ជំនួយសម្រាប់ក្រុមគ្រួសារ
របៀបជួយកូនឲ្យមានពិន្ទុល្អនៅសាលា
តាមមើលទៅ កូនរបស់អ្នកមិនយកចិត្តទុកដាក់ចំពោះការរៀនសូត្រនៅសាលាទេ ហើយកូនក៏ចេះតែគេចមិនចង់រៀនឬធ្វើលំហាត់ដែលគ្រូឲ្យធ្វើនៅផ្ទះដែរ។ ជាលទ្ធផល ពិន្ទុធ្លាក់ចុះ ហើយកូនកាន់តែខូច។ តើតាមរបៀបណាអ្នកអាចជួយកូនឲ្យទទួលពិន្ទុល្អនៅសាលា?
អ្វីដែលអ្នកគួរដឹង
បើអ្នកបង្ខិតបង្ខំកូន នោះនាំឲ្យមានបញ្ហាធំជាង។ ពេលអ្នកបង្ខិតបង្ខំកូន នោះធ្វើឲ្យកូនតានតឹងចិត្តទាំងនៅសាលាទាំងនៅផ្ទះ! ដើម្បីកុំឲ្យតានតឹងចិត្ត កូនប្រហែលជានិយាយកុហក ខំលាក់ពិន្ទុមិនល្អ លួចចម្លងហត្ថលេខារបស់អ្នកដើម្បីចុះលើសៀវភៅសិក្ខាគារិក ឬគេចសាលា។ ដូច្នេះបញ្ហានេះនឹងធំទៅៗ។
ការឲ្យអំណោយជារង្វាន់អាចនាំឲ្យបរាជ័យវិញ។ ឪពុកម្នាក់ឈ្មោះអេនទ្រូបាននិយាយថា៖«យើងធ្លាប់សាកល្បងឲ្យអំណោយទៅកូនស្រីរបស់យើងពេលកូនទទួលពិន្ទុល្អដើម្បីជារង្វាន់។ ប៉ុន្តែនេះធ្វើឲ្យកូនចេះតែផ្ដោតអារម្មណ៍លើអំណោយជានិច្ច។ នៅពេលដែលពិន្ទុមិនល្អ នាងខកចិត្តខ្លាំងដោយសារមិនបានទទួលអំណោយដែលជារង្វាន់ មិនមែនខកចិត្តដោយសារពិន្ទុមិនល្អទេ»។
ការបន្ទោសគ្រូបង្រៀនគឺមិនអាចដោះស្រាយបញ្ហាទេ។ កូនរបស់អ្នកអាចចាប់ផ្ដើមគិតថា គាត់មិនចាំបាច់ខំប្រឹងដើម្បីទទួលបានពិន្ទុល្អឡើយ។ កូនក៏ប្រហែលជាចាប់ផ្ដើមបន្ទោសអ្នកឯទៀតនៅពេលដែលខ្លួនធ្វើខុស ហើយទាមទារឲ្យអ្នកឯទៀតដោះស្រាយបញ្ហារបស់ខ្លួន។ និយាយឲ្យចំទៅ កូនមិនអាចរៀនឲ្យចេះទទួលខុសត្រូវចំពោះការប្រព្រឹត្តរបស់ខ្លួនឡើយ តាមពិតនេះជាគុណសម្បត្តិមួយដែលសំខាន់ចាំបាច់សម្រាប់មនុស្សពេញវ័យ។
អ្វីដែលអ្នកអាចធ្វើបាន
គ្រប់គ្រងអារម្មណ៍របស់អ្នក។ បើអ្នកកំពុងតែខឹង កុំទាន់អាលនិយាយជាមួយកូនអំពីពិន្ទុមិនល្អ។ ឪពុកម្នាក់ឈ្មោះព្រេតបាននិយាយថា៖«ពេលខ្ញុំនិងប្រពន្ធខ្ញុំនិយាយជាមួយកូនដោយស្រួលនិងព្យាយាមយល់ចិត្តកូន នោះយើងទទួលលទ្ធផលល្អ»។
