តើខ្ញុំគួរទទួលការជ្រមុជទឹកឬទេ?
ជំពូកទី៣៧
តើខ្ញុំគួរទទួលការជ្រមុជទឹកឬទេ?
សូមគូសប្រយោគដូចតទៅនេះថាពិតឬមិនពិត:
ការជ្រមុជទឹកជាតម្រូវការសម្រាប់អ្នកដែលចង់ទៅជាអ្នកកាន់តាមគ្រិស្ត។
□ ពិត
□ មិនពិត
គោលដៅចម្បងនៃការជ្រមុជទឹកគឺដើម្បីការពារប្អូនកុំឲ្យធ្វើអំពើខុសឆ្គង។
□ ពិត
□ មិនពិត
ការជ្រមុជទឹកនាំឲ្យប្អូនទទួលសេចក្ដីសង្គ្រោះ។
□ ពិត
□ មិនពិត
បើប្អូនមិនទាន់ទទួលការជ្រមុជទឹក ប្អូនអាចធ្វើអ្វីក៏បានដោយមិនចាំបាច់ទទួលខុសត្រូវចំពោះមុខព្រះទេ។
□ ពិត
□ មិនពិត
បើមិត្តភក្តិរបស់ប្អូនទទួលការជ្រមុជទឹក នេះមានន័យថាប្អូនក៏មានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹកដែរ។
□ ពិត
□ មិនពិត
បើប្អូនកំពុងធ្វើតាមខ្នាតតម្រារបស់ព្រះ កំពុងបណ្ដុះចំណងមិត្តភាពជាមួយលោក និងកំពុងប្រាប់អ្នកឯទៀតអំពីជំនឿរបស់ប្អូន នោះប្អូនច្បាស់ជាកំពុងគិតអំពីការជ្រមុជទឹក។ ប៉ុន្តែ តើប្អូនដឹងយ៉ាងដូចម្ដេចថា ប្អូនបានត្រៀមខ្លួនរួចហើយសម្រាប់រឿងនោះ? ដើម្បីឆ្លើយសំណួរនេះ សូមពិចារណាអំពីប្រយោគពិតឬមិនពិត។
● ការជ្រមុជទឹកជាតម្រូវការសម្រាប់អ្នកដែលចង់ទៅជាអ្នកកាន់តាមគ្រិស្ត។
ពិត។ លោកយេស៊ូបានបង្គាប់អ្នកកាន់តាមលោកឲ្យទទួលការជ្រមុជទឹក។ (ម៉ាថាយ ២៨:១៩, ២០) តាមពិតលោកយេស៊ូផ្ទាល់ក៏បានទទួលការជ្រមុជទឹកដែរ។ ដើម្បីធ្វើតាមគំរូលោកយេស៊ូ ប្អូនត្រូវទទួលការជ្រមុជទឹក ពេលដែលប្អូនមានភាពចាស់ទុំល្មមធ្វើការសម្រេចចិត្តដោយខ្លួនឯង និងពិតជាចង់ទទួលការជ្រមុជទឹកមែន។
● គោលដៅចម្បងនៃការជ្រមុជទឹកគឺដើម្បីការពារប្អូនកុំឲ្យធ្វើអំពើខុសឆ្គង។
មិនពិត។ ការជ្រមុជទឹកគឺជាការបង្ហាញជាសាធារណៈថា ប្អូនបានប្រគល់ខ្លួនជូនព្រះយេហូវ៉ារួចហើយ។ ការប្រគល់ខ្លួនជូនព្រះគឺប្រៀបដូចជាយើងបានចុះកិច្ចសន្យាថា យើងលែងធ្វើតាមចំណង់ចំណូលចិត្តរបស់ខ្លួនទៀត។ ផ្ទុយទៅវិញ យើងប្រគល់ខ្លួនជូនព្រះយេហូវ៉ា ដោយសារយើងចង់រស់នៅតាមខ្នាតតម្រារបស់លោក។
● ការជ្រមុជទឹកអាចជួយប្អូនទទួលសេចក្ដីសង្គ្រោះ។
