លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹ក្នុងភ្នំនោះអ្នកនឹងជីករកបានស្ពាន់›

‹ក្នុងភ្នំនោះអ្នកនឹងជីករកបានស្ពាន់›

‹ក្នុង​ភ្នំ​នោះ​អ្នក​នឹង​ជីក​រក​បាន​ស្ពាន់›

ក្រុម​សិក្សា​ខាង​បុរាណវត្ថុវិទ្យា​បាន​រុករ​ក​ជ្រលង​ភ្នំ​និង​រូង​ភ្នំ​ផ្សេង​ៗ​នៅ​តំបន់​ស្ងាត់​ជ្រងំ​ស្រុក​យូដា ស្រាប់​តែ​ប្រទះ​ឃើញ​រូង​ភ្នំ​មួយ​ខ្ពស់​ដែល​នៅ​ខាង​លើ​គែម​ភ្នំ។ តើ​ពួក​គេ​រក​ឃើញ​អ្វី​ដែល​មាន​តម្លៃ ប្រហែលជា​វត្ថុ​ឬ​ឯកសារ​បុរាណ​ដូច​ជា​រមូរ​ឯកសារ​នៅ​សមុទ្រ​ស្លាប់​ទេ? គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មែន ពួក​គេ​បាន​រក​ឃើញ​គ្រឿង​ប្រដាប់​ដ៏​មាន​តម្លៃ​មួយ​ចំនួន ដែល​ក្រោយ​មក​គេ​ដាក់​ឈ្មោះ​ថា​គំនរ​ណាហាល មីសម៉ា។

នៅ​ខែ​មីនា ឆ្នាំ​១៩៦១ គេ​បាន​រក​ឃើញ​គ្រឿង​ទាំង​នោះ​ដែល​លាក់​ទុក​ក្នុង​ប្រហោង​មួយ​ក្នុង​រូង​ភ្នំ ដោយ​មាន​កន្ទេល​ស្មៅ​រុំ​ជុំ​វិញ។ គ្រឿង​បុរាណ​ទាំង​នោះ​មាន​ជាង​៤០០​ប្រភេទ។ គ្រឿង​ភាគ​ច្រើន​សុទ្ធសឹងតែ​ធ្វើ​ពី​ស្ពាន់។ ក្នុង​នោះ​មាន​មកុដ ដំបង​រាជ្យ ឧបករណ៍ និង​គ្រឿង​អាវុធ​ផ្សេង​ៗ។ អ្នក​អាន​គម្ពីរ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​រក​ឃើញ​នេះ ដោយ​សារ​ពាក្យ​នៅ​លោកុប្បត្តិ ៤:២២ ដែល​ហៅ​ទូ​បាល​-​កាអ៊ីន​ជា​«​មេ​បង្រៀន​ពួក​ជាង​លង្ហិន​នឹង​ជាង​ដែក​»។ *

ប៉ុន្តែ​នៅ​តែ​មាន​ចម្ងល់​ជា​ច្រើន​ស្តី​អំពី​ដើម​កំណើត​និង​ប្រវត្ដិ​នៃ​គំនរ​ដែល​មាន​តម្លៃ​នោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​រក​ឃើញ​នេះ​បញ្ជាក់​ថា តាំង​ពី​បុរាណ​មក​មនុស្ស​ចេះ​ជីក​រក​ស្ពាន់ ស្ល​ស្ពាន់ និង​ចាក់​ពុម្ព​ស្ពាន់​នៅ​ស្រុក​ផ្សេង​ៗ​ក្នុង​គម្ពីរ។

រ៉ែ​ស្ពាន់​នៅ​ស្រុក​សន្យា

ពេល​បណ្ដា​ជន​អ៊ីស្រាអែល​ហៀបនឹង​ចូល​ស្រុក​សន្យា ម៉ូសេ​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​នៅ​ក្នុង​ភ្នំ[​នៃ​ស្រុក​]នោះ​នឹង​ជីក​រក​បាន​ទង់​ដែង​»។ (​ចោទិយកថា ៨:៧​-​៩​) នៅ​ប្រទេស​អ៊ីស្រាអែល​និង​ប្រទេស​យ័រដាន់ បុរាណវត្ថុ​វិទូ​បាន​រក​ឃើញ​ទី​តាំង​បុរាណ​មួយ​ចំនួន​ដែល​គេ​ធ្លាប់​ជីក​រក​រ៉ែ​និង​ស្ល​រ៉ែ ដូច​ជា​នៅ​ហ្វីណាន់ ធីមណា និង​គីបេត អ៊ីន ណេហាស​ជា​ដើម។ តើ​ទី​តាំង​ទាំង​នោះ​បង្ហាញ​យ៉ាង​ណា?

