លោតទៅអត្ថបទ

តើ​ការ​ជ្រមុជ​ទឹក​គឺ​ជា​អ្វី?

តើ​ការ​ជ្រមុជ​ទឹក​គឺ​ជា​អ្វី?

ចម្លើយ​ពី​គម្ពីរ

 ការ​ជ្រមុជ​ទឹក​គឺ​ជា​ការ​ពន្លិច​ខ្លួន​ទៅ​ក្នុង​ទឹក។ a គម្ពីរ​បាន​រៀប​រាប់​អំពី​ការ​ជ្រមុជ​ទឹក​ជា​ច្រើន។ (​សកម្មភាព ២:៤១​) ក្នុង​នោះ​ក៏​មាន​ការ​ជ្រមុជ​ទឹក​របស់​លោក​យេស៊ូ​ដែរ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទន្លេ​យ៉ូដាន់។ (​ម៉ាថាយ ៣:១៣, ១៦​) អស់​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ពេល​បុរស​ជន​ជាតិ​អេត្យូពី​ម្នាក់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​កន្លែង​មួយ​ដែល​មាន​«​ទឹក​ច្រើន​»។—សកម្មភាព ៨:៣៦​-​៤០

 លោក​យេស៊ូ​បាន​បង្រៀន​ថា​អ្នក​កាន់​តាម​លោក​ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក។ (​ម៉ាថាយ ២៨:១៩, ២០​) សាវ័ក​ពេត្រុស​ក៏​បាន​លើក​បញ្ជាក់​អំពី​សេចក្ដី​បង្រៀន​នេះ​ដែរ។—ពេត្រុស​ទី​១ ៣:២១

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា

 តើ​ការ​ជ្រមុជ​ទឹក​មាន​ន័យ​អ្វី?

 ការ​ជ្រមុជ​ទឹក​គឺ​ជា​ការ​បង្ហាញ​ជា​សាធារណៈ​ថា​បុគ្គល​ម្នាក់​ដែល​ទទួល​ការ​ជ្រមុជ​ទឹក​បាន​ប្រែ​ចិត្ត​ពី​អំពើ​ខុស​ឆ្គង​របស់​ខ្លួន ហើយ​សន្យា​ថា​គាត់​នឹង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។ នេះ​រួម​បញ្ចូល​ការ​មាន​របៀប​រស់​នៅ​ដែល​ស្ដាប់​បង្គាប់​ព្រះ​និង​លោក​យេស៊ូ។ អ្នក​ដែល​ទទួល​ការ​ជ្រមុជ​ទឹក​កំពុង​ចាប់​ផ្ដើម​រស់​នៅ​ស្រប​តាម​តម្រូវ​ការ​របស់​ព្រះ ដើម្បី​ឲ្យ​ពួក​គេ​អាច​រស់​ជា​រៀង​រហូត។

 ការ​ពន្លិច​ទៅ​ក្នុង​ទឹក​គឺ​ជា​ការ​តំណាង​ការ​កែ​ប្រែ​ជីវិត​របស់​បុគ្គល​ម្នាក់។ តើ​តាម​របៀប​ណា? គម្ពីរ​ប្រៀប​ធៀប​ការ​ជ្រមុជ​ទឹក​ទៅ​នឹង​ការ​កប់។ (​រ៉ូម ៦:៤; កូឡុស ២:១២​) ពេល​បុគ្គល​ម្នាក់​ត្រូវ​ពន្លិច​ទៅ​ក្នុង​ទឹក គឺ​ប្រៀប​ដូច​ជា​គាត់​បាន​ស្លាប់​ពី​របៀប​រស់​នៅ​ពី​មុន។ ពេល​គាត់​បាន​ត្រូវ​លើក​ឡើង​ពី​ទឹក នេះ​ប្រៀប​ដូច​ជា​គាត់​ចាប់​ផ្ដើម​ជីវិត​ថ្មី​ក្នុង​នាម​ជា​គ្រិស្ត​សាសនិក​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ។

 តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​ជ្រមុជ​ទឹក​ឲ្យ​ទារក?

