តើខ្ញុំអាចរកពាក្យដែលសម្រាលទុក្ខខ្ញុំក្នុងគម្ពីរបានទេ?
ចម្លើយពីគម្ពីរ
បាន។ (រ៉ូម ១៥:៤) សូមពិចារណាបទគម្ពីរខ្លះដែលបានសម្រាលទុក្ខមនុស្សជាច្រើនដែលកំពុងជួបនឹងវិបត្តិផ្លូវចិត្តនិងស្ថានភាពពិបាក។
ក្នុងអត្ថបទនេះ យើងនឹងពិចារណា
ទុក្ខលំបាក
ចម្រៀងសរសើរព្រះ ២៣:៤ ចែងថា៖ «ទោះជាខ្ញុំដើរក្នុងជ្រលងងងឹតសូន្យសុងក៏ដោយ ខ្ញុំនឹងមិនភ័យខ្លាចឡើយ ព្រោះលោកនៅជាមួយនឹងខ្ញុំ»។
អត្ថន័យ៖ ពេលអ្នកអធិដ្ឋានទៅព្រះ និងទុកចិត្តការណែនាំក្នុងគម្ពីរដែលជាបណ្ដាំរបស់លោក អ្នកអាចប្រឈមនឹងទុក្ខលំបាកដោយក្លាហាន។
ភីលីព ៤:១៣ ចែងថា៖ «ខ្ញុំមានកម្លាំងសម្រាប់អ្វីៗទាំងអស់ ដោយសារលោកដែលផ្ដល់កម្លាំងឲ្យខ្ញុំ»។
អត្ថន័យ៖ ព្រះអាចផ្ដល់កម្លាំងដល់អ្នកដើម្បីពុះពារនឹងបញ្ហាណាក៏ដោយ។
មនុស្សជាទីស្រឡាញ់ស្លាប់
អ្នកទូន្មាន ៩:១០ ចែងថា៖ «នៅក្នុងផ្នូរ . . . គ្មានការងារ គ្មានគម្រោង គ្មានចំណេះ ឬគ្មានប្រាជ្ញាឡើយ»។
អត្ថន័យ៖ មនុស្សស្លាប់គ្មានការឈឺចាប់ទេ ហើយពួកគេក៏មិនអាចធ្វើបាបយើងបានដែរ។ ពួកគេឥតដឹងអ្វីឡើយ។
សកម្មភាព ២៤:១៥ ចែងថា៖ ‹មនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ›។
អត្ថន័យ៖ ព្រះអាចប្រោសមនុស្សជាទីស្រឡាញ់របស់យើងដែលបានស្លាប់ឲ្យរស់ឡើងវិញ។
ការបន្ទោសខ្លួនហួសហេតុពេក
ចម្រៀងសរសើរព្រះ ៨៦:៥ ចែងថា៖ «ឱព្រះយេហូវ៉ា a លោកល្អពិតមែន ហើយលោកបម្រុងតែនឹងអភ័យទោស។ លោកពេញទៅដោយសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះមនុស្សទាំងអស់ ដែលហៅរកលោក»។
អត្ថន័យ៖ ព្រះអភ័យទោសឲ្យអស់អ្នកដែលពិតជាសោកស្ដាយនឹងកំហុសដែលពួកគេបានធ្វើកន្លងមក ហើយតាំងចិត្តមិនធ្វើខុសដូចនោះម្ដងទៀត។
ចម្រៀងសរសើរព្រះ ១០៣:១២ ចែងថា៖ «ដូចទិសខាងលិចឆ្ងាយពីទិសខាងកើតយ៉ាងណា នោះលោកក៏ដកអំពើរំលងរបស់យើងឲ្យចេញឆ្ងាយយ៉ាងនោះដែរ»។
អត្ថន័យ៖ ពេលព្រះអភ័យទោស លោកប្រៀបដូចជាគ្រវែងកំហុសរបស់យើងទៅកន្លែងឆ្ងាយបំផុតដែលយើងមិនអាចស្រមៃដល់។ លោកមិនរំលើកកំហុសនោះឡើងវិញដើម្បីដាក់ទោសយើងទេ។
ការក្រៀមក្រំចិត្ត
ចម្រៀងសរសើរព្រះ ៣១:៧ ចែងថា៖ «លោកបានឃើញទុក្ខវេទនារបស់ខ្ញុំ ហើយលោកដឹងច្បាស់ថាខ្ញុំគ្រាំគ្រាចិត្តខ្លាំងណាស់»។
អត្ថន័យ៖ ព្រះដឹងច្បាស់អំពីទុក្ខវេទនារបស់អ្នក។ លោកយល់យ៉ាងច្បាស់នូវអារម្មណ៍កប់ជ្រៅរបស់អ្នក ទោះជាអ្នកឯទៀតមិនយល់ក៏ដោយ។
ចម្រៀងសរសើរព្រះ ៣៤:១៨ ចែងថា៖ «ព្រះយេហូវ៉ានៅជិតអ្នកដែលមានចិត្តខ្ទេចខ្ទាំ លោកជួយអ្នកដែលបាក់ទឹកចិត្ត»។
អត្ថន័យ៖ ព្រះសន្យាថាលោកជួយអ្នកពេលដែលអ្នកក្រៀមក្រំចិត្ត។ លោកអាចផ្ដល់កម្លាំងឲ្យអ្នកស៊ូទ្រាំនឹងការឈឺចាប់របស់អ្នក។
