លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី

រូបអាសអាភាស តើមានគ្រោះថ្នាក់ឬគ្មានគ្រោះថ្នាក់?

រូបអាសអាភាស តើមានគ្រោះថ្នាក់ឬគ្មានគ្រោះថ្នាក់?

ពិភព​លោក​សព្វ​ថ្ងៃ​នេះ​ពោរ​ពេញ​ទៅ​ដោយ​រូប​អាស​អាភាស។ * មិន​ថា​យើង​ទៅ​កន្លែង​ណា​ទេ យើង​ងាយ​នឹង​ឃើញ​រូប​អាស​អាភាស​ដូច​ជា នៅ​ក្នុង​ការ​ផ្សាយ​ពាណិជ្ជកម្ម ការ​បង្ហាញ​ម៉ូត ភាពយន្ត ចម្រៀង ទស្សនាវដ្ដី នៅ​លើ​កញ្ចក់​ទូរទស្សន៍ ក្នុង​វីដេអូ​ហ្គេម ក្នុង​ទូរស័ព្ទ​ទំនើប ក្នុង​គ្រឿង​អេឡិចត្រូនិក ក្នុង​គេហទំព័រ និង​ក្នុង​បណ្ដាញ​ចែក​រំលែក​រូប​ថត​តាម​អ៊ីនធឺណិត​ជា​ដើម។ តាម​មើល​ទៅ រូប​អាស​អាភាស​កំពុង​ក្លាយ​ទៅ​ជា​អ្វី​មួយ​ដ៏​ពេញ​និយម​ក្នុង​សង្គម​សម័យ​ថ្មី​នេះ។ មាន​មនុស្ស​កាន់​តែ​ច្រើន​នៅ​កន្លែង​ផ្សេង​ៗ​ដែល​មើល​រូប​អាស​អាភាស ច្រើន​ជាង​ពេល​ណា​ទាំង​អស់​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ ការ​ពិត​អំពី​រូប​អាស​អាភាស​»​)។

លក្ខណៈ​នៃ​រូប​អាស​អាភាស​ក៏​បាន​ត្រូវ​ផ្លាស់​ប្ដូរ​ដែរ។ សាស្ត្រាចារ្យ​ម្នាក់​ឈ្មោះ​គែល ឌីន បាន​សរសេរ​ថា​៖​«​សព្វ​ថ្ងៃ​នេះ រូប​អាស​អាភាស​មាន​លក្ខណៈ​ស្រើប​ស្រាល​ខ្លាំង​ណាស់​ដែល​នៅ​សម័យ​មុន​គេ​ចាត់​ទុក​ថា​ជា​រឿង​ស្មោក​គ្រោក​បំផុត បែរ​ជា​នៅ​សម័យ​នេះ​គេ​ចាត់​ទុក​ថា​រឿង​ធម្មតា​ទៅ​វិញ​»។

តើ​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​រឿង​ទាំង​នោះ? តើ​ការ​មើល​រូប​អាស​អាភាស​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ឬ​គ្មាន​គ្រោះ​ថ្នាក់ ឬ​គ្រាន់​តែ​ជា​ការ​កម្សាន្ត? លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖​«​ដើម​ឈើ​ល្អ បង្កើត​ផល​ល្អ ប៉ុន្តែ ដើម​ឈើ​មិន​ល្អ បង្កើត​ផល​មិន​ល្អ​»។ (​ម៉ាថាយ ៧:១៧​) តើ​ការ​មើល​រូប​អាស​អាភាស​នាំ​ឲ្យ​មាន​លទ្ធផល​បែប​ណា? ដើម្បី​ដឹង​ចម្លើយ សូម​យើង​ពិចារណា​ចំណុច​ខ្លះ​ដូច​ត​ទៅ​៖

តើ​រូប​អាស​អាភាស​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​មនុស្ស​ម្នាក់​ៗ​?

