ហើយ​នោះ​ក៏​បង្ហាញ​ដែរ​ថា លោក​យេស៊ូ​ពិត​ជា​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា។

ទោះ​ជា​មាន​ការ​បញ្ជាក់​ពី​សាក្សី​ជា​ច្រើន​និង​ពី​បទ​គម្ពីរ​ក៏​ដោយ ក៏​នៅ​តែ​មាន​អ្នក​ដែល​សង្ស័យ​អំពី​ការ​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ​ដែរ។ អ្នក​ខ្លះ​និយាយ​ថា អ្នក​កាន់​តាម​លោក​បាន​លួច​សព​លោក បន្ទាប់​មក​ពួក​គាត់​អះអាង​ថា​ខ្លួន​ជា​សាក្សី​ដែល​ឃើញ​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ក៏​ប៉ុន្តែ ពួក​អ្នក​កាន់​តាម​លោក​គ្មាន​អំណាច​ឬ​ឥទ្ធិពល​អ្វី​សោះ​ដើម្បី​យក​ឈ្នះ​ពួក​រ៉ូម​ដែល​យាម​ច្រក​ចូល​ទី​បញ្ចុះ​សព​លោក​យេស៊ូ។ អ្នក​ខ្លះ​ទៀត​អះអាង​ថា ពួក​គាត់​គ្រាន់តែ​ឃើញ​ក្នុង​គំនិត​ប៉ុណ្ណោះ​ថា​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ មតិ​ដែល​ពួក​គេ​បាន​លើក​ឡើង​គឺ​ផ្ទុយ​ពី​ហេតុ​ការណ៍​ពិត​ដែល​ថា លោក​បាន​លេច​មក​ជួប​មនុស្ស​ច្រើន​នៅ​ពេល​ខុស​ៗ​គ្នា។ បើ​លោក​យេស៊ូ​មិន​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​ពួក​គាត់​គ្រាន់តែ​ឃើញ​លោក​ក្នុង​គំនិត​តែ​ប៉ុណ្ណោះ តើ​លោក​អាច​ចម្អិន​ត្រី​និង​ចែក​ដល់​ពួក​គាត់​នៅ​សមុទ្រ​កាលីឡេ​ដូច​ម្ដេច​បាន? (​យ៉ូហាន ២១:៩​-​១៤​) តើ​បុរស​ម្នាក់​ដែល​ពួក​គាត់​គ្រាន់តែ​ឃើញ​ក្នុង​គំនិត​ប៉ុណ្ណោះ ពិត​ជា​នឹង​អញ្ជើញ​ពួក​គាត់​ឲ្យ​ពាល់​គាត់​ឬ?—លូកា ២៤:៣៦​-​៣៩

អ្នក​ឯ​ទៀត​ចោទ​ប្រកាន់​ថា អ្នក​កាន់​តាម​លោក​យេស៊ូ​ខំ​បោកប្រាស់​គេ​ដោយ​ថា លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ប៉ុន្តែ តើ​នេះ​មាន​ប្រយោជន៍​អ្វី​ដល់​ពួក​គាត់? ព្រោះ​ការ​ធ្វើ​ជា​សាក្សី​បញ្ជាក់​ថា​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ នាំ​ឲ្យ​ពួក​គាត់​អាច​រង​ការ​សើច​ចំអក រង​ទុក្ខ​លំបាក ឬ​ស្លាប់​ទៀត​ផង។ បើ​គ្រាន់តែ​ជា​ពាក្យ​កុហក​ប៉ុណ្ណោះ ហេតុ​អ្វី​ពួក​គាត់​សុខ​ចិត្ត​រង​ការ​ពិបាក​ដូច្នេះ? បន្ថែម​ទៅ​ទៀត ពួក​គាត់​បាន​ទៅ​បញ្ជាក់​អំពី​រឿង​នោះ​នៅ​ក្រុង​យេរូសាឡិម​មុន​គេ គឺ​នៅ​មុខ​ពួក​អ្នក​ប្រឆាំង​ដែល​ចាំ​តែ​ចាប់​កំហុស​និង​ផ្ដន្ទា​ទោស​ពួក​គាត់។

ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​គឺជា​អ្វី​មួយ​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​កាន់​តាម​លោក​យេស៊ូ​មាន​ចិត្ត​ក្លាហាន​ក្នុង​ការ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​លោក​ម្ចាស់ ទោះ​ជា​ពួក​គាត់​ត្រូវ​ប្រឈម​មុខ​នឹង​ការ​បៀតបៀន​ដ៏​ឃោរឃៅ​បំផុត​ក៏​ដោយ។ ហេតុ​ការណ៍​ពិត​នៃ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បាន​ទៅ​ជា​សេចក្ដី​បង្រៀន​ដ៏​សំខាន់​មួយ​នៃ​ជំនឿ​គ្រិស្ត​សាសនិក។ គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​មិន​គ្រាន់តែ​បាន​ប្រថុយ​ជីវិត​ដើម្បី​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​គ្រូ​ដ៏​ឈ្លាស​វៃ​ដែល​ត្រូវ​គេ​សម្លាប់​ប៉ុណ្ណោះ​ទេ តែ​ពួក​គាត់​បាន​ប្រថុយ​ជីវិត​ដើម្បី​ប្រកាស​ថា លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ពីព្រោះ​នោះ​បញ្ជាក់​ថា​លោក​ជា​គ្រិស្ត ជា​បុត្រ​របស់​ព្រះ​ដែល​មាន​ឫទ្ធានុភាព មាន​ជីវិត​រស់​នៅ ហើយ​កំពុង​គាំទ្រ​និង​ដឹក​នាំ​ពួក​គាត់។ ការ​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ​មាន​ន័យ​ថា​ពួក​គាត់​ក៏​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែរ។ បើ​និយាយ​ឲ្យ​ចំ​ទៅ បើ​លោក​យេស៊ូ​មិន​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ នោះ​ក៏​នឹង​គ្មាន​គ្រិស្ត​សាសនា​ដែរ។ ម្យ៉ាង​ទៀត បើ​លោក​មិន​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទេ យើង​ប្រហែល​ជា​មិន​បាន​ឮ​អំពី​លោក​សោះ។

តើ​ការ​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ​មាន​ប្រយោជន៍​អ្វី​សម្រាប់​យើង?

[​កំណត់​សម្គាល់​]

^ វគ្គ 5 ក្នុង​គម្ពីរ​ភាសា​ក្រិច​បាន​បក​ប្រែ​ពាក្យ​«​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»​ន័យ​ត្រង់​ថា​«​ឲ្យ​ឈរ​ឡើង​ម្ដង​ទៀត​»។ នោះ​បញ្ជាក់​ថា បុគ្គល​ម្នាក់​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​ឡើង​វិញ គឺ​ឲ្យ​គាត់​មាន​អត្តសញ្ញាណ​ដូច​ដើម​ទាំង​ស្រុង ទាំង​បុគ្គលិក​លក្ខណៈ និង​ការ​ចង​ចាំ។

^ វគ្គ 13 ទោះ​ជា​នៅ​ពេល​នោះ​យូដាស​អ៊ីស្ការីយ៉ុត​បាន​ស្លាប់​ទៅ ហើយ​ពួក​គាត់​នៅ​សល់​តែ​១១​នាក់​ក្ដី ពួក​គាត់​បាន​ត្រូវ​ហៅ​ថា​«​សាវ័ក​ទាំង​ដប់​ពីរ​នាក់​»​ដដែល។ ពេល​លោក​យេស៊ូ​លេច​មក​ម្ដង​នោះ លោក​បាន​ជួប​តែ​សាវ័ក​១០​នាក់​ប៉ុណ្ណោះ ដែល​តំណាង​ឲ្យ​សាវ័ក​១២​នាក់ ដោយ​សារ​ពេល​នោះ​ថូម៉ាស់​មិន​បាន​នៅ​ជា​មួយ​ពួក​គាត់​ទេ។—យ៉ូហាន ២០:២៤

[​រូបភាព​នៅ​ទំព័រ​៣​]

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៤​]

​«​លោក​លេច​មក​ជួប​បង​ប្អូន​ជាង​ប្រាំ​រយ​នាក់​នៅ​ពេល​តែ​មួយ . . . ក្រោយ​មក​ទៀត លោក​លេច​មក​ជួប​យ៉ាកុប រួច​សាវ័ក​ទាំង​អស់ តែ​ក្រោយ​បង្អស់ លោក​លេច​មក​ជួប​ខ្ញុំ​»។—កូរិនថូសទី១ ១៥:៦​-​៨

[​រូបភាព​នៅ​ទំព័រ​៥​]

[​ប្រអប់​នៅ​ទំព័រ​៦​]

សំណួរ​ដែល​មនុស្ស​ជា​ច្រើន​សួរ

តើ​អ្នក​ណា​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

​«​មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។ (​សកម្មភាព ២៤:១៥​) មនុស្ស​សុចរិត​រួម​មាន​បុរស​ស្ត្រី​ស្មោះ​ត្រង់​ដូច​ជា ណូអេ អាប្រាហាំ និង​សារ៉ា។ មនុស្ស​មិន​សុចរិត​រួម​បញ្ចូល​ពួក​អ្នក​ដែល​មិន​បាន​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ ដោយ​សារ​ពួក​គេ​គ្មាន​ឱកាស​ដើម្បី​រៀន​និង​ធ្វើ​តាម​ខ្នាត​តម្រា​របស់​លោក។

តើ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ទី​ណា?

