ព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រ!
ការចេញគម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ មានព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្ររាស្ត្រព្រះ គឺគម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មីបានចេញជាភាសាខ្មែរ។
សេចក្ដីបកប្រែពិភពលោកថ្មីមានលក្ខណៈគួរឲ្យកត់សម្គាល់ គឺមានភាពត្រឹមត្រូវ និងដូចព័ត៌មានដើមដែលព្រះបានដឹកនាំឲ្យសរសេរ។ (ធីម៉ូថេទី២ ៣:១៦) តើសេចក្ដីបកប្រែនេះមិនមានលក្ខណៈអ្វីខ្លះដែលមានជាទូទៅក្នុងសេចក្ដីបកប្រែឯទៀត? តើសេចក្ដីបកប្រែនេះបានត្រូវគាំទ្រដោយអ្នកណា? ហេតុអ្វីលោកអ្នកអាចប្រាកដថាសេចក្ដីបកប្រែពិភពលោកថ្មី គឺគួរឲ្យទុកចិត្ត?
តើគម្ពីររបស់ខ្ញុំត្រឹមត្រូវឬទេ?
សាស្ត្រាចារ្យម្នាក់ឈ្មោះ ដេខ្លេន ហេស នៃសកលវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ បានសរសេរថា៖«គម្ពីរគឺជាសៀវភៅដែលលក់ដាច់ជាងគេជារៀងរាល់ឆ្នាំ»។ គួរឲ្យស្ដាយណាស់ ដោយសារអ្នកបោះពុម្ពគម្ពីរផ្ដោតអារម្មណ៍ទៅលើការលក់ដាច់ ដូច្នេះពួកគេមិនសូវខ្វល់នឹងភាពត្រឹមត្រូវក្នុងគម្ពីរទេ។ ជាឧទាហរណ៍ ក្នុងសេចក្ដីបកប្រែគម្ពីរមួយ អ្នកបោះពុម្ពគម្ពីរបានលុបចោលផ្នែកខ្លះ ដោយសារគេគិតថាផ្នែកនោះ«មិនគួរឲ្យចាប់អារម្មណ៍»។ រីឯសេចក្ដីបកប្រែគម្ពីរមួយទៀត គេបានផ្លាស់ប្ដូរពាក្យឬឃ្លាខ្លះដែលគេគិតថាធ្វើឲ្យអ្នកអាននៅសម័យនេះទើសចិត្ត។ ជាឧទាហរណ៍ ដើម្បីទាក់ទាញអ្នកអានមួយចំនួន អ្នកបោះពុម្ពប្រើពាក្យ«ឪពុកម្ដាយ»ពេលសំដៅទៅលើព្រះ។
ម្យ៉ាងទៀត ទម្លាប់មិនល្អបំផុតក្នុងការបកប្រែគម្ពីរ ប្រហែលជាទាក់ទងនឹងនាមផ្ទាល់របស់ព្រះ គឺយេហូវ៉ា(បណ្ឌិតគម្ពីរខ្លះបកប្រែនាមព្រះថា«យ៉ាវេ»)។ ក្នុងឯកសារគម្ពីរពីសម័យបុរាណ អក្សរហេប្រឺបួនតួបានត្រូវប្រើជាតំណាងនាមរបស់ព្រះ។ ក្នុងភាសាខ្មែរអក្សរបួនតួនោះត្រូវតំណាងដោយយហវហឬចហវហ។ នាមដ៏វិសេសនេះមានជិត៧.០០០ពាន់ដងក្នុងបទគម្ពីរភាសាហេប្រឺ។ * (ដំណើរចាកចេញ ៣:១៥; ចម្រៀងសរសើរព្រះ ៨៣:១៨) ច្បាស់ណាស់ ព្រះដែលជាអ្នកបង្កើតមានបំណងឲ្យអ្នកគោរពប្រណិប័តន៍លោកស្គាល់នាមលោក និងប្រើនាមលោក!