 គម្ពីរ​មិន​បង្រៀន​ថា​ទារក​គួរ​ទទួល​ការ​ជ្រមុជ​ទឹក​ទេ។ គម្ពីរ​បង្រៀន​ថា​អ្នក​ដែល​ទទួល​ការ​ជ្រមុជ​ទឹក​ត្រូវ​បំពេញ​តាម​តម្រូវ​ការ​មួយ​ចំនួន។ ជា​ឧទាហរណ៍ គាត់​គួរ​យល់​សេចក្ដី​បង្រៀន​បឋម​ក្នុង​គម្ពីរ និង​រស់​នៅ​ស្រប​តាម​សេចក្ដី​បង្រៀន​ទាំង​នោះ។ ម្យ៉ាង​ទៀត គាត់​ក៏​បាន​ប្រែ​ចិត្ត​ពី​អំពើ​ខុស​ឆ្គង​ដែរ។ ហើយ​តាម​រយៈ​សេចក្ដី​អធិដ្ឋាន គាត់​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ។ (​សកម្មភាព ២:៣៨, ៤១; ៨:១២​) ទារក​មិន​អាច​ធ្វើ​ដូច្នោះ​បាន​ទេ។

 តើ​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​បិតា​ដែល​នៅ​ស្ថាន​សួគ៌ ក្នុង​នាម​បុត្រ​របស់​លោក និង​ក្នុង​នាម​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​មាន​ន័យ​យ៉ាង​ណា?

 លោក​យេស៊ូ​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​«​បង្រៀន​មនុស្ស . . . ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​ខ្ញុំ ហើយ​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ ក្នុង​នាម​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ក្នុង​នាម​បុត្រ​របស់​លោក និង​ក្នុង​នាម​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក ព្រម​ទាំង​បង្រៀន​ពួក​គេ​ឲ្យ​កាន់​តាម​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា​»។ (​ម៉ាថាយ ២៨:១៩, ២០​) ពាក្យ​«​ក្នុង​នាម​»​ មាន​ន័យ​ថា​បុគ្គល​ដែល​ទទួល​ការ​ជ្រមុជ​ទឹក​ទទួល​ស្គាល់​សិទ្ធិ​អំណាច​និង​ឋានៈ​បិតា​ដែល​នៅ​ស្ថាន​សួគ៌ និង​បុត្រ​របស់​លោក ព្រម​ទាំង​តួ​នាទី​នៃ​ឫទ្ធានុភាព​ព្រះ​ដែរ។ ជា​ឧទាហរណ៍ សាវ័ក​ពេត្រុស​បាន​និយាយ​ទៅ​កាន់​បុរស​ម្នាក់​ដែល​ខ្វិន​ពី​កំណើត​ថា​៖​«​ដោយ​នូវ​នាម​លោក​យេស៊ូ​គ្រិស្ត​ពី​ក្រុង​ណាសារ៉ែត ចូរ​ដើរ​ទៅ​ចុះ!​»។ (​សកម្មភាព ៣:៦​) តាម​រយៈ​កំណត់​ហេតុ​នេះ យើង​យល់​អត្ថន័យ​កាន់​តែ​ច្បាស់ គឺ​ថា​ពេត្រុស​បាន​ទទួល​ស្គាល់​សិទ្ធិ​អំណាច​របស់​គ្រិស្ត​និង​ការ​ធ្វើ​ឲ្យ​បុរស​ខ្វិន​នោះ​ជា​សះ​ស្បើយ​ដោយ​អព្ភូតហេតុ។