ទស្សនៈ​របស់​អ្នក​ជំនាញ: រូប​អាស​អាភាស​ងាយ​នឹង​ធ្វើ​ឲ្យ​ញៀន​ខ្លាំង។ អ្នក​ស្រាវ​ជ្រាវ​ខ្លះ​និង​អ្នក​ព្យាបាល​រោគ​មួយ​ចំនួន​បាន​ចាត់​ទុក​ការ​មើល​រូប​អាស​អាភាស​ថា ប្រៀប​ដូច​ជា​ការ​ប្រើ​គ្រឿង​ញៀន​កូកាអ៊ីន។

បុរស​ម្នាក់​ឈ្មោះ​ប្រាយអេន *ដែល​ធ្លាប់​ញៀន​មើល​រូប​អាស​អាភាស​ក្នុង​អ៊ីនធឺណិត បាន​និយាយ​ថា​៖​«​គ្មាន​អ្វី​អាច​បញ្ឈប់​ខ្ញុំ​បាន​ទេ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​ជា​កំពុង​នៅ​ក្នុង​ការ​ស្រមើ​ស្រមៃ។ ខ្ញុំ​ញ័រ​ពេញ​ខ្លួន ហើយ​ឈឺ​ក្បាល​ខ្ទោក​ៗ។ ខ្ញុំ​បាន​ព្យាយាម​ឈប់​មើល តែ​ច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​នៅ​តែ​មិន​អាច​ឈប់​បាន​»។

ជា​ញឹក​ញយ មនុស្ស​ដែល​ញៀន​មើល​រូប​អាស​អាភាស​មិន​បង្ហាញ​ឲ្យ​អ្នក​ណា​ដឹង​ទេ។ ពួក​គេ​លួច​មើល​រូប​អាស​អាភាស​ដោយ​សម្ងាត់ ហើយ​ក៏​ទៅ​ជា​មនុស្ស​កុហក​និង​បោក​បញ្ឆោត​ដែរ។ មិន​មែន​ជា​រឿង​ភ្ញាក់​ផ្អើល​ទេ ដែល​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ឯកោ ខ្មាស ព្រួយ​បារម្ភ បាក់​ទឹក​ចិត្ត ហើយ​ខឹង​ខ្លួន​ឯង ដោយ​សារ​ការ​មើល​រូប​អាស​អាភាស។ អ្នក​ខ្លះ​ថែម​ទាំង​គិត​ចង់​សម្លាប់​ខ្លួន​ទៀត​ផង។ បុរស​ម្នាក់​ឈ្មោះ​សឺច​ធ្លាប់​ថត​ចម្លង​រូប​អាស​អាភាស​ដាក់​ក្នុង​ទូរស័ព្ទ​របស់​គាត់​ស្ទើរ​តែ​រាល់​ថ្ងៃ។ គាត់​បាន​និយាយ​ថា​៖​«​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ ជា​មនុស្ស​ដែល​មាន​ពិរុទ្ធ ឯកោ និង​ជាប់​អន្ទាក់។ ខ្ញុំ​ខ្មាស​ខ្លាំង​ណាស់ រហូត​ដល់​មិន​ហ៊ាន​សុំ​ជំនួយ​ពី​អ្នក​ឯ​ទៀត​ឡើយ​»។