គោលការណ៍គម្ពីរ: «ត្រូវរហ័សស្ដាប់ មិនរហ័សនិយាយ មិនរហ័សខឹង»។—យ៉ាកុប ១:១៩
ស្វែងរកដើមហេតុនៃបញ្ហា។ ជាទូទៅ ពិន្ទុមិនល្អអាចមកពីមានគេធ្វើបាបកូននៅសាលា ការផ្លាស់ប្ដូរសាលារៀន អារម្មណ៍ភ័យខ្លាចពេលប្រឡង បញ្ហាក្នុងក្រុមគ្រួសារ គេងមិនគ្រប់គ្រាន់ គ្មានកាលវិភាគ ឬពិបាកផ្ចង់អារម្មណ៍ពេលរៀន។ កុំសន្មតថាដើមហេតុគឺដោយសារកូនខ្ជិល។
គោលការណ៍គម្ពីរ: «អ្នកណាដែលរំពឹងគិតពីដំណើរអ្វី នោះនឹងបានសេចក្ដីល្អចេញពីនោះមក»។—សុភាសិត ១៦:២០
បង្កើតបរិយាកាសល្អសម្រាប់ការរៀនសូត្រ។ សូមរៀបចំកាលវិភាគដើម្បីឲ្យកូនធ្វើកិច្ចការដែលគ្រូឲ្យធ្វើនៅផ្ទះនិងមើលមេរៀន។ សូមរៀបចំឲ្យមានកន្លែងមួយនៅក្នុងផ្ទះដើម្បីឲ្យកូនសិក្សាដោយគ្មានអ្វីមកបង្វែរអារម្មណ៍ (រួមទាំងទូរទស្សន៍និងទូរស័ព្ទ)។ សូមចែកពេលវេលាជាផ្នែកៗដើម្បីធ្វើកិច្ចការពីសាលា នោះនឹងជួយកូនឲ្យផ្ចង់អារម្មណ៍ជាង។ ហេកធរដែលជាឪពុកម្នាក់ពីប្រទេសអាល្លឺម៉ង់និយាយថា៖«បើជិតដល់ពេលប្រឡង យើងរៀនសារឡើងវិញជាមួយកូនបន្តិចបន្តួចរាល់ថ្ងៃជាជាងចាំដល់ពេលកៀកថ្ងៃប្រឡង ហើយមើលមេរៀនទាំងអស់»។
គោលការណ៍គម្ពីរ: «មានពេលសំរាប់គ្រប់ទាំងអស់»។—សាស្ដា ៣:១
លើកទឹកចិត្តកូនឲ្យរៀន។ នៅពេលដែលកូនរបស់អ្នកយល់អំពីផលប្រយោជន៍ដែលគាត់ទទួលឥឡូវនេះពីការរៀននៅសាលា នោះនឹងជំរុញកូនឲ្យចង់រៀនថែមទៀត។ ជាឧទាហរណ៍ ការរៀនគណិតអាចជួយកូនចេះសន្សំទុកលុយដែលឪពុកម្ដាយឲ្យ។
គោលការណ៍គម្ពីរ: «ចូរខំឲ្យបានប្រាជ្ញា ចូរខំឲ្យបានយោបល់...ចូរដំកើងប្រាជ្ញាឲ្យខ្ពស់ឡើង»។—សុភាសិត ៤:៥, ៨
យោបល់: អ្នកអាចជួយកូនធ្វើកិច្ចការពីសាលា ប៉ុន្តែកុំធ្វើកិច្ចការនោះជំនួសកូន។ អេនទ្រូនិយាយថា៖«កូនស្រីរបស់យើងពឹងលើយើងដើម្បីរកចម្លើយ ហើយគាត់មិនខំរកចម្លើយដោយខ្លួនឯងទេ»។ សូមបង្រៀនកូនឲ្យចេះធ្វើលំហាត់ពីសាលាដោយខ្លួនឯង។