  •   ​«​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​»​សំដៅ​ទៅ​លើ​ព្រះ​យេហូវ៉ា។ b ក្នុង​នាម​ជា​អ្នក​បង្កើត អ្នក​ផ្ដល់​ជីវិត និង​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត លោក​មាន​សិទ្ធិ​អំណាច​ដ៏​ខ្ពង់​ខ្ពស់។—ដើម​កំណើត ១៧:១; ការ​បើក​បង្ហាញ ៤:១១

  •   ​«​បុត្រ​របស់​លោក​»​ គឺ​ជា​លោក​យេស៊ូ​គ្រិស្ត​ដែល​បាន​ឲ្យ​ជីវិត​លោក​ដល់​យើង។ (​រ៉ូម ៦:២៣​) យើង​មិន​អាច​ទទួល​សេចក្ដី​សង្គ្រោះ​ទេ បើ​យើង​មិន​ទទួល​ស្គាល់​និង​ឲ្យ​តម្លៃ​តួ​នាទី​សំខាន់​របស់​លោក​យេស៊ូ​ក្នុង​គោល​បំណង​របស់​ព្រះ​សម្រាប់​មនុស្សជាតិ។—យ៉ូហាន ១៤:៦; ២០:៣១; សកម្មភាព ៤:៨​-​១២

  •   ​«​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​»​ គឺ​ជា​កម្លាំង​របស់​ព្រះ។ c លោក​បាន​ប្រើ​ឫទ្ធានុភាព​បរិសុទ្ធ​ដើម្បី​បង្កើត​ជីវិត ដើម្បី​ប្រាប់​ព័ត៌មាន​ដល់​ពួក​អ្នក​ប្រកាស​ទំនាយ​និង​អ្នក​ឯ​ទៀត ព្រម​ទាំង​ដើម្បី​ឲ្យ​កម្លាំង​ដល់​ពួក​គេ​ក្នុង​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ (​ដើម​កំណើត ១:២; យ៉ូប ៣៣:៤; រ៉ូម ១៥:១៨, ១៩​) ព្រះ​ក៏​ប្រើ​ឫទ្ធានុភាព​បរិសុទ្ធ​ដើម្បី​ដឹក​នាំ​មនុស្ស​ឲ្យ​សរសេរ​គម្ពីរ​តាម​គំនិត​របស់​លោក​ដែរ។—ពេត្រុស​ទី​២ ១:២១

 តើ​ជា​អំពើ​ខុស​ឆ្គង​ទេ​ដែល​ទទួល​ការ​ជ្រមុជ​ទឹក​ម្ដង​ទៀត?

 មនុស្ស​ជា​ច្រើន​សម្រេច​ចិត្ត​ដូរ​សាសនា។ ប៉ុន្តែ ចុះ​បើ​ពួក​គេ​បាន​ជ្រមុជ​ទឹក​រួច​ហើយ​នៅ​វិហារ​របស់​ពួក​គេ? តើ​ជា​អំពើ​ខុស​ឆ្គង​ទេ បើ​ពួក​គេ​ទទួល​ការ​ជ្រមុជ​ទឹក​ម្ដង​ទៀត? អ្នក​ខ្លះ​ថា​មែន។ ទស្សនៈ​របស់​ពួក​គេ​ប្រហែល​ជា​មាន​មូលដ្ឋាន​ពី​អេភេសូរ ៤:៥ ដែល​ចែង​ថា​៖​«​មាន​លោក​ម្ចាស់​តែ​មួយ ជំនឿ​តែ​មួយ ការ​ជ្រមុជ​ទឹក​តែ​មួយ​»។ ទោះ​ជា​យ៉ាង​ណា​ក្ដី ខ​គម្ពីរ​នេះ​មិន​បាន​ន័យ​ថា​បុគ្គល​នោះ​មិន​អាច​ជ្រមុជ​ទឹក​ម្ដង​ទៀត​ទេ។ ហេតុ​អ្វី​យើង​និយាយ​ដូច្នេះ?