សូម្បី​តែ​មើល​រូប​អាស​អាភាស​មួយ​រយៈ ឬ​ឃើញ​ដោយ​ចៃដន្យ​ក៏​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដែរ។ បណ្ឌិត​ជូឌិត រ៉េស​មេន ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​ដ៏​ល្បី​ម្នាក់​ខាង​រូប​អាស​អាភាស បាន​បញ្ជាក់​ប្រាប់​គណៈ​កម្មាធិការ​សភា​អាម៉េរិក​ថា​៖​«​រូប​អាស​អាភាស​ដក់​ជាប់​នៅ​ក្នុង​ខួរ​ក្បាល ហើយ​ផ្លាស់​ប្ដូរ​ដំណើរ​ការ​របស់​ខួរ​ក្បាល។ រូប​ភាព​ទាំង​នេះ​បាន​ត្រូវ​រក្សា​ទុក​ភ្លាម​ៗ​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ក្នុង​ការ​ចង​ចាំ ហើយ​នៅ​ជាប់​យូរ​អង្វែង។ រូប​ទាំង​នេះ​ជះ​ឥទ្ធិពល​ដល់​ជីវគីមី​របស់​ខួរ​ក្បាល​ដែល​ពិបាក​លុប​ចោល ឬ​មិន​អាច​លុប​បាន​ជា​រៀង​រហូត​»។ នារី​ម្នាក់​ឈ្មោះ​ស៊ូសាន អាយុ​១៩​ឆ្នាំ ដែល​បាន​មើល​គេហទំព័រ​ដែល​មាន​រូប​អាស​អាភាស​ដោយ​ចៃដន្យ បាន​និយាយ​ថា​៖​«​រូប​ភាព​ទាំង​នោះ​ដក់​ជាប់​ក្នុង​ចិត្ត​ខ្ញុំ​យ៉ាង​ខ្លាំង។ ពេល​ខ្លះ​ស្រាប់​តែ​លេច​មក​ក្នុង​គំនិត​របស់​ខ្ញុំ​ដោយ​មិន​ដឹង​ខ្លួន។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គ្មាន​ថ្ងៃ​អាច​លុប​រូប​ភាព​ទាំង​នោះ​ចេញ​បាន​ទេ​»។

សរុប​សេចក្ដី: រូប​អាស​អាភាស​ធ្វើ​ឲ្យ​អ្នក​ដែល​មើល​ក្លាយ​ទៅ​ជា​ទាសករ និង​ទៅ​ជា​មនុស្ស​ដែល​មាន​វិបត្តិ​ផ្លូវ​ចិត្ត​និង​មាន​បញ្ហា​យ៉ាង​ធ្ងន់​ធ្ងរ។—ពេត្រុស​ទី​២ ២:១៩

តើ​រូប​អាស​អាភាស​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ក្រុម​គ្រួសារ​យ៉ាង​ដូច​ម្ដេច?

ទស្សនៈ​របស់​អ្នក​ជំនាញ: «​រូប​អាស​អាភាស​ធ្វើ​ឲ្យ​ប្ដី​ប្រពន្ធ​និង​ក្រុម​គ្រួសារ​បែក​បាក់​គ្នា​» (​អន្ទាក់​នៃ​រូប​អាស​អាភាស ដោយ​វ៉េនឌី និង​លែរី ម៉ល់​ជា​ភាសា​អង់គ្លេស​)។

រូប​អាស​អាភាស​បំផ្លាញ​ចំណង​អាពាហ៍ពិពាហ៍​និង​ក្រុម​គ្រួសារ​ដូច​ជា​៖

  • កាត់​បន្ថយ​ទំនុក​ចិត្ត​ដែល​មាន​ចំពោះ​គ្នា មិន​សូវ​មាន​អារម្មណ៍​ស្និទ្ធ​ស្នា​ល និង​បន្ថយ​អារម្មណ៍​ស្នេហា ព្រម​ទាំង​ធ្វើ​ឲ្យ​សេចក្ដី​ស្រឡាញ់​ចុះ​ខ្សោយ។—សុភាសិត ២:១២​-​១៧

  • ទៅ​ជា​មនុស្ស​ដែល​ស្រឡាញ់​តែ​ខ្លួន​ឯង សោះ​អង្គើយ និង​មិន​ពេញ​ចិត្ត​ចំពោះ​គូ​របស់​ខ្លួន។—អេភេសូរ ៥:២៨, ២៩

  • រំញោច​អារម្មណ៍​ផ្លូវ​ភេទ​ឥត​ឈប់ ហើយ​ចេះ​តែ​មាន​ការ​ស្រមើ​ស្រមៃ​ដែល​មិន​សមរម្យ។—ពេត្រុស​ទី​២ ២:១៤

