លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​តាម​របៀប​ណា​ខ្ញុំ​អាច​ក្លាយ​ទៅ​ជា​មិត្ត​របស់​ព្រះ?

តើ​តាម​របៀប​ណា​ខ្ញុំ​អាច​ក្លាយ​ទៅ​ជា​មិត្ត​របស់​ព្រះ?

ជំពូកទី៣៥

តើ​តាម​របៀប​ណា​ខ្ញុំ​អាច​ក្លាយ​ទៅ​ជា​មិត្ត​របស់​ព្រះ?

ទុក្ខ​លំបាក​ដែល​យេរេមី​បាន​ជួប​ប្រទះ​នាំ​ឲ្យ​គាត់​ឲ្យ​តម្លៃ​ចំពោះ​ការ​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ។ គាត់​បាន​ពន្យល់​ថា​៖​«​ពេល​ខ្ញុំ​មាន​អាយុ​១២​ឆ្នាំ ប៉ា​របស់​ខ្ញុំ​បាន​ចាក​ចេញ​ពី​ក្រុម​គ្រួសារ​របស់​យើង។ នៅ​យប់​មួយ ខ្ញុំ​បាន​អធិស្ឋាន​នៅ​លើ​គ្រែ អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​លោក​ធ្វើ​ឲ្យ​ប៉ា​របស់​ខ្ញុំ​ត្រឡប់​មក​វិញ​»។

ដោយ​ចិត្ត​សោកសៅ យេរេមី​ចាប់​ផ្ដើម​អាន​គម្ពីរ។ គាត់​មាន​អារម្មណ៍​ក្ដុក​ក្ដួល​ណាស់​ពេល​ដែល​គាត់​អាន​ទំនុកតម្កើង ១០:១៤។ ក្នុង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី បទ​គម្ពីរ​នេះ​រៀប​រាប់​អំពី​ព្រះ​យេហូវ៉ា​ថា​៖​«​មនុស្ស​រង​គ្រោះ​ក៏​បែរ​មក​រក​លោក លោក​ជា​ជំនួយ​សម្រាប់​កូន​កំព្រា​»។ យេរេមី​និយាយ​ថា​៖​«​ខ្ញុំ​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​កំពុង​និយាយ​ជា​មួយ​ខ្ញុំ និង​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា​លោក​ជា​អ្នក​ជួយ​ខ្ញុំ ហើយ​ជា​ឪពុក​ខ្ញុំ។ លោក​ជា​ឪពុក​ដ៏​ល្អ​បំផុត​ដែល​ខ្ញុំ​អាច​មាន​»។

ទោះ​ជា​ប្អូន​នៅ​ក្នុង​ស្ថានភាព​ស្រដៀង​នឹង​យេរេមី​ឬ​អត់​ក៏​ដោយ គម្ពីរ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ប្អូន​ក្លាយ​ទៅ​ជា​មិត្ត​របស់​លោក។ តាម​ពិត គម្ពីរ​ចែង​ថា​៖​«​ចូរ​ចូល​ទៅ​ជិត​ព្រះ ហើយ​លោក​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ​»។ (​យ៉ាកុប ៤:៨​) សូម​គិត​អំពី​អត្ថន័យ​នៃ​ពាក្យ​ទាំង​នេះ។ ទោះ​ជា​ប្អូន​មិន​អាច​មើល​លោក​ឃើញ ឬ​មិន​មាន​ឋានៈ​ស្មើ​នឹង​លោក​ក្ដី ប៉ុន្តែ​ព្រះ​យេហូវ៉ា​កំពុង​តែ​អញ្ជើញ​ប្អូន​ឲ្យ​ធ្វើ​ជា​មិត្ត​របស់​លោក!

ប៉ុន្តែ ដើម្បី​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ ប្អូន​ត្រូវ​តែ​ខំ​ប្រឹង​ព្យាយាម។ ជា​ឧទាហរណ៍ បើ​ប្អូន​មាន​ដើម​ឈើ​តូច​មួយ​នៅ​ក្នុង​ផ្ទះ វា​មិន​អាច​ដុះ​ដោយ​ខ្លួន​ឯង​ឡើយ។ ប្អូន​ត្រូវ​ស្រោច​ទឹក​ជា​រឿយ​ៗ ហើយ​ទុក​វា​នៅ​កន្លែង​ណា​ដែល​អាច​ជួយ​វា​ឲ្យ​លូត​លាស់​បាន។ នេះ​គឺ​ស្រដៀង​នឹង​ការ​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​ដែរ។ តើ​ប្អូន​អាច​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​លោក​យ៉ាង​ដូច​ម្ដេច?