ជំងឺ
ចម្រៀងសរសើរព្រះ ៤១:៣ ចែងថា៖ «ព្រះយេហូវ៉ានឹងមើលថែគាត់ក្នុងពេលដែលគាត់ដេកឈឺនៅលើគ្រែ»។
អត្ថន័យ៖ ព្រះអាចជួយអ្នកស៊ូទ្រាំនឹងជំងឺធ្ងន់ធ្ងរ ដោយផ្ដល់សេចក្ដីសុខសាន្តក្នុងចិត្តដល់អ្នក ព្រមទាំងកម្លាំងចិត្ត ការអត់ធ្មត់ និងប្រាជ្ញាដើម្បីធ្វើការសម្រេចចិត្តដោយឈ្លាសវៃ។
អេសាយ ៣៣:២៤ ចែងថា៖ «ពួកគេនឹងមិននិយាយថា៖ ‹ខ្ញុំឈឺ›ទៀតឡើយ»។
អត្ថន័យ៖ ព្រះសន្យាថានឹងមានពេលមួយដែលមនុស្សទាំងអស់នឹងមានសុខភាពល្អ។
ការខ្វល់ខ្វាយនិងការតានតឹងចិត្ត
ចម្រៀងសរសើរព្រះ ៩៤:១៩ ចែងថា៖ «ពេលកង្វល់កង្វាយញាំញីចិត្តខ្ញុំ លោកបានសម្រាលទុក្ខខ្ញុំ ហើយធ្វើឲ្យខ្ញុំសប្បាយចិត្តឡើងវិញ»។
អត្ថន័យ៖ បើយើងអធិដ្ឋានទៅព្រះពេលយើងតានតឹងចិត្ត នោះលោកអាចជួយយើងឲ្យមានចិត្តស្ងប់។
ពេត្រុសទី១ ៥:៧ ចែងថា៖ «កាលដែលអ្នករាល់គ្នាផ្ទេរកង្វល់ទាំងអស់ទៅព្រះ ពីព្រោះលោករមែងគិតអំពីអ្នករាល់គ្នា»។
អត្ថន័យ៖ ព្រះខ្វល់ពីទុក្ខវេទនារបស់យើង។ លោកអញ្ជើញយើងឲ្យជម្រាបលោកនូវទុក្ខកង្វល់ទាំងប៉ុន្មានរបស់យើង។
សង្គ្រាម
ចម្រៀងសរសើរព្រះ ៤៦:៩ ចែងថា៖ «លោកនឹងធ្វើឲ្យផែនដីទាំងមូលលែងមានសង្គ្រាមទៀត»។
អត្ថន័យ៖ មិនយូរទៀត រាជាណាចក្រព្រះនឹងបំបាត់ចោលសង្គ្រាមទាំងអស់។
ចម្រៀងសរសើរព្រះ ៣៧:១១, ២៩ ចែងថា៖ «មនុស្សដែលមានចិត្តសុភាពនឹងបានផែនដីជាមត៌ក ពួកគេនឹងសប្បាយរីករាយយ៉ាងខ្លាំង ដោយសារមាន សេចក្ដីសុខសាន្តជាបរិបូរ។ . . . មនុស្សសុចរិតនឹងបានផែនដីជាមត៌ក ហើយពួកគេនឹងរស់នៅផែនដីជារៀងរហូត»។
អត្ថន័យ៖ មនុស្សល្អនឹងរស់នៅផែនដីជារៀងរហូតដោយមានសេចក្ដីសុខសាន្ត។
ការព្រួយបារម្ភអំពីអនាគត
យេរេមា ២៩:១១ ចែងថា៖ «ព្រះយេហូវ៉ាប្រកាសថា៖‹ព្រោះខ្ញុំដឹងច្បាស់នូវគំនិតដែលខ្ញុំកំពុងគិតចំពោះអ្នករាល់គ្នា គឺខ្ញុំចង់ឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្ត មិនមែនសេចក្ដីវេទនាទេ ហើយចង់ឲ្យអ្នករាល់គ្នាមានសេចក្ដីសង្ឃឹមនិងអនាគតល្អប្រសើរ›»។
អត្ថន័យ៖ ព្រះផ្ដល់ការធានាដល់រាស្ត្ររបស់លោកថាពួកគេអាចមានអនាគតដ៏ត្រចះត្រចង់។
ការបើកបង្ហាញ ២១:៤ ចែងថា៖ «លោកនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយសេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ ក៏នឹងលែងមានទៀតដែរ។ អ្វីៗដែលធ្លាប់កើតឡើងពីមុន នោះបានកន្លងបាត់អស់ហើយ»។
អត្ថន័យ៖ ព្រះសន្យាថាបំបាត់ចោលអំពើអាក្រក់ទាំងអស់ដែលអ្នកឃើញនិងពិសោធនៅសព្វថ្ងៃនេះ។
a យេហូវ៉ាគឺជានាមរបស់ព្រះ។ (ចម្រៀងសរសើរព្រះ ៨៣:១៨) សូមមើលអត្ថបទដែលមានចំណងជើងថា«តើព្រះយេហូវ៉ាជានរណា?»។