លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

វិទ្យាសាស្ត្រនិងកំណត់ហេតុសៀវភៅលោកុប្បត្តិ

វិទ្យាសាស្ត្រនិងកំណត់ហេតុសៀវភៅលោកុប្បត្តិ

យោង​ទៅ​តាម​សម្ដី​របស់​មនុស្ស​ជា​ច្រើន វិទ្យាសាស្ត្រ​បង្ហាញ​ថា​អ្វី​ដែល​គម្ពីរ​ចែង​អំពី​ការ​បង្កើត​គឺ​ខុស។ ក៏​ប៉ុន្តែ អ្វី​ដែល​ផ្ទុយ​គ្នា​គឺ​មិន​មែន​វិទ្យាសាស្ត្រ​និង​គម្ពីរ​ទេ តែ​គឺ​វិទ្យាសាស្ត្រ​និង​គំនិត​របស់​គ្រិស្ត​សាសនិក​ដែល​កាន់​តាម​គម្ពីរ​យ៉ាង​តឹងរ៉ឹង​វិញ។ ក្រុម​ខ្លះ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ និយាយ​មិន​ពិត​ថា តាម​គម្ពីរ​អ្វី​ៗ​ទាំង​អស់​ក្នុង​សកលលោក​បាន​ត្រូវ​បង្កើត​ជិត​១០.០០០​ឆ្នាំ​មុន ក្នុង​រយៈ​ពេល​តែ​៦​ថ្ងៃ ដោយ​ថ្ងៃ​នីមួយ​ៗ​ប្រើ​ពេល​២៤​ម៉ោង។

ប៉ុន្តែ គម្ពីរ​មិន​គាំទ្រ​គំនិត​នេះ​ទេ។ បើ​គាំទ្រ​មែន នោះ​អ្វី​ៗ​ជា​ច្រើន​ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ក្នុង​អំឡុង​មួយ​រយ​ឆ្នាំ​កន្លង​ទៅ​នេះ ប្រាកដជា​នឹង​បង្កើត​ឲ្យ​មាន​ការ​សង្ស័យ​ថា​គម្ពីរ​គឺ​មិន​ត្រឹម​ត្រូវ​ទេ។ ប៉ុន្តែ​បើ​សិក្សា​គម្ពីរ​ឲ្យ​បាន​ដិត​ដល់ នោះ​នឹង​ដឹង​ថា​គម្ពីរ​មិន​ចែង​អ្វី​ដែល​ផ្ទុយ​ពី​ហេតុ​ការណ៍​ពិត​ខាង​វិទ្យាសាស្ត្រ​ឡើយ។ ហេតុ​នេះ​ហើយ សាក្សី​ព្រះ​យេហូវ៉ា​មិន​យល់​ស្រប​នឹង​គំនិត​របស់​គ្រិស្ត​សាសនិក​ដែល​កាន់​តាម​គម្ពីរ​យ៉ាង​តឹងរ៉ឹង​ទេ។ ចំណុច​ជា​បន្ត​បន្ទាប់​នេះ នឹង​បង្ហាញ​អ្វី​ដែល​គម្ពីរ​ពិត​ជា​បង្រៀន​អំពី​រឿង​នេះ។

សៀវភៅ​លោកុប្បត្តិ​មិន​ចែង​ថា​ផែនដី​និង​សកលលោក បាន​ត្រូវ​បង្កើត​មក​គ្រាន់តែ​ប៉ុន្មាន​ពាន់​ឆ្នាំ​មុន ក្នុង​រយៈ​ពេល​៦​ថ្ងៃ ដោយ​ថ្ងៃ​នីមួយ​ៗ​ប្រើ​ពេល​២៤​ម៉ោង​នោះ​ទេ

តើ​ពាក្យ​ថា​«​ដើម​ដំបូង​»​សំដៅ​លើ​ពេល​ណា?

