លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកណាបានផ្ដើមបង្កើតជាមុន?

តើអ្នកណាបានផ្ដើមបង្កើតជាមុន?

ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ គឺ​ហាក់​ដូច​ជា​ពួក​អ្នក​វិទ្យាសាស្ត្រ​និង​ពួក​វិស្វករ​បាន​អនុញ្ញាត​ឲ្យ​សត្វ​និង​រុក្ខជាតិ​បង្រៀន​ពួក​គេ។ (​យ៉ូប ១២:៧, ៨​) ពួក​គេ​កំពុង​សិក្សា​ស្រាវជ្រាវ​អំពី​សត្វ​ផ្សេង​ៗ ដើម្បី​យក​មក​ធ្វើ​ជា​គំរូ​ក្នុង​ការ​បង្កើត​ផលិតផល​ថ្មី​ៗ ឬ​បង្កើន​គុណ​ភាព​នៃ​ផលិតផល​ដែល​មាន​រួច​ហើយ​នោះ។ មុខ​វិជ្ជា​នេះ ហៅ​ថា​ជីវវិស្វកម្ម។ កាល​ដែល​លោក​អ្នក​ពិនិត្យ​មើល​ឧទាហរណ៍​ដែល​មាន​ជា​បន្ត​បន្ទាប់​នេះ សូម​ពិចារណា​សំណួរ​ថា​‹​តើ​អ្នក​ណា​ដែល​សម​ទទួល​សេចក្ដី​សរសើរ ជា​អ្នក​ផ្ដើម​បង្កើត​អ្វី​ៗ​ទាំង​នេះ?›។

រៀន​ពី​ព្រុយ​ត្រី​បា​ឡែន

តើ​អ្នក​បង្កើត​យន្តហោះ​អាច​រៀន​អ្វី​ពី​ត្រី​បាឡែន? តាម​មើល​ទៅ ពួក​គេ​អាច​រៀន​បាន​ច្រើន។ ត្រី​បាឡែន​ហិមបាក​មាន​ទម្ងន់​ប្រហែល​៣០​តោន ពេល​វា​ពេញ​ចំណាស់ គឺ​ស្មើ​នឹង​ទម្ងន់​ឡាន​ដឹក​ទំនិញ​ដែល​មាន​ទំនិញ​ពេញ​ចំណុះ។ រូប​កាយ​របស់​វា​គឺ​រឹង​បន្ដិច ហើយ​មាន​ព្រុយ​ធំ​ដែល​មាន​រាង​ស្រដៀង​នឹង​ស្លាប​របស់​ចាប។ ទោះ​ជា​វា​មាន​ប្រវែង​១២​ម៉ែត្រ​ក៏​ដោយ ក៏​វា​អាច​ហែល​បត់​បែន​យ៉ាង​រហ័ស​អស្ចារ្យ​ដែរ។

អ្វី​ដែល​ពួក​អ្នក​ស្រាវជ្រាវ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​អំពី​ត្រី​មាន​រូប​កាយ​រឹង​នេះ គឺ​វា​អាច​បត់​មួយ​ជុំ​ដោយ​មិន​ចាំ​បាច់​វាង​ឆ្ងាយ​ទេ ទោះ​ជា​មើល​ទៅ​ដូច​ជា​មិន​គួរ​ដូច្នេះ​ក៏​ដោយ។ ពួក​គេ​ទម្លាយ​អាថ៌​កំបាំង​នេះ​ថា សមត្ថភាព​បត់​បែន​នេះ គឺ​ដោយ​សារ​រាង​នៃ​ព្រុយ​របស់​វា។ ជាយ​ខាង​មុខ​នៃ​ព្រុយ​របស់​វា​គឺ​មិន​រលោង​ស្អាត​ដូច​ស្លាប​យន្តហោះ​ទេ តែ​មាន​លក្ខណៈ​អង្កាញ់​ៗ​ស្រដៀង​នឹង​ធ្មេញ​រណារ។

