លោតទៅអត្ថបទ

តើការប្រោសឲ្យរស់ឡើងវិញមានន័យយ៉ាងណា?

តើការប្រោសឲ្យរស់ឡើងវិញមានន័យយ៉ាងណា?

ចម្លើយ​ពី​គម្ពីរ

 ក្នុង​គម្ពីរ ពាក្យ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា«ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ»គឺ​មក​ពី​ពាក្យ​ភាសា​ក្រិច​អេណាស្តាស៊ីស ដែល​មាន​ន័យ​ថា«ការ​លើក​ឡើង»ឬ«ការ​ក្រោក​ឈរ»។ ពេល​មនុស្ស​ម្នាក់​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ នោះ​មាន​ន័យ​ថា​គាត់​បាន​ក្រោក​ឡើង​ពី​ស្លាប់​វិញ ហើយ​មាន​ជីវិត​ជា​បុគ្គល​ដដែល​ដូច​មុន​ពេល​គាត់​ស្លាប់។—កូរិនថូស​ទី​១ ១៥:១២, ១៣

 ទោះ​ជា​ពាក្យ«ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ»មិន​មាន​ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ​ដែល​ច្រើន​តែ​ហៅ​ថា​សញ្ញា​ចាស់​ក៏​ដោយ តែ​ព័ត៌មាន​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​គឺ​មាន​នៅ​ក្នុង​នោះ។ ជា​ឧទាហរណ៍ តាម​រយៈ​ហូសេ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ ព្រះ​បាន​សន្យា​ថា៖«ខ្ញុំ​នឹង​លោះ​ពួក​គេ​ពី​អំណាច​នៃ​ផ្នូរ ខ្ញុំ​នឹង​រំដោះ​ពួក​គេ​ពី​សេចក្ដី​ស្លាប់»។—ហូសេ ១៣:១៤; យ៉ូប ១៤:១៣​-​១៥; អេសាយ ២៦:១៩; ដានីយ៉ែល ១២:២, ១៣

 តើ​មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ឯ​ណា? មនុស្ស​មួយ​ចំនួន​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌ ដើម្បី​គ្រប់​គ្រង​ជា​មួយ​នឹង​គ្រិស្ត។ (កូរិនថូស​ទី​២ ៥:១; ការ​បើក​បង្ហាញ ៥:៩, ១០) គម្ពីរ​ហៅ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌​ថា «ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មុន​ដំបូង» ឬ«ការ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ» ហើយ​នេះ​បង្កប់​អត្ថន័យ​ថា​នឹង​មាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មួយ​ទៀត។ (ការ​បើក​បង្ហាញ ២០:៦; ភីលីព ៣:១១) ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មួយ​ទៀត​នេះ គឺ​ជា​ការ​ប្រោស​មនុស្ស​មួយ​ចំនួន​ធំ​ដែល​បាន​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែនដី។—ចម្រៀង​សរសើរ​ព្រះ ៣៧:២៩

 តើ​មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​តាម​របៀប​ណា? ព្រះ​ផ្ដល់​ឫទ្ធានុភាព​ដល់​លោក​យេស៊ូ​ដើម្បី​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ (យ៉ូហាន ១១:២៥) លោក​យេស៊ូ​នឹង​ប្រោស«អស់​អ្នក​នៅ​ក្នុង​ផ្នូរ​សម្រាប់​ជា​ទី​រំលឹក»ឲ្យ​រស់​ឡើង​វិញ ហើយ​ពួក​គេ​នឹង​ស្គាល់​ថា​ខ្លួន​ឯង​ជា​អ្នក​ណា មាន​បុគ្គលិក​លក្ខណៈ​បែប​ណា និង​ចង​ចាំ​អំពី​អតីតកាល។ (យ៉ូហាន ៥:២៨, ២៩) អស់​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌​នឹង​មាន​រូប​កាយ​ជា​វិញ្ញាណ តែ​អស់​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែនដី​នឹង​មាន​រូប​កាយ​ជា​សាច់​ឈាម ហើយ​មាន​សុខភាព​ល្អ។—អេសាយ ៣៣:២៤; ៣៥:៥, ៦; កូរិនថូស​ទី​១ ១៥:៤២​-​៤៤, ៥០

