តើមានអ្នកគ្រោងបង្កើតឬទេ?
លក្ខណៈពិសេសនៃស្បែកត្រីបាឡែនម្យ៉ាង
ខ្ចៅខ្យងនិងស្លែសមុទ្រដែលដុះខាំជាប់នឹងបាតកប៉ាល់ គឺជាបញ្ហាធំមួយសម្រាប់អ្នកបើកកប៉ាល់។ ខ្ចៅខ្យងទាំងនេះនាំឲ្យកប៉ាល់ធ្វើដំណើរយឺត ហើយក៏ស៊ីប្រេងឥន្ធន:ច្រើនជាងដែរ។ មិនត្រឹមតែប៉ុណ្ណោះ រាល់ពីរបីឆ្នាំម្ដងគេត្រូវសម្អាតវាចេញ។ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងរកមើលក្នុងធម្មជាតិដើម្បីស្វែងរកដំណោះស្រាយ។
សូមពិចារណា៖ តាមការសិក្សាបានបង្ហាញថាស្បែកដ៏រលោងរបស់ត្រីបាឡែន(Globicephala melas)មានសមត្ថភាពអាចសម្អាតដោយខ្លួនឯងបាន។ ស្បែកនោះគ្របដណ្ដប់ដោយសំណាញ់តូចៗ ហើយដោយសារសំណាញ់នោះតូចដល់ម្ល៉េះធ្វើឲ្យខ្ចៅខ្យងសមុទ្រពិបាកតោង។ ចន្លោះសំណាញ់នោះ មានពេញដោយរំអិលដែលច្រានស្លែនិងបាត់តេរីផ្សេងៗចេញ។ ពេលស្បែកត្រីបាឡែនរបក នោះវាបង្កើតជាតិរំអិលថ្មីម្ដងទៀត។
ក្រុមអ្នកវិទ្យាសាស្ត្រចង់បង្កើតប្រព័ន្ធសម្អាតកប៉ាល់ដែលមានលំនាំតាមស្បែករបស់ត្រីបាឡែននេះ។ នៅអតីតកាល គេបានលាបថ្នាំរលោងដើម្បីកំចាត់ខ្ចៅខ្យងសមុទ្រ។ ប៉ុន្តែ ថ្នាំលាបដូចនោះ ឥឡូវត្រូវគេហាមឃាត់ ដោយសារវាអាចបំពុលភាវរស់ក្នុងសមុទ្រ។ ក្រុមអ្នកស្រាវជ្រាវបានដោះស្រាយបញ្ហានេះ ដោយគ្របសំណាញ់ដែកលើរន្ធតូចៗនៅផ្ទៃបាតកប៉ាល់ដែលបញ្ចេញសារធាតុគីមីជីវសាស្ត្រ។ ពេលធាតុគីមីនេះប៉ះជាមួយនឹងទឹកសមុទ្រ នោះវាឡើងក្រាស់ទៅជារំអិលដែលមានជាតិស្អិត ហើយបង្កើតជាស្បែកគ្របបាតកប៉ាល់ទាំងមូល។ ក្រោយមក ស្បែកនេះដែលមានកម្រាស់ប្រហែល០,៧មីលីម៉ែត្រ បានសឹករេចរឹល ហើយភាវរស់ផ្សេងៗដែលជាប់បាតកប៉ាល់នោះក៏រសាត់ចេញតាមទឹកទៅដែរ។ រួចមក ប្រព័ន្ធនេះបញ្ចេញសារធាតុរំអិលថ្មីដើម្បីគ្របបាតកប៉ាល់ឡើងវិញ។
តាមការសាកល្បងនៅបន្ទប់ពិសោធន៍ បានបង្ហាញថាប្រព័ន្ធនេះអាចកាត់បន្ថយការជាប់ខ្ចៅខ្យងសមុទ្រនៅបាតកប៉ាល់ដល់ទៅ១០០ដង។ នោះនឹងផ្ដល់ប្រយោជន៍យ៉ាងធំដល់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ដោយសារការនាំកប៉ាល់ចូលផែដើម្បីសម្អាតគឺត្រូវការចំណាយប្រាក់ច្រើនណាស់។
តើអ្នកគិតយ៉ាងណា? តើលក្ខណៈពិសេសនៃស្បែកត្រីបាឡែននេះជាការវិវត្តន៍ ឬមានអ្នកគ្រោងបង្កើត?