ហេតុអ្វីលោកយេស៊ូបានត្រូវហៅថាបុត្ររបស់ព្រះ?
ចម្លើយពីគម្ពីរ
នៅក្នុងគម្ពីរច្រើនតែហៅលោកយេស៊ូថា«បុត្ររបស់ព្រះ»។ (យ៉ូហាន ១:៤៩) ពាក្យ«បុត្ររបស់ព្រះ»បញ្ជាក់ថាព្រះជាអ្នកបង្កើត ឬជាប្រភពនៃជីវិតទាំងឡាយ រួមទាំងជីវិតរបស់លោកយេស៊ូដែរ។ (ទំនុកតម្កើង ៣៦:៩; ការបើកបង្ហាញ ៤:១១) គម្ពីរមិនបង្រៀនថាព្រះបានបង្កើតកូនក្នុងន័យត្រង់ ដូចដែលមនុស្សជាតិបានបង្កើតកូននោះទេ។
គម្ពីរក៏ហៅបណ្ដាទេវតាថា«ពួកកូនព្រះ»ដែរ។ (យ៉ូប ១:៦) ហើយគម្ពីរក៏ចែងដែរថាអាដាមដែលជាមនុស្សដំបូងគឺ«ជាកូនព្រះ»។ (លូកា ៣:៣៨) ប៉ុន្តែ ដោយសារលោកយេស៊ូជាបុគ្គលទី១ដែលព្រះបានបង្កើត និងជាបុគ្គលតែមួយគត់ដែលលោកបានបង្កើតដោយផ្ទាល់ នោះគម្ពីររៀបរាប់ថាលោកយេស៊ូជាបុត្រច្បងបង្អស់របស់ព្រះ។
តើលោកយេស៊ូបានរស់នៅស្ថានសួគ៌មុនលោកកើតមកនៅផែនដីឬ?
មែនហើយ! លោកយេស៊ូជាបុគ្គលវិញ្ញាណនៅស្ថានសួគ៌ មុនលោកកើតជាមនុស្សនៅផែនដី។ លោកយេស៊ូផ្ទាល់បានមានប្រសាសន៍ថា៖«ខ្ញុំបានចុះមកពីស្ថានសួគ៌»។—យ៉ូហាន ៦:៣៨; ៨:២៣
ព្រះបានបង្កើតលោកយេស៊ូមុនបង្កើតអ្វីៗទាំងអស់។ ស្ដីអំពីលោកយេស៊ូ គម្ពីរចែងថា៖
«លោក . . . ជាបុត្រច្បងក្នុងចំណោមអ្វីៗទាំងអស់ដែលព្រះបានបង្កើត»។—កូឡុស ១:១៥
លោកជា«អ្នកដំបូងបង្អស់ដែលព្រះបានបង្កើត»។—ការបើកបង្ហាញ ៣:១៤
លោកយេស៊ូបានសម្រេចទំនាយទាំងអស់អំពីបុគ្គលដែលមាន«ដើមកំណើត . . . ចាប់តាំងពីបុរាណ គឺពីអស់កល្បរៀងមក»។—មីកា ៥:១; ម៉ាថាយ ២:៤-៦
តើលោកយេស៊ូបានធ្វើអ្វីមុនលោកមកផែនដី?
លោកមានឋានៈខ្ពង់ខ្ពស់នៅស្ថានសួគ៌។ លោកយេស៊ូបានបញ្ជាក់ពីឋានៈនេះ ពេលដែលលោកអធិដ្ឋានថា៖«បិតាអើយ ឥឡូវនេះសូមតម្កើងខ្ញុំ . . . ដោយមានសិរីរុងរឿងដែលខ្ញុំធ្លាប់មាននៅក្បែរលោក កាលមិនទាន់មានពិភពលោកនៅឡើយ»។—យ៉ូហាន ១៧:៥
លោកបានជួយបិតាលោកបង្កើតអ្វីៗទាំងអស់។ លោកយេស៊ូធ្វើការជាមួយនឹងព្រះ«ដូចជាមេជាង»។ (សុភាសិត ៨:៣០) ស្ដីអំពីលោកយេស៊ូ គម្ពីរចែងថា៖«អ្វីៗឯទៀតទាំងអស់នៅស្ថានសួគ៌និងនៅផែនដីបានត្រូវបង្កើតមកតាមរយៈលោក»។—កូឡុស ១:១៦
ព្រះបានបង្កើតអ្វីទាំងអស់តាមរយៈលោកយេស៊ូគ្រិស្ត។ ការបង្កើតទាំងនេះរួមមាន ទេវតាទាំងឡាយ និងសកលលោកទាំងមូល។ (ការបើកបង្ហាញ ៥:១១) ព្រះនិងលោកយេស៊ូបានសហការគ្នា ដូចជាស្ថាបត្យករសហការជាមួយនឹងអ្នកសាងសង់ គឺស្ថាបត្យករជាអ្នករចនាប្លង់ ហើយអ្នកសាងសង់ធ្វើតាមការរចនានោះ។
លោកបានបម្រើជាបណ្ដាំ។ ពេលរៀបរាប់អំពីជីវិតរបស់លោកយេស៊ូមុនកើតជាមនុស្ស គម្ពីរហៅលោកយេស៊ូថា«បណ្ដាំ»។ (យ៉ូហាន ១:១) តាមមើលទៅ នេះមានន័យថាព្រះបានប្រើបុត្រលោកឲ្យប្រាប់ព័ត៌មាននិងការណែនាំដល់ទេវតាឯទៀត។
តាមមើលទៅ លោកយេស៊ូក៏បម្រើជាអ្នកនាំពាក្យរបស់ព្រះទៅកាន់មនុស្សនៅផែនដីដែរ។ ព្រះទំនងជាមានប្រសាសន៍តាមរយៈលោកយេស៊ូដែលជាបណ្ដាំ ពេលដែលលោកផ្ដល់ការណែនាំដល់អាដាមនិងអេវ៉ានៅសួនអេដែន។ (លោកុប្បត្តិ ២:១៦, ១៧) លោកយេស៊ូប្រហែលជាទេវតាដែលបាននាំមុខជនជាតិអ៊ីស្រាអែលពីសម័យបុរាណឆ្លងកាត់តំបន់ស្ងាត់ជ្រងំ ហើយប្រហែលជាសំឡេងរបស់លោកដែលជនជាតិអ៊ីស្រាអែលបានស្ដាប់តាម។—និក្ខមនំ ២៣:២០-២៣ a
a បណ្ដាំមិនមែនជាទេវតាតែមួយគត់ ដែលព្រះបានមានប្រសាសន៍តាមរយៈនោះទេ ។ ជាឧទាហរណ៍ លោកបានប្រើទេវតាឯទៀតក្រៅពីបុត្រច្បងរបស់លោក ឲ្យប្រាប់ច្បាប់របស់លោកដល់ជនជាតិអ៊ីស្រាអែលពីសម័យបុរាណ។—សកម្មភាព ៧:៥៣; កាឡាទី ៣:១៩; ហេប្រឺ ២:២, ៣