  • ធ្វើ​ឲ្យ​អ្នក​ដែល​មើល​រូប​អាស​អាភាស បង្ខំ​គូ​របស់​ខ្លួន​ឲ្យ​រួម​ភេទ​តាម​របៀប​ប្លែក​ៗ។—អេភេសូរ ៥:៣, ៤

  • ធ្វើ​ឲ្យ​ចិត្ត​និង​រូប​កាយ​លែង​មាន​ភាព​ស្មោះ​ត្រង់។—ម៉ាថាយ ៥:២៨

គម្ពីរ​ប្រាប់​ថា​ប្ដី​ប្រពន្ធ​មិន​ត្រូវ​«​ប្រព្រឹត្ត​ដោយ​ចិត្ត​ក្បត់​»​ចំពោះ​គ្នា​ឡើយ។ (​ម៉ាឡាគី ២:១៦​) ភាព​មិន​ស្មោះ​ត្រង់​ក៏​អាច​ហៅ​ថា​ជា​ការ​ក្បត់​ចិត្ត​ដែរ ហើយ​អាច​នាំ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​ប្រេះ​ឆា រហូត​ដល់​រស់​នៅ​បែក​គ្នា ឬ​លែង​លះ​គ្នា​ទៀត​ផង។ ជា​លទ្ធផល កូន​ដែល​កើត​ក្នុង​ក្រុម​គ្រួសារ​បែប​នេះ ក៏​រង​ផល​វិបាក​ដែរ។

រូប​អាស​អាភាស​ក៏​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដោយ​ផ្ទាល់​ដល់​កូន​ផង​ដែរ។ ប្រាយអេន​ដែល​បាន​រៀប​រាប់​ខាង​លើ បាន​ប្រាប់​ថា​៖​«​ពេល​ខ្ញុំ​អាយុ​ប្រហែល​១០​ឆ្នាំ ខ្ញុំ​បាន​ឃើញ​ទស្សនាវដ្ដី​អាស​អាភាស​របស់​ឪពុក​ខ្ញុំ​ដោយ​ចៃដន្យ ក្នុង​ពេល​ដែល​ខ្ញុំ​កំពុង​លេង​បិទ​ពួន។ ខ្ញុំ​ចាប់​ផ្ដើម​លួច​មើល​ទស្សនាវដ្ដី​នោះ​ទាំង​មិន​យល់​ពី​មូលហេតុ​ដែល​ខ្ញុំ​ចង់​ឃើញ​រូប​បែប​នោះ​ម្ដង​ហើយ​ម្ដង​ទៀត។ តាំង​ពី​ពេល​នោះ​មក ខ្ញុំ​មាន​ទម្លាប់​មើល​រូប​អាស​អាភាស​រហូត​ដល់​ខ្ញុំ​ពេញ​វ័យ​»។ ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា ការ​មើល​រូប​អាស​អាភាស​បណ្ដាល​ឲ្យ​ក្មេង​ចូល​ប្រឡូក​ក្នុង​ការ​រួម​ភេទ​មុន​អាយុ មាន​ដៃ​គូ​ស្នេហា​ច្រើន ប្រើ​ហិង្សា​ដើម្បី​សម្រេច​ចំណង់​ផ្លូវ​ភេទ មាន​បញ្ហា​សតិ​អារម្មណ៍ និង​មាន​ផ្លូវ​ចិត្ត​មិន​នឹងន។

សរុប​សេចក្ដី: រូប​អាស​អាភាស​បង្ខូច​ទំនាក់​ទំនង​ក្នុង​ក្រុម​គ្រួសារ ហើយ​នៅ​ទី​បំផុត​ធ្វើ​ឲ្យ​ខូច​ចិត្ត​និង​ឈឺ​ចាប់។—សុភាសិត ៦:២៧

តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​រូប​អាស​អាភាស?

បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ ​«​ដូច្នេះ ចូរ​រម្ងាប់​ភាព​ទោរ​ទន់​ដែល​មាន​នៅ​ក្នុង​អវយវៈ​រូប​កាយ​របស់​អ្នក​រាល់​គ្នា គឺ​ភាព​ទោរ​ទន់​ទៅ​រក​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អំពើ​ស្មោក​គ្រោក តម្រេក សេចក្ដី​ប៉ង​ប្រាថ្នា​អាក្រក់ និង​ការ​ច្រណែន​ចង់​បាន​របស់​អ្នក​ដទៃ ដែល​ទុក​ដូច​ជា​ការ​គោរព​បូជា​រូប​ព្រះ​»។—កូឡុស ៣:៥

បើ​និយាយ​ឲ្យ​ចំ​ទៅ ព្រះ​យេហូវ៉ា *ស្អប់​រូប​អាស​អាភាស។ នេះ​មិន​មែន​ដោយ​សារ​លោក​គិត​ថា​រឿង​រួម​ភេទ​ជា​រឿង​មិន​សមរម្យ​ទេ។ លោក​បាន​បង្កើត​មនុស្ស​ឲ្យ​មាន​សមត្ថភាព​រួម​ភេទ និង​មាន​គោល​បំណង​ឲ្យ​ប្ដី​ប្រពន្ធ​អាច​បំពេញ​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​អាពាហ៍ពិពាហ៍ មាន​អារម្មណ៍​ជិត​ស្និទ្ធ​គ្នា​កាន់​តែ​ខ្លាំង ហើយ​រួម​គ្នា​ក្នុង​អ្វី​ដ៏​អស្ចារ្យ​មួយ គឺ​ការ​បង្កើត​កូន។—យ៉ាកុប ១:១៧

បើ​ដូច្នេះ ហេតុ​អ្វី​យើង​អាច​និយាយ​ដោយ​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​ពិត​ជា​ស្អប់​រូប​អាស​អាភាស? សូម​ពិចារណា​មូលហេតុ​មួយ​ចំនួន។

  • លោក​ជ្រាប​ថា​រូប​អាស​អាភាស​អាច​បំផ្លាញ​ជីវិត​របស់​យើង។—អេភេសូរ ៤:១៧​-​១៩

  • លោក​ស្រឡាញ់​យើង ហើយ​ចង់​ការ​ពារ​យើង​ពី​អន្តរាយ។—អេសាយ ៤៨:១៧, ១៨

  • ព្រះ​យេហូវ៉ា​ចង់​ការ​ពារ​ចំណង​អាពាហ៍ពិពាហ៍​និង​ក្រុម​គ្រួសារ​របស់​យើង។—ម៉ាថាយ ១៩:៤​-​៦

  • លោក​ចង់​ឲ្យ​យើង​មាន​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌ និង​គោរព​សិទ្ធិ​របស់​អ្នក​ឯ​ទៀត។—ថែស្សាឡូនិច​ទី​១ ៤:៣​-​៦

  • លោក​ចង់​ឲ្យ​យើង​ឲ្យ​តម្លៃ​ចំពោះ​អវយវៈ​ភេទ​របស់​យើង ហើយ​ប្រើ​អវយវៈ​ភេទ​តាម​របៀប​ថ្លៃ​ថ្នូរ។—ហេប្រឺ ១៣:៤

  • ព្រះ​យេហូវ៉ា​ដឹង​ថា​រូប​អាស​អាភាស​នាំ​ឲ្យ​មនុស្ស​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​អំពី​ផ្លូវ​ភេទ​ដូច​ទស្សនៈ​របស់​សាថាន។—លោកុប្បត្តិ ៦:២; យូដាស ៦, ៧

