លោតទៅអត្ថបទ

តើអ្វីជាសត្វសាហាវដែលមានសម្បុរក្រហមឆ្អៅពីសៀវភៅការបើកបង្ហាញ ជំពូក១៧?

តើអ្វីជាសត្វសាហាវដែលមានសម្បុរក្រហមឆ្អៅពីសៀវភៅការបើកបង្ហាញ ជំពូក១៧?

ចម្លើយ​ពី​គម្ពីរ

 សត្វ​សាហាវ​ដែល​មាន​សម្បុរ​ក្រហម​ឆ្អៅ​នៅ​សៀវភៅ​ការ​បើក​បង្ហាញ ជំពូក​១៧ គឺ​ជា​និមិត្តរូប​នៃ​អង្គការ​មួយ​ដែល​មាន​គោល​បំណង​បង្រួប​បង្រួម​ប្រជា​ជាតិ​នានា​នៃ​ពិភព​លោក​នេះ និង​ជា​តំណាង​ប្រជា​ជាតិ​ទាំង​នោះ។ ដំបូង វា​គឺ​ជា​អង្គការ​សម្ព័ន្ធ​ប្រជា​ជាតិ ហើយ​ឥឡូវ​គឺ​ជា​អង្គការ​សហប្រជាជាតិ។

របៀប​សម្គាល់​អត្តសញ្ញាណ​របស់​សត្វ​សាហាវ​ដែល​មាន​សម្បុរ​ក្រហម​ឆ្អៅ

  1.  ១. អង្គការ​នយោបាយ។ សត្វ​សាហាវ​ដែល​មាន​សម្បុរ​ក្រហម​ឆ្អៅ​មាន​«​ក្បាល​៧​»​ ដែល​ជា​តំណាង​«​ភ្នំ​៧​»​ និង​«​ស្ដេច​៧​រូប​»​ឬ​អំណាច​គ្រប់​គ្រង។ (​ការ​បើក​បង្ហាញ ១៧:៩, ១០​) ក្នុង​គម្ពីរ ភ្នំ​និង​សត្វ​បាន​ត្រូវ​ប្រើ​ដើម្បី​ជា​និមិត្តរូប​សម្រាប់​រដ្ឋាភិបាល។—យេរេមា ៥១:២៤, ២៥; ដានីយ៉ែល ២:៤៤, ៤៥; ៧:១៧, ២៣

  2.  ២. លក្ខណៈ​ស្រដៀង​នឹង​ប្រព័ន្ធ​នយោបាយ​ទូទាំង​ពិភព​លោក។ សត្វ​សាហាវ​ដែល​មាន​សម្បុរ​ក្រហម​ឆ្អៅ មាន​ភាព​ស្រដៀង​នឹង​សត្វ​សាហាវ​ដែល​មាន​ក្បាល​៧​ពី​សៀវភៅ​ការ​បើក​បង្ហាញ ជំពូក​១៣ ដែល​ជា​តំណាង​ប្រព័ន្ធ​នយោបាយ​ទូទាំង​ពិភព​លោក។ សត្វ​សាហាវ​ទាំង​ពីរ​នេះ​មាន​ក្បាល​៧ ស្នែង​១០ និង​មាន​ឈ្មោះ​ដែល​ប្រមាថ​ព្រះ។ (​ការ​បើក​បង្ហាញ ១៣:១; ១៧:៣​) ភាព​ស្រដៀង​គ្នា​ទាំង​នេះ​មិន​អាច​កើត​ឡើង​ដោយ​ចៃដន្យ​ទេ។ សត្វ​សាហាវ​ដែល​មាន​សម្បុរ​ក្រហម​ឆ្អៅ គឺ​មាន​លក្ខណៈ​ស្រដៀង​ឬ​ជា​រូប​នៃ​ប្រព័ន្ធ​នយោបាយ​ទូទាំង​ពិភព​លោក។—ការ​បើក​បង្ហាញ ១៣:១៥

  3.  ៣. អំណាច​មក​ពី​អ្នក​គ្រប់​គ្រង​ផ្សេង​ទៀត។ សត្វ​សាហាវ​ដែល​មាន​សម្បុរ​ក្រហម​ឆ្អៅ​«​ចេញ​ពី​»​ឬ​បាន​កើត​មក​ពី​អំណាច​គ្រប់​គ្រង​ផ្សេង​ទៀត។—ការ​បើក​បង្ហាញ ១៧:១១, ១៧

