លោតទៅអត្ថបទ

ហេតុអ្វីសាក្សីព្រះយេហូវ៉ារក្សាអព្យាក្រឹតភាពក្នុងរឿងនយោបាយ?

ហេតុអ្វីសាក្សីព្រះយេហូវ៉ារក្សាអព្យាក្រឹតភាពក្នុងរឿងនយោបាយ?

 សាក្សី​ព្រះ​យេហូវ៉ា​រក្សា​អព្យាក្រឹត​ភាព​ក្នុង​រឿង​នយោបាយ គឺ​មាន​មូលដ្ឋាន​លើ​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ។ យើង​មិន​ព្យាយាម​មាន​ឥទ្ធិពល​លើ​អ្នក​នយោបាយ ឬ​ក្លាយ​ទៅ​ជា​អ្នក​នយោបាយ​ឡើយ។ ​យើង​ក៏​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​នយោបាយ ឬ​បេក្ខជន​ណា​មួយ​ដែរ។ ម្យ៉ាង​ទៀត យើង​មិន​ចូល​រួម​ក្នុង​សកម្មភាព​ណា​មួយ​ដើម្បី​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​នោះ​ទេ។ ការ​ដែល​យើង​ធ្វើ​ដូច្នេះ ក៏​ព្រោះ​តែ​យើង​ដឹង​ថា​គម្ពីរ​មាន​មូល​ហេតុ​ច្បាស់​លាស់​ដូច​បញ្ជាក់​នៅ​ខាង​ក្រោម​នេះ៖

  •   យើង​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​ដែល​បាន​បដិសេធ​ទទួល​យក​មុខ​តំណែង​ក្នុង​រដ្ឋាភិបាល។ (យ៉ូហាន ៦:១៥) លោក​បាន​បង្រៀន​សាវ័ក​របស់​លោក​ថា​ ពួក​គេ​«មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ទេ» ហើយ​លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួក​គេ​មិន​គួរ​គាំ​ទ្រ​ក្នុង​រឿង​នយោបាយ​ឡើយ។—យ៉ូហាន ១៧:១៤, ១៦; ១៨:៣៦; ម៉ាកុស ១២:១៣​-​១៧

  •   យើង​មាន​ភក្ដី​ភាព​ចំពោះ​រាជាណាចក្រ​របស់​ព្រះ ដូច​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា៖​«ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី»។ (ម៉ាថាយ ២៤:១៤) ក្នុង​នាម​ជា​អ្នក​តំណាង​រាជាណាចក្រ​របស់​ព្រះ យើង​បាន​ត្រូវ​ចាត់​ឲ្យ​ប្រកាស​អំពី​ការ​មក​ដល់​នៃ​រាជាណាចក្រ​នោះ ហើយ​យើង​រក្សា​អព្យាក្រឹត​ភាព​ក្នុង​រឿង​នយោបាយ​គ្រប់​ប្រទេស​ទាំង​អស់ រួម​បញ្ចូល​ប្រទេស​ដែល​យើង​រស់​នៅ​ផង​ដែរ។—កូរិនថូស​ទី២ ៥:២០; អេភេសូរ ៦:២០

  •   ដោយ​រក្សា​អព្យាក្រឹត​ភាព យើង​អាច​និយាយ​ដោយ​សេរី​អំពី​ដំណឹង​ល្អ​នៃ​រាជាណាចក្រ​ព្រះ​ទៅ​កាន់​មនុស្ស​ទាំង​អស់ ទោះ​ជា​ពួក​គេ​គាំ​ទ្រ​គណបក្ស​នយោបាយ​ណា​ក៏​ដោយ។ តាម​រយ:​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​យើង យើង​ព្យាយាម​បង្ហាញ​ថា​យើង​ពឹង​ផ្អែក​ទៅ​លើ​រាជាណាចក្រ​ព្រះ​ដែល​នឹង​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​របស់​ពិភព​លោក​នេះ។—ទំនុក​តម្កើង ៥៦:១១

