លោតទៅអត្ថបទ

តើសាក្សីព្រះយេហូវ៉ាជឿលើគម្ពីរសញ្ញាចាស់ឬទេ?

តើសាក្សីព្រះយេហូវ៉ាជឿលើគម្ពីរសញ្ញាចាស់ឬទេ?

 ជឿ។ សាក្សី​ព្រះ​យេហូវ៉ា​ជឿ​ថា​គម្ពីរ​ទាំង​មូល«បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ហើយ​មាន​ប្រយោជន៍​សម្រាប់​បង្រៀន»។ (ធីម៉ូថេ​ទី​២ ៣:១៦) នេះ​រួម​បញ្ចូល​គម្ពីរ​សញ្ញា​ចាស់​និង​សញ្ញា​ថ្មី ជា​អ្វី​ដែល​គេ​និយម​ហៅ។ តាម​ធម្មតា សាក្សី​ព្រះ​យេហូវ៉ា​ហៅ​ផ្នែក​នៃ​គម្ពីរ​នោះ​ថា​បទ​គម្ពីរ​ភាសា​ហេប្រឺ ហើយ​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច។ ដោយ​ហៅ​បែប​នេះ យើង​ជៀស​វាង​ពី​ពាក្យ​រិះ​គន់​ដែល​ថា​គម្ពីរ​គឺ​ហួស​សម័យ​ហើយ ឬ​មិន​ទាក់​ទង​នឹង​សម័យ​យើង​ទេ។

ហេតុ​អ្វី​គ្រិស្ត​សាសនិក​ត្រូវ​ការ​ទាំង​សញ្ញា​ចាស់​និង​សញ្ញា​ថ្មី?

 ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ គ្រិស្ត​សាសនិក​ម្នាក់​ដែល​ជា​សាវ័ក​ប៉ូល​បាន​សរសេរ​ថា៖«អ្វីៗទាំង​អស់​ដែល​បាន​ត្រូវ​សរសេរ​ទុក​ជា​មុន បាន​ត្រូវ​សរសេរ​ទុក​ដើម្បី​ណែនាំ​យើង»។ (រ៉ូម ១៥:៤) ហេតុ​នេះ មាន​ព័ត៌មាន​ដ៏​សំខាន់​សម្រាប់​យើង​ក្នុង​បទ​គម្ពីរ​ហេប្រឺ។ ក្នុង​ចំណោម​អ្វីៗជា​ច្រើន បទ​គម្ពីរ​មាន​កំណត់​ហេតុ​ប្រវត្ដិសាស្ត្រ​និង​ការ​ណែនាំ​ដែល​មាន​ប្រយោជន៍​សម្រាប់​យើង

  •   កំណត់​ហេតុ​ប្រវត្ដិសាស្ត្រ។ បទ​គម្ពីរ​ហេប្រឺ​រួម​បញ្ចូល​កំណត់​ហេតុ​ល្អិត​ល្អន់​ស្តី​អំពី​ការ​បង្កើត​របស់​សព្វសារពើ និង​មនុស្សជាតិ​ធ្លាក់​ទៅ​ក្នុង​ភាព​ខុស​ឆ្គង។ បើ​គ្មាន​ព័ត៌មាន​ទាំង​នោះ​ទេ យើង​នឹង​មិន​អាច​ទទួល​ចម្លើយ​ដែល​នាំ​ឲ្យ​អស់​ចិត្ត​ពី​សំណួរ​ដូច​នេះ​ទេ គឺ: តើ​មនុស្ស​យើង​មក​ពី​ណា? ហេតុ​អ្វី​មនុស្ស​យើង​ស្លាប់? (លោកុប្បត្តិ ២:៧, ១៧) បន្ថែម​ទៅ​ទៀត បទ​គម្ពីរ​ហេប្រឺ​កត់​ទុក​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ចំពោះ​រាស្ត្រ​ដ៏​មាន​អំណរ​របស់​លោក និង​អំពី​កាលៈទេសៈ​ផ្សេងៗស្រដៀង​នឹង​យើង​ដែរ។—យ៉ាកុប ៥:១៧

  •   ការ​ណែនាំ​ដែល​មាន​ប្រយោជន៍។ សៀវភៅ​គម្ពីរ​សុភាសិត​និង​សាស្ដា​ជា​សៀវភៅ​ដែល​មាន​ក្នុង​បទ​គម្ពីរ​ហេប្រឺ មាន​រៀប​រាប់​ច្រើន​ដង​អំពី​ប្រាជ្ញា​សម្រាប់​ការ​រស់​នៅ។ សៀវភៅ​ទាំង​នោះ​ផ្ដល់​ការ​ណែនាំ​អំពី​របៀប​ទទួល​បាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ (សុភាសិត ១៥:១៧) របៀប​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​ងារ (សុភាសិត ១០:៤; សាស្ដា ៤:៦) និង​របៀប​ដែល​ប្អូនៗយុវវ័យ​អាច​ប្រើ​គ្រា​យុវវ័យ​របស់​គាត់​តាម​របៀប​ដែល​នាំ​ឲ្យ​មាន​សុភមង្គល​ខ្លាំង​បំផុត (សាស្ដា ១១:៩–១២:១)

 ជាង​នោះ​ទៅ​ទៀត យើង​អាច​ទទួល​ប្រយោជន៍​ពី​ការ​សិក្សា​អំពី​ច្បាប់​ម៉ូសេ​ដូច​កត់​ទុក​ក្នុង​គម្ពីរ​ថូ​រ៉ា (សៀវភៅ​ប្រាំ​ដំបូង​ក្នុង​គម្ពីរ) ទោះ​ជា​គ្រិស្ត​សាសនិក​មិន​ធ្វើ​តាម​ច្បាប់​នោះ​ក្ដី តែ​ច្បាប់​ទាំង​នោះ​មាន​គោល​ការណ៍​ដ៏​មាន​តម្លៃ​ជា​ច្រើន​ដែល​អាច​ជួយ​យើង​មាន​សុភមង្គល​ក្នុង​ជីវិត។—លេវីវិន័យ ១៩:១៨; ចោទិយកថា ៦:៥​-​៧