លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការគោរពនិងសេចក្ដីថ្លៃថ្នូរក្រោមការយកចិត្តទុកដាក់របស់ព្រះ

ការគោរពនិងសេចក្ដីថ្លៃថ្នូរក្រោមការយកចិត្តទុកដាក់របស់ព្រះ

ពេលនៅ​ផែនដី លោក​យេស៊ូ​បាន​បង្ហាញ​អំពី​គុណ​សម្បត្តិ​និង​ការ​ប្រព្រឹត្ត​របស់​បិតា​នៅ​ស្ថាន​សួគ៌​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ។ លោក​មាន​ប្រសាសន៍​ថា​៖​«​ខ្ញុំ​មិន​ធ្វើ​អ្វី​សោះ​ដោយ​គំនិត​របស់​ខ្ញុំ​ផ្ទាល់​ឡើយ ប៉ុន្តែ​ខ្ញុំ​និយាយ​អ្វី​ៗ​ដែល​បិតា​នៅ​ស្ថាន​សួគ៌​បាន​បង្រៀន​ខ្ញុំ . . . ខ្ញុំ​តែង​តែ​ធ្វើ​អ្វី​ដែល​លោក​ពេញ​ចិត្ត​»។ (​យ៉ូហាន ៨:២៨, ២៩; កូឡុស ១:១៥​) ដូច្នេះ បើ​យើង​ពិចារណា​មើល​អំពី​របៀប​ដែល​លោក​យេស៊ូ​ប្រព្រឹត្ត​ចំពោះ​ស្ត្រី និង​ទស្សនៈ​របស់​លោក​ចំពោះ​ពួក​គាត់ នោះ​យើង​ក៏​អាច​យល់​អំពី​ទស្សនៈ​របស់​ព្រះ​ចំពោះ​ស្ត្រី និង​អ្វី​ដែល​លោក​តម្រូវ​ពី​ពួក​គាត់​ដែរ។

យោង​ទៅ​តាម​អ្វី​ដែល​បាន​កត់​ទុក​ក្នុង​សៀវ​ភៅ​ដំណឹង​ល្អ បណ្ឌិត​មួយ​ចំនួន​បាន​ទទួល​ស្គាល់​ថា​ទស្សនៈ​របស់​លោក​យេស៊ូ​ចំពោះ​ស្ត្រី គឺ​ខុស​គ្នា​ស្រឡះ​ពី​ទស្សនៈ​របស់​មនុស្ស​ទូទៅ​នៅ​សម័យ​នោះ។ តើ​ខុស​គ្នា​យ៉ាង​ណា? សំខាន់​ជាង​នោះ​ទៅ​ទៀត តើ​សេចក្ដី​បង្រៀន​របស់​លោក​នៅ​តែ​អាច​ជួយ​ស្ត្រី​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ?

របៀប​ដែល​លោក​យេស៊ូ​ប្រព្រឹត្ត​ចំពោះ​ស្ត្រី

លោក​យេស៊ូ​មិន​ដែល​មើល​ស្ត្រី​ក្នុង​លក្ខណៈ​មិន​សមរម្យ​ឬ​ប្រាស​ចាស​សីលធម៌​ឡើយ។ ពួក​អ្នក​ដឹក​នាំ​សាសនា​យូដា​យល់​ថា ការ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​ស្ត្រី​អាច​បង្ក​ឲ្យ​មាន​តែ​អំពើ​ប្រាស​ចាក​សីលធម៌​ប៉ុណ្ណោះ។ ពួក​គេ​ខ្លាច​ថា​ស្ត្រី​នឹង​ល្បួង​លួង​លោម​បុរស ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ហាម​ស្ត្រី​មិន​ឲ្យ​និយាយ​ជា​មួយ​បុរស​នៅ​ទី​សាធារណៈ ឬ​ចេញ​ក្រៅ​ដោយ​មិន​ពាក់​ស្បៃ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​បាន​ជូន​ឱវាទ​ដល់​ពួក​បុរស​ឲ្យ​គ្រប់​គ្រង​ទៅ​លើ​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​រូប​កាយ​របស់​ខ្លួន ហើយ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​ដោយ​ថ្លៃ​ថ្នូរ​ចំពោះ​ស្ត្រី ជា​ជាង​ទុក​ស្ត្រី​ឲ្យ​នៅ​ក្រៅ​សង្គម។—ម៉ាថាយ ៥:២៨