  4.  ៤. ជាប់​ទាក់​ទង​នឹង​សាសនា។ បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ដែល​ជា​សាសនា​មិន​ពិត​ទាំង​ឡាយ​នៅ​ទូទាំង​ពិភព​លោក អង្គុយ​ពី​លើ​សត្វ​សាហាវ​ដែល​មាន​សម្បុរ​ក្រហម​ឆ្អៅ។ នេះ​បង្ហាញ​ថា​វា​ទទួល​ឥទ្ធិពល​ពី​សាសនា​ផ្សេង​ៗ។—ការ​បើក​បង្ហាញ ១៧:៣​-​៥

  5.  ៥. បង្ខូច​កិត្តិយស​ព្រះ។ សត្វ​សាហាវ​នោះ​«​ពេញ​ទៅ​ដោយ​ឈ្មោះ​ដែល​ប្រមាថ​ព្រះ​»។—ការ​បើក​បង្ហាញ ១៧:៣

  6.  ៦. អសកម្ម​អស់​មួយ​រយៈ។ សត្វ​សាហាវ​ដែល​មាន​សម្បុរ​ក្រហម​ឆ្អៅ​នោះ នៅ​ក្នុង​«​ទី​ជ្រៅ​បំផុត​»​ aឬ​អសកម្ម​អស់​មួយ​រយៈ​ពេល ប៉ុន្តែ​ក្រោយ​មក​មាន​សកម្មភាព​ឡើង​វិញ។—ការ​បើក​បង្ហាញ ១៧:៨

ទំនាយ​គម្ពីរ​ក្លាយ​ជា​ការ​ពិត

 សូម​គិត​ពិចារណា​អំពី​របៀប​ដែល​អង្គការ​សហប្រជាជាតិ និង​អង្គការ​មុន​នោះ គឺ​អង្គការ​សម្ព័ន្ធ​ប្រជា​ជាតិ បាន​សម្រេច​ទំនាយ​គម្ពីរ​ស្ដី​អំពី​សត្វ​សាហាវ​ដែល​មាន​សម្បុរ​ក្រហម​ឆ្អៅ។

  1.  ១. អង្គការ​នយោបាយ។ អង្គការ​សហប្រជាជាតិ​គាំទ្រ​ប្រព័ន្ធ​នយោបាយ​ដោយ​កាន់​ខ្ជាប់​«​សមភាព និង​អធិបតេយ្យភាព​របស់​សមាជិក​ទាំង​អស់​»។ b

  2.  ២. លក្ខណៈ​ស្រដៀង​នឹង​ប្រព័ន្ធ​នយោបាយ​ទូទាំង​ពិភព​លោក។ នៅ​ឆ្នាំ​២០១១ អង្គការ​សហប្រជាជាតិ​បាន​បន្ថែម​សមាជិក​ទី​១៩៣។ ដូច្នេះ អង្គការ​នេះ​អះអាង​ថា​ខ្លួន​ជា​តំណាង​មនុស្ស​និង​ប្រជា​ជាតិ​ភាគ​ច្រើន​ក្នុង​ពិភព​លោក​នេះ។

  3.  ៣. អំណាច​មក​ពី​អ្នក​គ្រប់​គ្រង​ផ្សេង​ទៀត។ ប្រជា​ជាតិ​នានា​ដែល​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​បាន​បង្កើត​អង្គការ​នោះ​មក។ អង្គការ​សហប្រជាជាតិ​ទទួល​អំណាច​តាម​ដែល​ប្រជា​ជាតិ​ទាំង​នោះ​ផ្ដល់​ឲ្យ។

  4.  ៤. ជាប់​ទាក់​ទង​នឹង​សាសនា។ ទាំង​អង្គការ​សម្ព័ន្ធ​ប្រជា​ជាតិ ទាំង​អង្គការ​សហប្រជាជាតិ​បាន​ទទួល​ការ​គាំទ្រ​ពី​សាសនា​នានា​នៃ​ពិភព​លោក​នេះ។ c

  5.  ៥. បង្ខូច​កិត្តិយស​ព្រះ។ អង្គការ​សហប្រជាជាតិ​បាន​ត្រូវ​បង្កើត​ឡើង​«​ដើម្បី​រក្សា​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ​»។ d ទោះ​ជា​គោល​ដៅ​នេះ​មើល​ទៅ​គួរ​ឲ្យ​សរសើរ​ក្ដី តាម​ពិត​អង្គការ​សហប្រជាជាតិ​បង្ខូច​កិត្តិយស​ព្រះ​ដោយ​អះអាង​ថា​ពួក​គេ​អាច​ធ្វើ​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​ថា​មាន​តែ​រាជាណាចក្រ​លោក​ប៉ុណ្ណោះ​អាច​សម្រេច​បាន។—ចម្រៀង​សរសើរ​ព្រះ ៤៦:៩; ដានីយ៉ែល ២:៤៤