សៀវភៅ​លោកុប្បត្តិ ដែល​ជា​សៀវភៅ​ដំបូង​បង្អស់​ក្នុង​គម្ពីរ​បរិសុទ្ធ ចាប់​ផ្ដើម​ដោយ​ឃ្លា​ខ្លី​មួយ​ដែល​មាន​ន័យ​ជ្រៅ ពោល​គឺ​«​កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ​នឹង​ផែនដី​»។ (​លោកុប្បត្តិ ១:១​) បណ្ឌិត​គម្ពីរ​មួយ​ចំនួន​យល់​ស្រប​ថា ឃ្លា​នេះ​សំដៅ​ទៅ​លើស​កម្ម​ភាព​មួយ​ដោយ​ឡែក​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នៃ​ការ​បង្កើត ដែល​ត្រូវ​រៀប​រាប់​ចាប់​ពី​ខ​៣​ទៅ។ ចំណុច​នេះ​គឺ​សំខាន់​ណាស់។ យោង​ទៅ​តាម​ឃ្លា​ដំបូង​ក្នុង​គម្ពីរ គឺ​អស់​មួយ​រយៈ​ពេល​ដែល​ពុំ​ប្រាកដ មុន​ថ្ងៃ​នៃ​ការ​បង្កើត​បាន​ចាប់​ផ្ដើម នោះ​សកលលោក​ទាំង​មូល រួម​ទាំង​ភព​ផែនដី​របស់​យើង មាន​រួច​ហើយ។

អ្នក​ផែនដីវិទ្យា​ប៉ាន់​ស្មានថា ផែនដី​មាន​ចំណាស់​៤​ពាន់​លាន​ឆ្នាំ ហើយ​តារាវិទូ​ប៉ាន់ស្មាន​ថា​សកល​លោក​អាច​មាន​ចំណាស់​ដល់​ទៅ​១៥​ពាន់​លាន​ឆ្នាំ។ តើ​អ្វី​ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ ឬ​អ្វី​ដែល​ពួក​គេ​ប្រហែលជា​នឹង​រក​ឃើញ​នៅ​ថ្ងៃ​មុខ បង្ហាញ​ថា​លោកុប្បត្តិ ១:១​គឺ​ខុស​ទេ? មិន​មែន​ទេ។ គម្ពីរ​មិន​បញ្ជាក់​អំពី​ចំណាស់​នៃ​«​ផ្ទៃ​មេឃ​នឹង​ផែនដី​»​ទេ។ វិទ្យាសាស្ត្រ​មិន​ប្រឆាំង​នឹង​អ្វី​ដែល​គម្ពីរ​ចែង​ឡើយ។

តើ​ថ្ងៃ​នីមួយ​ៗ​នៃ​ការ​បង្កើត​មាន​រយៈ​ពេល​ប៉ុន្មាន?

ចុះ​តើ​ថ្ងៃ​នីមួយ​ៗ​នៃ​ការ​បង្កើត​មាន​រយៈ​ពេល​ប៉ុន្មាន? តើ​ថ្ងៃ​នីមួយ​ៗ​មាន​រយៈ​ពេល​២៤​ម៉ោង​ទេ? មនុស្ស​ខ្លះ​អះអាង​ថា ថ្ងៃ​នៃ​ការ​បង្កើត​ច្បាស់​ជា​មាន​រយៈ​ពេល​២៤​ម៉ោង ដោយ​សារ​ម៉ូសេ​ដែល​ជា​អ្នក​សរសេរ​សៀវភៅ​លោកុប្បត្តិ បាន​បញ្ជាក់​ថា​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​សប្ដាហ៍​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​មាន​រយៈ​ពេល​២៤​ម៉ោង បាន​ត្រូវ​រៀប​ចំ​ឡើង​ដោយ​យក​ថ្ងៃ​ទាំង​៦​នៃ​ការ​បង្កើត​ជា​គំរូ។ (​និក្ខមនំ ២០:១១​) តើ​សៀវភៅ​លោកុប្បត្តិ​គាំទ្រ​សេចក្ដី​សន្និដ្ឋាន​នេះ​ទេ?