 តើ​អ្នក​ណា​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ? គម្ពីរ​ចែង​ថា៖«មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ»។ (សកម្មភាព ២៤:១៥) មនុស្ស​សុចរិត​គឺ​ជា​មនុស្ស​ដែល​មាន​ជំនឿ​លើ​ព្រះ ដូច​ជា​ណូអេ សារ៉ា និង​អាប្រាហាំ​ជា​ដើម។ (ដើម​កំណើត ៦:៩; ហេប្រឺ ១១:១១; យ៉ាកុប ២:២១) មនុស្ស​មិន​សុចរិត​រួម​មាន​អស់​អ្នក​ដែល​មាន​របៀប​រស់​នៅ​ខុស​ពី​ខ្នាត​តម្រា​របស់​ព្រះ ហើយ​ពួក​គេ​គ្មាន​ឱកាស​រៀន​ខ្នាត​តម្រា​ទាំង​នោះ​និង​ធ្វើ​តាម​ទេ។

 ក៏​ប៉ុន្តែ អស់​អ្នក​ដែល​ជា​មនុស្ស​អាក្រក់​ដល់​ម្ល៉េះ រហូត​ដល់​មិន​អាច​អប់រំ​បាន នឹង​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឡើយ។ ពេល​ពួក​គេ​ស្លាប់ ពួក​គេ​ត្រូវ​វិនាស​ទៅ​ជា​រៀង​រហូត ហើយ​គ្មាន​សង្ឃឹម​រស់​ឡើង​វិញ​ទាល់​តែ​សោះ។—ម៉ាថាយ ២៣:៣៣; ហេប្រឺ ១០:២៦, ២៧

 តើ​នឹង​មាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ពេល​ណា? គម្ពីរ​បាន​ប្រកាស​ទុក​ជា​មុន​ថា ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌​ចាប់​ផ្ដើម​ក្នុង​អំឡុង​វត្តមាន​របស់​គ្រិស្ត ដែល​មាន​តាំង​ពី​ឆ្នាំ​១៩១៤។ (កូរិនថូស​ទី​១ ១៥:២១​-​២៣) ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែនដី​នឹង​មាន​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​លោក​យេស៊ូ​គ្រិស្ត គឺ​ពេល​ដែល​ផែនដី​នឹង​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន។—លូកា ២៣:៤៣; ការ​បើក​បង្ហាញ ២០:៦, ១២, ១៣

 ហេតុ​អ្វី​សម​ហេតុ​សម​ផល​ឲ្យ​ជឿ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ? គម្ពីរ​រៀប​រាប់​យ៉ាង​ល្អិត​ល្អន់​នូវ​កំណត់​ហេតុ​ចំនួន​៩​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​ក្នុង​ហេតុ​ការណ៍​ទាំង​នោះ​សុទ្ធ​តែ​មាន​សាក្សី​បាន​ឃើញ។ (បណ្ដា​ស្ដេច​ទី​១ ១៧:១៧​-​២៤; បណ្ដា​ស្ដេច​ទី​២ ៤:៣២​-​៣៧; ១៣:២០, ២១; លូកា ៧:១១​-​១៧; ៨:៤០​-​៥៦; យ៉ូហាន ១១:៣៨​-​៤៤; សកម្មភាព ៩:៣៦​-​៤២; ២០:៧​-​១២; កូរិនថូស​ទី​១ ១៥:៣​-​៦) កំណត់​ហេតុ​អំពី​ការ​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ គឺ​គួរ​ឲ្យ​កត់​សម្គាល់​ជាង​គេ ដោយ​សារ​ពេល​ដែល​លោក​យេស៊ូ​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ នោះ​ឡាសា​បាន​ស្លាប់​អស់​បួន​ថ្ងៃ​ហើយ។ លោក​បាន​ធ្វើ​អព្ភូតហេតុ​នេះ​នៅ​មុខ​បណ្ដា​ជន​ជា​ច្រើន។ (យ៉ូហាន ១១:៣៩, ៤២) សូម្បី​តែ​អស់​អ្នក​ដែល​ប្រឆាំង​លោក​យេស៊ូ ក៏​មិន​អាច​បដិសេធ​ការ​ពិត​នេះ​ដែរ។ ដូច្នេះ ពួក​គេ​បាន​រៀប​គម្រោង​ដើម្បី​សម្លាប់​លោក​យេស៊ូ​និង​ឡាសា។—យ៉ូហាន ១១:៤៧, ៥៣; ១២:៩​-​១១

