បញ្ហាលុយកាក់និងបំណុល តើគម្ពីរអាចជួយបានទេ?
ចម្លើយពីគម្ពីរ
អាចជួយបាន។ គោលការណ៍គម្ពីរបួននៅខាងក្រោមនេះ អាចជួយលោកអ្នកពេលដែលមានបញ្ហាខាងលុយកាក់និងបំណុល។
១. រៀបគម្រោងអំពីការចំណាយ។ «គម្រោងរបស់មនុស្សឧស្សាហ៍នឹងបានជោគជ័យជាមិនខាន តែអស់អ្នកដែលធ្វើអ្វីដោយតក់ក្រហល់ ប្រាកដជានឹងទ័លក្រ»។ (សុភាសិត ២១:៥) កុំចេះតែទិញអ្វីណាមួយដោយសារតែវាចុះតម្លៃឡើយ។ សូមរៀបគម្រោងថវិកាឲ្យបានច្បាស់លាស់ ហើយធ្វើតាមគម្រោងនោះ។
២. កុំជំពាក់បំណុលបើមិនចាំបាច់។ «អ្នកដែលខ្ចីគេ ជាខ្ញុំបម្រើរបស់អ្នកដែលឲ្យខ្ចី»។ (សុភាសិត ២២:៧) បើអ្នកកំពុងជាប់បំណុល ហើយមិនមានលទ្ធភាពបង់រំលស់តាមកិច្ចព្រមព្រៀងដើមទេ សូមព្យាយាមនិយាយជាមួយម្ចាស់បំណុល សុំប្ដូរគម្រោងបង់រំលស់ថ្មីដែលសមស្របតាមប្រាក់ចំណូលរបស់អ្នក។ សូមព្យាយាមអង្វរគាត់ម្ដងហើយម្ដងទៀត។ ក្នុងករណីអ្នកបានធានាឲ្យគេខ្ចី ហើយឥឡូវត្រូវទទួលខុសត្រូវសងបំណុលនោះ សូមធ្វើតាមយោបល់ក្នុងគម្ពីរដែលថា៖«ចូរកូនប្រញាប់ទៅលន់តួអង្វរអ្នកជិតខាងដោយចិត្តរាបទាប។ . . . កូនមិនត្រូវដេកលក់ទេ ហើយក៏មិនត្រូវងោកងុយដែរ»។ (សុភាសិត ៦:១-៥) បើអ្នកសូមអង្វររួចហើយ តែម្ចាស់បំណុលមិនព្រមទេ សូមបន្ដសុំទៀត កុំឈប់ព្យាយាមឡើយ។
៣. លុយសំខាន់មែន តែមិនសំខាន់បំផុតទេ។ «មនុស្សដែលមានចិត្តច្រណែនខំប្រឹងឲ្យបានទ្រព្យស្តុកស្តម្ភ តែគាត់មិនដឹងថាភាពទ័លក្រនឹងដេញតាមគាត់ទាន់ឡើយ»។ (សុភាសិត ២៨:២២) ចិត្តច្រណែននិងលោភលន់មិនគ្រាន់តែអាចនាំឲ្យធ្លាក់ខ្លួនក្រប៉ុណ្ណោះទេ តែក៏អាចបង្ខូចចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ាដែរ។
៤. ចូរស្កប់ចិត្ត។ «យើងនឹងស្កប់ចិត្តហើយ ដោយមានអាហារបរិភោគ និងសម្លៀកបំពាក់»។ (ធីម៉ូថេទី១ ៦:៨) លុយមិនអាចទិញសុភមង្គលឬការស្កប់ចិត្តបានឡើយ។ តាមពិត ក្នុងចំណោមអ្នកដែលមានសុភមង្គលបំផុត អ្នកខ្លះមិនមានលុយច្រើនទេ។ ដូច្នេះ តើអ្វីធ្វើឲ្យពួកគេមានសេចក្ដីស្រឡាញ់ចំពោះមិត្តភក្តិ និងក្នុងរង្វង់គ្រួសារ ព្រមទាំងមានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះ?—សុភាសិត ១៥:១៧; ពេត្រុសទី១ ៥:៦, ៧