បើ​យើង​មើល​ទេសភាព​នៅ​ហ្វីណាន់ និង​ធីមណា យើង​នឹង​ឃើញ​រណ្ដៅ​រាក់​ៗ​ជា​ច្រើន ជា​ទី​តាំង​ដែល​គេ​ធ្លាប់​ជីក​យក​រ៉ែ​ស្ពាន់ ក្នុង​អំឡុង​ពេល​២​.​០០០​ឆ្នាំ​យ៉ាង​តិច។ សូម្បី​តែ​សព្វ​ថ្ងៃ​នេះ អ្នក​ដែល​ទៅ​លេង​ទី​នោះ​អាច​ឃើញ​បំណែក​ថ្ម​ដែល​មាន​ធាតុ​ស្ពាន់​នៅ​រាត់​រាយ។ អ្នក​ជីក​រ៉ែ​នៅ​សម័យ​បុរាណ​ខំ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ដើម្បី​ដាប់​ផ្ទៃ​ថ្ម​យក​ធាតុ​ស្ពាន់​ដែល​គេ​មើល​ឃើញ ដោយ​ប្រើ​ឧបករណ៍​ធ្វើ​ពី​ថ្ម។ ពេល​ពួក​គេ​យក​អស់​ហើយ ពួក​គេ​ជីក​ជ្រៅ​ជាង​ដោយ​ប្រើ​ឧបករណ៍​ធ្វើ​ពី​ដែក ហើយ​នេះ​ធ្វើ​ឲ្យ​មាន​រូង​វែង​និង​ជ្រៅ​ក្នុង​ដី។ ក្នុង​គម្ពីរ​នៅ​សៀវភៅ​យ៉ូប យើង​ឃើញ​ការ​ពិពណ៌នា​អំពី​ការ​ជីក​រក​រ៉ែ​បែប​នេះ។ (​យ៉ូប ២៨:២​-​១១​) នេះ​ជា​កិច្ច​ការ​នឿយ​ហត់​ណាស់។ តាម​ពិត​ចាប់​ពី​សតវត្សរ៍​ទី​៣​ដល់​ទី​៥ គ.ស. ពួក​អាជ្ញាធរ​រ៉ូម​បាន​កាត់​ទោស​ឧក្រិដ្ឋជន​ដែល​អាក្រក់​បំផុត​និង​អ្នក​ទោស​ផ្សេង​ទៀត​ឲ្យ​ទៅ​ធ្វើ​ការ​ជីក​រ៉ែ​ស្ពាន់​នៅ​ហ្វីណាន់។

គំនរ​អាចម៍​រ៉ែ​ស្ពាន់​ដ៏​ធំ​បាន​ត្រូវ​រក​ឃើញ​នៅ​គីបេត អ៊ីន ណេហាស (​មាន​ន័យ​ថា​«​បំបែក​ស្ពាន់​»​) នោះ​ប្រហែលជា​កន្លែង​ដែល​គេ​ធ្លាប់​ធ្វើ​ឧស្សាហកម្ម​ស្ល​ស្ពាន់។ អ្នក​ស្រាវជ្រាវ​ខ្លះ​ជឿ​ថា​ថ្ម​រ៉ែ​នោះ​បាន​ត្រូវ​នាំ​យក​មកពី​ហ្វីណាន់ និង​ធីមណា​ជា​កន្លែង​ជីក​រ៉ែ​ដែល​នៅ​ជិត​នោះ។ ដើម្បី​រំលាយ​ស្ពាន់​ចេញ​ពី​ថ្ម​រ៉ែ គេ​ប្រើ​បំពង់​ផ្លុំ​និង​ប្រដាប់​សប់​ខ្យល់​ដើម្បី​បង្កើន​កម្ដៅ​ភ្លើង​ធ្យូង​ឡើង​ដល់​១​.​២០០​អង្សា​សេ ហើយ​ត្រូវ​ដុត​ពី​៨​ទៅ​១០​ម៉ោង។ តាម​ធម្មតា​ដើម្បី​បាន​ស្ពាន់​ទម្ងន់​មួយ​គីឡូក្រាម ត្រូវ​រំលាយ​ថ្ម​រ៉ែ​ប្រាំ​គីឡូក្រាម។ រួច​មក​អាច​យក​ទៅ​ចាក់​ពុម្ព​ធ្វើ​ជា​ឧបករណ៍​ផ្សេង​ៗ។