លោក​យេស៊ូ​ក៏​មាន​ប្រសាសន៍​ដែរ​ថា​៖​«​អ្នក​ណា​ដែល​លែង​លះ​ប្រពន្ធ រួច​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ម្នាក់​ទៀត អ្នក​នោះ​ផិត​ក្បត់​ប្រពន្ធ​ហើយ​»។ (​ម៉ាកុស ១០:១១, ១២​) ដូច្នេះ លោក​យេស៊ូ​បាន​បដិសេធ​សេចក្ដី​បង្រៀន​ដ៏​ពេញ​និយម​របស់​ពួក​អ្នក​ដឹក​នាំ​សាសនា​យូដា ដែល​អនុញ្ញាត​ឲ្យ​បុរស​លែង​លះ​ប្រពន្ធ​«​ដោយ​មូលហេតុ​អ្វី​ក៏​ដោយ​»។ (​ម៉ាថាយ ១៩:៣,​) គំនិត​ដែល​ថា​ការ​ផិត​ក្បត់​គឺ​ជា​ការ​ធ្វើ​ខុស​ចំពោះ​ប្រពន្ធ វា​ជា​រឿង​ថ្មី​សម្រាប់​ជនជាតិ​យូដា​ភាគ​ច្រើន។ ហេតុ​អ្វី? ដោយ​សារ​ពួក​អ្នក​ដឹក​នាំ​សាសនា​បាន​បង្រៀន​ថា​ប្ដី​មិន​ដែល​ផិត​ក្បត់​ប្រពន្ធ​ឡើយ មាន​តែ​ស្ត្រី​ប៉ុណ្ណោះ​ដែល​មិន​ស្មោះ​ត្រង់! សៀវ​ភៅ​មួយ​ដែល​ពន្យល់​អំពី​គម្ពីរ បាន​រៀប​រាប់​ថា​៖​«​ការ​ដែល​លោក​យេស៊ូ​លើក​ឡើង​ថា​ប្ដី​ក៏​មាន​កាតព្វកិច្ច​ធ្វើ​តាម​ខ្នាត​តម្រា​សីលធម៌​ដូច​ប្រពន្ធ​ដែរ នោះ​បង្ហាញ​ថា​លោក​លើក​ស្ទួយ​ឋានៈ​និង​ភាព​ថ្លៃ​ថ្នូរ​របស់​ស្ត្រី​»។

តើ​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​មាន​ឥទ្ធិពល​យ៉ាង​ណា​នៅ​សព្វ​ថ្ងៃ​នេះ? នៅ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​របស់​សាក្សី​ព្រះ​យេហូវ៉ា ស្ត្រី​អាច​និយាយ​ដោយ​សេរី​ជា​មួយ​បុរស​នៅ​កិច្ច​ប្រជុំ។ ពួក​គាត់​មិន​ចាំ​បាច់​ខ្លាច​ថា​បុរស​ជា​គ្រិស្ត​សាសនិក​នឹង​មើល​មក​ពួក​គាត់​ដោយ​ក្រសែ​ភ្នែក​មិន​ល្អ ឬ​ប្រព្រឹត្ត​ដោយ​ឥត​សមរម្យ​ចំពោះ​ពួក​គាត់​ឡើយ ដោយ​សារ​បុរស​ជា​គ្រិស្ត​សាសនិក​តែង​តែ​ប្រព្រឹត្ត​ឬ​និយាយ​ជា​មួយ​នឹង​«​ស្ត្រី​វ័យ​ចាស់ ដូច​និយាយ​ជា​មួយ​នឹង​ម្ដាយ និយាយ​ជា​មួយ​នឹង​ស្ត្រី​វ័យ​ក្មេង ដូច​និយាយ​ជា​មួយ​នឹង​បង​ប្អូន​ស្រី ដោយ​សេចក្ដី​បរិសុទ្ធ​គ្រប់​ជំពូក​»។—ធីម៉ូថេ​ទី​១ ៥:២