សារៈ​សំខាន់​នៃ​ការ​សិក្សា​គម្ពីរ

ដើម្បី​មាន​ចំណង​មិត្តភាព​ជា​មួយ​បុគ្គល​ណា​ម្នាក់ យើង​ត្រូវ​តែ​និយាយ​និង​ស្ដាប់​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​ក៏​ដូច​គ្នា​ដែរ។ ការ​អាន​និង​ការ​សិក្សា​គម្ពីរ​គឺ​ជា​វិធី​មួយ​ដែល​យើង​អាច​ស្ដាប់​អ្វី​ដែល​ព្រះ​ចង់​និយាយ​មក​កាន់​យើង។—ទំនុកតម្កើង ១:២, ៣

យ៉ាង​ណា​ក្ដី ការ​សិក្សា​ប្រហែល​មិន​មែន​ជា​អ្វី​ដែល​ប្អូន​ចូល​ចិត្ត​ធ្វើ​នោះ​ទេ។ យុវវ័យ​ភាគ​ច្រើន​ចូល​ចិត្ត​មើល​ទូរទស្សន៍ លេង​ហ្គេម ឬ​ចំណាយ​ពេល​ជា​មួយ​មិត្ត​ភក្តិ​ជាង។ ប៉ុន្តែ បើ​ប្អូន​ចង់​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ ប្អូន​ត្រូវ​ធ្វើ​តាម​ជំហាន​ផ្សេង​ៗ​ដែល​លោក​បាន​ផ្ដល់​ឲ្យ។ ប្អូនត្រូវ​តែ​ស្ដាប់​លោក​ដោយ​សិក្សា​បណ្ដាំ​របស់​លោក។

ប៉ុន្តែ​កុំ​បារម្ភ​អី។ ការ​សិក្សា​គម្ពីរ​មិន​ចាំ​បាច់​ក្លាយ​ទៅ​ជា​បន្ទុក​មួយ​សម្រាប់​ប្អូន​នោះ​ឡើយ។ ប្អូន​អាច​រៀន​ឲ្យ​ចេះ​ចូល​ចិត្ត​ធ្វើ​ដូច្នេះ ទោះ​ជា​ប្អូន​គិត​ថា​ខ្លួន​មិន​មែន​ជា​មនុស្ស​ដែល​ស្រឡាញ់​ការ​រៀន​សូត្រ​ក្ដី។ អ្វី​ដែល​ប្អូន​ត្រូវ​ធ្វើ​ដំបូង​គឺ​លៃ​ពេល​ដើម្បី​សិក្សា។ ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ឡាយ​អ៊ី​និយាយ​ថា​៖​«​ខ្ញុំ​មាន​កាល​វិភាគ​មួយ។ ខ្ញុំ​អាន​គម្ពីរ​មួយ​ជំពូក​ជា​រៀង​រាល់​ព្រឹក​»។ ប្អូន​ស្រី​ម្នាក់​ទៀត​ឈ្មោះ​ម៉ារៀ​ដែល​មាន​អាយុ​១៥​ឆ្នាំ​មាន​កាល​វិភាគ​ខុស​គ្នា។ នាង​និយាយ​ថា​៖​«​ខ្ញុំ​អាន​គម្ពីរ​រាល់​យប់​មុន​ចូល​គេង​»។

ដើម្បី​រៀបចំ​កាល​វិភាគ​ផ្ទាល់​ខ្លួន សូម​មើល​ ប្រអប់​នៅ​ទំព័រ​២៩២។ រួច​មក សូម​សរសេរ​ពេល​ដែល​ប្អូន​មាន​ប្រហែល​៣០​នាទី​ដើម្បី​សិក្សា​បណ្ដាំ​ព្រះ។