 បរិបទ។ ខ​មុន​និង​ខ​ក្រោយ​នៃ​អេភេសូរ ៤:៥ បង្ហាញ​ថា​សាវ័ក​ប៉ូល​កំពុង​លើក​ឡើង​អំពី​តម្រូវ​ការ​ដែល​គ្រិស្ត​សាសនិក​ពិត​ត្រូវ​មាន​ដើម្បី​មាន​សាមគ្គីភាព​ខាង​ជំនឿ។ (​អេភេសូរ ៤:១​-​៣, ១៦​) សាមគ្គី​នេះ​អាច​មាន​បាន លុះ​ត្រា​តែ​ពួក​គេ​ធ្វើ​តាម​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត​ដូច​គ្នា មាន​ជំនឿ​ដូច​គ្នា ឬ​យល់​ដឹង​ពី​សេចក្ដី​បង្រៀន​គម្ពីរ​ដូច​គ្នា និង​បំពេញ​តាម​តម្រូវ​ការ​ពី​បទ​គម្ពីរ​ស្ដី​អំពី​ការ​ជ្រមុជ​ទឹក​ដូច​គ្នា។

 សាវ័ក​ប៉ូល​បាន​លើក​ទឹក​ចិត្ត​អ្នក​ខ្លះ​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​រួច​ហើយ ឲ្យ​ជ្រមុជ​ទឹក​ម្ដង​ទៀត។ នេះ​ដោយ​សារ​ពួក​គេ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​មិន​បាន​យល់​ពេញ​លេញ​អំពី​សេចក្ដី​បង្រៀន ដើម្បី​ធ្វើ​ជា​គ្រិស្ត​សាសនិក។—សកម្មភាព ១៩:១​-​៥

 មាន​មូលដ្ឋាន​ត្រឹម​ត្រូវ​ក្នុង​ការ​ជ្រមុជ​ទឹក។ ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ ការ​ជ្រមុជ​ទឹក​ត្រូវ​មាន​មូលដ្ឋាន​ទៅ​លើ​ចំណេះ​ត្រឹម​ត្រូវ​ពី​សេចក្ដី​ពិត​ក្នុង​គម្ពីរ។ (​ធីម៉ូថេ​ទី​១ ២:៣, ៤​) បើ​បុគ្គល​ម្នាក់​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​ផ្អែក​លើ​សេចក្ដី​បង្រៀន​បឋម​ខាង​សាសនា​ដែល​ផ្ទុយ​ពី​គម្ពីរ ការ​ជ្រមុជ​ទឹក​នោះ​មិន​បាន​ទទួល​ស្គាល់​ពី​ព្រះ​ទេ។ (​យ៉ូហាន ៤:២៣, ២៤​) ទោះ​ជា​បុគ្គល​នោះ​ប្រហែល​ជា​មាន​ចិត្ត​ស្មោះ​ក្ដី តែ​គាត់​មិន​ប្រព្រឹត្ត​ស្រប​តាម​«​ចំណេះ​ត្រឹម​ត្រូវ​»​ឡើយ។ (​រ៉ូម ១០:២​) ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ គាត់​ត្រូវ​រៀន​សេចក្ដី​ពិត​ក្នុង​គម្ពីរ ធ្វើ​តាម​អ្វី​ដែល​គាត់​បាន​រៀន ប្រគល់​ខ្លួន​ជូន​ព្រះ និង​ទទួល​ការ​ជ្រមុជ​ទឹក​ម្ដង​ទៀត។ ក្នុង​កាលៈទេសៈ​នេះ ការ​ជ្រមុជ​ទឹក​ម្ដង​ទៀត​មិន​មែន​ជា​អំពើ​ខុស​ឆ្គង​ទេ។ ការ​ពិត នោះ​ជា​អ្វី​ត្រឹម​ត្រូវ​ដែល​គួរ​ធ្វើ។