លោក​យេស៊ូ​ចំណាយ​ពេល​ដើម្បី​បង្រៀន​ស្ត្រី។ ផ្ទុយ​ពី​ទស្សនៈ​ទូទៅ​របស់​ពួក​អ្នក​ដឹក​នាំ​សាសនា​ដែល​រា​រាំង​មិន​ឲ្យ​ស្ត្រី​ទទួល​ការ​អប់រំ លោក​យេស៊ូ​បាន​បង្រៀន​ស្ត្រី ហើយ​លើក​ទឹក​ចិត្ត​ពួក​គាត់​ឲ្យ​បញ្ចេញ​មតិ​យោបល់។ ជា​ឧទាហរណ៍ លោក​យេស៊ូ​បាន​ឲ្យ​ម៉ារៀ​អង្គុយ​ស្ដាប់ ពេល​លោក​កំពុង​បង្រៀន។ លោក​បាន​បង្ហាញ​ថា​ស្ត្រី​មិន​ចាំ​បាច់​នៅ​តែ​ក្នុង​ចង្ក្រាន​បាយ​ទេ។ (​លូកា ១០:៣៨​-​៤២​) ម៉ាថា​ដែល​ជា​បង​ស្រី​របស់​ម៉ារៀ​ក៏​បាន​ទទួល​ប្រយោជន៍​ពី​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​ដែរ ដូច​ដែល​យើង​បាន​ឃើញ​តាម​រយៈ​ពាក្យ​សម្ដី​ដែល​នាង​និយាយ​ទៅ​កាន់​លោក ក្រោយ​ពី​ឡាសា​ស្លាប់។—យ៉ូហាន ១១:២១​-​២៧

លោក​យេស៊ូ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​យោបល់​របស់​ស្ត្រី។ នៅ​សម័យ​នោះ ស្ត្រី​ជន​ជាតិ​យូដា​ភាគ​ច្រើន​គិត​ថា​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​សុភមង្គល​គឺ​ការ​មាន​កូន​ប្រុស​ដ៏​ស័ក្ដិ​សម​មួយ​រូប បើ​អាច​គឺ​កូន​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ម្នាក់។ មាន​ពេល​មួយ ស្ត្រី​ម្នាក់​បន្លឺ​សំឡេង​ថា​៖​«​ស្ត្រី​ដែល​បាន​រក្សា​លោក​ក្នុង​ផ្ទៃ . . . មាន​សុភមង្គល​ហើយ!​»។ ឮ​ដូច្នេះ លោក​យេស៊ូ​បាន​ប្រើ​ឱកាស​នោះ​ដើម្បី​បង្រៀន​គាត់​អំពី​អ្វី​ដែល​សំខាន់​ជាង។ (​លូកា ១១:២៧, ២៨​) ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​ការ​ស្ដាប់​បង្គាប់​ព្រះ​គឺ​សំខាន់​ជាង នោះ​លោក​កំពុង​បញ្ជាក់​ប្រាប់​ស្ត្រី​នោះ​ថា តួ​នាទី​របស់​ស្ត្រី​មិន​គ្រាន់​តែ​ធ្វើ​តាម​ទំនៀម​ទម្លាប់​ប៉ុណ្ណោះ​ទេ។—យ៉ូហាន ៨:៣២