ប៉ុន្តែ អស់ជាច្រើនសតវត្សរ៍កន្លងទៅជនជាតិយូដាឈប់ប្រកបនាមរបស់ព្រះទៀត ដោយសារតែអបិយជំនឿ។ ក្រោយមក ពិភពគ្រិស្តសាសនាក៏បានទទួលឥទ្ធិពលពីអបិយជំនឿនោះដែរ។ (សកម្មភាព ២០:២៩, ៣០; ធីម៉ូថេទី១ ៤:១) សព្វថ្ងៃនេះ អ្នកបកប្រែគម្ពីរជាទូទៅបានដូរនាមព្រះទៅជាឋានៈ«លោកម្ចាស់»វិញ។ ក្នុងសេចក្ដីបកប្រែគម្ពីរខ្លះជាភាសាអង់គ្លេស ថែមទាំងដកពាក្យ«នាម»ចេញពីយ៉ូហាន ១៧:៦ទៀតផង។ ក្នុងខនោះលោកយេស៊ូមានប្រសាសន៍ថា៖«ខ្ញុំបានបង្ហាញនាមរបស់លោកឲ្យពួកគាត់ស្គាល់»។ ប៉ុន្តែ សេចក្ដីបកប្រែគម្ពីរដំណឹងល្អបកប្រែខនេះថា៖«ខ្ញុំបានធ្វើឲ្យគេស្គាល់លោក»។
បណ្ឌិតគម្ពីរខ្លះអះអាងថាពួកគេគ្រាន់តែធ្វើតាមទំនៀមទម្លាប់ប៉ុណ្ណោះ ពេលដែលគេប្ដូរនាមព្រះដោយឋានៈ«លោកម្ចាស់»ជំនួសវិញ។ អ្នកឯទៀតទទួលស្គាល់ថាពួកគេធ្វើដូច្នេះដោយសារចង់លក់គម្ពីរឲ្យបានច្រើន។ * ប៉ុន្តែ លោកយេស៊ូមិនពេញចិត្តទាល់តែសោះចំពោះទំនៀមទម្លាប់ដែលនាំឲ្យព្រះអាប់ឱនកិត្តិយស។ (ម៉ាថាយ ១៥:៦) បន្ថែមទៅទៀត ការប្ដូរនាមព្រះដោយប្រើឋានៈជំនួសគ្មានមូលដ្ឋានក្នុងគម្ពីរទេ។ ម្យ៉ាងទៀត លោកយេស៊ូមានឋានៈជាច្រើន ដូចជា«បណ្ដាំព្រះ»និង«ស្ដេចលើអស់ទាំងស្ដេច»ជាដើម។ (ការបើកបង្ហាញ ១៩:១១-១៦) ដូច្នេះ តើគួរប្ដូរនាមរបស់លោកយេស៊ូជំនួសដោយឋានៈទាំងនេះឬ?
រឿងនេះគឺជាប្រធានបទដ៏សំខាន់មួយ។ សូមគិតអំពីពាក្យរបស់ទីប្រឹក្សានៃការបកប្រែគម្ពីរនៅប្រទេសឥណ្ឌា អំពីការដកនាមព្រះចេញពីគម្ពីរ គាត់ថា៖«អ្នកកាន់សាសនាហិណ្ឌូមិនចាប់អារម្មណ៍នឹងឋានៈរបស់ព្រះទេ ពួកគេចង់ស្គាល់នាមផ្ទាល់របស់លោក។ ពួកគេមិនអាចមានចំណងមិត្តភាពជាមួយនឹងព្រះបានទេ បើពួកគេមិនស្គាល់នាមរបស់លោក»។ តាមពិត មនុស្សទាំងអស់ដែលស្វែងរកព្រះក៏និយាយដូច្នេះដែរ។ ការស្គាល់នាមព្រះគឺចាំបាច់ដើម្បីឲ្យយើងស្វែងយល់អំពីលោក ថាលោកជាបុគ្គលពិតដែលយើងអាចមានចំណងមិត្តភាពជិតស្និទ្ធ មិនមែនជាកម្លាំងធម្មជាតិទេ។ (ដំណើរចាកចេញ ៣៤:៦, ៧) គម្ពីរចែងថា៖«អស់អ្នកណាដែលហៅរកនាមព្រះយេហូវ៉ានឹងត្រូវសង្គ្រោះ»។ (រ៉ូម ១០:១៣) ហេតុនេះ អ្នកគោរពប្រណិប័តន៍ព្រះត្រូវប្រើនាមរបស់លោក!