គ្រឿង​ស្ពាន់​ដែល​គេ​ប្រើ នៅ​ប្រទេស​អ៊ីស្រាអែល​បុរាណ

នៅ​ភ្នំ​ស៊ីណាយ ព្រះ​យេហូវ៉ា​បាន​បង្គាប់​យ៉ាង​ចំ​ៗ​ឲ្យ​ប្រើ​ដែក​ភ្លឺ​នេះ​ដែល​ពួក​គេ​បាន​ជីក​រក​ក្នុង​ស្រុក​នោះ​ដើម្បី​សាងសង់​ត្រ​សាល។ ក្រោយ​មក​វិហារ​ក្នុង​ក្រុង​យេរូសាឡិម​បាន​ត្រូវ​សង់​តាម​គំរូ​ដូច​គ្នា។ (​និក្ខមនំ ជំពូក​ទី​២៧​) មុន​ពេល​បណ្ដា​ជន​អ៊ីស្រាអែល​ទៅ​ស្រុក​អេស៊ីប ពួក​គេ​ប្រហែលជា​មាន​ចំណេះ​ខ្លះ​ៗ​អំពី​ការ​សូន​លោហធាតុ ឬ​ក៏​ប្រហែល​ពួក​គេ​បាន​រៀន​កាល​នៅ​ទី​នោះ។ យ៉ាង​ណា​ក៏​ដោយ ពេល​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​អាច​សូន​ធ្វើ​រូប​កូន​គោ​មួយ។ ពួក​គេ​ក៏​អាច​ធ្វើ​គ្រឿង​ស្ពាន់​ផ្សេង​ៗ​សម្រាប់​ប្រើ​ក្នុង​ត្រ​សាល ដូច​ជា​ផើង​ទឹក​ធំ ថ្លាង ខ្ទះ ចប​ចូក និង​សម​ជា​ដើម។—និក្ខមនំ ៣២:៤

ក្រោយ​មក ពេល​ពួក​គេ​ធ្វើ​ដំណើរ​នៅ​តំបន់​ស្ងាត់​ជ្រងំ ប្រហែល​នៅ​ពូណូន (​នៅ​សម័យ​យើង​ទំនង​ជា​នៅ​ហ្វីណាន់​) ជា​តំបន់​ដែល​សម្បូរ​ស្ពាន់ នៅ​ទី​នោះ​បណ្ដា​ជន​បាន​រអ៊ូ​រទាំ​អំពី​នំ​ម៉ាណា​និង​ទឹក។ ដើម្បី​ដាក់​ទណ្ឌកម្ម​ពួក​គេ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពស់​ភ្លើង​ទៅ​ចឹក​ពួក​គេ ហើយ​ពួក​គេ​ជា​ច្រើន​នាក់​បាន​ស្លាប់។ ក្រោយ​ពី​បណ្ដា​ជន​អ៊ីស្រាអែល​បាន​ប្រែ​ចិត្ត ម៉ូសេ​បាន​អង្វរ​ជំនួស​ពួក​គេ ហើយ​ព្រះ​យេហូវ៉ា​បាន​ណែនាំ​គាត់​ឲ្យ​ធ្វើ​ពស់​ស្ពាន់​មួយ​ដាក់​ព្យួរ​ខ្ពស់​លើ​បង្គោល។ កំណត់​ហេតុ​ចែង​ថា​៖ ​«​កាល​ណា​មាន​ពស់​ចឹក​មនុស្ស​ណា បើ​អ្នក​នោះ​គ្រាន់តែ​ក្រឡេក​មើល​ទៅ​រូប​ពស់​លង្ហិន​នោះ ក៏​បាន​រស់​វិញ​»។—ជនគណនា ២១:៤​-​១០; ៣៣:៤៣