តើ​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​មាន​ឥទ្ធិពល​យ៉ាង​ណា​នៅ​សព្វ​ថ្ងៃ​នេះ? គ្រិស្ត​សាសនិក​ដែល​នាំ​មុខ​ក្នុង​ការ​បង្រៀន​នៅ​ឯ​ក្រុម​ជំនុំ រីករាយ​ស្ដាប់​ចម្លើយ​របស់​ស្ត្រី​ដែល​ចូល​រួម​កិច្ច​ប្រជុំ។ ពួក​គាត់​គោរព​ស្ត្រី​ដែល​មាន​ភាព​ចាស់​ទុំ ព្រោះ​ស្ត្រី​ទាំង​នេះ​«​បង្រៀន​អំពី​អ្វី​ដែល​ល្អ​»​ទាំង​ការ​ផ្ដល់​យោបល់​ទាំង​ការ​ទុក​គំរូ​ល្អ។ (​ទីតុស ២:៣​) ម្យ៉ាង​ទៀត ស្ត្រី​ក៏​ទទួល​បាន​នូវ​ការ​ទុក​ចិត្ត​ឲ្យ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​ដែរ (​សូម​មើល​ប្រអប់​ «​តើ​សាវ័ក​ប៉ូល​ហាម​ស្ត្រី​មិន​ឲ្យ​និយាយ​ឬ​ទេ?​»​)។—ចម្រៀង​សរសើរ​ព្រះ ៦៨:១១

លោក​យេស៊ូ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្ត្រី។ នៅ​សម័យ​គម្ពីរ មនុស្ស​មិន​សូវ​ចាត់​ទុក​កូន​ស្រី​ថា​មាន​តម្លៃ​ដូច​កូន​ប្រុស​ទេ។ សៀវ​ភៅ​មួយ​ឈ្មោះ​ថាលមូដ បាន​ឆ្លុះ​បញ្ចាំង​នូវ​ទស្សនៈ​នេះ​ដោយ​សរសេរ​ថា​៖​«​មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​មាន​កូន​ប្រុស ហើយ​វេទនា​ដល់​អស់​អ្នក​ដែល​មាន​កូន​ស្រី​»។ ឪពុក​ម្ដាយ​ខ្លះ​ចាត់​ទុក​កូន​ស្រី​ថា​ជា​បន្ទុក​ធ្ងន់​ជាង​កូន​ប្រុស ព្រោះ​ពួក​គេ​ត្រូវ​រក​ប្ដី​ឲ្យ​កូន​ស្រី ព្រម​ទាំង​ត្រូវ​បង់​ថ្លៃ​បណ្ណាការ​ដែរ។ ម្យ៉ាង​ទៀត ពេល​ឪពុក​ម្ដាយ​ចាស់​ទៅ ពួក​គេ​មិន​អាច​ពឹង​ផ្អែក​ឲ្យ​កូន​ស្រី​ចិញ្ចឹម​ពួក​គេ​ទេ។

លោក​យេស៊ូ​បាន​បង្ហាញ​ថា​ជីវិត​របស់​ក្មេង​ស្រី​មាន​តម្លៃ​ដូច​ជីវិត​ក្មេង​ប្រុស​ដែរ។ ជា​ឧទាហរណ៍ លោក​បាន​ប្រោស​កូន​ស្រី​របស់​យ៉ែរ៉ូស​ឲ្យ​រស់​ឡើង​វិញ ដូច​លោក​បាន​ប្រោស​កូន​ប្រុស​របស់​ស្ត្រី​មេម៉ាយ​នៅ​ក្រុង​ណេអ៊ីន។ (​ម៉ាកុស ៥:៣៥, ៤១, ៤២; លូកា ៧:១១​-​១៥​) ក្រោយ​ពី​លោក​បាន​ជួយ​ស្ត្រី​ម្នាក់​ដែល​«​ឈឺ​អស់​១៨​ឆ្នាំ ដោយ​សារ​ឥទ្ធិពល​នៃ​វិញ្ញាណ​កំណាច​»​ លោក​យេស៊ូ​បាន​ហៅ​នាង​ថា​«​កូន​ចៅ​អាប្រាហាំ​»​ នេះ​ជា​ពាក្យ​ដែល​កម្រ​ឃើញ​នៅ​ក្នុង​សំណេរ​របស់​ជនជាតិ​យូដា។ (​លូកា ១៣:១០​-​១៦​) លោក​យេស៊ូ​បាន​ប្រើ​ពាក្យ​សប្បុរស​និង​ពាក្យ​គួរ​សម​ចំពោះ​នាង នេះ​បញ្ជាក់​ថា​លោក​ចាត់​ទុក​នាង​ថា​មាន​តម្លៃ​ដូច​មនុស្ស​ឯ​ទៀត​ដែរ ព្រម​ទាំង​ទទួល​ស្គាល់​ថា​នាង​មាន​ជំនឿ​យ៉ាង​ខ្លាំង។—លូកា ១៩:៩; កាឡាទី ៣:៧