 គម្ពីរ​បង្ហាញ​ថា​ព្រះ​មាន​សមត្ថភាព ហើយ​ចង់​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ ព្រះ​មាន​ការ​ចង​ចាំ​ដែល​គ្មាន​កម្រិត ដូច្នេះ​លោក​ចាំ​អ្វី​ទាំង​អស់​អំពី​បុគ្គល​ម្នាក់​ៗ​ដែល​លោក​នឹង​ប្រោស​ឲ្យ​រស់​ឡើង​វិញ ដោយ​ប្រើ​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​របស់​លោក។ (យ៉ូប ៣៧:២៣; ម៉ាថាយ ១០:៣០; លូកា ២០:៣៧, ៣៨) ព្រះ​មាន​សមត្ថភាព​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​មាន​ជីវិត​ម្ដង​ទៀត ហើយ​លោក​ពិត​ជា​ចង់​ធ្វើ​ដូច្នោះ​មែន! ស្ដី​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​នឹង​មាន​នៅ​ឆាប់​ៗ​ខាង​មុខ​នេះ គម្ពីរ​បាន​ចែង​អំពី​ព្រះ​ថា៖«លោក​នឹង​នឹក​អាល័យ​ខ្ញុំ​ខ្លាំង​ណាស់ ព្រោះ​លោក​បាន​បង្កើត​ខ្ញុំ​មក»។—យ៉ូប ១៤:១៥

ការ​យល់​ខុស​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ

 ការ​យល់​ខុស: ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ គឺ​ជា​ការ​រួប​រួម​ព្រលឹង​និង​រូប​កាយ។

 ការ​ពិត: គម្ពីរ​បង្រៀន​ថា​ព្រលឹង​គឺ​ជា​មនុស្ស​នោះ​ឯង មិន​មែន​ជា​អ្វី​ដែល​ចេញ​ពី​រូប​កាយ​ក្រោយ​ពី​ស្លាប់​នោះ​ទេ។ (ដើម​កំណើត ២:៧, កំណត់​សម្គាល់; អេសេគាល ១៨:៤) បុគ្គល​ម្នាក់​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ គឺ​មាន​ន័យ​ថា​ព្រះ​បង្កើត​រូប​គាត់​ម្ដង​ទៀត​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ មិន​មែន​ឲ្យ​គាត់​រួប​រួម​ជា​មួយ​ព្រលឹង​គាត់​ទេ។

 ការ​យល់​ខុស: មនុស្ស​ខ្លះ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ រួច​ភ្លាម​ៗ​នឹង​ត្រូវ​បំផ្លាញ​ចោល។

 ការ​ពិត: គម្ពីរ​ចែង​ថា«អស់​អ្នក​ណា​ដែល​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ជា​ទម្លាប់ អ្នក​ទាំង​នោះ​នឹង​រស់​ឡើង​វិញ ហើយ​ទទួល​ការ​វិនិច្ឆ័យ»។ (យ៉ូហាន ៥:២៩) ប៉ុន្តែ នេះ​ជា​ការ​វិនិច្ឆ័យ​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ​ក្រោយ​ពី​គាត់​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ មិន​មែន​វិនិច្ឆ័យ​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ​មុន​គាត់​ស្លាប់​នោះ​ទេ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា៖«មនុស្ស​ស្លាប់​នឹង​ឮ​សំឡេង​បុត្រ​របស់​ព្រះ ហើយ​អស់​អ្នក​ដែល​បាន​ស្ដាប់​តាម​នឹង​មាន​ជីវិត»។ (យ៉ូហាន ៥:២៥) ចំពោះ​អស់​អ្នក​ដែល«ស្ដាប់​តាម»ឬ​ធ្វើ​តាម​អ្វី​ដែល​ពួក​គេ​រៀន​ក្រោយ​ពី​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ពួក​គេ​នឹង​មាន​ឈ្មោះ​ក្នុង«រមូរ[ឬ​បញ្ជី]ជីវិត»។—ការ​បើក​បង្ហាញ ២០:១២, ១៣

 ការ​យល់​ខុស: ពេល​បុគ្គល​ម្នាក់​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ គាត់​នឹង​មាន​រូប​កាយ​ដូច​គ្នា​បេះ​បិទ​នឹង​រូប​កាយ​ដែល​គាត់​ធ្លាប់​មាន​ពេល​នៅ​រស់។

 ការ​ពិត: ក្រោយ​ស្លាប់ រូប​កាយ​របស់​មនុស្ស​នឹង​រលួយ​បន្តិច​ម្ដង​ៗ​រហូត​ទៅ​ជា​ដី។—អ្នក​ទូន្មាន ៣:១៩, ២០