គ្រឿង​ស្ពាន់​នៅ​សម័យ​ស្តេច​សាឡូម៉ូន

ស្តេច​សាឡូម៉ូន​បាន​ប្រើ​ស្ពាន់​ជា​ច្រើន​ដើម្បី​ធ្វើ​គ្រឿង​ផ្សេង​ៗ​សម្រាប់​ដាក់​ក្នុង​វិហារ​ក្រុង​យេរូសាឡិម។ ស្ពាន់​ជា​ច្រើន​នោះ​គាត់​បាន​ទទួល​ពី​ដាវីឌ​ជា​ឪពុក​របស់​គាត់។ ដាវីឌ​បាន​យក​ស្ពាន់​នោះ​ពី​ជន​ជាតិ​ស៊ីរី​ដែល​គាត់​ច្បាំង​ឈ្នះ។ (​របាក្សត្រទី១ ១៨:៦​-​៨​) នៅ​វិហារ​មាន​អាង​ទឹក​ធំ​មួយ​រាង​មូល ដែល​ពួក​គេ​ហៅ​ថា​«​សមុទ្រ​»។ អាង​នោះ​សិត​ធ្វើ​ពី​ស្ពាន់ ហើយ​ពួក​សង្ឃ​ប្រើ​ដើម្បី​លាង​សម្អាត​រូប​កាយ។ អាង​នោះ​មាន​ចំណុះ​ទឹក​៦៦​.​០០០​លី​ត្រ និង​មាន​ទម្ងន់​រហូត​ដល់​៣០​តោន។ (​ពង្សាវតារ​ក្សត្រ​ទី​១ ៧:២៣​-​២៦, ៤៤​-​៤៦​) នៅ​ជិត​អាង​នោះ​មាន​សសរ​ដ៏​ធំ​ពីរ​ធ្វើ​ពី​ស្ពាន់​ដែល​ដាក់​បញ្ឈរ​នៅ​ខាង​មុខ​ខ្លោង​ទ្វារ​ចូល​វិហារ។ សសរ​នោះ​មាន​កម្ពស់​៨​ម៉ែត្រ និង​មាន​ក្បាច់​នៅ​ខាង​លើ​សសរ ដែល​មាន​កម្ពស់​ប្រមាណ​២,២​ម៉ែត្រ។ សសរ​ទាំង​ពីរ​នោះ​ប្រហោង​ក្នុង មាន​កម្រាស់​៧,៥​សង់ទីម៉ែត្រ ហើយ​មាន​អង្កត់​ផ្ចិត​១,៧​ម៉ែត្រ។ (​ពង្សាវតារ​ក្សត្រ​ទី​១ ៧:១៥, ១៦; របាក្សត្រទី២ ៤:១៧​) ពិត​ជា​អស្ចារ្យ​ណាស់ បើ​យើង​គិត​អំពី​បរិមាណ​ស្ពាន់​ដែល​គេ​បាន​យក​មក​ប្រើ​ដើម្បី​ធ្វើ​គ្រឿង​ទាំង​នោះ។

នៅ​សម័យ​គម្ពីរ ស្ពាន់​ក៏​ត្រូវ​ប្រើ​ជា​ទូទៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ដែរ។ ជា​ឧទាហរណ៍ គម្ពីរ​រៀប​រាប់​អំពី​អាវុធ ខ្នោះ គ្រឿង​ភ្លេង​ផ្សេង​ៗ និង​ទ្វារ​ដែល​ធ្វើ​ពី​ស្ពាន់។ (​សាំយូអែលទី១ ១៧:៥, ៦; ពង្សាវតារ​ក្សត្រ​ទី​២ ២៥:៧; របាក្សត្រទី១ ១៥:១៩; ទំនុក​តម្កើង ១០៧:១៦​) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​កាក់​«​ស្ពាន់​»​ ហើយ​សាវ័ក​ប៉ូល​បាន​ប្រាប់​អំពី​«​អាឡិចសង់​ជា​ជាង​ស្ពាន់​»។—ម៉ាថាយ ១០:៩; ធីម៉ូថេ​ទី​២ ៤:១៤

បុរាណវត្ថុ​វិទូ​និង​ប្រវត្ដិវិទូ​នៅ​តែ​មាន​ចម្ងល់​ជា​ច្រើន​ស្តី​អំពី​ប្រភព​ធន​ធាន​ស្ពាន់​ដ៏​សម្បូរ​និង​របៀប​ដែល​ពួក​គេ​ច្នៃ​ស្ពាន់​ទាំង​នោះ ក៏​ដូច​ជា​អាថ៌​កំបាំង​នៃ​គំនរ​ណាហាល​មីសម៉ា​ដែរ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ការ​ពិត​អំពី​នោះ​នៅ​តែ​ជួយ​បញ្ជាក់​ថា​កំណត់​ហេតុ​ក្នុង​គម្ពីរ​គឺ​ត្រឹម​ត្រូវ ដែល​ថា​ស្រុក​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​បាន​ទទួល​ជា​មត៌ក​ពិត​ជា‹ស្រុក​ដ៏​ល្អ នៅ​ក្នុង​ភ្នំ​នោះ ពួក​គេ​នឹង​ជីក​រក​បាន​ស្ពាន់›។—ចោទិយកថា ៨:៧​-​៩

[​កំណត់​សម្គាល់​]

^ វគ្គ 3 តាម​ភាសា​ដើម​ពាក្យ​លង្ហិន​និង​ទង់​ដែង​ក្នុង​បទ​គម្ពីរ​ដែល​មាន​ក្នុង​អត្ថបទ​នេះ​សំដៅ​ទៅ​លើ​ស្ពាន់។

[​រូបភាព​នៅ​ទំព័រ​១២​]

[​រូបភាព​នៅ​ទំព័រ​១២​]

[អ្នក​ផ្ដល់​សិទ្ធិ]

Photograph © Israel Museum, Jerusalem; courtesy of Israel Antiquities Authority

[​រូបភាព​នៅ​ទំព័រ​១៣​]

ផ្នែក​ជា​ច្រើន​នៃ​វិហារ​ក្នុង​ក្រុង​យេរូសាឡិម បាន​ត្រូវ​ធ្វើ​ពី​ស្ពាន់