តើ​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​មាន​ឥទ្ធិពល​យ៉ាង​ណា​នៅ​សព្វ​ថ្ងៃ​នេះ? មាន​សុភាសិត​អាស៊ី​មួយ​ថា​៖​«​ការ​ចិញ្ចឹម​កូន​ស្រី​ប្រៀប​ដូច​ជា​ការ​ស្រោច​ដំណាំ​ឲ្យ​អ្នក​ជិត​ខាង​»។ ឪពុក​ជា​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​ស្រឡាញ់​នឹង​មិន​គិត​ដូច្នេះ​ឡើយ ប៉ុន្តែ​គាត់​នឹង​មើល​ថែ​កូន​គ្រប់​រូប​ឲ្យ​បាន​ល្អ​មិន​ថា​កូន​ប្រុស​ឬ​កូន​ស្រី​ទេ។ ឪពុក​ម្ដាយ​ជា​គ្រិស្ត​សាសនិក​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​កូន​ៗ​ទាំង​អស់​របស់​ពួក​គេ​ទទួល​បាន​នូវ​ការ​អប់រំ​សម​ល្មម​និង​មាន​សុខភាព​ល្អ។

លោក​យេស៊ូ​ផ្ដល់​កិត្តិយស​ដល់​ម៉ារៀ​ម៉ាក់ដាឡេន ដោយ​ឲ្យ​នាង​ទៅ​ប្រាប់​ដំណឹង​ដល់​ពួក​សាវ័ក​ថា​លោក​បាន​រស់​ឡើង​វិញ​ហើយ

លោក​យេស៊ូ​ទុក​ចិត្ត​ស្ត្រី។ នៅ​ក្នុង​តុលាការ​ជនជាតិ​យូដា គេ​ចាត់​ទុក​សម្ដី​របស់​ស្ត្រី​ដែល​ជា​សាក្សី​ថា​មាន​តម្លៃ​តិច​ដូច​ជា​សម្ដី​របស់​ទាសករ។ យ៉ូសេហ្វឺស​ដែល​ជា​ប្រវត្តិ​វិទូ​នៅ​សតវត្សរ៍​ទី​១ បាន​និយាយ​ថា​៖​«​កុំ​ទទួល​យក​សក្ខី​ភាព​របស់​មនុស្ស​ស្រី​ឡើយ ព្រោះ​ធម្មជាតិ​របស់​ពួក​គេ​ច្រើន​តែ​ប្រើ​អារម្មណ៍​ជា​ជាង​ប្រើ​ហេតុ​ផល​»។

ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​បាន​ជ្រើស​រើស​ស្ត្រី​ឲ្យ​ធ្វើ​ជា​សាក្សី​បញ្ជាក់​ថា លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ (​ម៉ាថាយ ២៨:១, ៨​-​១០​) ពួក​សាវ័ក​មិន​ជឿ​សម្ដី​របស់​ស្ត្រី​ស្មោះ​ត្រង់​ទាំង​នេះ​ទេ ទោះ​ជា​ពួក​គាត់​ដឹង​ថា​ស្ត្រី​ទាំង​នេះ​បាន​ឃើញ​អំពី​អ្វី​ដែល​កើត​ឡើង​ចំពោះ​លោក​យេស៊ូ​ពេល​ដែល​គេ​ប្រហារ​ជីវិត​លោក និង​ពេល​ដែល​គេ​បញ្ចុះ​សព​លោក​ក្ដី។ (​ម៉ាថាយ ២៧:៥៥, ៥៦, ៦១; លូកា ២៤:១០, ១១​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ បន្ទាប់​ពី​លោក​យេស៊ូ​គ្រិស្ត​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​បង្ហាញ​ខ្លួន​ឲ្យ​ស្ត្រី​ឃើញ​មុន​គេ នោះ​បញ្ជាក់​ថា​លោក​ចាត់​ទុក​ពួក​គាត់​ថា​សម​នឹង​ធ្វើ​ជា​សាក្សី​ដែល​អាច​ជឿ​បាន​ដូច​អ្នក​កាន់​តាម​លោក​ដទៃ​ទៀត​ដែរ។—សកម្មភាព ១:៨, ១៤