កាល​ដែល​ត្រី​បាឡែន​ហែល​កាត់​ទឹក​យ៉ាង​ស្រួល​និង​យ៉ាង​លឿន នោះ​លក្ខណៈ​អង្កាញ់​ៗ​នៃ​ព្រុយ​របស់​វា បង្កើន​កម្លាំង​រុញច្រាន​ពី​ក្រោម​និង​កាត់​បន្ថយ​កម្លាំង​កកិត។ តើ​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? ទស្សនាវដ្ដី​មួយ​ចែង​ថា លក្ខណៈ​អង្កាញ់​ៗ​នៃ​ព្រុយ​វា ធ្វើ​ឲ្យ​ទឹក​រត់​យ៉ាង​លឿន​ហើយ​ទៅ​យ៉ាង​រលូន​កាត់​លើ​ព្រុយ សូម្បី​តែ​ពេល​ត្រី​បាឡែន​ហែល​ងើប​ត្រង់​ឡើង​លើ​ក៏​ដោយ។10

តើ​ធម្មជាតិ​ជា​កម្ម​សិទ្ធិ​បញ្ញា​របស់​អ្នក​ណា?

តើ​ការ​រក​ឃើញ​នេះ​អាច​មាន​ប្រយោជន៍​យ៉ាង​ណាខ្លះ? តាម​មើល​ទៅ បើ​បង្កើត​ស្លាប​យន្តហោះ​តាម​គំរូ​ព្រុយ​ត្រី​បាឡែន នោះ​ពួក​គេ​អាច​កាត់​បន្ថយ​ប្រដាប់​ផ្លាស់​ប្ដូរ​ចរន្ត​ខ្យល់​ដែល​មាន​ក្នុង​ស្លាប​ទាំង​នោះ។ ស្លាប​បែប​នេះ​នឹង​មាន​សុវត្ថិភាព​ជាង ហើយ​ក៏​នឹង​ស្រួល​ថែ​ទាំ​ជាង​ដែរ។ អ្នក​ជំនាញ​ជីវវិស្វកម្ម​ម្នាក់​ជឿ​ថា ថ្ងៃ​ណា​មួយ​នៅ​មិន​យូរ​ទៀត​«​យើង​ទំនង​ជា​នឹង​ឃើញ​យន្តហោះ​ទាំង​អស់​មាន​ស្លាប​ដែល​មាន​លក្ខណៈ​អង្កាញ់​ៗ​ដូច​ព្រុយ​ត្រី​បាឡែន​ហិមបាក​ដែរ​»។11

ចម្លង​តាម​គំរូ​ស្លាប​របស់​សត្វ​រំពេ

លោក​អ្នក​ដឹង​ហើយ​ថា មនុស្ស​បង្កើត​ស្លាប​យន្តហោះ​ដោយ​ចម្លង​តាម​គំរូ​សត្វ​ស្លាប។ ប៉ុន្តែ នៅ​ពេល​ថ្មី​ៗ​នេះ វិស្វករ​បាន​ជឿន​ទៅ​មុខ​ក្នុង​ការ​ចម្លង​តាម​គំរូ​នោះ។ ទស្សនាវដ្ដី​មួយ​ចែង​ថា​៖ ​«​ពួក​អ្នក​ស្រាវជ្រាវ​នៅ​ឯ​សកលវិទ្យាល័យ​នៃ​រដ្ឋ​ហ្ល័ររីដា​បាន​ផ្ដើម​បង្កើត​យន្តហោះ​ថ្មី​មួយ​ដែល​គ្មាន​អ្នក​បើក​ទេ គឺ​បញ្ជា​ដោយ​តេឡេកុម្ម៉ង់ ហើយ​យន្តហោះ​នោះ​អាច​ហោះ​សំកាំង បោះពួយ​ចុះ​ឬ​ឡើង​យ៉ាង​លឿន​ដូច​សត្វ​រំពេ​»។12