សេចក្ដីបកប្រែដែលលើកកិត្តិយសព្រះ
នៅឆ្នាំ១៩៥០ មានព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្ររាស្ត្រព្រះ ពេលដែលសេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច បានត្រូវបោះពុម្ពជាលើកដំបូងជាភាសាអង់គ្លេស។ ក្នុងអំឡុង១០ឆ្នាំក្រោយមក បទគម្ពីរភាសាហេប្រឺបានត្រូវបោះពុម្ពជាបន្តបន្ទាប់។ នៅឆ្នាំ១៩៦១ សៀវភៅគម្ពីរទាំងមូលជាភាសាអង់គ្លេសបានត្រូវចេញ។ លក្ខណៈសំខាន់មួយគឺសេចក្ដីបកប្រែពិភពលោកថ្មីមាននាម«ព្រះយេហូវ៉ា»ជិត៧.០០០ដងក្នុងបទគម្ពីរសញ្ញាចាស់។ លក្ខណៈពិសេសមួយទៀតគឺសេចក្ដីបកប្រែពិភពលោកថ្មី ដាក់នាមរបស់ព្រះចំនួន២៣៧ដងនៅកន្លែងដើមវិញ ក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច។ *
ការដាក់នាមព្រះនៅកន្លែងដើមវិញ មិនគ្រាន់តែលើកកិត្តិយសលោកទេ តែក៏ជួយយើងឲ្យយល់បទគម្ពីរកាន់តែច្បាស់។ ជាឧទាហរណ៍ សេចក្ដីបកប្រែជាច្រើនបកម៉ាថាយ ២២:៤៤ថា៖«លោកម្ចាស់មានប្រសាសន៍ទៅកាន់លោកម្ចាស់ខ្ញុំ»។ ប៉ុន្តែ តើអ្នកណាកំពុងនិយាយទៅកាន់អ្នកណា? សេចក្ដីបកប្រែពិភពលោកថ្មី បកម៉ាថាយ ២២:៤៤ថា៖«ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់លោកម្ចាស់ខ្ញុំ» សេចក្ដីបកប្រែនេះបានត្រូវដកស្រង់យ៉ាងត្រឹមត្រូវពីចម្រៀងសរសើរព្រះ ១១០:១។ ជាលទ្ធផល អ្នកអានអាចសម្គាល់យ៉ាងច្បាស់រវាងព្រះយេហូវ៉ានិងបុត្រលោក។
តើសេចក្ដីបកប្រែនេះបានត្រូវគាំទ្រដោយអ្នកណា?
សេចក្ដីបកប្រែពិភពលោកថ្មីបានត្រូវបោះពុម្ពដោយសមាគមប៉មយាមខាងគម្ពីរនិងខិត្តប័ណ្ណ ជាអង្គការខាងច្បាប់ដែលតំណាងឲ្យសាក្សីព្រះយេហូវ៉ា។ អស់ជាង១០០ឆ្នាំ សាក្សីព្រះយេហូវ៉ាបានបោះពុម្ព ហើយចែកចាយគម្ពីរនៅទូទាំងពិភពលោក។ សេចក្ដីបកប្រែពិភពលោកថ្មីបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ាមួយក្រុម ដែលគេស្គាល់ថាជាគណៈកម្មាធិការគម្ពីរសេចក្ដីបកប្រែពិភពលោកថ្មី។ សមាជិកនៃគណៈកម្មាធិការនេះ មិនព្យាយាមចង់បានមុខមាត់ទេ ហើយពួកគាត់សុំមិនបញ្ចេញឈ្មោះខ្លួន ទោះបីជាក្រោយពួកគាត់ស្លាប់ហើយក៏ដោយ។—កូរិនថូសទី១ ១០:៣១