តើ​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​មាន​ឥទ្ធិពល​យ៉ាង​ណា​នៅ​សព្វ​ថ្ងៃ​នេះ? នៅ​ក្រុម​ជំនុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា បុរស​ដែល​មាន​ភារកិច្ច​តែង​តែ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្ត្រី​ដោយ​ស្ដាប់​អ្វី​ដែល​ពួក​គាត់​ប្រាប់។ ចំណែក​ប្ដី​ដែល​ជា​គ្រិស្ត​សាសនិក​វិញ ពួក​គាត់​«​ឲ្យ​កិត្តិយស​»​ដល់​ប្រពន្ធ ដោយ​ស្ដាប់​យោបល់​របស់​នាង។—ពេត្រុស​ទី​១ ៣:៧; ដើម​កំណើត ២១:១២

គោល​ការណ៍​គម្ពីរ​ជួយ​ស្ត្រី​ឲ្យ​មាន​សុភមង្គល

អស់​អ្នក​ដែល​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ផ្ដល់​ការ​គោរព​និង​កិត្តិយស​ដល់​ស្ត្រី

ពេល​បុរស​យក​តម្រាប់​គ្រិស្ត នាំ​ឲ្យ​ស្ត្រី​ទទួល​បាន​ការ​គោរព​និង​សេរី​ភាព​ដូច​គោល​បំណង​ដែល​ព្រះ​មាន​ចំពោះ​ស្ត្រី​តាំង​ពី​ដំបូង។ (​ដើម​កំណើត ១:២៧, ២៨​) ជា​ជាង​គាំទ្រ​គំនិត​ដែល​ថា​បុរស​ពូកែ​ជាង​ស្ត្រី នោះ​ប្ដី​ដែល​ជា​គ្រិស្ត​សាសនិក​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ដើម្បី​ផ្ដល់​សុភមង្គល​កាន់​តែ​ច្រើន​ដល់​ប្រពន្ធ។—អេភេសូរ ៥:២៨, ២៩