សត្វ​រំពេ​ហោះហើរ​បោះពួយ​ចុះ​ឡើង​យ៉ាង​អស្ចារ្យ ដោយ​បត់​ស្លាប​របស់​វា​ត្រឹម​កែង​ឬ​ត្រឹម​គល់​ស្លាប។ ទស្សនាវដ្ដី​នោះ​ក៏​ចែង​ថា​៖ ​«​យន្តហោះ​[​ប្រវែង​៦១​សង់​ទី​ម៉ែត្រ​]​គ្មាន​អ្នក​បើក​នោះ មាន​ម៉ាស៊ីន​តូច​មួយ​ដែល​ធ្វើ​ឲ្យ​សរសៃ​ដែក​ក្នុង​ស្លាប បត់​ឬ​ត្រដាង​ស្លាប​បាន​»។ ស្លាប​ទាំង​នេះ​ដែល​ជា​ស្នា​ដៃ​ប្រសើរ​របស់​វិស្វករ ធ្វើ​ឲ្យ​យន្តហោះ​តូច​នេះ​អាច​សំកាំង​ឬ​បោះពួយ​ចុះ​ក្នុង​ចន្លោះ​រវាង​អគារ​ខ្ពស់​ៗ។ យន្តហោះ​ដែល​អាច​សំកាំង​និង​បោះពួយ​ចុះ​ឡើង​យ៉ាង​ល្អ​ដូច្នេះ ជា​អ្វី​ដែល​បុគ្គលិក​យោធា​ខ្លះ​ចង់​បាន​ណាស់ ដើម្បី​យក​មក​ប្រើ​ស្វែងរក​អាវុធ​គីមី​ឬ​អាវុធ​ជីវសាស្ត្រ​ក្នុង​ក្រុង​ធំ​ៗ។

ចម្លង​តាម​គំរូ​ជើង​សត្វ​រំពេ

សត្វ​រំពេ​មិន​ចេះ​ត្រជាក់​ទេ សូម្បី​តែ​ពេល​វា​ឈរ​លើ​ទឹក​កក​ក៏​ដោយ។ ហេតុ​អ្វី​វា​មិន​ចេះ​ត្រជាក់? ហេតុ​មួយ​គឺថា សត្វ​រំពេ​បាន​ត្រូវ​គ្រោង​បង្កើត​ឲ្យ​មាន​លក្ខណៈ​អស្ចារ្យ​មួយ ដែល​សត្វ​តំបន់​ត្រជាក់​មួយ​ចំនួន​ទៀត​ក៏​មាន​ដែរ។

ចំហាយ​ក្ដៅ​ចូល​ទៅ​រួច​ត្រូវ​ផ្ទុក​ក្នុង​រូប​កាយ ចំហាយ​ត្រជាក់​ត្រូវ​ផ្ទុក​ក្នុង​ជើង

ដើម្បី​ពន្យល់ សូម​ស្រមៃ​គិត​អំពី​បំពង់​ទឹក​ពីរ​ដែល​បាន​ត្រូវ​រុំ​ជាប់​គ្នា។ ទឹក​ក្ដៅ​ហូរ​ក្នុង​បំពង់​មួយ ហើយ​ទឹក​ត្រជាក់​ហូរ​ក្នុង​បំពង់​មួយ​ទៀត។ បើ​ទឹក​ក្ដៅ​និង​ទឹក​ត្រជាក់​ហូរ​តាម​ទិស​ដូច​គ្នា នោះ​ទឹក​ត្រជាក់​នឹង​ស្រូប​កម្ដៅ​ប្រមាណ​ពាក់​កណ្ដាល​ពី​ទឹក​ក្ដៅ។ ប៉ុន្តែ បើ​ទឹក​ក្ដៅ​និង​ទឹក​ត្រជាក់​ហូរ​បញ្ច្រាស​ទិស​គ្នា នោះ​ទឹក​ត្រជាក់​នឹង​ស្រូប​កម្ដៅ​សឹង​តែ​ទាំង​អស់ពី​ទឹក​ក្ដៅ​វិញ។