 ការ​ជ្រមុជ​ផ្សេង​ទៀត​ដែល​បាន​រៀប​រាប់​ក្នុង​គម្ពីរ

 គម្ពីរ​បាន​រៀប​រាប់​អំពី​ការ​ជ្រមុជ​ផ្សេង​ទៀត​ដែល​មាន​អត្ថន័យ​ផ្សេង​គ្នា​ពី​ការ​ជ្រមុជ​ទឹក​ក្លាយ​ជា​អ្នក​កាន់​តាម​គ្រិស្ត។ សូម​ពិចារណា​ឧទាហរណ៍​ខ្លះ។

 ការ​ជ្រមុជ​ទឹក​ដែល​បាន​ធ្វើ​ឡើង​ដោយ​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​ឲ្យ​គេ។ d ជនជាតិ​យូដា​និង​ជន​ជាតិ​ដទៃ​ដែល​កាន់​សាសនា​យូដា​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ពី​យ៉ូហាន។ ការ​ជ្រមុជ​ទឹក​នេះ​តំណាង​ឲ្យ​ការ​ប្រែ​ចិត្ត​ពី​អំពើ​ខុស​ឆ្គង​ដែល​ពួក​គេ​បាន​បំពាន​ក្រឹត្យ​វិន័យ​ម៉ូសេ។ ក្រឹត្យ​វិន័យ​នេះ​ព្រះ​បាន​ឲ្យ​ដល់​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ។ ដូច្នេះ ការ​ជ្រមុជ​ទឹក​ដែល​យ៉ូហាន​បាន​ធ្វើ​ឲ្យ​ពួក​គេ គឺ​ដើម្បី​ត្រៀម​ចិត្ត​បណ្ដា​ជន​ឲ្យ​ទទួល​ស្គាល់​មេស្ស៊ី​ជា​លោក​យេស៊ូ​ពី​ណាសារ៉ែត។—លូកា ១:១៣​-​១៧; ៣:២, ៣; សកម្មភាព ១៩:៤

 ការ​ជ្រមុជ​ទឹក​ដែល​លោក​យេស៊ូ​បាន​ទទួល។ លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ពី​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក ហើយ​ការ​ជ្រមុជ​ទឹក​នេះ​ខុស​ពី​ការ​ជ្រមុជ​ទឹក​ឯ​ទៀត។ លោក​យេស៊ូ​ជា​បុគ្គល​ល្អ​ឥត​ខ្ចោះ ហើយ​លោក​មិន​ដែល​ធ្វើ​ខុស​ឡើយ។ (​ពេត្រុស​ទី​១ ២:២១, ២២​) ដូច្នេះ ការ​ជ្រមុជ​នោះ​មិន​មែន​ទាក់​ទង​នឹង​ការ​ប្រែ​ចិត្ត​ឬ​«​ការ​សុំ​ព្រះ​ផ្ដល់​នូវ​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស​»​នោះ​ទេ។ (​ពេត្រុស​ទី​១ ៣:២១​) ប៉ុន្តែ ការ​ជ្រមុជ​ទឹក​នោះ​បាន​បង្ហាញ​ថា លោក​ប្រគល់​ខ្លួន​ជូន​ព្រះ​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ដូច​បាន​ប្រកាស​ទុក​ជា​មុន​អំពី​មេស្ស៊ី​ឬ​គ្រិស្ត។ នេះ​រួម​បញ្ចូល​ការ​ឲ្យ​ជីវិត​លោក​ដើម្បី​យើង​ទាំង​អស់​គ្នា។—ហេប្រឺ ១០:៧​-​១០

 ការ​ជ្រមុជ​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ។ យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​និង​លោក​យេស៊ូ​គ្រិស្ត បាន​និយាយ​អំពី​ការ​ជ្រមុជ​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ។ (​ម៉ាថាយ ៣:១១; លូកា ៣:១៦; សកម្មភាព ១:១​-​៥​) ការ​ជ្រមុជ​នេះ​មិន​ដូច​គ្នា​នឹង​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​ឫទ្ធានុភាព​បរិសុទ្ធ​ទេ។ (​ម៉ាថាយ ២៨:១៩​) ហេតុ​អ្វី?