ពេល​បង​ស្រី​យេ​ល​អ៊ី​ណា​ចាប់​ផ្ដើម​សិក្សា​គម្ពីរ នាង​ត្រូវ​ប្ដី​វាយ​ដំ​ច្រំ​ធាក់​ដោយ​គ្មាន​អ្នក​ណា​ដឹង។ ប្ដី​របស់​នាង​ធំ​ឡើង​ក្នុង​តំបន់​ដែល​ប្រើ​អំពើ​ហិង្សា ហើយ​ការ​ចាប់​ស្ត្រី​មក​ធ្វើ​ជា​ប្រពន្ធ​និង​វាយ​ធ្វើ​បាប​នាង គឺ​ជា​ទម្លាប់​ធម្មតា​របស់​អ្នក​រស់​នៅ​តំបន់​នោះ។ បង​យេ​ល​អ៊ី​ណា​បាន​និយាយ​ថា​៖​«​អ្វី​ដែល​ខ្ញុំ​រៀន​ពី​គម្ពីរ​បាន​ផ្ដល់​កម្លាំង​ដល់​ខ្ញុំ។ ខ្ញុំ​យល់​ថា​មាន​បុគ្គល​ម្នាក់​ដែល​ស្រឡាញ់​ខ្ញុំ​យ៉ាង​ខ្លាំង ព្រម​ទាំង​ឲ្យ​តម្លៃ​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ។ ខ្ញុំ​ក៏​ដឹង​ដែរ​ថា ប្រសិន​បើ​ប្ដី​របស់​ខ្ញុំ​រៀន​គម្ពីរ គាត់​អាច​ផ្លាស់​ប្ដូរ​ទង្វើ​និង​ទស្សនៈ​ដែល​គាត់​មាន​ចំពោះ​ខ្ញុំ​»។ ទី​បំផុត ក្ដី​សុបិន​របស់​នាង​បាន​ក្លាយ​ជា​ការ​ពិត ពេល​ដែល​ប្ដី​នាង​យល់​ព្រម​រៀន​គម្ពីរ ហើយ​ក្រោយ​មក​ទទួល​ការ​ជ្រមុជ​ទឹក​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា។ បង​យេ​ល​អ៊ី​ណា​និយាយ​បន្ដ​ទៀត​ថា​៖​«​គាត់​បាន​ទៅ​ជា​គំរូ​ក្នុង​ការ​ចេះ​ទប់​ចិត្ត​និង​ចេះ​គ្រប់​គ្រង​អារម្មណ៍​របស់​ខ្លួន។ យើង​បាន​រៀន​ឲ្យ​ចេះ​អភ័យ​ទោស​ឲ្យ​គ្នា​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​»។ ចុង​ក្រោយ​នាង​និយាយ​ថា​៖​«​គោល​ការណ៍​គម្ពីរ​ពិត​ជា​បាន​ជួយ​ខ្ញុំ​មែន គឺ​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ថា​ខ្ញុំ​មាន​តម្លៃ​និង​ទទួល​បាន​នូវ​ការ​ការ​ពារ​ពី​ប្ដី​របស់​ខ្ញុំ​»។—កូឡុស ៣:១៣, ១៨, ១៩

តាម​ពិត​មាន​បទ​ពិសោធន៍​របស់​មនុស្ស​ជា​ច្រើន​ទៀត មិន​គ្រាន់​តែ​បទ​ពិសោធន៍​របស់​បង​យេ​ល​អ៊ី​ណា​ប៉ុណ្ណោះ​ទេ។ ស្ត្រី​គ្រិស្ត​សាសនិក​រាប់​លាន​នាក់​មាន​សុភមង្គល ដោយ​សារ​ពួក​គាត់​និង​ប្ដី​ខំ​ព្យាយាម​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍។ ពួក​គាត់​បាន​ទទួល​នូវ​ការ​គោរព ការ​សម្រាល​ទុក្ខ និង​សេរី​ភាព​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ។—យ៉ូហាន ១៣:៣៤, ៣៥

ទាំង​បុរស​ទាំង​ស្ត្រី​ជា​គ្រិស្ត​សាសនិក​ទទួល​ស្គាល់​ថា ពួក​គាត់​មាន​ភាព​ខុស​ឆ្គង​និង​មិន​ល្អ​ឥត​ខ្ចោះ ពួក​គាត់​ជា​ផ្នែក​មួយ​នៃ​ការ​បង្កើត​របស់​ព្រះ ដែល​«​ស្ថិត​ក្នុង​សភាព​អសារ​ឥត​ការ​»។ ប៉ុន្តែ កាល​ដែល​ពួក​គាត់​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​ពោរ​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់ នោះ​នាំ​ឲ្យ​ពួក​គាត់​មាន​សេចក្ដី​សង្ឃឹម​«​រួច​ពី​ចំណង​នៃ​ការ​ខូច​រលួយ​»​ និង​មាន​«​សេរី​ភាព​ដ៏​រុង​រឿង​ជា​កូន​ព្រះ​»។ នេះ​ពិត​ជា​អស្ចារ្យ​ណាស់ សម្រាប់​បុរស​និង​ស្ត្រី​ដែល​នៅ​ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ព្រះ!—រ៉ូម ៨:២០, ២១