មនុស្ស​ខ្លះ​នឹង​ទទួល​ជីវិត​អមតៈ​ជា​បុគ្គល​វិញ្ញាណ​នៅ​ស្ថាន​សួគ៌ ដើម្បី​ធ្វើ​ជា​ស្តេច​និង​ជា​សង្ឃ​ជា​មួយ​គ្រិស្ត​គ្រប់​គ្រង​លើ​ផែនដី។ (​ការ​បើក​បង្ហាញ ៥:៩, ១០​) ប៉ុន្តែ មនុស្ស​ភាគ​ច្រើន​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែនដី។ ពួក​គេ​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី​ដែល​ជា​សួន​ឧទ្យាន។—លូកា ២៣:៣៩​-​៤៣

តើ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ពេល​ណា?

នៅ​ពេល​មួយ​នា​អនាគត បន្ទាប់​ពី​មនុស្ស​អាក្រក់​បាន​ត្រូវ​បំបាត់​ចោល​ពី​ផែនដី។ គម្ពីរ​បញ្ជាក់​ថា ក្នុង​អំឡុង​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​លោក​យេស៊ូ មនុស្ស​ជា​ច្រើន​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​ក្នុង​ពេល​នោះ​ផែនដី​នឹង​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន។—ការ​បើក​បង្ហាញ ២០:៦

តើ​ទំនៀម​ទម្លាប់​នៃ​បុណ្យ​អ៊ីស្ទើរ៍​ជាប់​ទាក់​ទង​នឹង ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឬ​ទេ?

ទម្លាប់​នៃ​បុណ្យ​អ៊ី​ស្ទើរ៍​មាន​ទន្សាយ ពង​មាន់​មាន​ពណ៌ ទៀន និង​ផ្កា។ អ្វី​ៗ​ទាំង​នេះ​បាន​ចម្លង​តាម​សាសនា​ផ្សេង​ៗ​ក្រៅ​ពី​គ្រិស្ត​សាសនា សូម្បី​តែ​ឈ្មោះ​បុណ្យ​អ៊ីស្ទើរ៍​ក៏​មក​ពី​សាសនា​ទាំង​នោះ​ដែរ។ ទោះ​ជា​គេ​អះអាង​ថា​បុណ្យ​អ៊ីស្ទើរ៍​តំណាង​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ក្ដី របស់​ទាំង​នេះ​គ្មាន​ទាក់​ទង​អ្វី​សោះ​នឹង​ការ​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ។ តើ​នេះ​សំខាន់​ទេ? ពិត​ជា​សំខាន់​មែន។ បណ្ដាំ​របស់​ព្រះ​បង្គាប់​យើង​ឲ្យ​ចេញ​ពី​សាសនា​មិន​ពិត ហើយ​ត្រូវ​«​គោរព​ប្រណិប័តន៍​បិតា​នៅ​ស្ថាន​សួគ៌​ដោយ​មាន​ការ​ដឹក​នាំ​ពី​សកម្មពល​របស់​លោក​និង​ដោយ​សេចក្ដី​ពិត​»។—យ៉ូហាន ៤:២៣; កូរិនថូសទី២ ៦:១៧

បើ​លោក​យេស៊ូ​ជា​ព្រះ​ដូច​សាសនា​ខ្លះ​បាន​បង្រៀន តើ​អ្នក​ណា​ជា​អ្នក​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ?

លោក​យេស៊ូ​មិន​មែន​ជា​ព្រះ​ទេ តែ​លោក​ជា​កូន​របស់​ព្រះ គឺ​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​បាន​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ។ (​រ៉ូម ១០:៩​) បណ្ឌិត​ខាង​គម្ពីរ​មួយ​រូប​និយាយ​ថា​៖ ​«​មិន​អាច​ទៅ​រួច​ទេ​ដែល​អ្នក​ណា​ម្នាក់​អាច​ប្រោស​ខ្លួន​ឯង​ពី​សេចក្ដី​ស្លាប់ សូម្បី​តែ​លោក​យេស៊ូ​ក៏​ដោយ​»។ *

[​កំណត់​សម្គាល់​]

^ វគ្គ 38 ដើម្បី​ដឹង​ចម្លើយ​ថែម​ទៀត​ចំពោះ​សំណួរ​ទាំង​នេះ សូម​មើល​ជំពូក​ទី​៧​និង​៨ នៃ​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា ឬ​ចូល​ទៅwww​.​jw​.​org/km