ហេតុអ្វីដាក់ឈ្មោះថាសេចក្ដីបកប្រែពិភពលោកថ្មី? បុព្វកថាក្នុងសេចក្ដីបកប្រែពិភពលោកថ្មីឆ្នាំ១៩៥០ បានពន្យល់ថាឈ្មោះនេះបង្ហាញអំពីការជឿជាក់យ៉ាងមុតមាំថា មនុស្សជាតិ«ជិតចូលក្នុងពិភពលោកថ្មី»ដែលបានត្រូវសន្យានៅពេត្រុសទី២ ៣:១៣។ គណៈកម្មាធិការបកប្រែបានសរសេរថា ក្នុងអំឡុងពេលផ្លាស់ប្ដូរពី«ពិភពលោកចាស់ទៅពិភពលោកថ្មីដ៏សុចរិត» ជាការសំខាន់ណាស់ដែលយើងមានសេចក្ដីបកប្រែគម្ពីរដែលធ្វើឲ្យ«សេចក្ដីពិតដ៏បរិសុទ្ធក្នុងបណ្ដាំរបស់ព្រះ»ភ្លឺចិញ្ចាចចិញ្ចែង។
សេចក្ដីបកប្រែដែលត្រឹមត្រូវ
គោលដៅចម្បងគឺមានភាពត្រឹមត្រូវ។ អ្នកបកប្រែសេចក្ដីបកប្រែពិភពលោកថ្មីជាភាសាអង់គ្លេសបកប្រែផ្ទាល់ពីភាសាហេប្រឺ ភាសាអេរ៉ាម និងភាសាក្រិច ដោយប្រើឯកសារដើមល្អបំផុត។ ពួកគាត់ប្រិតប្រៀងបកប្រែដូចឯកសារដើម តែប្រើភាសាដែលមនុស្សនៅសម័យនេះងាយយល់។
ហេតុនេះ មិនគួរឲ្យភ្ញាក់ផ្អើលឡើយ បណ្ឌិតគម្ពីរខ្លះបានសរសើរសេចក្ដីបកប្រែពិភពលោកថ្មី ដោយសារមានភាពស្មោះត្រង់និងត្រឹមត្រូវ។ នៅឆ្នាំ១៩៨៩ សាស្ត្រាចារ្យបេនយ៉ាមីន កេដារ ខូហ្វស្តាញ ដែលជាបណ្ឌិតភាសាហេប្រឺនៅអ៊ីស្រាអែលបាននិយាយថា៖«ក្នុងការសិក្សាស្រាវជ្រាវផ្នែកភាសាទាក់ទងនឹងបទគម្ពីរភាសាហេប្រឺនិងសេចក្ដីបកប្រែផ្សេងៗ ជាញឹកញយខ្ញុំប្រើសេចក្ដីបកប្រែមួយជាភាសាអង់គ្លេស ដែលគេស្គាល់ថាជាសេចក្ដីបកប្រែពិភពលោកថ្មី។ ដោយធ្វើដូច្នេះ ខ្ញុំឃើញថាសេចក្ដីបកប្រែនេះមានភាពស្មោះត្រង់ ហើយអ្នកបកប្រែខំព្យាយាមបកអត្ថន័យឲ្យដូចអត្ថន័យដើមយ៉ាងត្រឹមត្រូវបំផុត»។
ការបកប្រែគម្ពីរជាភាសាផ្សេងៗ
ហេតុនេះជាការសមត្រឹមត្រូវណាស់ដែលសាក្សីព្រះយេហូវ៉ាបកប្រែគម្ពីរសេចក្ដីបកប្រែពិភពលោកថ្មី ទៅជាភាសាផ្សេងៗ។ រហូតមកដល់សព្វថ្ងៃនេះ សេចក្ដីបកប្រែពិភពលោកថ្មីបានត្រូវបោះពុម្ពផ្នែកខ្លះឬទាំងមូលជាង២៤០លានក្បាលនិង២០៣ភាសា។ ដើម្បីសម្រេចកិច្ចការនេះ វិធីបកប្រែគម្ពីរបានត្រូវរៀបចំឡើង។ កម្មវិធីនេះរួមបញ្ចូលការសិក្សាស្រាវជ្រាវពាក្យក្នុងគម្ពីរជាមួយនឹងកម្មវិធីកុំព្យូទ័រ។ ដើម្បីជួយអ្នកបកប្រែ ផ្នែកផ្ដល់ជំនួយដល់អ្នកបកប្រែបានត្រូវរៀបចំឡើង។ គណៈអភិបាលនៃសាក្សីព្រះយេហូវ៉ាត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើការបកប្រែគម្ពីរតាមរយៈគណៈកម្មាធិការខាងការនិពន្ធ។ ប៉ុន្តែ តើកិច្ចការនេះបានត្រូវសម្រេចយ៉ាងដូចម្ដេច?