 ព្រោះ​មាន​តែ​អ្នក​កាន់​តាម​លោក​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​បាន​ត្រូវ​ជ្រមុជ​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ។ អ្នក​ទាំង​អស់​នោះ​ជា​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ ដោយ​សារ​ពួក​គេ​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​បម្រើ​ជា​មួយ​នឹង​គ្រិស្ត​នៅ​ស្ថាន​សួគ៌​ជា​ស្ដេច​និង​ជា​សង្ឃ​ដែល​គ្រប់​គ្រង​មក​លើ​ផែន​ដី។ e (​ពេត្រុស​ទី​១ ១:៣, ៤; ការ​បើក​បង្ហាញ ៥:៩, ១០​) រាស្ត្រ​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ពួក​គាត់ គឺ​ជា​មនុស្ស​រាប់​លាន​នាក់​ដែល​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ មនុស្ស​ទាំង​នោះ​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ក្នុង​សួន​ឧទ្យាន​លើ​ផែន​ដី។—ម៉ាថាយ ៥:៥; លូកា ២៣:៤៣

 ការ​ជ្រមុជ​ក្នុង​គ្រិស្ត​យេស៊ូ​និង​ការ​ជ្រមុជ​ក្នុង​សេចក្ដី​ស្លាប់​របស់​លោក។ បុគ្គល​ដែល​បាន​ទទួល​ការ​ជ្រមុជ​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ ក៏​«​ជ្រមុជ​ក្នុង​គ្រិស្ត​យេស៊ូ​»​ផង​ដែរ។ (​រ៉ូម ៦:៣​) ដូច្នេះ ការ​ជ្រមុជ​នេះ​ទាក់​ទង​នឹង​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ដែល​បាន​ត្រូវ​រើស​តាំង។ ពួក​គាត់​នឹង​គ្រប់​គ្រង​ជា​មួយ​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌។ ដោយ​ទទួល​ការ​ជ្រមុជ​ក្នុង​លោក​យេស៊ូ ពួក​គាត់​បាន​ក្លាយ​ទៅ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ដែល​ព្រះ​បាន​រើស​តាំង ដែល​មាន​លោក​យេស៊ូ​ជា​ប្រមុខ ហើយ​ពួក​គាត់​ជា​អវយវៈ។—កូរិនថូស​ទី​១ ១២:១២, ១៣, ២៧; កូឡុស ១:១៨

 គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ក៏​ត្រូវ​«​ជ្រមុជ​ក្នុង​សេចក្ដី​ស្លាប់​របស់[​លោក​យេស៊ូ​]​»​ដែរ។ (​រ៉ូម ៦:៣, ៤​) ពួក​គាត់​យក​តម្រាប់​លោក​យេស៊ូ ដោយ​ប្រើ​ជីវិត​របស់​ពួក​គាត់​ដើម្បី​ធ្វើ​អ្វី​ដែល​ព្រះ​ពេញ​ចិត្ត មិន​មែន​ដើម្បី​បំពេញ​ចិត្ត​ខ្លួន​ឡើយ។ ហើយ​ដូច​លោក​យេស៊ូ ពួក​គាត់​ដឹង​ថា​ពួក​គាត់​នឹង​មិន​រស់​រហូត​នៅ​ផែន​ដី​ទេ។ ក្នុង​ន័យ​ធៀប ពួក​គាត់​បញ្ចប់​ការ​ជ្រមុជ​ក្នុង​សេចក្ដី​ស្លាប់​របស់​លោក​យេស៊ូ កាល​ណា​ពួក​គាត់​ស្លាប់​និង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ​នៅ​ស្ថាន​សួគ៌។—រ៉ូម ៦:៥; កូរិនថូស​ទី​១ ១៥:៤២​-​៤៤