․․․․․

ការ​រៀបចំ​កាល​វិភាគ​គឺ​ជា​ការ​ចាប់​ផ្ដើម​ប៉ុណ្ណោះ។ ពេល​ប្អូន​ចាប់​ផ្ដើម​សិក្សា ប្អូន​ប្រហែល​ជា​ឃើញ​ថា​គម្ពីរ​មិន​តែង​តែ​ងាយ​ស្រួល​អាន​នោះ​ទេ។ ប្អូន​ប្រហែល​ជា​យល់​ស្រប​នឹង​អ្វី​ដែល​យេសរាល​ដែល​មាន​អាយុ​១១​ឆ្នាំ​បាន​និយាយ។ នាង​ប្រាប់​ដោយ​ចំ​ៗ​ថា​៖​«​ផ្នែក​ខ្លះ​ក្នុង​គម្ពីរ​តម្រូវ​ឲ្យ​យើង​ផ្ដោត​អារម្មណ៍​ទើប​អាច​យល់​បាន ហើយ​ផ្នែក​ខ្លះ​ក៏​មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ​»។ បើ​ប្អូន​មាន​អារម្មណ៍​ដូច​នេះ សូម​កុំ​ឈប់​ព្យាយាម។ សូម​ចាត់​ទុក​ការ​សិក្សា​គម្ពីរ​ថា​ជា​ពេល​ដែល​ប្អូន​ចំណាយ​ដើម្បី​ស្ដាប់​ព្រះ​យេហូវ៉ា​ដែល​ជា​មិត្ត​របស់​ប្អូន។ នៅ​ទី​បំផុត ប្អូន​អាច​សិក្សា​គម្ពីរ​ដោយ​ចិត្ត​រំភើប និង​ទទួល​ប្រយោជន៍​ពី​ការ​សិក្សា​នោះ តែ​នេះ​គឺ​អាស្រ័យ​ទៅ​លើ​ការ​ព្យាយាម​របស់​ប្អូន!

សេចក្ដី​អធិដ្ឋាន​គឺ​សំខាន់​ចាំ​បាច់

សេចក្ដី​អធិដ្ឋាន​គឺ​ជា​វិធី​ដែល​យើង​និយាយ​ទៅ​កាន់​ព្រះ ហើយ​នេះ​ជា​អំណោយ​ដ៏​អស្ចារ្យ​ណាស់! សូម​គិត​ទៅ​មើល ប្អូន​អាច​និយាយ​ជា​មួយ​ព្រះ​យេហូវ៉ា​នៅ​គ្រប់​ពេល​វេលា​មិន​ថា​នៅ​ពេល​ណា​ក៏​ដោយ។ លោក​បម្រុង​នឹង​ស្ដាប់​ប្អូន​ជា​និច្ច។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ចង់​ឮ​អ្វី​ដែល​ប្អូន​និយាយ។ ហេតុ​នេះ​បាន​ជា​គម្ពីរ​លើក​ទឹក​ចិត្ត​ប្អូន​ថា​៖​«​ដោយ​អធិដ្ឋាន អង្វរ​សុំ ព្រម​ទាំង​ថ្លែង​អំណរ​គុណ ចូរ​ជម្រាប​ព្រះ​អំពី​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា ក្នុង​គ្រប់​ការ​ទាំង​អស់​»។ភីលីព ៤:៦

ដូច​បទ​គម្ពីរ​នេះ​បាន​បញ្ជាក់ មាន​អ្វី​ជា​ច្រើន​ដែល​ប្អូន​អាច​និយាយ​ជា​មួយ​ព្រះ​យេហូវ៉ា។ ប្អូន​អាច​និយាយ​អំពី​បញ្ហា​ឬ​កង្វល់ ឬ​ប្រាប់​លោក​អំពី​អ្វី​ដែល​ប្អូន​ចង់ដឹង​គុណ​ផង​ដែរ។ ធម្មតា​ប្អូន​អរគុណ​មិត្ត​ភក្តិ​ចំពោះ​អ្វី​ដ៏​ល្អ​ៗ​ដែល​គាត់​បាន​ធ្វើ​សម្រាប់​ប្អូន មែន​ទេ? ប្អូន​អាច​ធ្វើ​ដូច​គ្នា​ចំពោះ​ព្រះ​យេហូវ៉ា​ដែរ ព្រោះ​លោក​បាន​ធ្វើ​អ្វី​ល្អ​ៗ​សម្រាប់​ប្អូន​ច្រើន​ជាង​មិត្ត​ភក្តិ​ទៅ​ទៀត។—ទំនុកតម្កើង ១០៦:១