  •   ដោយ​សារ​យើង​ជៀស​វាង​ពី​ការ​គាំ​ទ្រ​ម្ខាងៗ​ក្នុង​រឿង​នយោបាយ យើង​មាន​សាមគ្គី​ភាព​ជា​បង​ប្អូន​រួម​ជំនឿ​នៅ​ទូ​ទាំង​ពិភព​លោក។ (កូឡុស ៣:១៤; ពេត្រុស​ទី១ ២:១៧) ផ្ទុយ​ទៅ​វិញ សាសនា​ដែល​គាំ​ទ្រ​ម្ខាងៗ​ក្នុង​រឿង​នយោបាយ នាំ​ឲ្យ​មាន​ការ​បែក​បាក់​គ្នា​ក្នុង​ចំណោម​សមាជិក​របស់​ពួក​គេ។—កូរិនថូស​ទី១ ១:១០

 ការ​គោរព​រដ្ឋាភិបាល។ ទោះ​បី​ជា​យើង​មិន​រួម​ចំណែក​ក្នុង​រឿង​នយោបាយ​ក៏​ដោយ យើង​ចុះ​ចូល​ចំពោះ​អំណាច​របស់​រដ្ឋាភិបាល​នៅ​ប្រទេស​ដែល​យើង​រស់​នៅ។ នេះ​គឺ​ស្រប​តាម​បង្គាប់​ក្នុង​គម្ពីរ​ដែល​ចែង​ថា៖​«ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ចុះ​ចូល​នឹង​ពួក​អាជ្ញាធរ»។ (រ៉ូម ១៣:១) យើង​គោរព​ច្បាប់​ យើង​បង់​ពន្ធ ហើយ​យើង​ចុះ​ចូល​នឹង​រដ្ឋាភិបាល ព្រោះ​រដ្ឋាភិបាល​ព្យាយាម​ថែ​រក្សា​សុខមាលភាព​របស់​ប្រជា​ពលរដ្ឋ។ ជា​ជាង​ព្យាយាម​ប្រឆាំង​នឹង​រដ្ឋាភិបាល យើង​ធ្វើ​តាម​ឱវាទ​នៅ​ក្នុង​គម្ពីរ​ដោយ​អធិដ្ឋាន​ឲ្យ​«ស្តេច​នា​នា និង​អស់​អ្នក​ដែល​មាន​ឋានៈ​ខ្ពង់​ខ្ពស់» ជា​ពិសេស​ពេល​ដែល​ពួក​គេ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​អាច​ប៉ះ​ពាល់​ដល់​សេរី​ភាព​នៃ​ការ​គោរព​ប្រណិប័តន៍​របស់​យើង។—ធីម៉ូថេ​ទី១ ២:១, ២

 យើង​ក៏​គោរព​សិទ្ធិ​អ្នក​ឯ​ទៀត​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​ក្នុង​រឿង​នយោបាយ​ដែរ។ ជា​ឧទាហរណ៍ យើង​មិន​បង្ក​បញ្ហា​ក្នុង​ការ​បោះ​ឆ្នោត ឬ​ពាក់​ព័ន្ធ​ជា​មួយ​អ្នក​ឯ​ទៀត​ក្នុង​រឿង​បោះ​ឆ្នោត​ឡើយ។