 ការ​ជ្រមុជ​ដោយ​ភ្លើង។ យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​បាន​និយាយ​ទៅ​កាន់​ក្រុម​មនុស្ស​ដែល​ស្ដាប់​គាត់​ថា​៖​«​លោក[​យេស៊ូ​]នឹង​ជ្រមុជ​អ្នក​រាល់​គ្នា​ក្នុង​ឫទ្ធានុភាព​បរិសុទ្ធ​និង​ក្នុង​ភ្លើង។ លោក​កំពុង​កាន់​ប្រដាប់​រោយ​ស្រូវ ក៏​នឹង​សម្អាត​លាន​បញ្ជាន់​ស្រូវ​របស់​លោក​ឲ្យ​ស្អាត​ធេង។ លោក​នឹង​ប្រមូល​ស្រូវ​សាលី​ដាក់​ក្នុង​ជង្រុក តែ​អង្កាម​វិញ លោក​នឹង​ដុត​ក្នុង​ភ្លើង​ដែល​មិន​អាច​ត្រូវ​ពន្លត់​បាន​ឡើយ​»។ (​ម៉ាថាយ ៣:១១, ១២​) សូម​កត់​សម្គាល់​ភាព​ខុស​គ្នា​រវាង​ការ​ជ្រមុជ​ក្នុង​ឫទ្ធានុភាព​និង​ការ​ជ្រមុជ​ក្នុង​ភ្លើង។ តើ​យ៉ូហាន​ចង់​មាន​ន័យ​យ៉ាង​ណា?

 ស្រូវ​សាលី​តំណាង​ឲ្យ​ពួក​អ្នក​ដែល​ស្ដាប់​បង្គាប់​លោក​យេស៊ូ។ ពួក​គាត់​អាច​ទទួល​ការ​ជ្រមុជ​ក្នុង​ឫទ្ធានុភាព​បរិសុទ្ធ។ អង្កាម​តំណាង​ឲ្យ​ពួក​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​លោក​យេស៊ូ។ ទី​បញ្ចប់​របស់​ពួក​គេ​គឺ​ការ​ជ្រមុជ​ក្នុង​ភ្លើង​ដែល​តំណាង​ឲ្យ​ការ​បំផ្លាញ​ជា​រៀង​រហូត។—ម៉ាថាយ ៣:៧​-​១២; លូកា ៣:១៦, ១៧

a ពាក្យ​ភាសា​ក្រិច​ដែល​បក​ប្រែ​ថា​«​ការ​ជ្រមុជ​ទឹក​»​ សំដៅ​ទៅ​លើ​«​ការ​ពន្លិច​ខ្លួន​ទៅ​ក្នុង​ទឹក​»​ យោង​ទៅ​តាម​Vine’s Complete Expository Dictionary of Old and New Testament Words

b យេហូវ៉ា​គឺ​ជា​នាម​របស់​ព្រះ។ (​ចម្រៀង​សរសើរ​ព្រះ ៨៣:១៨​) សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា«តើ​ព្រះ​យេហូវ៉ា​ជា​នរណា?»។

c សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​វិញ្ញាណ​បរិសុទ្ធ​ជា​អ្វី?​»។

d សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​ជា​អ្នក​ណា?​»។

e សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​អ្នក​ណា​នឹង​ទៅ​ស្ថាន​សួគ៌?​»។

f គម្ពីរ​ក៏​ប្រើ​ពាក្យ​«​ការ​ជ្រមុជ​»​ដើម្បី​រៀប​រាប់​អំពី​ពិធី​ជម្រះ​សម្អាត​ដែរ ដូច​ជា​ការ​ពន្លិច​គ្រឿង​ប្រដាប់​ប្រដា​ទៅ​ក្នុង​ទឹក​ជា​ដើម។ (​ម៉ាកុស ៧:៤; ហេប្រឺ ៩:១០​) តែ​នេះ​ផ្សេង​គ្នា​ពី​ការ​ជ្រមុជ​ទឹក​របស់​លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក។