លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរនិងចម្លើយពីគម្ពីរ

សំណួរនិងចម្លើយពីគម្ពីរ

តើលោកអ្នកត្រូវធ្វើអ្វីខ្លះដើម្បីក្លាយជាឪពុកម្ដាយល្អ?

តើលោកអ្នកបង្រៀនកូនឲ្យស្រឡាញ់ព្រះទេ?

ក្នុងគ្រួសារដែលមានឪពុកម្ដាយចេះស្រឡាញ់និងគោរពគ្នាទៅវិញទៅមក ជាបរិយាកាសដ៏សុខសាន្ដដើម្បីឲ្យកូនលូតលាស់យ៉ាងល្អ។ (កូឡុស ៣:១៤, ១៩) ឪពុកម្ដាយល្អស្រឡាញ់កូន ហើយសរសើរកូន ដូចព្រះយេហូវ៉ាបានសរសើរបុត្ររបស់លោកដែរ។—សូមអាន ម៉ាថាយ ៣:១៧

បិតារបស់យើងដែលនៅស្ថានសួគ៌ស្តាប់អ្នកបម្រើរបស់លោក ហើយលោករមែងគិតអំពីអារម្មណ៍របស់ពួកគេ។ ឪពុកម្ដាយទាំងឡាយគួររៀនពីគំរូរបស់លោក ហើយពួកគាត់គួរស្តាប់អ្វីដែលកូនប្រាប់។ (យ៉ាកុប ១:១៩) សូម្បីតែពេលខ្លះកូននិយាយអ្វីមិនល្អក៏ដោយ ពួកគាត់គួរខំស្វែងយល់អំពីមូលហេតុដែលនាំឲ្យកូនមានអារម្មណ៍បែបនោះ។—សូមអាន ជនគណនា ១១:១១, ១៥

តើតាមរបៀបណាលោកអ្នកអាចចិញ្ចឹមអប់រំកូនឲ្យចេះទទួលខុសត្រូវ?

ក្នុងនាមជាឪពុកម្ដាយ លោកអ្នកមានសិទ្ធិដាក់វិន័យគ្រួសារ។ (អេភេសូរ ៦:១) សូមរៀនពីគំរូរបស់ព្រះ។ លោកបង្ហាញសេចក្ដីស្រឡាញ់ចំពោះកូនរបស់លោក ដោយប្រាប់ពួកគេយ៉ាងច្បាស់អំពីច្បាប់ដែលលោកបានដាក់ឲ្យ ព្រមទាំងប្រាប់នូវលទ្ធផលដែលមកពីការមិនធ្វើតាមច្បាប់ទាំងនោះ។ (លោកុប្បត្ដិ ៣:៣) ប៉ុន្ដែជាជាងបង្ខំមនុស្សឲ្យស្តាប់បង្គាប់លោក ព្រះបង្រៀនពួកគេឲ្យទទួលប្រយោជន៍ពីការធ្វើអ្វីដែលត្រឹមត្រូវ។—សូមអាន អេសាយ ៤៨:១៨, ១៩

សូមលោកអ្នកមានគោលដៅជួយកូនឲ្យស្រឡាញ់ព្រះ។ ការស្រឡាញ់ព្រះនឹងជួយកូនឲ្យប្រព្រឹត្ដដោយប្រាជ្ញា សូម្បីតែពេលពួកគេមិននៅក្បែរលោកអ្នកក៏ដោយ។ ដូចព្រះបង្រៀនដោយគំរូរបស់លោក សូមបង្រៀនកូនឲ្យស្រឡាញ់ព្រះដោយគំរូរបស់លោកអ្នក។—សូមអាន ចោទិយកថា ៦:៥-៧; អេភេសូរ ៤:៣២; ៥:១