នៅ​ពេល​សត្វ​រំពេ​ឈរ​លើ​ទឹក​កក មាន​ប្រព័ន្ធ​ស្រូប​កម្ដៅ​ក្នុង​ជើង​វា​ដែល​ជួយ​កម្ដៅ​ឈាម​ដែល​ឡើង​ពី​ប្រអប់ជើង​ត្រជាក់​នោះ ចូល​ក្នុង​ខ្លួន​វា​វិញ។ ប្រព័ន្ធ ស្រូប​កម្ដៅ​នោះ ជួយ​ផ្ទុក​កម្ដៅ​ក្នុង​រូប​កាយ​វា​និង​បង្ការ​កុំ​ឲ្យ​បាត់បង់​កម្ដៅ​ពី​ជើង។ វិស្វករ​ខាង​គ្រឿង​ចក្រ​និង​យន្តហោះ​ម្នាក់​បាន​រៀប​រាប់​ថា​៖ ​«​ក្នុង​ពិភព​លោក​ទាំង​មូល ប្រព័ន្ធ​ស្រូប​កម្ដៅ​មួយ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​»​ គឺ​ប្រព័ន្ធ​ស្រូប​កម្ដៅ​ក្នុង​ជើង​សត្វ​រំពេ។13 គំរូ​នេះ​គឺ​អស្ចារ្យ​ដល់​ម្ល៉េះ បាន​ជា​វិស្វករ​ចម្លង​តាម​គំរូ​នោះ។

តើ​នរណា​សម​ទទួល​ការ​សរសើរ?

រថយន្ត​ចម្លង​តាម​ត្រី​ដោយ​សារ​រាង​ដូច​នេះ​មាន​លំនឹង ហើយ​កាត់​បន្ថយ​កម្លាំង​ទប់​នៃ​ខ្យល់​យ៉ាង​ល្អ

នៅ​ដំណាល​គ្នា​នេះ អង្គការ​អាកាសចរណ៍​វិទ្យា​ជាតិ​និង​ការ​គ្រប់​គ្រង​ខាង​អវកាស​(​NASA​) នៅ​សហរដ្ឋអាម៉េរិក កំពុង​បង្កើត​គ្រឿង​យន្ត​មួយ​ដែល​មាន​ជើង​ច្រើន​ហើយ​ដើរ​ដូច​ខ្យា​ដំរី។ ពួក​វិស្វករ​នៅ​ប្រទេស​ហ្វាំងឡង់​បាន​បង្កើត​គោ​យន្ត​ដែល​មាន​ជើង​៦ មើល​ទៅ​ដូច​ជា​ស្រមោច​ដ៏​ធំ​មួយ​អាច​ឡើង​ចុះ​អ្វី​ៗ​ដែល​រាំង​ផ្លូវ​វា។ ពួក​អ្នក​ស្រាវជ្រាវ​ឯ​ទៀត​ចម្លង​តាម​គំរូ​ផ្លែ​ស្រល់ បង្កើត​ក្រណាត់​មាន​ផ្ទាំង​ស្រទាប់​តូច​ៗ​ដែល​បិទ​បើក​បាន។ ក្រណាត់​នេះ​ផ្លាស់​ប្ដូរ​តាម​កម្ដៅ​រូប​កាយ​នៃ​អ្នក​ដែល​ពាក់។ ក្រុមហ៊ុន​ផលិត​ឡាន​មួយ​កំពុង​បង្កើត​រថយន្ត ដែល​ចម្លង​តាម​រូបរាង​របស់​ត្រី​កំពត​ម្យ៉ាង​ដែល​មាន​រាង​ដូច​ប្រអប់ ដោយ​សារ​រូបរាង​របស់​វា​កាត់​បន្ថយ​កម្លាំង​ទប់​ខ្យល់​យ៉ាង​ល្អ ខុស​ពី​ការ​នឹក​ស្មាន។ ពួក​អ្នក​ស្រាវជ្រាវ​ឯ​ទៀត​កំពុង​ពិនិត្យ​មើល​លក្ខណៈ​នៃ​សម្បក​ខ្យង​គ្រែង ដើម្បី​ដឹង​មូលហេតុ​ដែល​សម្បក​នោះ​មិន​បែក​ពេល​រង​សម្ពាធ​ខ្លាំង។ ពួក​គេ​ខំ​រក​ព័ត៌មាន​នេះ​ក្នុង​បំណង​បង្កើត​អាវ​ក្រោះ​ដែល​ស្រាល​ហើយ​មាំ​ជាង។

