លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

រាជាណាចក្រព្រះ តើនឹងផ្ដល់ប្រយោជន៍អ្វីខ្លះដល់លោកអ្នក?

រាជាណាចក្រព្រះ តើនឹងផ្ដល់ប្រយោជន៍អ្វីខ្លះដល់លោកអ្នក?

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី | ការ​គ្រប់​គ្រង​របស់​ព្រះ តើ​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ​ដល់​លោក​អ្នក?

រាជាណាចក្រ​ព្រះ តើ​នឹង​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ​ដល់​លោក​អ្នក?

តាម​រយៈ​អត្ថបទ​មុន លោក​អ្នក​ទំនង​ជា​បាន​យល់​ថា​រាជាណាចក្រ​ព្រះ​គឺ​សំខាន់​ខ្លាំង​ណាស់​ចំពោះ​សាក្សី​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត ប្រហែល​ជា​មាន​ពរ​ខ្លះ​ដែល​រាជាណាចក្រ​នឹង​ផ្ដល់​ឲ្យ​នៅ​ថ្ងៃ​អនាគត បាន​ទាក់​ទាញ​ចិត្ត​លោក​អ្នក។ ប៉ុន្តែ ទន្ទឹម​នឹង​នោះ​លោក​អ្នក​ប្រហែល​ជា​ឆ្ងល់​ថា សេចក្ដី​សន្យា​ទាំង​នោះ​មើល​ទៅ​ដូច​ជា​ល្អ​ពេក ពិបាក​នឹង​ជឿ​ណាស់។

ពេល​លោក​អ្នក​ចេះ​ប្រុង​ប្រយ័ត្ន មុន​នឹង​ជឿ​អ្វីៗទាំង​អស់​ដែល​លោក​អ្នក​បាន​ឮ នេះ​បង្ហាញ​ថា​លោក​អ្នក​ជា​មនុស្ស​ឆ្លាត។ (សុភាសិត ១៤:១៥) ក្នុង​ន័យ​ម្យ៉ាង ការ​ចេះ​ប្រុង​ប្រយ័ត្ន​របស់​លោក​អ្នក​គឺ​ស្រដៀង​នឹង​ពួក​អ្នក​នៅ​ក្រុង​បេរៀ​នៅ​សម័យ​បុរាណ​ដែរ។ * ដំបូង ពេល​ពួក​អ្នក​នៅ​ក្រុង​បេរៀ​បាន​ឮ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ ពួក​គេ​បាន​ទទួល​ដំណឹង​ល្អ​នោះ។ នេះ​មិន​គ្រាន់​តែ​ដោយ​សារ​ពួក​គេ​ចង់​ឲ្យ​អ្វី​ដែល​ពួក​គេ​ឮ​ក្លាយ​ទៅ​ជា​ការ​ពិត​ប៉ុណ្ណោះ​ទេ តែ​គឺ​ដោយ​សារ​ពួក​គេ​បាន​ពិនិត្យ​មើល​បទ​គម្ពីរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់«ដើម្បី​ឲ្យ​ដឹង​ថា​ការ​ទាំង​នោះ​ជា​ការ​ពិត​ឬ​មិន​ពិត»។ (សកម្មភាព ១៧:១១) ក្នុង​ន័យ​ម្យ៉ាង​ទៀត ពួក​អ្នក​នៅ​ក្រុង​បេរៀ​បាន​ប្រៀប​ធៀប​ដំណឹង​ល្អ​ដែល​ពួក​គេ​បាន​ឮ ជា​មួយ​នឹង​អ្វី​ដែល​បទ​គម្ពីរ​ប្រាប់។ ក្រោយ​មក ពួក​គេ​បាន​ជឿ​ជាក់​ថា​ដំណឹង​ល្អ​នោះ​គឺ​មាន​មូលដ្ឋាន​ច្បាស់​លាស់​ទៅ​លើ​បណ្ដាំ​របស់​ព្រះ​មែន។