មិន​គាំទ្រ​ទេ។ ពាក្យ​ភាសា​ហេប្រឺ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ថ្ងៃ​»​ អាច​សំដៅ​លើ​រយៈ​ពេល​ផ្សេង​ៗ មិន​គ្រាន់តែ​២៤​ម៉ោង​ប៉ុណ្ណោះ​ទេ។ ជា​ឧទាហរណ៍ ពេល​ដែល​ម៉ូសេ​និយាយ​សង្ខេប​អំពី​ការ​បង្កើត​របស់​ព្រះ នោះ​គាត់​រៀប​រាប់​ថា ថ្ងៃ​ទាំង​៦​នៃ​ការ​បង្កើត​នោះ​គឺជា​ថ្ងៃ​តែ​មួយ​វិញ។ (​លោកុប្បត្តិ ២:៤​) a ម្យ៉ាង​ទៀត នៅ​ថ្ងៃ​ទី​១​នៃ​ការ​បង្កើត ​«​ទ្រង់​ហៅ​ពន្លឺ​ថា​ជា​ថ្ងៃ ហើយ​ហៅ​ងងឹត​ថា​ជា​យប់​»។ (​លោកុប្បត្តិ ១:៥​) ក្នុង​ខ​នេះ មាន​តែ​មួយ​ផ្នែក​នៃ​គ្រា​២៤​ម៉ោង ដែល​ត្រូវ​ហៅ​ថា​«​ថ្ងៃ​»។ នេះ​បង្ហាញ​ច្បាស់​ថា គ្មាន​ទី​សំ​អាង​ណា​ក្នុង​គម្ពីរ​ដែល​គាំទ្រ​សេចក្ដី​សន្និដ្ឋាន​ថា ថ្ងៃ​នីមួយ​ៗ​នៃ​ការ​បង្កើត​មាន​រយៈ​ពេល​២៤​ម៉ោង​នោះ​ទេ។

បើ​ដូច្នេះ តើ​ថ្ងៃ​នីមួយ​ៗ​នៃ​ការ​បង្កើត​មាន​រយៈ​ពេល​ប៉ុន្មាន? គម្ពីរ​មិន​ចែង​អំពី​នោះ​ទេ ប៉ុន្តែ​ពាក្យ​ក្នុង​លោកុប្បត្តិ​ជំពូក​១​និង​២​បង្ហាញ​ឲ្យ​ឃើញ​ថា​ថ្ងៃ​នីមួយ​ៗ​មាន​រយៈ​ពេល​យូរ។

ប្រាំមួយ​គ្រា​នៃ​ការ​បង្កើត

ម៉ូសេ​បាន​សរសេរ​កំណត់​ហេតុ​របស់​គាត់​ជា​ភាសា​ហេប្រឺ ហើយ​គាត់​សរសេរ​រៀប​រាប់​ពី​អ្វី​ដែល​មនុស្ស​ម្នាក់​អាច​ឃើញ បើ​ឈរ​នៅ​ផែនដី​ពេល​ដែល​ព្រះ​កំពុង​បង្កើត​នោះ។ ចំណុច​ទាំង​ពីរ​នេះ ហើយ​ចំណុច​ដែល​ថា មុន​ថ្ងៃ​ឬ​គ្រា​នៃ​ការ​បង្កើត​បាន​ចាប់​ផ្ដើម​នោះ សកលលោក​មាន​រួច​ហើយ នេះ​ជា​ទី​សំ​អាង​ដែល​ជួយ​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​កំណត់​ហេតុ​គម្ពីរ​ស្តី​អំពី​ការ​បង្កើត។ តើ​ដោះ​ស្រាយ​យ៉ាង​ដូច​ម្ដេច?

ព្រឹត្ដិការណ៍​ដែល​កើត​ឡើង​នៅ​«​ថ្ងៃ​»​មួយ ក៏​បាន​បន្ត​ទៅ​«​ថ្ងៃ​»​មួយ​ផ្សេង​ទៀត

បើ​ពិនិត្យ​មើល​កំណត់​ហេតុ​ក្នុង​សៀវភៅ​លោកុប្បត្តិ​ឲ្យ​បាន​ដិត​ដល់ នោះ​នឹង​ឃើញ​ថា​ព្រឹត្ដិការណ៍​ដែល​កើត​ឡើង​នៅ​«​ថ្ងៃ​»​ឬ​គ្រា​មួយ ក៏​បាន​បន្ត​ទៅ​«​ថ្ងៃ​»​មួយ​ផ្សេង​ទៀត។ ជា​ឧទាហរណ៍ មុន​«​ថ្ងៃ​»​ទី​១​នៃ​ការ​បង្កើត​បាន​ចាប់​ផ្ដើម​នោះ ព្រះ​អាទិត្យ​មាន​រួច​ហើយ តែ​ពន្លឺ​បាន​ត្រូវ​បាំង មិន​បាន​ភ្លឺ​ដល់​ផ្ទៃ​ផែនដី​ទេ ប្រហែលជា​ដោយ​សារ​ផែនដី​មាន​ស្រទាប់​ពពក​ក្រាស់។ (​យ៉ូប ៣៨:៩​) ក្នុង​អំឡុង​«​ថ្ងៃ​»​ទី​១ ស្រទាប់​នេះ​ចាប់​ផ្ដើម​បាត់​ទៅ ហើយ​ពន្លឺ​ព្រះអាទិត្យ​ក៏​ភ្លឺ​កាត់​បរិយាកាស​ផែន​ដី។ b

តាម​មើល​ទៅ នៅ​«​ថ្ងៃ​»​ទី​២​បរិយាកាស​កាន់​តែ​ស្រឡះ​ទៅ​ៗ រហូត​ដល់​មាន​ចន្លោះ​រវាង​ស្រទាប់​ពពក​ក្រាស់​នៅ​ខាង​លើ និង​សមុទ្រ​នៅ​ខាង​ក្រោម។ នៅ​«​ថ្ងៃ​»​ទី​៤ បរិយាកាស​បាន​ស្រឡះ រហូត​ដល់​អាច​ឃើញ​ព្រះអាទិត្យ​និង​ព្រះ​ចន្ទ​«​នៅ​នា​ផ្ទៃ​មេឃ​»​បាន។ (​លោកុប្បត្តិ ១:១៤​-​១៦​) នេះ​មាន​ន័យ​ថា បើ​មាន​មនុស្ស​ម្នាក់​នៅ​ផែនដី​នៅ​ពេល​នោះ អ្នក​នោះ​នឹង​ចាប់​ផ្ដើម​ឃើញ​ព្រះអាទិត្យ​និង​ព្រះ​ចន្ទ។ ព្រឹត្ដិការណ៍​ទាំង​នេះ​បាន​កើត​ឡើង​បន្ដិច​ម្ដង​ៗ។

កំណត់​ហេតុ​នៅ​សៀវភៅ​លោកុប្បត្តិ​ក៏​បញ្ជាក់​ថា នៅ​«​ថ្ងៃ​»​ទី​៥ កាល​ដែល​បរិយាកាស​កាន់​តែ​ស្រឡះ​ទៅ​ៗ នោះ​ចាប់​ផ្ដើម​មាន​សត្វ​ស្លាប រួម​បញ្ចូល​សត្វ​ល្អិត​ផង​ដែរ។

តាម​កំណត់​ហេតុ​គម្ពីរ ព្រឹត្ដិការណ៍​សំខាន់​ៗ​ខ្លះ​ៗ​ក្នុង​អំឡុង​ថ្ងៃ​ឬ​គ្រា​នីមួយ​ៗ​នៃ​ការ​បង្កើត ប្រហែលជា​បាន​កើត​ឡើង​បន្ដិច​ម្ដង​ៗ ជា​ជាង​ភ្លាម​ៗ​មួយ​រំពេច ហើយ​ព្រឹត្ដិការណ៍​ខ្លះ​ប្រហែល​ជា​កើត​ឡើង​ត​ដល់​ថ្ងៃ​បន្ទាប់​ទៀត។ c