ឧបករណ៍​រលក​សំឡេង​ដែល​មនុស្ស​បង្កើត ចាញ់​សមត្ថភាព​របស់​សត្វ​ផ្សោត

ធម្មជាតិ​បាន​ផ្ដល់​នូវ​គំនិត​ល្អ​ៗ​ជា​ច្រើន​ដល់​ម្ល៉េះ បាន​ជា​ពួក​អ្នក​ស្រាវជ្រាវ​បាន​បង្កើត​បញ្ជី​រាយ​ឈ្មោះ​ប្រព័ន្ធ​ធម្មជាតិ​ផ្សេង​ៗ​រាប់​ពាន់​ប្រភេទ និង​លក្ខណៈ​របស់​វា។ យោង​ទៅ​តាម​ទស្សនាវដ្ដី​មួយ ពេល​ណា​ពួក​អ្នក​វិទ្យាសាស្ត្រ​ជួប​ប្រទះ​បញ្ហា​បច្ចេកទេស​វិស្វកម្ម នោះ​ពួក​គេ​អាច​ស្វែងរក​ព័ត៌មាន​ក្នុង​បញ្ជី​នេះ ដើម្បី​ដឹង​អំពី​របៀប​«​ធម្មជាតិ​ដោះ​ស្រាយ​បញ្ហា​វិស្វកម្ម​នោះ​»។ ពួក​គេ​ហៅ​ប្រព័ន្ធ​ធម្មជាតិ​នានា​ដែល​ត្រូវ​រាយ​ឈ្មោះ​ក្នុង​បញ្ជី​នេះ​ថា កម្ម​សិទ្ធិ​បញ្ញា​របស់​ធម្មជាតិ។ ធម្មតា បើ​បុគ្គល​ឬ​ក្រុមហ៊ុន​បង្កើត​ជា​គំនិត​អ្វី​មួយ​ឬ​ម៉ាស៊ីន​ថ្មី​ណា​មួយ នោះ​ជា​កម្ម​សិទ្ធិ​បញ្ញា​របស់​ពួក​គេ។ ទស្សនាវដ្ដី​ដដែល​នោះ​បាន​រៀប​រាប់​អំពី​កម្ម​សិទ្ធិ​បញ្ញា​របស់​ធម្មជាតិ​ថា​៖ ​«​ពេល​ពួក​អ្នក​ស្រាវជ្រាវ​ហៅ​បច្ចេកទេស​ជីវវិស្វកម្ម​ថា​ជា​‹កម្ម​សិទ្ធិ​បញ្ញា​របស់​ធម្មជាតិ​› នោះ​ពួក​គេ​កំពុង​បញ្ជាក់​ច្បាស់​ថា ធម្មជាតិ​គឺជា​អ្នក​ផ្ដើម​គំនិត​ទាំង​នោះ​»។14

អ្នក​វិទ្យាសាស្ត្រ​កំពុង​ស្រាវជ្រាវ​អំពី​មូលហេតុ​ដែល​សម្បក​ខ្យង​គ្រែង​មិន​បែក​ពេល​រង​សម្ពាធ​ខ្លាំង

