លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១២១

«ចូរមានចិត្តក្លាហានឡើង! ខ្ញុំបានឈ្នះពិភពលោកហើយ»

«ចូរមានចិត្តក្លាហានឡើង! ខ្ញុំបានឈ្នះពិភពលោកហើយ»

យ៉ូហាន ១៦:១​-​៣៣

  • បន្ដិច​ទៀត​ពួក​សាវ័ក​នឹង​លែង​ឃើញ​លោក​យេស៊ូ​ទៀត

  • ទុក្ខ​ព្រួយ​របស់​ពួក​សាវ័ក​នឹង​ប្រែ​ទៅ​ជា​អំណរ​វិញ

លោក​យេស៊ូ​និង​ពួក​សាវ័ក​ហៀបនឹង​ចាក​ចេញ​ពី​បន្ទប់​ធំ​ខាង​លើ ជា​កន្លែង​ដែល​ពួក​គាត់​ពិសា​អាហារ​បុណ្យ​រំលង។ លោក​យេស៊ូ​បាន​ព្រមាន​ហើយ​ផ្ដល់​ការ​ដាស់​តឿន​យ៉ាង​ច្រើន​ដល់​ពួក​សាវ័ក ដោយ​មាន​ប្រសាសន៍​បន្ថែម​ថា​៖ ​«​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​នូវ​អ្វី​ៗ​ទាំង​នេះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ជំពប់​ដួល​»។ ហេតុ​អ្វី​គឺ​ជា​ការ​សម​ត្រឹម​ត្រូវ​ដែល​លោក​យេស៊ូ​ព្រមាន​ពួក​គាត់​ដូច្នេះ? លោក​ប្រាប់​ពួក​គាត់​ថា​៖ ​«​គេ​នឹង​បណ្ដេញ​ចោល​អ្នក​រាល់​គ្នា​ពី​សាលា​ប្រជុំ ក៏​នឹង​មាន​គ្រា​មក​ដល់ ដែល​អស់​អ្នក​ដែល​សម្លាប់​អ្នក​រាល់​គ្នា​នឹង​នឹក​ស្មានថា​ពួក​គេ​ធ្វើ​ដូច្នោះ​ជា​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​ព្រះ​»។—យ៉ូហាន ១៦:១, ២

ប្រសាសន៍​របស់​លោក​យេស៊ូ​ប្រហែល​ជា​ធ្វើ​ឲ្យ​ពួក​សាវ័ក​ពិបាក​ចិត្ត។ នៅ​លើក​មុន ទោះ​ជា​លោក​ធ្លាប់​ប្រាប់​ពួក​គាត់​ថា​ពិភព​លោក​នឹង​ស្អប់​ពួក​គាត់​ក្ដី តែ​លោក​មិន​បាន​ប្រាប់​ពួក​គាត់​ត្រង់​ៗ​ថា​ពួក​គាត់​នឹង​ត្រូវ​គេ​សម្លាប់​នោះ​ឡើយ។ ហេតុ​អ្វី? លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​មិន​បាន​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ការ​ទាំង​នេះ​នៅ​ដើម​ដំបូង​ទេ ពី​ព្រោះ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​»។ (​យ៉ូហាន ១៦:៤​) ប៉ុន្តែ ឥឡូវ​លោក​កំពុង​ព្រមាន​ពួក​អ្នក​កាន់​តាម មុន​លោក​ចាក​ចេញ​ពី​ពួក​គាត់។ ការ​ព្រមាន​នេះ​ប្រហែល​ជា​ជួយ​ពួក​គាត់​កុំ​ឲ្យ​ជំពប់​ដួល​នៅ​ពេល​ក្រោយ​មក។