ដំបូង គ្រិស្តសាសនិកដែលមានចិត្តខ្នះខ្នែងបានត្រូវតែងតាំងឲ្យបម្រើជាក្រុមបកប្រែ។ តាមរយៈបទពិសោធន៍បង្ហាញថា ពេលអ្នកបកប្រែធ្វើកិច្ចការជាក្រុមជាជាងធ្វើម្នាក់ឯង ពួកគេបកប្រែល្អជាងហើយមានតុល្យភាពជាង។ (សុភាសិត ១១:១៤) ជាទូទៅ សមាជិកម្នាក់ៗក្នុងក្រុមមានបទពិសោធន៍បកប្រែសៀវភៅផ្សេងៗរបស់សាក្សីព្រះយេហូវ៉ា។ បន្ទាប់មក ក្រុមនោះទទួលការបង្ហាត់បង្រៀនសព្វគ្រប់សម្រាប់ការបកប្រែគម្ពីរ និងការប្រើកម្មវិធីកុំព្យូទ័រដែលបានត្រូវរៀបចំជាពិសេសសម្រាប់បកប្រែគម្ពីរ។
ក្រុមបកប្រែគម្ពីរបានទទួលការណែនាំល្អដើម្បីបកប្រែគម្ពីរដែលត្រឹមត្រូវ និងស្រួលយល់សម្រាប់មនុស្សទូទៅ។ បើអាចធ្វើបាន ក្រុមបកប្រែបកន័យត្រង់ តែដំណាលគ្នានោះមិនគួរបកខុសអត្ថន័យដើមទេ។ តើនេះធ្វើឡើងយ៉ាងដូចម្ដេច? សូមពិចារណាគម្ពីរថ្មីដែលទើបតែចេញ។ ក្រុមបកប្រែចាប់ផ្ដើមដោយបកប្រែពាក្យសំខាន់ៗដែលមាននៅក្នុងសេចក្ដីបកប្រែពិភពលោកថ្មី ពីភាសាអង់គ្លេសទៅជាភាសាខ្មែរ។ រួចកម្មវិធីកុំព្យូទ័រសម្រាប់បកប្រែ(Watchtower Translation System) បង្ហាញពាក្យសទិសន័យនិងពាក្យដែលទាក់ទងគ្នាក្នុងគម្ពីរ។ បន្ថែមទៅទៀត កម្មវិធីនោះបង្ហាញពាក្យដើមជាភាសាក្រិច និងភាសាហេប្រឺដែលបានត្រូវបកប្រែទៅជាភាសាអង់គ្លេស។ យ៉ាងនេះ ក្រុមអ្នកបកប្រែអាចដឹងអំពីរបៀបដែលពាក្យទាំងនោះបានត្រូវបកប្រែជាភាសាអង់គ្លេសនៅកន្លែងផ្សេងៗ។ ពេលក្រុមបកប្រែយល់ស្របគ្នានឹងពាក្យទាំងនោះ ពួកគេចាប់ផ្ដើមបកប្រែគម្ពីរមួយខម្ដងៗ ដោយផ្ទៀងផ្ទាត់ពាក្យជាភាសាខ្មែរក្នុងកម្មវិធីកុំព្យូទ័រនោះ។
ប៉ុន្តែ ការបកប្រែមិនគ្រាន់តែជាការបកមួយពាក្យៗប៉ុណ្ណោះទេ។ ក្រុមបកប្រែខំព្យាយាមធ្វើឲ្យប្រាកដថាគំនិតក្នុងគម្ពីរ បានត្រូវបកប្រែយ៉ាងត្រឹមត្រូវស្របតាមបរិបទនីមួយៗ។ នៅដំណាលគ្នានោះ ក្រុមបកប្រែខំព្យាយាមយ៉ាងហ្មត់ចត់ដើម្បីឲ្យវេយ្យាករណ៍និងប្រយោគស្រួលយល់ និងមានលក្ខណៈធម្មជាតិជាភាសាខ្មែរ។ គុណភាពល្អនៃការបកប្រែបញ្ជាក់ថាក្រុមបកប្រែខំព្យាយាមយ៉ាងខ្លាំង។ សេចក្ដីបកប្រែពិភពលោកថ្មីជាភាសាខ្មែរ បកបណ្ដាំរបស់ព្រះតាមរបៀបមួយដែលច្បាស់ ស្រួលអាន ស្រួលយល់ និងត្រឹមត្រូវតាមភាសាដើម។ *