សាក្សី​ព្រះ​យេហូវ៉ា​សូម​អញ្ជើញ​លោក​អ្នក​យ៉ាង​កក់​ក្ដៅ​ឲ្យ​ធ្វើ​ដូច្នោះ​ដែរ។ យើង​មាន​កម្ម​វិធី​បង្រៀន​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ។ យើង​ស្នើ​សុំ​ឲ្យ​លោក​អ្នក​ប្រើ​ឱកាស​នោះ​ដើម្បី​ប្រៀប​មើល​អ្វី​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ជឿ​អំពី​រាជាណាចក្រ​ព្រះ ជា​មួយ​នឹង​អ្វី​ដែល​គម្ពីរ​បរិសុទ្ធ​បង្រៀន។

តាម​រយៈ​កម្ម​វិធី​រៀន​គម្ពីរ​នេះ​លោក​អ្នក​អាច​រៀន​អំពី​រាជាណាចក្រ​ព្រះ ហើយ​បន្ថែម​ទៅ​ទៀត​ការ​រៀន​គម្ពីរ​នេះ​ក៏​អាច​ជួយ​លោក​អ្នក​រក​ឃើញ​ចម្លើយ​ដែល​ទាក់​ទង​នឹង​ចម្ងល់​អំពី​ជីវិត​ដែរ។

• តើ​ជីវិត​មនុស្ស​យើង​មក​ពី​ណា?

• តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត?

• ហេតុ​អ្វី​ព្រះ​អនុញ្ញាត​ឲ្យ​មនុស្ស​រង​ទុក្ខ​វេទនា?

• តើ​អ្វី​កើត​ឡើង​នៅ​ពេល​យើង​ស្លាប់?

• តើ​ផែន​ដី​នឹង​ត្រូវ​បំផ្លាញ​ឬ?

• តើ​អ្វី​ជា​កត្ដា​សំខាន់​ដើម្បី​មាន​សុភមង្គល​ក្នុង​គ្រួសារ?

សំខាន់​បំផុត ការ​រៀន​គម្ពីរ​នឹង​ជួយ​លោក​អ្នក​ឲ្យ«ចូល​ទៅ​ជិត​ព្រះ»។ (យ៉ាកុប ៤:៨) ពេល​ដែល​លោក​អ្នក​ចូល​ទៅ​កាន់​តែ​ជិត​ព្រះ នោះ​លោក​អ្នក​នឹង​ឃើញ​កាន់​តែ​ច្បាស់​នូវ​របៀប​ដែល​រាជាណាចក្រ​ព្រះ​អាច​ផ្ដល់​ប្រយោជន៍​ដល់​លោក​អ្នក គឺ​មិន​គ្រាន់​តែ​នៅ​ឥឡូវ​នេះ​ទេ តែ​ជា​រៀង​រហូត។ លោក​យេស៊ូ​បាន​អធិដ្ឋាន​ទៅ​បិតា​របស់​លោក​ថា៖ «ដើម្បី​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ពួក​គាត់​ត្រូវ​ស្គាល់​លោក​ដែល​ជា​ព្រះ​ពិត​តែ​មួយ​ឲ្យ​បាន​ច្បាស់ ព្រម​ទាំង​យេស៊ូ​គ្រិស្ត ដែល​លោក​បាន​ចាត់​ឲ្យ​មក»។—យ៉ូហាន ១៧:៣

សាក្សី​ព្រះ​យេហូវ៉ា​អាច​ប្រើ​សៀវភៅ​នេះ​ដើម្បី​បង្រៀន​គម្ពីរ​លោក​អ្នក។

ដើម្បី​ស្នើ​សុំ​រៀន​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ សូម​សួរ​សាក្សី​ព្រះ​យេហូវ៉ា​ណា​ម្នាក់ ឬ​បំពេញ​ព័ត៌មាន​ក្នុង​www.mt1130.com/km។ (នៅ​ទំព័រ​ដើម សូម​ចុចស្នើ​សុំ​រៀន​គម្ពីរ)

[កំណត់​សម្គាល់]

^ វគ្គ 4 ក្រុង​បេរៀ​ជា​ក្រុង​មួយ​នៅ​តំបន់​ម៉ាសេដូន​នៅ​សម័យ​បុរាណ។

[ប្រអប់​នៅ​ទំព័រ​៩]

ហេតុ​អ្វី​រាជាណាចក្រ​ព្រះ​សំខាន់​ចំពោះ​នាង?