នៅ​ខាង​ក្រោម​នេះ សូម​សរសេរ​អ្វី​ខ្លះ​ដែល​ប្អូន​ដឹង​គុណ​ចំពោះ​ព្រះ​យេហូវ៉ា។

․․․․․

ជួន​កាល ប្អូន​ពិត​ជា​មាន​ការ​ភ័យ​ខ្លាច​និង​ការ​ថប់​បារម្ភ​ខ្លះ​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​ប្អូន​ដែរ។ ទំនុក​តម្កើង ៥៥:២២ ចែង​ថា​៖​«​ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះ​យេហូវ៉ា នោះ​ទ្រង់​នឹង​ជួយ​ទប់​ទល់​អ្នក ទ្រង់​មិន​ព្រម​ឲ្យ​មនុស្ស​សុចរិត​ត្រូវ​រង្គើ​ឡើយ​»។

នៅ​ខាង​ក្រោម​នេះ សូម​កត់​ទុក​កង្វល់​របស់​ប្អូន​ដែល​ប្អូន​ចង់​អធិដ្ឋាន។

․․․․․

បទ​ពិសោធន៍​ផ្ទាល់​ខ្លួន

មាន​ផ្នែក​មួយ​ទៀត​នៃ​ចំណង​មិត្តភាព​របស់​ប្អូន​ជា​មួយ​ព្រះ​ដែល​ប្អូន​គួរ​យក​ចិត្ត​ទុក​ដាក់។ អ្នក​តែង​ទំនុក​តម្កើង​ដាវីឌ​បាន​សរសេរ​ថា​៖​«​ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​ទ្រង់​ល្អ​ចុះ​»។ (​ទំនុកតម្កើង ៣៤:៨​) ពេល​ដាវីឌ​បាន​សរសេរ​ទំនុក​ទី​៣៤ គាត់​ទើប​តែ​ឆ្លង​កាត់​បទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​មួយ។ គាត់​បាន​ភៀស​ខ្លួន​ពី​ស្ដេច​សុល​ដែល​ចង់​សម្លាប់​គាត់ ហើយ​ក្រោយ​មក គាត់​បាន​ជ្រក​កោន​ក្នុង​ចំណោម​ពួក​សត្រូវ​របស់​គាត់​គឺ​ពួក​ភីលីស្ទីន។ នៅ​ទី​នោះ មើល​ទៅ​ដាវីឌ​នឹង​ត្រូវ​គេ​សម្លាប់​ជា​ពិត​ប្រាកដ តែ​គាត់​បាន​ក្លែង​ខ្លួន​ធ្វើ​ជា​មនុស្ស​ឆ្កួត ហើយ​អាច​រួច​ខ្លួន​បាន។—សាំយូអែលទី១ ២១:១០​-​១៥

ដាវីឌ​មិន​បាន​សន្មត​ថា​គាត់​បាន​រួច​ជីវិត​ដោយ​សារ​គំនិត​ឆ្លាត​របស់​គាត់​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​សរសើរ​ព្រះ​យេហូវ៉ា​ដែល​គាត់​បាន​រួច​ខ្លួន។ មុន​គាត់​បាន​សរសេរ​ពាក្យ​នៅ​ក្នុង​ទំនុក​តម្កើង​ខាង​លើ​នេះ គាត់​សរ​សេថា​៖​«​ខ្ញុំ​បាន​ស្វែង​រក​ព្រះ​យេហូវ៉ា ហើយ​ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ក៏​ប្រោស​ឲ្យ​ខ្ញុំ រួច​ពី​អស់​ទាំង​សេចក្ដី​ភិត​ភ័យ​របស់​ខ្ញុំ​»។ (​ទំនុកតម្កើង ៣៤:៤​) ដូច្នេះ ដោយ​សារ​ដាវីឌ​មាន​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន ដែល​គាត់​អាច​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​«​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​ទ្រង់​ល្អ​ចុះ​»។ *

