តើសង្គ្រាមអាម៉ាគេដូនជាអ្វី?
ចម្លើយពីគម្ពីរ
សង្គ្រាមអាម៉ាគេដូនគឺជាសង្គ្រាមផ្ដាច់ព្រាត់រវាងរដ្ឋាភិបាលមនុស្សនិងព្រះ។ សូម្បីតែនៅឥឡូវនេះ រដ្ឋាភិបាលមនុស្សនិងអ្នកគាំទ្រពួកគេកំពុងប្រឆាំងព្រះ ដោយបដិសេធចុះចូលក្រោមការគ្រប់គ្រងរបស់លោក។ (ចម្រៀងសរសើរព្រះ ២:២) សង្គ្រាមអាម៉ាគេដូននឹងបំផ្លាញចោលរបៀបរបបគ្រប់គ្រងទាំងអស់របស់មនុស្ស។—ដានីយ៉ែល ២:៤៤
ពាក្យ«អាម៉ាគេដូន»មានតែម្ដងគត់នៅក្នុងគម្ពីរ គឺនៅសៀវភៅការបើកបង្ហាញ ១៦:១៦។ ទំនាយក្នុងសៀវភៅនោះបង្ហាញថានៅឯ«កន្លែងដែលភាសាហេប្រឺហៅថាអាម៉ាគេដូន» នោះ«ស្ដេចទាំងឡាយនៅគ្រប់ទីអាស្រ័យនៅផែនដី»នឹង«ប្រមូលគ្នាសម្រាប់សង្គ្រាមដែលនឹងកើតឡើងនៅថ្ងៃដ៏ធំរបស់ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត»។—ការបើកបង្ហាញ ១៦:១៤
តើអ្នកណានឹងប្រយុទ្ធក្នុងសង្គ្រាមអាម៉ាគេដូន? លោកយេស៊ូគ្រិស្តនឹងដឹកនាំបណ្ដាកងទ័ពស្ថានសួគ៌ដើម្បីយកឈ្នះលើពួកសត្រូវរបស់ព្រះ។ (ការបើកបង្ហាញ ១៩:១១-១៦, ១៩-២១) ពួកសត្រូវទាំងនេះរួមបញ្ចូលអស់អ្នកដែលប្រឆាំងអំណាចរបស់ព្រះ និងអស់អ្នកដែលប្រមាថមើលងាយលោក។—អេសេគាល ៣៩:៧
តើសង្គ្រាមអាម៉ាគេដូននឹងកើតឡើងនៅមជ្ឈិមបូព៌ាឬទេ? សង្គ្រាមអាម៉ាគេដូននឹងមិនកើតឡើងនៅកន្លែងណាមួយទេ ផ្ទុយទៅវិញនឹងកើតឡើងនៅទូទាំងផែនដី។—យេរេមា ២៥:៣២-៣៤; អេសេគាល ៣៩:១៧-២០
ពេលខ្លះគេហៅអាម៉ាគេដូនថា«ហាម៉ាគេដូន» (ភាសាហេប្រឺហាមេគីដូន) មានន័យថា«ភ្នំមេគីដោ»។ មេគីដោគឺជាក្រុងមួយក្នុងតំបន់នៃស្រុកអ៊ីស្រាអែលសម័យបុរាណ។ កំណត់ត្រាប្រវត្តិសាស្ត្របានប្រាប់ថា សង្គ្រាមធំៗជាច្រើនបានកើតឡើងនៅតំបន់នោះ។ នេះរួមបញ្ចូលទាំងសង្គ្រាមខ្លះដែលបានកត់ទុកក្នុងគម្ពីរ។ (អ្នកសម្រេចក្ដី ៥:១៩, ២០; បណ្ដាស្ដេចទី២ ៩:២៧; ២៣:២៩) ទោះជាយ៉ាងនោះក្ដី អាម៉ាគេដូនមិនមែនជាកន្លែងដែលនៅជិតភ្នំមេគីដោសម័យបុរាណទេ។ ហេតុអ្វី? ពីព្រោះនៅទីនោះគ្មានភ្នំធំៗឡើយ ហើយសូម្បីតែបញ្ចូលតំបន់នោះជាមួយនឹងវាលច្រកភ្នំយេសរាល ក៏មិនអាចមានកន្លែងគ្រប់គ្រាន់សម្រាប់ឲ្យអស់អ្នកដែលប្រឆាំងព្រះមកប្រមូលផ្ដុំគ្នាបានដែរ។ ផ្ទុយទៅវិញ អាម៉ាគេដូនគឺជាហេតុការណ៍ដែលប្រជាជាតិនានានៅទូទាំងពិភពលោករួបរួមគ្នាជាលើកចុងក្រោយប្រឆាំងនឹងការគ្រប់គ្រងរបស់ព្រះ។