យើងសូមលើកទឹកចិត្តលោកអ្នកឲ្យពិនិត្យមើលគម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មីដោយខ្លួនលោកអ្នកផ្ទាល់។ លោកអ្នកអាចអានគម្ពីរនេះតាមគេហទំព័ររបស់យើង ឬតាមកម្មវិធីJWបណ្ណាល័យ ឬស្នើសុំសៀវភៅគម្ពីរមួយច្បាប់ពីក្រុមជំនុំនៃសាក្សីព្រះយេហូវ៉ានៅតំបន់លោកអ្នក។ លោកអ្នកអាចអានគម្ពីរនេះដោយមានទំនុកចិត្តថា គម្ពីរនេះបានបកប្រែបណ្ដាំរបស់ព្រះយ៉ាងត្រឹមត្រូវជាភាសារបស់លោកអ្នក។ លោកអ្នកច្បាស់ជាយល់ស្របថា ការចេញគម្ពីរថ្មីនេះគឺពិតជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្ររបស់សាក្សីព្រះយេហូវ៉ាមែន!
លក្ខណៈពិសេសនៃសេចក្ដីបកប្រែពិភពលោកថ្មី
តើយើងអាចរៀនអ្វីពីបណ្ដាំរបស់ព្រះ?: ក្នុងផ្នែកនេះមានខគម្ពីរផ្សេងៗដែលឆ្លើយសំណួរទាំង២០អំពីសេចក្ដីបង្រៀនបឋមក្នុងគម្ពីរ
ការបកប្រែយ៉ាងត្រឹមត្រូវ: ក្រុមអ្នកបកប្រែប្រិតប្រៀងបកប្រែពីភាសាដើមគឺភាសាហេប្រឺ ភាសាអេរ៉ាម និងភាសាក្រិចទៅភាសាអង់គ្លេស ហើយក្រោយមកទៅជាភាសាខ្មែរឲ្យដូចភាសាដើមនិងត្រឹមត្រូវបំផុត
ខគម្ពីរយោង: ណែនាំអ្នកអានឲ្យបើកទៅខគម្ពីរផ្សេងទៀតដែលទាក់ទងគ្នា
សេចក្ដីពន្យល់បន្ថែមផ្នែកក: រៀបរាប់អំពីលក្ខណៈមួយចំនួននៃគម្ពីរកំណែថ្មី ដូចជាការផ្លាស់ប្ដូរទម្រង់ឃ្លានិងពាក្យ ព្រមទាំងការបកប្រែបណ្ដាំរបស់ព្រះ
សេចក្ដីពន្យល់បន្ថែមផ្នែកខ: រួមបញ្ចូលផែនទីនិងតារាងចំនួន១៥ដែលមានពណ៌
^ វគ្គ 7 ជាទូទៅគេហៅថាសញ្ញាចាស់។
^ វគ្គ 9 ជាឧទាហរណ៍ អ្នកចាត់ចែងការបកប្រែគម្ពីរNew International Versionរៀបរាប់ថា៖«យេហូវ៉ាគឺជានាមដ៏វិសេសរបស់ព្រះ ហើយតាមពិតយើងគួរតែប្រើនាមនេះ។ ប៉ុន្តែ យើងបានចំណាយលុយ២.២៥០.០០០ដុល្លារក្នុងការបកប្រែនេះ ហើយបើយើងបកប្រែនាមព្រះដូចនៅចម្រៀងសរសើរព្រះ បទ២៣ថា៖‹យ៉ាវេជាគង្វាលខ្ញុំ› នោះយើងនឹងខាតលុយទាំងអស់។ ដូច្នេះ ការបកប្រែរបស់យើងនឹងបង់ប្រយោជន៍ហើយ»។
^ វគ្គ 12 ជាទូទៅគេហៅថាសញ្ញាថ្មី។