តើ​ប្អូន​អាច​គិត​អំពី​បទ​ពិសោធន៍​មួយ​ក្នុង​ជីវិត​ប្អូន​ដែល​បង្ហាញ​ភ័ស្តុតាង​ថា​ព្រះ​យេហូវ៉ា​ថែ​រក្សា​ប្អូន​ឬ​ទេ? បើ​អាច សូម​កត់​ទុក​បទ​ពិសោធន៍​នោះ​នៅ​ខាង​ក្រោម។ យោបល់: បទ​ពិសោធន៍​ប្អូន​មិន​ចាំ​បាច់​ជា​អ្វី​ដ៏​អស្ចារ្យ​ទេ។ សូម​គិត​អំពី​ពរ​ដែល​ប្អូន​ទទួល​ជា​រៀង​រាល់​ថ្ងៃ ដែល​ពរ​ខ្លះ​ប្អូន​ប្រហែល​ជា​អាច​ភ្លេច​យ៉ាង​ងាយ។

․․․․․

ប្រហែល​ឪពុក​ម្ដាយ​បាន​បង្រៀន​គម្ពីរ​ដល់​ប្អូន។ បើ​មែន នេះ​ពិត​ជា​ពរ​មួយ។ ប៉ុន្តែ ប្អូន​ត្រូវ​តែ​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព​ផ្ទាល់​ខ្លួន​ជា​មួយ​នឹង​ព្រះ។ បើ​ប្អូន​មិន​ទាន់​ធ្វើ​ដូច្នេះ ប្អូន​អាច​ប្រើ​ព័ត៌មាន​ក្នុង​ជំពូក​នេះ​ដើម្បី​ជួយ​ប្អូន​ឲ្យ​ចាប់​ផ្ដើម​មាន​ចំណង​មិត្តភាព​ជា​មួយ​លោក។ ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ពរ​ទៅ​លើ​ការ​ព្យាយាម​របស់​ប្អូន។ គម្ពីរ​ចែង​ថា​៖​«​ចូរ​សុំ​ឥត​ឈប់ នោះ​អ្នក​នឹង​ទទួល ចូរ​រក​ឥត​ឈប់ នោះ​អ្នក​នឹង​រក​ឃើញ​»។—ម៉ាថាយ ៧:៧

សូម​អាន​ថែម​ទៀត​អំពី​ប្រធានបទ​នេះ​ក្នុង​ក្បាល​ទី​១ ជំពូក​៣៨​និង​៣៩

ក្នុង​ជំពូក​បន្ទាប់

តើ​ប្អូន​ពិបាក​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត​អំពី​ព្រះ​ឬ​ទេ? សូម​រៀន​របៀប​ដែល​ប្អូន​អាច​និយាយ​ការ​ពារ​ជំនឿ​របស់​ប្អូន។

[កំណត់​សម្គាល់]

^ វគ្គ 24 ក្នុង​គម្ពីរ​ខ្លះ ឃ្លា​ថា​«​ភ្លក់​មើល​ឲ្យ​ដឹង​»​ បាន​ត្រូវ​បក​ថា​«​រក​ឃើញ​ដោយ​ខ្លួន​ឯង​»​ ​«​ស្វែង​រក​ដោយ​ខ្លួន​ឯង​»​ និង​«​ពិសោធន៍​មើល​ដោយ​ខ្លួន​ឯង​»។—សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​សហ​កាល, សេចក្ដី​បក​ប្រែ​គម្ពីរ​ភាសា​អង់គ្លេស​សម្រាយ, ព្រះ​គម្ពីរ​ខ្មែរ​សម្រាយ។

បទ​គម្ពីរ​សំខាន់

​«​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ នោះ​មាន​សុភមង្គល​ហើយ!​»។—ម៉ាថាយ ៥:៣

យោបល់

សូម​អាន​គម្ពីរ​ក្នុង​មួយ​ថ្ងៃ​បួន​ទំព័រ ហើយ​ប្អូន​នឹង​អាន​ចប់​ក្នុង​រយៈ​ពេល​ប្រហែល​មួយ​ឆ្នាំ។

តើ​ប្អូន​ដឹង​ទេ...?

ការ​ដែល​ប្អូន​អាន​សៀវភៅ​នេះ ហើយ​ធ្វើ​តាម​ឱវាទ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​នឹង​ប្អូន​ផ្ទាល់។—យ៉ូហាន ៦:៤៤

ចូរ​អនុវត្ត!