តាម​ពូជ

ដោយ​ឃើញ​ថា​រុក្ខជាតិ​និង​សត្វ​បាន​ចាប់​ផ្ដើម​មាន​បន្ដិច​ម្ដង​ៗ តើ​នេះ​បង្កប់​អត្ថន័យ​ថា​ព្រះ​បាន​ប្រើ​ការ​វិវត្តន៍​ដើម្បី​បង្កើត​ភាវរស់​ប្រភេទ​ផ្សេង​ៗ​ជា​ច្រើន​ដែល​មាន​សព្វ​ថ្ងៃ​នេះ​ទេ? មិន​មែន​ទេ។ កំណត់​ហេតុ​គម្ពីរ​បញ្ជាក់​ច្បាស់​ថា ព្រះ​បាន​បង្កើត​អម្បូរ​ទាំង​អស់​នៃ​រុក្ខជាតិ​និង​សត្វ​តាម​«​ពូជ​»​របស់​វា។ (​លោកុប្បត្តិ ១:១១, ១២, ២០​-​២៥​) តើ​រុក្ខជាតិ​និង​សត្វ​«​ពូជ​»​ដើម​ទាំង​នេះ កើត​មក​មាន​សមត្ថភាព​ប្រែ​ប្រួល​តាម​បរិស្ថាន​របស់​ខ្លួន​ទេ? តើ​ភាវរស់​«​ពូជ​»​មួយ​ត្រូវ​កំណត់​យ៉ាង​ដូច​ម្ដេច? គម្ពីរ​មិន​បាន​ចែង​ទេ។ ក៏​ប៉ុន្តែ អ្វី​ដែល​គម្ពីរ​ចែង​គឺថា ភាវរស់​បាន​‹​កើត​មាន​រវិនរវ័ណ្ឌ​តាម​ពូជ›។ (​លោកុប្បត្តិ ១:២១​) ពាក្យ​នេះ​បញ្ជាក់​ថា​ការ​ប្រែ​ប្រួល​នៃ​ភាវរស់​«​ពូជ​»​មួយ​គឺ​មាន​កម្រិត។ សំណុំ​ទិន្នន័យ​ពី​ហ្វូស៊ីល ព្រម​ទាំង​ការ​ស្រាវជ្រាវ​នៅ​សម័យ​យើង គាំទ្រ​គំនិត​ថា​អម្បូរ​ផ្សេង​ៗ​នៃ​រុក្ខជាតិ​និង​សត្វ​មិន​បាន​ប្រែ​ប្រួល​ប៉ុន្មាន​ទេ ក្នុង​រយៈ​ពេល​រាប់​យុគ​សម័យ​នោះ។

ការ​ស្រាវជ្រាវ​នៅ​សម័យ​នេះ​បង្ហាញ​ថា ភាវរស់​ទាំង​អស់​បន្ត​ពូជ​«​តាម​ពូជ​»

ផ្ទុយ​ពី​ការ​អះអាង​របស់​អ្នក​ដែល​កាន់​តាម​សាសនា​យ៉ាង​តឹងរ៉ឹង​នោះ កំណត់​ហេតុ​ក្នុង​សៀវភៅ​លោកុប្បត្តិ​មិន​បង្រៀន​ថា​សកល​លោក រួម​ទាំង​ផែនដី និង​ជីវិត​ទាំង​ឡាយ​លើ​ផែនដី បាន​ត្រូវ​បង្កើត​មក​ក្នុង​រយៈ​ពេល​ខ្លី គ្រាន់តែ​ប៉ុន្មាន​យុគ​សម័យ​មុន​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ​អ្វី​ដែល​សៀវភៅ​លោកុប្បត្តិ​ចែង​អំពី​ការ​បង្កើត​សកលលោក​និង​អំពី​របៀប​ដែល​ជីវិត​បាន​កើត​មក​នៅ​ផែន​ដី គឺ​ស្រប​តាម​អ្វី​ដែល​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​នៅ​ពេល​ថ្មី​ៗ​នេះ។

អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​នាក់​បដិសេធ​មិន​ចង់​ជឿ​អ្វី​ដែល​គម្ពីរ​ចែង​ថា​ព្រះ​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់​ទេ។ នេះ​គឺ​ដោយ​សារ​ពួក​គេ​ជឿ​ជាក់​លើ​គំនិត​របស់​ពួក​គេ​ផ្ទាល់ ឬ​ជឿ​តាម​គំនិត​របស់​អ្នក​វិទ្យាសាស្ត្រ​ឯ​ទៀត។ ក៏​ប៉ុន្តែ គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ថា ក្នុង​សៀវភៅ​គម្ពីរ​លោកុប្បត្តិ​ពី​បុរាណ​នោះ ម៉ូសេ​បាន​សរសេរ​ថា​សកល​លោក​មាន​ដើម​កំណើត ហើយ​ជីវិត​បាន​កើត​មក​តាម​ដំណាក់​កាល​បន្ដិច​ម្ដង​ៗ ក្នុង​អំឡុង​គ្រា​ផ្សេង​ៗ។ តើ​ម៉ូសេ​អាច​ទទួល​ព័ត៌មាន​ត្រឹម​ត្រូវ​អំពី​វិទ្យាសាស្ត្រ ជិត​៣.៥០០​ឆ្នាំ​មុន​ពី​កន្លែង​ណា? មាន​ចម្លើយ​មួយ​ដែល​សម​ហេតុ​ផល។ គឺថា លោក​ដែល​មាន​ឫទ្ធានុភាព​និង​ប្រាជ្ញា​ដើម្បី​បង្កើត​មេឃ​និង​ផែនដី ប្រាកដជា​អាច​ផ្ដល់​ចំណេះ​ដឹង​ត្រឹម​ត្រូវ​អំពី​វិទ្យាសាស្ត្រ​ដល់​ម៉ូសេ​បាន។ ចំណុច​នេះ​គាំទ្រ​អ្វី​ដែល​គម្ពីរ​ចែង​ថា បទ​គម្ពីរ​«​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​»។ dធីម៉ូថេទី២ ៣:១៦

ប៉ុន្តែ លោក​អ្នក​ប្រហែលជា​ឆ្ងល់​ថា តើ​សំខាន់​ទេ បើ​ជឿ​ឬ​មិន​ជឿ​លើ​កំណត់​ហេតុ​ក្នុង​គម្ពីរ​ស្តី​អំពី​ការ​បង្កើត​នោះ? សូម​ពិចារណា​ហេតុ​ផល​ច្បាស់​លាស់​ដែល​បង្ហាញ​ថា នោះ​គឺ​សំខាន់​មែន។

a ពាក្យ​ភាសា​ហេប្រឺ​នៅ​លោកុប្បត្តិ ២:៤ បាន​ត្រូវ​បក​ប្រែ​ថា​«​វេលា​»​ក្នុង​គម្ពីរ​ខ្មែរ។

b ពេល​គម្ពីរ​រៀប​រាប់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​«​ថ្ងៃ​»​ទី​១ កំណត់​ហេតុ​នោះ​ប្រើ​ពាក្យ​ភាសា​ហេប្រឺ​អ័រ ដែល​សំដៅ​លើ​ពន្លឺ​ជា​ទូទៅ។ ប៉ុន្តែ​ពេល​រៀប​រាប់​អំពី​«​ថ្ងៃ​»​ទី​៤ គម្ពីរ​ប្រើ​ពាក្យ​ភាសា​ហេប្រឺ​ម៉ា​អ័រ ដែល​សំដៅ​លើ​ប្រភព​ពន្លឺ​វិញ។

c ជា​ឧទាហរណ៍ ក្នុង​អំឡុង​ថ្ងៃ​ទី​៦​នៃ​ការ​បង្កើត ព្រះ​បាន​មាន​ប្រសាសន៍​ថា មនុស្ស​ត្រូវ​«​ចំ​រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ​ពាស​លើ​ផែនដី​»។ (​លោកុប្បត្តិ ១:​២៨, ៣១​) ប៉ុន្តែ​ទាល់​តែ​«​ថ្ងៃ​»​បន្ទាប់​មក​ដល់ ទើប​ព្រឹត្ដិការណ៍​នេះ​ចាប់​ផ្ដើម។—លោកុប្បត្តិ ២:២

d ដើម្បី​ទទួល​ព័ត៌មាន​ថែម​ទៀត​អំពី​រឿង​នេះ សូម​មើល​វីដេអូ​ខ្លី ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​គម្ពីរ​បរិសុទ្ធ​គឺ​មក​ពី​ព្រះ? ក្នុង​គេហ​ទំព័រ​jw.org/km។