ពេល​ថ្មីៗនេះ ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ម្នាក់ ឈ្មោះ​ហ្វូឡាកេ បាន​ធ្វើ​លំ​ហាត់​តែង​សេចក្ដី​មួយ​ដែល​មាន​ប្រធាន​ថា«អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក​នេះ»។ ហ្វូឡាកេ​បាន​សម្រេច​សរសេរ​តែង​សេចក្ដី​អំពី​មូលហេតុ​ដែល​នាង​ចូល​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​រាជាណាចក្រ​ព្រះ។

ហ្វូឡាកេ​បាន​ពន្យល់​ថា៖ «រាជាណាចក្រ​ព្រះ​គឺ​ជា​រដ្ឋាភិបាល​ពិត​ប្រាកដ ប៉ុន្តែ​អ្នក​មិន​អាច​មើល​ឃើញ​ទេ ទោះ​បី​អ្នក​ពាក់​វ៉ែនតា​ក៏​ដោយ!»។

ហ្វូឡាកេ​បាន​បន្ត​សរសេរ​អំពី​ពរ​ដែល​មក​ពី​រាជាណាចក្រ​ព្រះ ជា​ពិសេស​អំពី​ពរ​ដែល​នាង​កំពុង​រង់​ចាំ​ដោយ​ចិត្ត​រំភើប។ ពេល​នាង​រៀប​រាប់​អំពី​បញ្ហា​ខ្លះៗដែល​រាជាណាចក្រ​ព្រះ​នឹង​ដោះ​ស្រាយ នាង​បាន​សរសេរ​ថា៖ «ខ្ញុំ​ពិបាក​ចិត្ត​ពេល​ខ្ញុំ​ឃើញ​មនុស្ស​រស់​នៅ​តាម​ផ្លូវ​ដោយ​គ្មាន​ផ្ទះ​សម្បែង ហើយ​ក្មេង​ជា​ច្រើន​នៅ​ប្រទេស​ផ្សេងៗបាន​ស្លាប់​ដោយ​គ្មាន​អាហារ​គ្រប់​គ្រាន់»។ នាង​បាន​បន្ថែម​ទៀត​ថា៖ «ប៉ុន្តែ ខ្ញុំ​សប្បាយ​ចិត្ត​ឡើង​វិញ​ពេល​ខ្ញុំ​អាន អេសាយ ៦៥:២១»។ ស្តី​អំពី​មនុស្ស​ដែល​នឹង​រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រាជាណាចក្រ​ព្រះ ខ​គម្ពីរ​នេះ​សន្យា​ថា៖ «មនុស្ស​នឹង​សង់ផ្ទះ ហើយ​នឹង​អាស្រ័យ​នៅ​ផង ក៏​នឹង​ដាំ​ចំ​ការ​ទំពាំង​បាយ​ជូរ ហើយ​នឹង​បរិភោគ​ផល​ដែរ»។

ហ្វូឡាកេ​ក៏​បាន​និយាយ​ទៀត​ថា នាង​កំពុង​រង់​ចាំ​ដោយ​ចិត្ត​រំភើប​នូវ​គ្រា​ដែល​ព្រះ​នឹង​បំបាត់​ជំងឺ​ទាំង​អស់​តាម​រយៈ​រាជាណាចក្រ​របស់​លោក។ ក្នុង​តែង​សេចក្ដី​នោះ នាង​បាន​ដក​ស្រង់​បទ​គម្ពីរ ការ​បើក​បង្ហាញ ២១:៤ ដែល​ចែង​ថា ព្រះ«នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់​ក៏​នឹង​លែង​មាន​ទៀត​ដែរ។ អ្វីៗដែល​ធ្លាប់​កើត​ឡើង​ពី​មុន នោះ​បាន​កន្លង​បាត់​អស់​ហើយ»។ នាង​បាន​បញ្ចប់​តែង​សេចក្ដី​នោះ​ដោយ​រៀប​រាប់​ម្ដង​ទៀត​ថា ការ​និយាយ​អំពី​ព្រះ​យេហូវ៉ា​និង​រាជាណាចក្រ​របស់​លោក​គឺ​ជា​អ្វី​ដែល​នាង​ចូល​ចិត្ត​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក​នេះ។ ដូច្នេះ នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា រាជាណាចក្រ​ព្រះ​ពិត​ជា​សំខាន់​ណាស់​ចំពោះ​ក្មេង​ស្រី​នេះ!