ដើម្បី​ទទួល​ប្រយោជន៍​ច្រើន​ជាង​ពី​ការ​សិក្សា​គម្ពីរ​ផ្ទាល់​ខ្លួន ខ្ញុំ​នឹង ․․․․․

ដើម្បី​អធិដ្ឋាន​ឲ្យ​កាន់​តែ​ទៀង​ទាត់​ជាង ខ្ញុំ​នឹង ․․․․․

សំណួរ​ដែល​ខ្ញុំ​ចង់​សួរ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ស្ដី​អំពី​ប្រធានបទ​នេះ​គឺ ․․․․․

តើ​ប្អូន​គិត​យ៉ាង​ណា?

● តើ​អ្វី​អាច​ជួយ​ប្អូន​ឲ្យ​កាន់​តែ​ចូល​ចិត្ត​ការ​សិក្សា​គម្ពីរ​ផ្ទាល់​ខ្លួន?

● ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ចង់​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ?

● តើ​ប្អូន​អាច​ធ្វើ​ឲ្យ​សេចក្ដី​អធិដ្ឋាន​របស់​ប្អូន​កាន់​តែ​ប្រសើរ​ជាង​យ៉ាង​ដូច​ម្ដេច?

[ឃ្លា​អក្សរ​ធំ]

ពេល​ខ្ញុំ​នៅ​ក្មេង ការ​អធិដ្ឋាន​របស់​ខ្ញុំ​គឺ​ច្រំ​ដែល​ៗ។ ឥឡូវ​ខ្ញុំ​ព្យាយាម​អធិដ្ឋាន​អំពី​ចំណុច​ល្អ​និង​ចំណុច​មិន​ល្អ​នៃ​ថ្ងៃ​នីមួយ​ៗ។ ដោយ​សារ​មាន​អ្វី​ផ្សេង​ៗ​កើត​ឡើង​រាល់​ថ្ងៃ នេះ​ជួយ​ឲ្យ​ខ្ញុំ​មិន​ពោល​ពាក្យ​ដដែល​ៗ​»។—អេវ៉ា

[ប្រអប់​/​រូបភាព]

 ចូរ​ពិនិត្យ​មើល​គម្ពីរ​របស់​ប្អូន

១. ជ្រើស​រើស​កំណត់​ហេតុ​មួយ​ដែល​ប្អូន​ចង់​អាន។ អធិដ្ឋាន​សុំ​ប្រាជ្ញា​ដើម្បី​យល់​កំណត់​ហេតុ​នោះ។

២. អាន​កំណត់​ហេតុ​ដោយ​យក​ចិត្ត​ទុក​ដាក់។ កុំ​ប្រញាប់​ប្រញាល់​ក្នុង​ការ​អាន។ កាល​ដែល​ប្អូន​អាន សូម​ចេះ​ស្រមៃ​គិត។ សូម​ព្យាយាម​ប្រើ​វិញ្ញាណ​របស់​ប្អូន​ឲ្យ​បាន​ច្រើន​បំផុត ដូច​ជា​ស្រមៃ​ឃើញ​អ្វី​ដែល​មនុស្ស​ក្នុង​កំណត់​ហេតុ​នោះ​កំពុង​ធ្វើ ស្ដាប់​សំឡេង​របស់​ពួក​គេ ហិត​ក្លិន និង​ភ្លក់​ម្ហូប​ជា​ដើម។ សូម​ធ្វើ​ឲ្យ​កំណត់​ហេតុ​រស់​រវើក!

៣. គិត​អំពី​អ្វី​ដែល​ប្អូន​ទើប​តែ​អាន។ សូម​សួរ​ខ្លួន​នូវ​សំណួរ​ដូច​ត​ទៅ​នេះ​៖

● ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ដាក់​កំណត់​ហេតុ​នេះ​ក្នុង​បណ្ដាំ​របស់​លោក?

● តើ​តួ​អង្គ​ណា​សម​នឹង​ឲ្យ​ប្អូន​ធ្វើ​តាម ហើយ​តួ​អង្គ​ណា​បាន​ត្រូវ​កត់​ទុក​ជា​ការ​ព្រមាន​ដល់​ប្អូន?

● តើ​ខ្ញុំ​អាច​ទាញ​មេ​រៀន​អ្វី​ពី​កំណត់​ហេតុ​នេះ?

● តើ​កំណត់​ហេតុ​នេះ​បង្រៀន​ខ្ញុំ​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា​និង​របៀប​ដែល​លោក​ប្រព្រឹត្ត?

៤. អធិដ្ឋាន​យ៉ាង​ខ្លី​ទៅ​ព្រះ​យេហូវ៉ា។ សូម​ប្រាប់​លោក​អំពី​អ្វី​ដែល​ប្អូន​បាន​រៀន​ពី​ការ​សិក្សា​គម្ពីរ ហើយ​របៀប​ដែល​ប្អូន​នឹង​អនុវត្ត​តាម​ព័ត៌មាន​នោះ​ក្នុង​ជីវិត។ សូម​អរគុណ​ព្រះ​យេហូវ៉ា​ជា​និច្ច​ចំពោះ​អំណោយ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​ប្អូន ពោល​គឺ​គម្ពីរ​បរិសុទ្ធ​ដែល​ជា​បណ្ដាំ​របស់​លោក!

[រូបភាព]

​«​ព្រះ​បន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូល​បង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ទូល​បង្គំ​ផង​»។—ទំនុកតម្កើង ១១៩:១០៥

[ប្រអប់​/​រូបភាព]

កំណត់​អាទិភាព

តើ​ប្អូន​រវល់​ពេក​មិន​មាន​ពេល​អធិដ្ឋាន​ឬ​ទេ? ហើយ​មិន​មាន​ពេល​សិក្សា​គម្ពីរ​ដែរ​ឬ? នេះ​ច្រើន​តែ​ទាក់​ទង​នឹង​របៀប​ដែល​ប្អូន​កំណត់​អាទិភាព។

សូម​សាក​ធ្វើ​ដូច​នេះ: យក​ធុង​មួយ​ហើយ​ដាក់​ដុំ​ថ្ម​ធំ​ៗ​ក្នុង​ធុង​នោះ។ រួច​មក សូម​ចាក់​ខ្សាច់​ចូល​ក្នុង​ធុង​រហូត​ដល់​ពេញ​ធុង។ ឥឡូវ​ប្អូន​មាន​ធុង​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ថ្ម​និង​ខ្សាច់។

ឥឡូវ​សូម​ចាក់​ថ្ម​និង​ខ្សាច់​ចេញ​ពី​ធុង តែ​រក្សា​ទុក​ថ្ម​និង​ខ្សាច់​នោះ​ដដែល។ រួច​មក សូម​សាក​ល្បង​ធ្វើ​ម្ដង​ទៀត តែ​លើក​នេះ​សូម​ធ្វើ​ផ្ទុយ​ពី​មុន ពោល​គឺ​ដាក់​ខ្សាច់​មុន ហើយ​បន្ទាប់​មក​ព្យាយាម​ដាក់​ថ្ម​ក្នុង​ធុង។ អាច​ដាក់​ថ្ម​បាន​ទេ? ទេ​ដោយ​សារ​លើក​នេះ​ប្អូន​បាន​ដាក់​ខ្សាច់​មុន។

តើ​មាន​មេ​រៀន​អ្វី? គម្ពីរ​ចែង​ថា​៖​«​អ្នក​រាល់​គ្នា​ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»។ (​ភីលីព ១:១០​) ប្រសិន​បើ​ប្អូន​ឲ្យ​អ្វី​ដ៏​តូច​តាច​ដូច​ជា​ការ​កម្សាន្ត​ទៅ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត នោះ​ប្អូន​នឹង​មិន​មាន​ពេល​សម្រាប់​អ្វី​ដ៏​ធំ​ដូច​ជា​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ទេ។ ប៉ុន្តែ​បើ​ប្អូន​ធ្វើ​តាម​ការ​ដាស់​តឿន​ក្នុង​គម្ពីរ ប្អូន​នឹង​មាន​ពេល​សម្រាប់​កិច្ចការ​ដែល​ទាក់​ទង​នឹង​រាជាណាចក្រ​ព្រះ​និង​ការ​កម្សាន្ត​មួយ​កម្រិត​ផង​ដែរ។ នេះ​គឺ​អាស្រ័យ​ទៅ​លើ​អ្វី​ដែល​ប្អូន​ចង់​ដាក់​មុន​ទៅ​ក្នុង​ធុង​របស់​ប្អូន!

[រូបភាព]

ចំណង​មិត្តភាព​ជា​មួយ​ព្រះ​តម្រូវ​ឲ្យ​មាន​ការ​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​ដូច​ជា​ដើម​ឈើ​តូច​មួយ