 តើ​ការ​កាន់​ជំហរ​អព្យាក្រឹត​របស់​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ជា​អ្វី​ដែល​ថ្មី​ឬ​ទេ? មិន​មែន​ទេ។ សាវ័ក​ប៉ូល​និង​គ្រិស្ត​សាសនិក​ឯ​ទៀត​នៅ​សតវត្សរ៍​ទី​១​បាន​រក្សា​ជំហរ​អព្យាក្រឹត​ភាព ដោយ​មិន​រួម​ចំណែក​ក្នុង​រឿង​នយោបាយ។ សៀវភៅ​មួយ​បាន​រៀប​រាប់​ថា​៖«ទោះ​ជា​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ដឹង​ថា​ពួក​គាត់​មាន​កាតព្វកិច្ច​គោរព​អំណាច​រដ្ឋាភិបាល​ក៏​ដោយ ពួក​គាត់​មិន​បាន​រួម​ចំណែក​ក្នុង​រឿង​នយោបាយ​ឡើយ» (Beyond Good In​tentions)។ ស្រដៀង​គ្នា​ដែរ សៀវភៅ​មួយ​ទៀត​រៀប​រាប់​ថា​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​«មិន​ព្រម​កាន់​មុខ​តំណែង​ណា​មួយ​ក្នុង​ជួរ​រដ្ឋាភិបាល​ទេ» (On the Road to Civilization)។

 តើ​ការ​កាន់​ជំហរ​អព្យាក្រឹត​របស់​យើង​ក្នុង​រឿង​នយោបាយ​ប៉ះ​ពាល់​ដល់​សន្ដិ​សុខ​ជាតិ​ឬ​ទេ? មិន​ប៉ះ​ពាល់​ទេ។ យើង​ជា​ពលរដ្ឋ​ដែល​ស្រឡាញ់​សន្ដិ​ភាព ដូច្នេះ​គ្មាន​ហេតុ​ឲ្យ​រដ្ឋាភិបាល​ភ័យ​ខ្លាច​ឡើយ។ សូម​ពិចារណា​អំពី​សេចក្ដី​រាយ​ការណ៍​មួយ​នៅ​ឆ្នាំ​២០០១ ដែល​បាន​ត្រូវ​រៀប​ចំ​ឡើង​ដោយ​បណ្ឌិត​សភា​ជាតិ​ខាង​វិទ្យា​សាស្ត្រ​នៅ​ប្រទេស​អ៊ុយក្រែន។ ក្នុង​សេចក្ដី​រាយ​ការណ៍​នោះ​បាន​និយាយ​អំពី​ការ​កាន់​ជំហរ​អព្យាក្រឹត​របស់​យើង​ក្នុង​រឿង​នយោបាយ​ថា៖​«សព្វ​ថ្ងៃ​នេះ​មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​មិន​ចូល​ចិត្ត​ការ​កាន់​ជំហរ​អព្យាក្រឹត​របស់​សាក្សី​ព្រះ​យេហូវ៉ា​ទេ ដោយ​សារ​នៅ​អតីត​កាល​ក្រោម​របប​ផ្ដាច់​ការ​ណាត្ស៊ី​និង​របប​កុម្មុយនីស្ត ពួក​គេ​បាន​ចោទ​ប្រកាន់​ចំពោះ​សាក្សី​ព្រះ​យេហូវ៉ា»។ ប៉ុន្តែ ទោះ​ជា​នៅ​ក្រោម​អំណាច​របស់​សហភាព​សូវៀត​ក្ដី សាក្សី​ព្រះ​យេហូវ៉ា​«បាន​រក្សា​ខ្លួន​ជា​ពលរដ្ឋ​ដែល​គោរព​ច្បាប់។ ពួក​គេ​ធ្វើ​កិច្ច​ការ​ខាង​កសិកម្ម និង​ឧស្សាហ៍​កម្ម​យ៉ាង​ស្មោះ​ត្រង់​ដោយ​មិន​គិត​ពី​ប្រយោជន៍​ខ្លួន ហើយ​នេះ​មិន​មាន​ការ​ប៉ះ​ពាល់​ដល់​របប​កុម្មុយនីស្ត​ឡើយ»។ សេចក្ដី​រាយ​ការណ៍​ដដែល​នោះ​បាន​សរុប​សេចក្ដី​ថា ជំនឿ​និង​ការ​ប្រព្រឹត្ត​របស់​សាក្សី​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ​មិន​បាន​«ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សាមគ្គី​ភាព​និង​សុវត្ថិភាព​របស់​ប្រទេស​ណា​មួយ​ឡើយ»។