តើអ្វីនឹងកើតឡើងក្នុងសង្គ្រាមអាម៉ាគេដូន? យើងមិនដឹងថាព្រះនឹងប្រើឫទ្ធានុភាពរបស់លោកតាមរបៀបណាទេ តែលោកអាចនឹងប្រើវិធីដូចដែលលោកធ្លាប់ប្រើកន្លងមកដូចជា ដុំទឹកកក រញ្ជួយដី ព្យុះភ្លៀង ភ្លើងនិងស្ពាន់ធ័រ ព្រមទាំងរន្ទះ និងជំងឺជាដើម។ (យ៉ូប ៣៨:២២, ២៣; អេសេគាល ៣៨:១៩, ២២; ហាបាគុក ៣:១០, ១១; សាការី ១៤:១២) នៅក្នុងពេលដ៏វឹកវរនោះ សត្រូវខ្លះរបស់ព្រះនឹងសម្លាប់គ្នាទៅវិញទៅមក។ ប៉ុន្តែនៅទីបំផុត ពួកគេនឹងដឹងច្បាស់ថា គឺព្រះដែលកំពុងប្រយុទ្ធជាមួយនឹងពួកគេ។—អេសេគាល ៣៨:២១, ២៣; សាការី ១៤:១៣
តើអាម៉ាគេដូនជាទីបញ្ចប់នៃពិភពលោកឬ? មិនមែនទេ ពីព្រោះផែនដីគឺជាទីអាស្រ័យនៅរបស់មនុស្សជាតិជារៀងរហូត។ (ចម្រៀងសរសើរព្រះ ៣៧:២៩; ៩៦:១០; អ្នកទូន្មាន ១:៤) ជាជាងបំផ្លាញជីវិតមនុស្ស តាមពិតអាម៉ាគេដូននឹងជួយសង្គ្រោះមនុស្ស ដោយសារ«មនុស្សមួយក្រុមធំ»ដែលជាអ្នកបម្រើព្រះនឹងត្រូវសង្គ្រោះ។—ការបើកបង្ហាញ ៧:៩, ១៤; ចម្រៀងសរសើរព្រះ ៣៧:៣៤
ប៉ុន្តែ គម្ពីរនិយាយអំពីពិភពលោកក្នុងន័យផ្សេងវិញ។ ក្នុងគម្ពីរ ពាក្យ«ពិភពលោក»មិនគ្រាន់តែសំដៅលើផែនដីប៉ុណ្ណោះទេ តែជួនកាលពាក្យ«ពិភពលោក»សំដៅលើសង្គមមនុស្សទុច្ចរិតដែលប្រឆាំងនឹងព្រះ។ (យ៉ូហានទី១ ២:១៥-១៧) ក្នុងន័យនេះ អាម៉ាគេដូននឹងនាំឲ្យមាន«ចុងបញ្ចប់នៃរបៀបរបបពិភពលោក»។—ម៉ាថាយ ២៤:៣
តើសង្គ្រាមអាម៉ាគេដូននឹងកើតឡើងនៅពេលណា? ពេលនិយាយអំពី«ទុក្ខវេទនាជាខ្លាំង» ដែលនឹងឈានទៅដល់ទីបញ្ចប់ក្នុងសង្គ្រាមអាម៉ាគេដូន លោកយេស៊ូមានប្រសាសន៍ថា៖«គ្មានអ្នកណាដឹងថ្ងៃនិងម៉ោងនោះឡើយ សូម្បីតែបណ្ដាទេវតានៅស្ថានសួគ៌ និងបុត្ររបស់ព្រះក៏មិនជ្រាបដែរ។ មានតែបិតាដែលស្ថិតនៅស្ថានសួគ៌ប៉ុណ្ណោះដែលជ្រាប»។ (ម៉ាថាយ ២៤:២១, ៣៦) ប៉ុន្តែ គម្ពីរប្រាប់ថាអាម៉ាគេដូននឹងកើតឡើងក្នុងអំឡុងវត្តមានរបស់លោកយេស៊ូដែលចាប់ផ្ដើមនៅឆ្នាំ១៩១៤។—ម៉ាថាយ ២៤:៣៧-៣៩