តើតាមរបៀបណាខ្ញុំអាចក្លាយទៅជាសាក្សីព្រះយេហូវ៉ា?
លោកយេស៊ូបានរៀបរាប់នៅម៉ាថាយ ២៨:១៩, ២០អំពីជំហានផ្សេងៗ ដើម្បីក្លាយទៅជាសាក្សីព្រះយេហូវ៉ា។ នៅក្នុងខទាំងនោះបានរៀបរាប់អំពីអ្វីដែលបុគ្គលម្នាក់ត្រូវធ្វើ ដើម្បីក្លាយទៅជាអ្នកកាន់តាមគ្រិស្ត ដែលរួមបញ្ចូលការធ្វើជាសាក្សីបញ្ជាក់ ឬការប្រាប់អ្នកឯទៀតអំពីព្រះយេហូវ៉ា។
ជំហានទី១: រៀនអ្វីដែលគម្ពីរបង្រៀន។ លោកយេស៊ូបានបង្គាប់អ្នកកាន់តាមលោកឲ្យ‹បង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាម›លោក។ (ម៉ាថាយ ២៨:១៩, ២០) ពាក្យដែលបានត្រូវបកប្រែថា«អ្នកកាន់តាម»មានន័យថា«អ្នករៀន»។ ជាពិសេស សេចក្ដីបង្រៀនរបស់លោកយេស៊ូគ្រិស្តក្នុងគម្ពីរ មានព័ត៌មានដែលលោកអ្នកត្រូវការដើម្បីជួយឲ្យជីវិតលោកអ្នកមានសុភមង្គល និងមានន័យខ្លឹមសារ។ (ធីម៉ូថេទី២ ៣:១៦, ១៧) យើងខ្ញុំរីករាយនឹងជួយបង្រៀនលោកអ្នកអំពីគម្ពីរ តាមរយៈវគ្គសិក្សាគម្ពីរដោយឥតគិតថ្លៃ។—ម៉ាថាយ ១០:៧, ៨; ថែស្សាឡូនិចទី១ ២:១៣
ជំហានទី២: ធ្វើតាមអ្វីដែលអ្នកបានរៀន។ លោកយេស៊ូបានមានប្រសាសន៍ថាអស់អ្នកដែលរៀនក៏ត្រូវ«កាន់តាមអ្វីៗទាំងអស់ដែល[លោក]បានបង្គាប់»ដែរ។ (ម៉ាថាយ ២៨:២០) នេះមានន័យថាលោកអ្នកសិក្សាគម្ពីរមិនគ្រាន់តែដើម្បីមានចំណេះដឹងប៉ុណ្ណោះទេ តែលោកអ្នកក៏ត្រូវធ្វើការកែប្រែរបៀបគិតគូរនិងការប្រព្រឹត្តរបស់លោកអ្នកដែរ។ (សកម្មភាព ១០:៤២; អេភេសូរ ៤:២២-២៩; ហេប្រឺ ១០:២៤, ២៥) ក្រោយមក អស់អ្នកដែលធ្វើតាមបង្គាប់របស់លោកយេស៊ូ នឹងត្រូវជំរុញឲ្យធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនក្នុងការកាន់តាមលោកដោយប្រគល់ជីវិតរបស់ពួកគេជូនព្រះយេហូវ៉ា។—ម៉ាថាយ ១៦:២៤
ជំហានទី៣: ទទួលការជ្រមុជទឹក។ (ម៉ាថាយ ២៨:១៩) គម្ពីរបានប្រៀបប្រដូចការជ្រមុជទឹកទៅនឹងការបញ្ចុះសព។ (សូមពិនិត្យបន្ថែម រ៉ូម ៦:២-៤) ពេលបុគ្គលម្នាក់ទទួលការជ្រមុជទឹក គាត់លះបង់របៀបរស់នៅចាស់ ហើយចាប់ផ្ដើមរបៀបរស់នៅថ្មី។ ដូច្នេះ ការទទួលការជ្រមុជទឹករបស់លោកអ្នកជាការបង្ហាញជាសាធារណៈថា លោកអ្នកបានបំពេញជំហានទី១និងទី២ដែលលោកយេស៊ូបានរៀបរាប់រួចហើយ។ នេះក៏បង្ហាញដែរថាលោកអ្នកកំពុងសុំព្រះជួយឲ្យលោកអ្នកមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស។—ហេប្រឺ ៩:១៤; ពេត្រុសទី១ ៣:២១
តើតាមរបៀបណាខ្ញុំអាចដឹងថាខ្ញុំមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹក?
សូមនិយាយជាមួយនឹងអ្នកចាស់ទុំនៅក្នុងក្រុមជំនុំ។ ពួកគាត់នឹងពិគ្រោះជាមួយលោកអ្នក ដើម្បីប្រាកដថាលោកអ្នកពិតជាយល់អត្ថន័យនៃការទទួលការជ្រមុជទឹក ហើយដើម្បីប្រាកដថាលោកអ្នកកំពុងធ្វើតាមអ្វីដែលលោកអ្នកបានរៀន ព្រមទាំងបានសម្រេចចិត្តប្រគល់ខ្លួនជូនព្រះដោយស្ម័គ្រពីចិត្ត។—សកម្មភាព ២០:២៨; ពេត្រុសទី១ ៥:១-៣
តើកូនដែលមានឪពុកម្ដាយជាសាក្សីព្រះយេហូវ៉ា ត្រូវធ្វើតាមជំហានទាំងនេះឬទេ?
មែនហើយ។ យើងចិញ្ចឹមអប់រំកូនៗរបស់យើងស្រប«ទៅតាមការប្រៀនប្រដៅរបស់ព្រះយេហូវ៉ា ហើយបណ្ដុះឲ្យកូនមានគំនិតដូចលោក»ដូចគម្ពីរបានបង្គាប់។ (អេភេសូរ ៦:៤) ទោះជាដូច្នោះក៏ដោយ កាលដែលកូនៗធំឡើង ពួកគេត្រូវធ្វើការសម្រេចចិត្តដោយខ្លួនឯងថាតើពួកគេចង់រៀន ចង់ទទួលយក និងចង់ធ្វើតាមអ្វីដែលគម្ពីរបង្រៀនឬយ៉ាងណា មុនពួកគេអាចមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹក។ (រ៉ូម ១២:២) នៅទីបំផុត បុគ្គលម្នាក់ៗត្រូវតែសម្រេចចិត្តដោយខ្លួនឯងស្ដីអំពីការគោរពប្រណិប័តន៍ព្រះ។—រ៉ូម ១៤:១២; កាឡាទី ៦:៥