ពិត។ គម្ពីររៀបរាប់ថា ការជ្រមុជទឹកគឺជាជំហានដ៏សំខាន់ដើម្បីទទួលសេចក្ដីសង្គ្រោះ។ (ពេត្រុសទី១ ៣:២១) ប៉ុន្តែ ការជ្រមុជទឹកមិនមែនជាការធានាថាប្អូននឹងទទួលបានសេចក្ដីសង្គ្រោះទេ។ ផ្ទុយទៅវិញ ប្អូនទទួលការជ្រមុជទឹក ដោយសារប្អូនស្រឡាញ់ព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត និងចង់បម្រើលោកជារៀងរហូត មិនមែនដោយសារប្អូនចង់បានការសង្គ្រោះឡើយ។—ម៉ាកុស ១២:២៩, ៣០
● បើប្អូនមិនទាន់ទទួលការជ្រមុជទឹក ប្អូនអាចធ្វើអ្វីក៏បានដោយមិនចាំបាច់ទទួលខុសត្រូវចំពោះមុខព្រះទេ។
មិនពិត។ ទោះជាប្អូនបានទទួលការជ្រមុជទឹកហើយ ឬមិនទាន់ក៏ដោយ យ៉ាកុប ៤:១៧ ចែងថា៖«ប្រសិនបើអ្នកណាចេះធ្វើអ្វីដែលត្រឹមត្រូវ តែបែរជាមិនធ្វើទៅវិញ នោះជាការខុសឆ្គងហើយ»។ ហេតុនេះ ប្រសិនបើប្អូនដឹងពីអ្វីដែលត្រឹមត្រូវ ព្រមទាំងមានភាពចាស់ទុំល្មមគ្រប់គ្រាន់ដើម្បីដឹងថាការជ្រមុជទឹកមានអត្ថន័យអ្វី នោះប្រហែលជាការល្អដែលប្អូននិយាយរឿងនេះជាមួយនឹងឪពុកម្ដាយឬគ្រិស្តសាសនិកណាម្នាក់ដែលមានភាពចាស់ទុំ។ ការធ្វើដូច្នេះជួយប្អូនឲ្យដឹងអំពីរបៀបដែលប្អូនអាចរីកចម្រើនរហូតដល់ទទួលការជ្រមុជទឹក។
● បើមិត្តភក្តិរបស់ប្អូនទទួលការជ្រមុជទឹក នេះមានន័យថាប្អូនក៏មានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹកដែរ។
មិនពិត។ ប្អូនជាអ្នកសម្រេចចិត្តដោយខ្លួនឯងអំពីរឿងនោះ។ (ចម្រៀងសរសើរព្រះ ១១០:៣) ប្អូនអាចទទួលការជ្រមុជទឹកបាន លុះត្រាតែប្អូនយល់យ៉ាងច្បាស់អំពីអត្ថន័យនៃការធ្វើសាក្សីព្រះយេហូវ៉ា ហើយជាក់ច្បាស់ក្នុងចិត្តថាប្អូនអាចធ្វើតាមបាន។—អ្នកទូន្មាន ៥:៤, ៥
ជំហានដែលផ្លាស់ប្ដូរជីវិត
ការជ្រមុជទឹកជាជំហានដែលផ្លាស់ប្ដូរជីវិត និងជាជំហានដែលនាំមកនូវពរជាច្រើន។ ប៉ុន្តែដំណាលគ្នានោះ ប្អូនក៏ត្រូវរស់នៅស្របតាមការប្រគល់ខ្លួនជូនព្រះយេហូវ៉ាដែរ។
តើប្អូនបានឈានដល់ជំហាននៃការប្រគល់ខ្លួនជូនព្រះហើយឬនៅ? បើមែន ប្អូនមានមូលហេតុដើម្បីសប្បាយរីករាយ។ តាមពិតមានឯកសិទ្ធពិសេសកំពុងរង់ចាំប្អូន គឺការបម្រើព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត និងការប្រើជីវិតតាមរបៀបដែលបង្ហាញថាប្អូនពិតជាបានប្រគល់ខ្លួនជូនលោកមែន។—ម៉ាថាយ ២២:៣៦, ៣៧
ក្នុងជំពូកបន្ទាប់
ចូររៀនអំពីរបៀបកំណត់គោលដៅដើម្បីប្អូនអាចប្រើជីវិតរបស់ប្អូនដោយប្រាជ្ញា។
បទគម្ពីរសំខាន់
«ប្រគល់រូបកាយរបស់ខ្លួនជាគ្រឿងបូជាដែលមានជីវិត ក៏បរិសុទ្ធ ហើយគាប់ចិត្តព្រះ។ យ៉ាងនេះ អ្នករាល់គ្នានឹងបំពេញកិច្ចបម្រើពិសិដ្ឋដោយប្រើសមត្ថភាពរិះគិត»។—រ៉ូម ១២:១
យោបល់
សូមប្អូនសុំឪពុកម្ដាយឲ្យជួយប្អូនរកឃើញបងប្អូនណាម្នាក់នៅក្នុងក្រុមជំនុំ ដែលអាចជួយប្អូនឲ្យរីកចម្រើនរហូតដល់ទទួលការជ្រមុជទឹក។—សកម្មភាព ១៦:១-៣
តើប្អូនដឹងទេ . . .?
ការជ្រមុជទឹកគឺជាអ្វីដ៏សំខាន់មួយដែលនឹងជួយប្អូន ឲ្យទទួលបាន«សញ្ញាសម្គាល់»ដើម្បីរួចរស់ជីវិត។—អេសេគាល ៩:៤-៦
អនុវត្តផែនការ!
ដើម្បីរីកចម្រើនរហូតដល់ទទួលការជ្រមុជទឹក ខ្ញុំនឹងខំព្យាយាមសិក្សាប្រធានបទផ្សេងៗពីគម្ពីរថែមទៀត ដូចជា៖ ․․․․․
អ្វីដែលខ្ញុំចង់សួរឪពុកម្ដាយខ្ញុំអំពីប្រធានបទនេះគឺ ․․․․․
តើប្អូនគិតយ៉ាងណា?
● ហេតុអ្វីការជ្រមុជទឹកគឺជាជំហានដ៏សំខាន់?
● ហេតុអ្វីបានជាប្អូនៗវ័យក្មេងសម្រេចចិត្តជ្រមុជទឹកលឿនម្ល៉េះ?
● ហេតុអ្វីបានជាប្អូនៗវ័យក្មេងខ្លះស្ទាក់ស្ទើរក្នុងការប្រគល់ខ្លួនជូនព្រះ ហើយទទួលការជ្រមុជទឹក?
[ឃ្លាអក្សរធំ]
ប្អូនហាលីនិយាយថា៖«ខ្ញុំបានទទួលការជ្រមុជទឹករួចហើយ។ នេះបានជួយខ្ញុំឲ្យចេះគិតពិចារណាដិតដល់ មុននឹងសម្រេចចិត្តថាធ្វើអ្វីមួយ និងមិនធ្វើអ្វីមួយដែលនាំឲ្យរងផលវិបាកទៅថ្ងៃក្រោយ»។
[ប្រអប់/រូបភាព]
សំណួរដែលមនុស្សជាច្រើនឆ្ងល់អំពីការជ្រមុជទឹក
តើការជ្រមុជទឹកតំណាងឲ្យអ្វី? ការពន្លិចខ្លួនចូលទៅក្នុងទឹកហើយងើបមកវិញមានន័យថា អ្នកលែងធ្វើតាមបំណងប្រាថ្នារបស់ខ្លួនទៀតហើយ ឥឡូវអ្នករស់នៅដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ាវិញ។
តើការប្រគល់ខ្លួនជូនព្រះយេហូវ៉ាមានន័យអ្វី? នេះមានន័យថា យើងលែងធ្វើតាមចិត្តគំនិតរបស់ខ្លួនទៀត ហើយសន្យាថានឹងចាត់ទុកការធ្វើតាមបំណងប្រាថ្នារបស់ព្រះជាអ្វីដ៏សំខាន់បំផុត។ (ម៉ាថាយ ១៦:២៤) មុនទទួលការជ្រមុជទឹក អ្នកគួរអធិស្ឋានប្រគល់ខ្លួនជូនព្រះយេហូវ៉ា។
តើអ្នកគួរធ្វើអ្វីមុនទទួលការជ្រមុជទឹក? អ្នកគួររស់នៅសមស្របតាមខ្នាតតម្រារបស់ព្រះដែលមានក្នុងគម្ពីរ និងប្រាប់អ្នកឯទៀតអំពីជំនឿរបស់អ្នក។ អ្នកគួរបណ្ដុះឲ្យមានចំណងមិត្តភាពជាមួយព្រះតាមរយៈការអធិស្ឋាននិងការសិក្សាបណ្ដាំរបស់លោក។ អ្នកគួរបម្រើព្រះយេហូវ៉ាដោយសារអ្នកចង់ធ្វើដូច្នេះ មិនមែនដោយសារអ្នកឯទៀតបង្ខំនោះទេ។
តើមានកំណត់អាយុដើម្បីទទួលការជ្រមុជទឹកទេ? អាយុមិនមែនជាអ្វីដែលសំខាន់បំផុតទេ ប៉ុន្តែអ្នកគួរតែមានភាពចាស់ទុំល្មមដើម្បីយល់អំពីអត្ថន័យនៃការប្រគល់ខ្លួនជូនព្រះ។
ចុះបើអ្នកចង់ទទួលការជ្រមុជទឹក ប៉ុន្តែឪពុកម្ដាយរបស់អ្នកប្រាប់ថាអ្នកគួររង់ចាំសិន? ប្រហែលពួកគាត់ចង់ឲ្យអ្នកមានបទពិសោធន៍ច្រើនជាងក្នុងការរស់នៅជាគ្រិស្តសាសនិក។ សូមឲ្យតម្លៃចំពោះយោបល់របស់ពួកគាត់និងប្រើពេលវេលានេះដើម្បីបណ្ដុះចំណងមិត្តភាពរបស់អ្នកជាមួយព្រះយេហូវ៉ា។—សាំយូអែលទី១ ២:២៦
[ប្រអប់]
ក្រដាសលំហាត់
តើប្អូនកំពុងគិតអំពីការជ្រមុជទឹកទេ?
សូមប្រើសំណួរនិងប្រយោគខាងក្រោមនេះដើម្បីជួយប្អូនឲ្យដឹងថា ប្អូនកំពុងរីកចម្រើននិងមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹក។ សូមពិនិត្យមើលបទគម្ពីរដែលបានត្រូវដកស្រង់មុនសរសេរចម្លើយ។
នៅថ្មីៗនេះ តើប្អូនបង្ហាញថាប្អូនទុកចិត្តព្រះយេហូវ៉ាតាមរបៀបណាខ្លះ?—ទំនុកតម្កើង ៧១:៥ ․․․․․
តើប្អូនបានបង្ហាញយ៉ាងដូចម្ដេចថា ប្អូនបានប្រើប្រាស់សមត្ថភាពយល់ដឹងដែលបានត្រូវបង្វឹកបង្ហាត់ដើម្បីសម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវ?—ហេប្រឺ ៥:១៤ ․․․․․
តើប្អូនអធិដ្ឋានញឹកញាប់ប៉ុណ្ណា? ․․․․․
តើសេចក្ដីអធិដ្ឋានរបស់ប្អូនចំៗឬទេ? និងតើសេចក្ដីអធិដ្ឋានរបស់ប្អូនបង្ហាញយ៉ាងណាអំពីសេចក្ដីស្រលាញ់របស់ប្អូនចំពោះព្រះយេហូវ៉ា?—ទំនុកតម្កើង ១៧:៦ ․․․․․
សូមសរសេរគោលដៅដែលប្អូនចង់ធ្វើក្នុងសេចក្ដីអធិដ្ឋានរបស់ប្អូននៅខាងក្រោមនេះ។ ․․․․․
តើការសិក្សាគម្ពីរផ្ទាល់ខ្លួនរបស់ប្អូនទៀងទាត់ដែរឬទេ?—យ៉ូស្វេ ១:៨ ․․․․․
តើការសិក្សាផ្ទាល់ខ្លួនរបស់ប្អូនរួមបញ្ចូលអ្វីខ្លះ? ․․․․․
សូមសរសេរគោលដៅដែលប្អូនចង់ធ្វើទាក់ទងនឹងការសិក្សាផ្ទាល់ខ្លួន។ ․․․․․
តើប្អូនបានខំព្យាយាមក្នុងកិច្ចបម្រើផ្សាយដែរឬទេ? (ឧទាហរណ៍: តើប្អូនអាចពន្យល់សេចក្ដីបង្រៀនបឋមក្នុងគម្ពីរដល់អ្នកឯទៀតទេ? តើប្អូនទូរស័ព្ទដើម្បីត្រឡប់ទៅជួបអ្នកដែលចាប់អារម្មណ៍ឬទេ? តើប្អូនព្យាយាមសម្រេចគោលដៅក្នុងការដឹកនាំការសិក្សាតាមទូរស័ព្ទឬទេ?)
□ មែន □ មិនមែន
ទោះជាឪពុកម្ដាយរបស់ប្អូនមិនចូលរួមក្នុងកិច្ចបម្រើផ្សាយក៏ដោយ តើប្អូននៅតែចូលរួមឬទេ?—សកម្មភាព ៥:៤២
□ មែន □ មិនមែន
សូមសរសេរគោលដៅដែលប្អូនចង់ធ្វើទាក់ទងនឹងកិច្ចបម្រើផ្សាយរបស់ប្អូន។—ធីម៉ូថេទី២ ២:១៥ ․․․․․
តើប្អូនចូលរួមកិច្ចប្រជុំរបស់គ្រិស្តសាសនិកជាទៀងទាត់ទេ?—ហេប្រឺ ១០:២៥ ․․․․․
តើប្អូនចូលរួមកិច្ចប្រជុំតាមរបៀបណា? ․․․․․
ទោះជាឪពុកម្ដាយប្អូនមិនអាចចូលរួមកិច្ចប្រជុំក៏ដោយ តើប្អូនចូលរួមទេ? (បើពួកគាត់អនុញ្ញាតឲ្យប្អូនចូលរួម)
□ មែន □ មិនមែន
តើប្អូនពេញចិត្តធ្វើតាមគោលបំណងរបស់ព្រះទេ?—ទំនុកតម្កើង ៤០:៨
□ មែន □ មិនមែន
តើអាចរៀបរាប់បានទេ មានស្ថានភាពណាខ្លះដែលប្អូនជួបការបង្ខិតបង្ខំពីមនុស្សស្រករប្អូន?—រ៉ូម ១២:២ ․․․․․
តើប្អូនរៀបចំគម្រោងអ្វីខ្លះដើម្បីរក្សាសេចក្ដីស្រលាញ់របស់ប្អូនចំពោះព្រះយេហូវ៉ាឲ្យនៅតែរឹងមាំជានិច្ច?—យូដាស ២០, ២១ ․․․․․
ទោះជាឪពុកម្ដាយនិងមិត្តភក្តិរបស់ប្អូនឈប់បម្រើព្រះយេហូវ៉ាក្ដី តើប្អូននៅតែបម្រើលោកឬទេ?—ម៉ាថាយ ១០:៣៦, ៣៧
□ មែន □ មិនមែន
[រូបភាព]
ដូចការរៀបអាពាហ៍ពិពាហ៍ដែរ ការជ្រមុជទឹកជាជំហានដែលផ្លាស់ប្ដូរជីវិត។ ដូច្នេះ ត្រូវតែគិតឲ្យបានដិតដល់មុននឹងសម្រេចចិត្ត