សរុប​សេចក្ដី: រូប​អាស​អាភាស​បង្ខូច​ចំណង​មិត្តភាព​រវាង​យើង​និង​ព្រះ។—រ៉ូម ១:២៤

ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​មាន​សេចក្ដី​មេត្តា​ករុណា​ដ៏​ធំ​ធេង​ចំពោះ​អ្នក​ដែល​ចង់​ឈប់​មើល​រូប​អាស​អាភាស។ គម្ពីរ​ចែង​ថា​៖​«​ព្រះ​យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​មេត្តា​ករុណា ហើយ​នឹង​សេចក្ដី​អាណិត​អាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស​ដ៏​បរិបូរ។ ដ្បិត​ទ្រង់​ស្គាល់​រាង​កាយ​របស់​យើង ក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ​»។ (​ទំនុក​តម្កើង ១០៣:៨, ១៤​) លោក​អញ្ជើញ​មនុស្ស​រាប​ទាប​ឲ្យ​មក​ឯ​លោក ដើម្បី​«​ទទួល​សេចក្ដី​មេត្តា​ករុណា​និង​គុណ​ដ៏​វិសេស​លើស​លប់​នៅ​ពេល​ដែល[​ពួក​គេ​]ត្រូវ​ការ​ជំនួយ​»​ (​សូម​មើល​ប្រអប់​«​ វិធី​ផ្ដាច់​ទម្លាប់​មើល​រូប​អាស​អាភាស​»​)។—ហេប្រឺ ៤:១៦

មនុស្ស​ជា​ច្រើន​បាន​ទទួល​យក​ជំនួយ​ពី​ព្រះ។ តើ​លោក​ពិត​ជា​អាច​ជួយ​បាន​ទេ? សូម​កត់​សម្គាល់​អ្វី​ដែល​គម្ពីរ​ចែង​អំពី​អ្នក​ខ្លះ​ដែល​បាន​យក​ឈ្នះ​ទម្លាប់​អាក្រក់ ដោយ​ចែង​ថា​៖​«​អ្នក​រាល់​គ្នា​បាន​ត្រូវ​លាង​សម្អាត ក៏​បាន​ត្រូវ​ញែក​ចេញ​ជា​បរិសុទ្ធ ហើយ​បាន​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត ក្នុង​នាម​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង និង​ដោយ​សកម្មពល​នៃ​ព្រះ​របស់​យើង​»។ (​កូរិនថូស​ទី​១ ៦:១១​) ដូច​សាវ័ក​ប៉ូល​ដែរ អ្នក​ទាំង​នោះ​អាច​និយាយ​ថា​៖​«​ខ្ញុំ​មាន​កម្លាំង​សម្រាប់​អ្វី​ៗ​ទាំង​អស់ ដោយ​សារ​លោក​ដែល​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ​»។—ភីលីព ៤:១៣

ស៊ូសាន​ដែល​បាន​ផ្ដាច់​ការ​ញៀន​មើល​រូប​អាស​អាភាស បាន​រៀប​រាប់​ថា​៖​«​គឺ​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ ដែល​អាច​ជួយ​អ្នក​ឲ្យ​ឈប់​មើល​រូប​អាស​អាភាស។ ប្រសិន​បើ​អ្នក​សុំ​ជំនួយ​និង​យោបល់​ពី​លោក អ្នក​អាច​ទៅ​ជា​មនុស្ស​ស្អាត​ស្អំ​នៅ​ចំពោះ​លោក។ លោក​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ខក​ចិត្ត​ឡើយ​»។

^ វគ្គ 3 ពាក្យ​«​រូប​អាស​អាភាស​»​សំដៅ​លើ​អ្វី​ក៏​ដោយ​ដែល​ធ្វើ​ឡើង​ក្នុង​បំណង​ឲ្យ​អ្នក​មើល អ្នក​អាន ឬ​អ្នក​ស្ដាប់​មាន​អារម្មណ៍​ស្រើប​ស្រាល​ឬ​រំញោច​ដល់​ចំណង់​ផ្លូវ​ភេទ។ នេះ​រួម​បញ្ចូល​រូប​ថត អត្ថបទ ឯកសារ​ជា​សំឡេង ឬ​រូប​ភាព​ជា​ដើម។

^ វគ្គ 8 ឈ្មោះ​ក្នុង​អត្ថបទ​នេះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

^ វគ្គ 25 យេហូវ៉ា​គឺ​ជា​នាម​របស់​ព្រះ​ដែល​មាន​នៅ​ក្នុង​គម្ពីរ។