លោក​យេស៊ូ​មាន​ប្រសាសន៍​បន្ត​ថា​៖ ​«​ខ្ញុំ​នឹង​ទៅ​ឯ​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​ម្នាក់​សួរ​ខ្ញុំ​ទេ​ថា​៖ ‹តើ​លោក​នឹង​ទៅ​ឯ​ណា?›​»។ បន្ដិច​មុន​នេះ ពួក​អ្នក​កាន់​តាម​ចង់​ដឹង​ថា​លោក​នឹង​ទៅ​ឯ​ណា។ (​យ៉ូហាន ១៣:៣៦; ១៤:៥; ១៦:៥​) ប៉ុន្តែ​ឥឡូវ​នេះ ពួក​គាត់​ភ័យ​ខ្លាច ហើយ​មាន​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង​ដោយ​សារ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​ការ​បៀត​បៀន។ ដូច្នេះ ពួក​គាត់​មិន​បាន​សួរ​លោក​ថែម​ទៀត​អំពី​សិរី​រុង​រឿង​ដែល​លោក​នឹង​ទទួល ឬ​ក៏​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ពួក​អ្នក​គោរព​ប្រណិប័តន៍​ពិត​នោះ​ទេ។ ពេល​ឃើញ​ដូច្នោះ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​មាន​ចិត្ត​ពោរ​ពេញ​ទៅ​ដោយ​ក្ដី​ទុក្ខ​ព្រួយ ដោយ​សារ​ខ្ញុំ​បាន​ប្រាប់​អ្វី​ៗ​ទាំង​នេះ​ដល់​អ្នក​រាល់​គ្នា​»។—យ៉ូហាន ១៦:៦

រួច​មក លោក​យេស៊ូ​ពន្យល់​ថា​៖ ​«​ខ្ញុំ​នឹង​ចេញ​ទៅ​ដើម្បី​ប្រយោជន៍​អ្នក​រាល់​គ្នា ព្រោះ​ប្រសិន​បើ​ខ្ញុំ​មិន​ចេញ​ទៅ​ទេ នោះ​អ្នក​ជួយ​នឹង​មិន​មក​ឯ​អ្នក​រាល់​គ្នា​ឡើយ។ ប៉ុន្តែ​ប្រសិន​បើ​ខ្ញុំ​ទៅ នោះ​ខ្ញុំ​នឹង​ចាត់​គាត់​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា​»។ (​យ៉ូហាន ១៦:៧​) លុះ​ត្រា​តែ​លោក​យេស៊ូ​ទទួល​មរណភាព ហើយ​ឡើង​ទៅ​ស្ថាន​សួគ៌​ទើប​លោក​អាច​ចាត់​អ្នក​ជួយ​ដែល​ជា​សកម្មពល​បរិសុទ្ធ​ដល់​ពួក​អ្នក​កាន់​តាម​លោក​គ្រប់​ទី​កន្លែង​នៅ​ផែន​ដី។

សកម្មពល​បរិសុទ្ធ​«​នឹង​ផ្ដល់​ភ័ស្តុតាង​ដែល​នាំ​ឲ្យ​ជឿ​ជាក់​ដល់​ពិភព​លោក ស្តី​អំពី​ភាព​ខុស​ឆ្គង ស្តី​អំពី​សេចក្ដី​សុចរិត និង​ស្តី​អំពី​ការ​វិនិច្ឆ័យ​»។ (​យ៉ូហាន ១៦:៨​) ពិត​ណាស់ សកម្មពល​បរិសុទ្ធ​នឹង​បើក​បង្ហាញ​ឲ្យ​ឃើញ​ថា​មនុស្ស​ជា​ទូ​ទៅ​ក្នុង​ពិភព​លោក​នេះ​មិន​បាន​បង្ហាញ​ជំនឿ​លើ​បុត្រ​របស់​ព្រះ​ទេ។ ការ​ដែល​លោក​យេស៊ូ​ឡើង​ទៅ​ស្ថាន​សួគ៌​នឹង​ផ្ដល់​ភ័ស្តុតាង​យ៉ាង​ច្បាស់​អំពី​សេចក្ដី​សុចរិត​របស់​លោក ហើយ​នឹង​បញ្ជាក់​អំពី​មូលហេតុ​ដែល​សាថាន​ជា​«​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​»​សម​នឹង​ទទួល​ការ​វិនិច្ឆ័យ​យ៉ាង​ខ្លាំង។—យ៉ូហាន ១៦:១១