តើ​ធម្មជាតិ​បាន​គំនិត​ល្អ​ៗ​ទាំង​នេះ​មក​ពី​ណា? ពួក​អ្នក​ស្រាវជ្រាវ​ជា​ច្រើន​នាក់​អះអាង​ថា ធម្មជាតិ​មាន​បច្ចេកទេស​ដ៏​ពូកែ ដោយ​សារ​វា​បាន​សាក​ល្បង​បច្ចេកទេស​ផ្សេង​ៗ​ក្នុង​រយៈ​ពេល​រាប់​លាន​ឆ្នាំ​ដោយ​ការ​វិវត្តន៍។ ប៉ុន្តែ​ពួក​អ្នក​ស្រាវជ្រាវ​ឯ​ទៀត​បាន​សន្និដ្ឋាន​ផ្សេង​ពី​នេះ។ ក្នុង​កាសែត​មួយ អ្នក​មីក្រុបវិទ្យា​ម្នាក់ បាន​ចុះ​អត្ថបទ​មួយ​នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០០៥​ថា​៖ ​«​[​ធម្មជាតិ​]​មាន​លក្ខណៈ​ជា​ច្រើន ដែល​ច្បាស់​ជា​កើត​ចេញ​ពី​ការ​គ្រោង​បង្កើត។ អាស្រ័យ​ហេតុ​នេះ យើង​អាច​វែក​ញែក​ដូច​ត​ទៅ: ឧបមា​ថា​មាន​សត្វ​មួយ​ដែល​មើល​ទៅ​ដូច​ជា​សត្វ​ទា ដំណើរ​ដើរ និង​សំឡេង​ក៏​ដូច​សត្វ​ទា ហើយ​គ្មាន​ទី​សំ​អាង​ណា​ដែល​បញ្ជាក់​ថា​សត្វ​នោះ​មិន​មែន​ជា​សត្វ​ទា​ទេ បើ​ដូច្នោះ​យើង​មាន​ហេតុ​ត្រឹម​ត្រូវ​ឲ្យ​សន្និដ្ឋាន​ថា សត្វ​នោះ​គឺជា​សត្វ​ទា​មែន​»។ តើ​គាត់​ចង់​បញ្ជាក់​ចំណុច​អ្វី? គាត់​និយាយ​ថា​៖ ​«​បើ​យើង​ឃើញ​ជាក់​ស្តែង​ថា​មាន​ការ​គ្រោង​បង្កើត យើង​មិន​គួរ​ធ្វើ​មិន​ដឹង​ចំពោះ​ហេតុ​ការណ៍​នោះ​ទេ​»។15

តឹក​កែ​អាច​តោង​ជាប់​អ្វី​ដែល​រលោង​ៗ ដោយ​ប្រើ​កម្លាំង​ម៉ូលេគុល

បើ​វិស្វករ​ម្នាក់​គ្រោង​បង្កើត​ស្លាប​យន្តហោះ​ដែល​មាន​សុវត្ថិភាព​ជាង និង​សន្សំ​សំចៃ​ថាមពល វិស្វករ​នោះ​ពិត​ជា​សម​នឹង​សរសើរ ចំពោះ​ស្នា​ដៃ​របស់​គាត់។ ស្រដៀង​គ្នា​ដែរ អ្នក​ឆ្នៃ​ប្រឌិត​ដែល​បង្កើត​សាច់​ក្រណាត់​ដែល​ស្រួល​ពាក់​ជាង ឬ​បង្កើត​យាន​យន្ត​មួយ​ដែល​សន្សំ​សំចៃ​ថាមពល ក៏​គួរ​នឹង​សរសើរ​ដែរ។ តាម​ពិត មនុស្ស​ណា​ដែល​ចម្លង​តាម​កម្ម​សិទ្ធិ​បញ្ញា​របស់​អ្នក​ណា​ម្នាក់ តែ​មិន​បញ្ជាក់​ឬ​ទទួល​ស្គាល់​បុគ្គល​ដែល​បាន​ផ្ដើម​បង្កើត​របស់​នោះ ប្រហែលជា​នឹង​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ឧក្រិដ្ឋជន។

