អត្ថបទអំពីក្របទស្សនាវដ្ដី | ពាក្យកុហកដែលធ្វើឲ្យមនុស្សពិបាកស្រឡាញ់ព្រះ
ពាក្យកុហកថាព្រះគ្មានឈ្មោះ
តើមនុស្សជាច្រើនជឿយ៉ាងណា?
សាស្ត្រាចារ្យម្នាក់ឈ្មោះដាវីឌ ខាន់នីងហេម ដែលជាអ្នកសិក្សាទ្រឹស្ដីខាងសាសនា បានប្រាប់ថា៖ «យើងមិនអាចនិយាយដាច់ខាតថាព្រះមានឈ្មោះឬមិនមានទេ បើមានមែន តើព្រះឈ្មោះអ្វី?»។
តើគម្ពីរមានសេចក្ដីពិតអ្វី?
ព្រះបានមានប្រសាសន៍ថា៖«ខ្ញុំជាយេហូវ៉ា នេះហើយជានាមរបស់ខ្ញុំ»។ (អេសាយ ៤២:៨) យេហូវ៉ាជាឈ្មោះភាសាហេប្រឺ មានន័យថា«លោកដែលធ្វើឲ្យក្លាយជា» ឬ«លោកដែលធ្វើឲ្យកើតមក»។—លោកុប្បត្តិ ២:៤
ព្រះយេហូវ៉ាចង់ឲ្យយើងប្រើឈ្មោះរបស់លោក។ គម្ពីរចែងថា៖«ចូរសរសើរពីកិច្ចការ ទាំងប៉ុន្មានរបស់ទ្រង់ចុះ នៅកណ្ដាលប្រជាជនទាំងឡាយ ចូរប្រកាសប្រាប់ថា ព្រះនាមទ្រង់ខ្ពស់វិសេស»។—អេសាយ ១២:៤
លោកយេស៊ូបានប្រើនាមរបស់ព្រះ។ លោកយេស៊ូអធិដ្ឋានទៅព្រះយេហូវ៉ាថា៖«ខ្ញុំបានសម្ដែងឲ្យពួកគាត់[សំដៅលើអ្នកកាន់តាមលោកយេស៊ូ]ស្គាល់នាមរបស់លោក ក៏នឹងសម្ដែងឲ្យស្គាល់តទៅទៀត»។ ហេតុអ្វីបានជាលោកយេស៊ូបង្ហាញនាមរបស់ព្រះដល់ពួកអ្នកកាន់តាមលោក? លោកយេស៊ូមានប្រសាសន៍បន្តទៀតថា៖«ដើម្បីឲ្យពួកគាត់បង្ហាញសេចក្ដីស្រឡាញ់ដូចសេចក្ដីស្រឡាញ់ដែល[ព្រះ]មានចំពោះខ្ញុំ ហើយដើម្បីឲ្យខ្ញុំរួបរួមជាមួយនឹងពួកគាត់»។—យ៉ូហាន ១៧:២៦
មូលហេតុត្រូវដឹង
សាសនវិទូម្នាក់ឈ្មោះវ៉ុលធើ ឡោរី បានសរសេរថា៖«អ្នកណាដែលមិនស្គាល់ឈ្មោះរបស់ព្រះ អ្នកនោះមិនស្គាល់អំពីគុណសម្បត្តិរបស់លោកទេ ហើយគាត់ក៏មិនអាចស្រឡាញ់ព្រះបានដែរ បើគាត់ដឹងត្រឹមតែថាលោកជាកម្លាំងមួយប៉ុណ្ណោះ»។
ការបិទបាំងឬប្រើពាក្យផ្សេងជំនួសនាមរបស់ព្រះ គឺប្រៀបដូចជាការកាត់ឈ្មោះរបស់លោកចេញពីគម្ពីរ
បុរសម្នាក់ឈ្មោះវីកទ័រ បានទៅវិហាររាល់សប្ដាហ៍។ ទោះជាយ៉ាងនោះក៏ដោយ គាត់មានអារម្មណ៍ថាគាត់មិនបានស្គាល់ព្រះទាល់តែសោះ។ គាត់និយាយថា៖«ក្រោយពីខ្ញុំបានរៀនដឹងថាព្រះមាននាមយេហូវ៉ា ពេលនោះខ្ញុំហាក់ដូចជាបានត្រូវណែនាំជាផ្លូវការឲ្យស្គាល់លោក។ ខ្ញុំមានអារម្មណ៍ថា ទីបំផុតខ្ញុំបានជួបបុគ្គលដែលខ្ញុំធ្លាប់ឮយ៉ាងច្រើនជាយូរមកហើយ។ សម្រាប់ខ្ញុំ ព្រះជាបុគ្គលពិត និងជាបុគ្គលដែលយើងអាចមានភាពជិតស្និទ្ធបាន»។
ព្រះយេហូវ៉ាក៏មានអារម្មណ៍ជិតស្និទ្ធជាមួយនឹងអស់អ្នកដែលហៅឈ្មោះរបស់លោកដែរ។ ស្ដីអំពី«ពួកអ្នកដែលនឹកដល់ព្រះនាមទ្រង់» ព្រះបានសន្យាថា៖«អញនឹងប្រណី[មេត្តា]ដល់គេ ដូចជាមនុស្សប្រណី[មេត្តា]ដល់កូនខ្លួនដែរ។ គឺជាកូនដែលគោរពដល់ខ្លួនពិត»។ (ម៉ាឡាគី ៣:១៦, ១៧) ម្យ៉ាងទៀត ព្រះផ្ដល់រង្វាន់ដល់អស់អ្នកដែលហៅរកនាមរបស់លោក។ គម្ពីរចែងថា៖«អស់អ្នកណាដែលហៅរកនាមព្រះយេហូវ៉ានឹងត្រូវសង្គ្រោះ»។—រ៉ូម ១០:១៣