លោក​យេស៊ូ​មាន​ប្រសាសន៍​បន្ត​ថា​៖ ​«​ខ្ញុំ​នៅ​មាន​រឿង​ជា​ច្រើន​ដែល​ចង់​ប្រាប់​អ្នក​រាល់​គ្នា តែ​ឥឡូវ​នេះ​អ្នក​រាល់​គ្នា​មិន​អាច​យល់​បាន​ឡើយ​»។ នៅ​ពេល​ដែល​លោក​យេស៊ូ​ចាក់​សកម្មពល​បរិសុទ្ធ​លើ​ពួក​អ្នក​កាន់​តាម នោះ​សកម្មពល​នឹង​ដឹក​នាំ​ពួក​គាត់​ឲ្យ​យល់​«​សេចក្ដី​ពិត​យ៉ាង​ពេញ​លេញ​»។ ម្យ៉ាង​ទៀត ពួក​អ្នក​កាន់​តាម​នឹង​អាច​រស់​នៅ​ស្រប​តាម​សេចក្ដី​ពិត​នោះ។—យ៉ូហាន ១៦:១២, ១៣

បន្ថែម​ទៅ​ទៀត ពួក​សាវ័ក​ភ្ញាក់​ផ្អើល​ពេល​ឮ​ប្រសាសន៍​របស់​លោក​យេស៊ូ​ថា​៖ ​«​បន្ដិច​ទៀត អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ហើយ រួច​បន្ដិច​ទៀត​អ្នក​រាល់​គ្នា​ក៏​នឹង​ឃើញ​ខ្ញុំ​»។ ពួក​គាត់​សួរ​គ្នា​អំពី​អត្ថន័យ​នៃ​ប្រសាសន៍​របស់​លោក តែ​លោក​យេស៊ូ​ជ្រាប​ថា​ពួក​គាត់​ចង់​សួរ​អំពី​រឿង​នេះ ដូច្នេះ​លោក​ពន្យល់​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​រាល់​គ្នា​នឹង​ទ្រហោ​យំ ប៉ុន្តែ​ពិភព​លោក​នេះ​នឹង​ត្រេក​អរ អ្នក​រាល់​គ្នា​នឹង​កើត​ទុក្ខ ប៉ុន្តែ​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​នឹង​ប្រែ​ទៅ​ជា​អំណរ​វិញ​»។ (​យ៉ូហាន ១៦:១៦, ២០​) ពេល​លោក​យេស៊ូ​នឹង​ត្រូវ​គេ​សម្លាប់​នៅ​រសៀល​ថ្ងៃ​បន្ទាប់ ពួក​អ្នក​ដឹក​នាំ​សាសនា​មាន​អំណរ តែ​ពួក​អ្នក​កាន់​តាម​លោក​មាន​ទុក្ខ​ព្រួយ​វិញ។ ប៉ុន្តែ​ក្រោយ​មក ទុក្ខ​ព្រួយ​របស់​ពួក​គាត់​នឹង​ប្រែ​ទៅ​ជា​អំណរ ពេល​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ! បន្ថែម​ទៅ​ទៀត ពួក​គាត់​បន្ត​មាន​អំណរ ពេល​លោក​ចាក់​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​មក​លើ​ពួក​គាត់។

លោក​យេស៊ូ​ប្រៀប​ធៀប​ស្ថានភាព​របស់​ពួក​សាវ័ក​ទៅ​នឹង​សេចក្ដី​វេទនា​របស់​ស្ត្រី​ដែល​កំពុង​សម្រាល​កូន ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​ដែល​ស្ត្រី​កំពុង​សម្រាល​កូន នាង​មាន​ទុក្ខ ពី​ព្រោះ​វេលា​របស់​នាង​បាន​មក​ដល់​ហើយ។ ប៉ុន្តែ​ពេល​ដែល​បាន​សម្រាល​កូន​ខ្ចី​នោះ​រួច​ហើយ នាង​មិន​នឹក​ឃើញ​ពី​សេចក្ដី​វេទនា​នោះ​ត​ទៅ​ទៀត​ទេ ពី​ព្រោះ​នាង​មាន​អំណរ​ដោយ​សារ​មាន​មនុស្ស​ម្នាក់​កើត​មក​ក្នុង​ពិភពលោក​»។ លោក​យេស៊ូ​លើក​ទឹក​ចិត្ត​ពួក​សាវ័ក​ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ឥឡូវ​នេះ​អ្នក​រាល់​គ្នា​ក៏​មាន​ទុក្ខ​ព្រួយ​ដែរ ប៉ុន្តែ​ខ្ញុំ​នឹង​ឃើញ​អ្នក​រាល់​គ្នា​ម្ដង​ទៀត ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​អរ​សប្បាយ ហើយ​គ្មាន​អ្នក​ណា​នឹង​យក​អំណរ​នេះ​ចេញ​ពី​អ្នក​រាល់​គ្នា​ទេ​»។—យ៉ូហាន ១៦:២១, ២២