ឥឡូវ សូម​ពិចារណា​ហេតុ​ការណ៍​ដូច​ត​ទៅ: ពួក​អ្នក​ស្រាវជ្រាវ​ដ៏​ជំនាញ ខំ​ចម្លង​តាម​គំរូ​ផ្សេង​ៗ​ក្នុង​ធម្មជាតិ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ពិបាក​ខាង​វិស្វកម្ម តែ​ធ្វើ​មិន​ល្អ​ដូច​ក្នុង​ធម្មជាតិ​ទេ។ ក៏​ប៉ុន្តែ អ្នក​ខ្លះ​អះអាង​ថា គំនិត​ដ៏​ឈ្លាស​វៃ​ដែល​ជា​ប្រភព​គំរូ​ដើម​ក្នុង​ធម្មជាតិ បាន​មក​ពី​ការ​វិវត្តន៍ ដែល​គ្មាន​សតិបញ្ញា​អ្វី​ឡើយ។ តើ​ការ​វែក​ញែក​នោះ​ស្ដាប់​ទៅ​ដូច​ជា​សម​ហេតុ​ផល​ឬ​ទេ? ដើម្បី​គ្រោង​បង្កើត​របស់​ផ្សេង​ៗ​តាម​គំរូ​ក្នុង​ធម្មជាតិ ត្រូវ​មាន​វិស្វករ​ម្នាក់​ដែល​មាន​សតិបញ្ញា មែន​ទេ? ចុះ​គំរូ​ដើម​ដែល​មាន​ក្នុង​ធម្មជាតិ នោះ​ក៏​តម្រូវ​ឲ្យ​មាន​អ្នក​គ្រោង​បង្កើត​ដែល​មាន​សតិបញ្ញា​ដែរ មែន​ទេ? ម្យ៉ាង​ទៀត តើ​អ្នក​ណា​សម​ទទួល​ការ​សរសើរ​ច្រើន​ជាង មេ​ជាង​ដែល​បង្កើត​គំរូ​ដើម ឬ​មួយ​ក៏​កូន​ជាង​ដែល​ចម្លង​តាម​គំរូ​មេ​ជាង​នោះ?

សេចក្ដី​សន្និដ្ឋាន​ដែល​សម​ហេតុ​ផល

ក្រោយ​បាន​ពិនិត្យ​មើល​ទី​សំ​អាង​ដែល​បញ្ជាក់​ថា អ្វី​ៗ​ក្នុង​ធម្មជាតិ​មាន​អ្នក​គ្រោង​បង្កើត​នោះ មនុស្ស​ជា​ច្រើន​មាន​ទស្សនៈ​ដូច​អ្នក​សរសេរ​គម្ពីរ​ម្នាក់​ឈ្មោះ​ប៉ូល ដែល​បាន​និយាយ​ថា​៖ ​«​គុណ​សម្បត្ដិ​របស់​[​ព្រះ​] ដែល​មនុស្ស​មើល​មិន​ឃើញ ពោល​គឺ​ឫទ្ធានុភាព​ដែល​ស្ថិតស្ថេរ​ជា​រៀង​រហូត និង​ឋានៈ​របស់​លោក​ជា​ព្រះ នោះ​បាន​ស​ឲ្យ​ឃើញ​ច្បាស់​តាំង​ពី​ពេល​ដែល​លោក​បង្កើត​ពិភព​លោក​មក ពេល​ដែល​ពិចារណា​អ្វី​ៗ​ដែល​លោក​បាន​បង្កើត​»។—រ៉ូម ១:១៩, ២០