ប្រធានបទនៃក្រប | របៀបគម្ពីរបរិសុទ្ធបានត្រូវការពារ
គម្ពីរនៅតែគង់វង្សទោះជាពុកក៏ដោយ
ការគំរាមកំហែង: អ្នកសរសេរគម្ពីរនិងអ្នកចម្លងគម្ពីរបានប្រើក្រដាសដែលធ្វើពីដើមកក់ម្យ៉ាងនិងក្រាំងស្បែកដើម្បីសរសេរឯកសារ។ (ធីម៉ូថេទី២ ៤:១៣) តើអ្វីទាំងនោះអាចនាំឲ្យគម្ពីរងាយនឹងបាត់បង់យ៉ាងដូចម្ដេច?
ក្រដាសដែលធ្វើពីដើមកក់ងាយរហែក ហើរពណ៌ និងឆាប់ខូច។ បណ្ឌិតដែលសិក្សាប្រវត្តិនៃប្រទេសអេស៊ីបឈ្មោះរីឆឺដ ផាឃិនសិន និងស្ទេផាន ខ្វើក បាននិយាយថា៖«នៅទីបំផុត ក្រដាសដែលគេធ្វើពីដើមកក់អាចពុកខូចអស់រលីង។ ពេលគេយកទុកនៅកន្លែងណាមួយ រមូរអាចដុះផ្សិត ឬរលួយដោយសារសើម ហើយសត្វល្អិតស៊ី ជាពិសេសកណ្ដៀរអាចស៊ីរមូរនោះបើរមូរបានត្រូវកប់ក្នុងដី»។ ក្រោយគេរកឃើញរមូរខ្លះ គេបានដាក់វាក្រោមពន្លឺថ្ងៃខ្លាំងឬកន្លែងដែលមានសំណើម ហើយនេះបាននាំឲ្យរមូរនោះខូចខាតកាន់តែលឿន។
ក្រាំងស្បែកអាចទុកនៅយូរជាងក្រដាសដែលធ្វើពីដើមកក់ ប៉ុន្តែវាក៏ពុកដែរបើកាន់វាដោយរបៀបមិនត្រឹមត្រូវឬដាក់វានៅកន្លែងដែលមានពន្លឺថ្ងៃខ្លាំងពេក ត្រជាក់ឬក្ដៅពេក ឬសើម។ * សត្វល្អិតក៏ចូលចិត្តស៊ីក្រាំងស្បែកដែរ។ នេះជាមូលហេតុដែលឯកសារបុរាណមិនបានគង់វង្សរហូតមកដល់សព្វថ្ងៃនេះ។ ដូច្នេះ បើគម្ពីរបានត្រូវពុក ហើយបាត់បង់ នោះដំណឹងដែលមានក្នុងគម្ពីរក៏បាត់បង់ផងដែរ។
របៀបដែលគម្ពីរបាននៅគង់វង្ស: ច្បាប់នៃសាសន៍អ៊ីស្រាអែលតម្រូវឲ្យស្ដេចម្នាក់ៗ«ចំឡងក្រិត្យវិន័យតាមគម្ពីរ...ទុកក្នុងសៀវភៅសំរាប់ខ្លួន» ពោលគឺសៀវភៅប្រាំក្បាលដំបូងក្នុងគម្ពីរ។ (ចោទិយកថា ១៧:១៨) ម្យ៉ាងទៀត អ្នកជំនាញខាងការចម្លងបានចម្លងគម្ពីរច្រើនដល់ម្ល៉េះ បានជានៅសតវត្សរ៍ទី១ គ.ស. មានគម្ពីរនៅសាលាប្រជុំនៅទូទាំងប្រទេសអ៊ីស្រាអែល ហើយសូម្បីតែនៅម៉ាសេដូនដែលជាតំបន់ឆ្ងាយពីប្រទេសអ៊ីស្រាអែលក៏មានផងដែរ! (លូកា ៤:១៦, ១៧; សកម្មភាព ១៧:១១) តើឯកសារដើមនៃគម្ពីរចាស់ៗខ្លះបាននៅគង់វង្សរហូតមកដល់សព្វថ្ងៃនេះយ៉ាងដូចម្ដេច?
ហ្វីលីព ខាំហ្វតដែលជាបណ្ឌិតនៃសញ្ញាថ្មីពន្យល់ថា៖«ជនជាតិយូដាមានទម្លាប់ដាក់រមូរគម្ពីរក្នុងថូឬពាងដីឥដ្ឋដើម្បីទុកកុំឲ្យឆាប់ខូច»។ តាមមើលទៅគ្រិស្តសាសនិកបន្តធ្វើតាមទម្លាប់នេះ ហើយជាលទ្ធផល គេបានរកឃើញឯកសារដើមនៃគម្ពីរខ្លះក្នុងថូដីឥដ្ឋ បន្ទប់តូចៗ រូងភ្នំ និងនៅតំបន់ហួតហែង។
លទ្ធផល: គម្ពីររាប់ពាន់ដែលបានត្រូវចម្លងពីឯកសារដើម ខ្លះមានអាយុច្រើនជាង២.០០០ឆ្នាំ បាននៅគង់វង្សរហូតមកដល់សព្វថ្ងៃនេះ។ គ្មានឯកសារសម័យបុរាណណាដែលមានឯកសារចម្លងច្រើន និងមានអាយុច្រើនឆ្នាំដូចគម្ពីរនោះទេ។
^ វគ្គ 5 ជាឧទាហរណ៍ សេចក្ដីចម្លងផ្លូវការនៃការប្រកាសឯករាជ្យរបស់សហរដ្ឋអាម៉េរិកបានត្រូវសរសេរលើក្រាំងស្បែក។ ប៉ុន្តែតិចជាង២៥០ឆ្នាំក្រោយមក ក្រាំងស្បែកនោះបានហើរពណ៌ ហើយធ្វើឲ្យអក្សរពិបាកអានដាច់។