មក​ទល់​ពេល​នេះ ពួក​សាវ័ក​មិន​បាន​សុំ​អ្វី​មួយ​សោះ​ដោយ​នូវ​ឈ្មោះ​របស់​លោក​យេស៊ូ។ ឥឡូវ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​សុំ​ដោយ​នូវ​ឈ្មោះ​ខ្ញុំ​»។ ហេតុ​អ្វី​ពួក​គាត់​ត្រូវ​សុំ​ដោយ​នូវ​ឈ្មោះ​របស់​លោក​យេស៊ូ? តើ​នេះ​ដោយ​សារ​បិតា​មិន​ចង់​ឆ្លើយ​តប​សំណូម​ពរ​របស់​ពួក​គាត់​ផ្ទាល់​ឬ? លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​បិតា​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​អ្នក​រាល់​គ្នា ពី​ព្រោះ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ . . . [​ដែល​]ជា​តំណាង​របស់​បិតា​នៅ​ស្ថាន​សួគ៌​»។—យ៉ូហាន ១៦:២៦, ២៧

ប្រសាសន៍​របស់​លោក​យេស៊ូ​ប្រាកដ​ជា​លើក​ទឹក​ចិត្ត​ពួក​សាវ័ក ហើយ​ប្រហែល​ជា​ពង្រឹង​ទំនុក​ចិត្ត​របស់​ពួក​គាត់​ឲ្យ​និយាយ​ថា​៖ ​«​ហេតុ​នេះ​ហើយ​បាន​ជា​យើង​ជឿ​ថា​លោក​បាន​មក​ពី​ព្រះ​»។ មិន​យូរ​ក្រោយ​មក ការ​ជឿ​ជាក់​ដ៏​មោះ​មុត​របស់​ពួក​គាត់​នឹង​ត្រូវ​ល្បង​ល។ តាម​ពិត លោក​យេស៊ូ​រៀប​រាប់​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ក្រោយ​មក​ថា​៖ ​«​មើល! នឹង​មាន​គ្រា​មក​ដល់ តាម​ពិត​គ្រា​នោះ​បាន​មក​ដល់​ហើយ ពេល​ដែល​អ្នក​រាល់​គ្នា​នឹង​ខ្ចាត់​ខ្ចាយ​ទៅ​ផ្ទះ​រៀង​ខ្លួន ហើយ​នឹង​ទុក​ខ្ញុំ​ឲ្យ​នៅ​ម្នាក់​ឯង​»។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​ពង្រឹង​ទំនុក​ចិត្ត​របស់​ពួក​គាត់​ថា​៖ ​«​ខ្ញុំ​បាន​ប្រាប់​អ្វី​ៗ​ទាំង​នេះ​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សុខ​សាន្ត​ដោយ​សារ​ខ្ញុំ។ ក្នុង​ពិភព​លោក អ្នក​រាល់​គ្នា​មាន​សេចក្ដី​វេទនា ប៉ុន្តែ​ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! ខ្ញុំ​បាន​ឈ្នះ​ពិភព​លោក​ហើយ​»។ (​យ៉ូហាន ១៦:៣០​-​៣៣​) ពិត​ណាស់ លោក​យេស៊ូ​នឹង​មិន​បោះ​បង់​ចោល​ពួក​គាត់​ឡើយ។ លោក​មាន​ទំនុក​ចិត្ត​ថា​ពួក​អ្នក​កាន់​តាម​លោក​ក៏​អាច​ឈ្នះ​ពិភព​លោក​នេះ​ដែរ។ ពួក​គាត់​ធ្វើ​ដូច្នេះ​ដោយ​បង្ហាញ​ភាព​ស្មោះ​ត្រង់​ក្នុង​ការ​ធ្វើ​តាម​គោល​បំណង​របស់​ព្រះ ទោះ​បី​ជា​សាថាន​និង​ពិភព​លោក​របស់​វា​ព្យាយាម​បំបាក់​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​ពួក​គាត់​ក៏​ដោយ។