  6.  ៦. អសកម្ម​អស់​មួយ​រយៈ។ អង្គការ​សម្ព័ន្ធ​ប្រជា​ជាតិ​បាន​ត្រូវ​បង្កើត​ឡើង​មិន​យូរ​ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី​១ ដោយ​មាន​គោល​បំណង​រក្សា​សន្តិភាព។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អង្គការ​នោះ​មិន​បាន​ទប់​ស្កាត់​ការ​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​ផ្សេង​ៗ​នៅ​ទូទាំង​ពិភព​លោក​ទេ។ អង្គការ​នោះ​បាន​ដួល​រលំ​ពេល​សង្គ្រាម​លោក​លើក​ទី​២​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩៣៩។ នៅ​ឆ្នាំ​១៩៤៥ ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី​២​បញ្ចប់ អង្គការ​សហប្រជាជាតិ​បាន​ត្រូវ​បង្កើត​មក។ គោល​បំណង វិធី​សាស្ត្រ និង​របៀប​រៀបចំ​របស់​អង្គការ​នោះ​គឺ​ស្រដៀង​គ្នា​នឹង​អង្គការ​សម្ព័ន្ធ​ប្រជា​ជាតិ។

a យោង​ទៅ​តាម​សៀវភៅ​វចនានុក្រម​គម្ពីរ​មួយ ពាក្យ​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ទី​ជ្រៅ​បំផុត​»​ រៀប​រាប់​អំពី​«​ជម្រៅ​ដែល​គ្មាន​ដែន​កំណត់​»។ (​Vine’s Expository Dictionary of Old and New Testament Words​) សេចក្ដី​បក​ប្រែ​គម្ពីរ​ឃីងជេម្ស​ជា​ភាសា​អង់គ្លេស បាន​បក​ប្រែ​ពាក្យ​នេះ​ថា​«​រណ្ដៅ​ជ្រៅ​ក្រៃ​លែង​ស្ទង់​មិន​បាន​»។ ក្នុង​គម្ពីរ នេះ​សំដៅ​លើ​កន្លែង​ឬ​ស្ថានភាព​ឃុំ​ឃាំង​ដែល​គ្មាន​សកម្មភាព​អ្វី​ទាំង​អស់។

b សូម​មើល​ប្រការ​ទី​២​នៃ​គោល​ការណ៍​អង្គការ​សហប្រជាជាតិ​ជា​ភាសា​អង់គ្លេស។

c ជា​ឧទាហរណ៍​នៅ​ឆ្នាំ​១៩១៨ ក្រុម​ប្រឹក្សា​ដែល​ជា​តំណាង​វិហារ​ប្រូតេស្តង់​នៅ​ប្រទេស​អាម៉េរិក បាន​ប្រកាស​ថា អង្គការ​សម្ព័ន្ធ​ប្រជា​ជាតិ​នឹង​ទៅ​«​ជា​តំណាង​រាជាណាចក្រ​របស់​ព្រះ​នៅ​ផែនដី​»។ នៅ​ឆ្នាំ​១៩៦៥ បុគ្គល​មួយ​ចំនួន​ដែល​ជា​តំណាង​ពុទ្ធសាសនា សាសនា​កាតូលិក សាសនា​អូធូដុក្ស​ខាង​កើត សាសនា​ហិណ្ឌូ សាសនា​អ៊ីស្លាម សាសនា​យូដា និង​សាសនា​ប្រូតេស្តង់ បាន​ជួប​ជុំ​គ្នា​នៅ​ក្រុង​សានហ្វ្រានស៊ីស្កូ ដើម្បី​គាំទ្រ​និង​អធិដ្ឋាន​ឲ្យ​អង្គការ​សហប្រជាជាតិ។ ម្យ៉ាង​ទៀត នៅ​ឆ្នាំ​១៩៧៩ សម្ដេច​ប៉ាប​ចន ផល​ទី​២​បាន​និយាយ​អំពី​ក្ដី​សង្ឃឹម​របស់​គាត់​ថា អង្គការ​សហប្រជាជាតិ​«​នឹង​បន្ត​ធ្វើ​ជា​ស្ថាប័ន​ដ៏​ប្រសើរ​បំផុត​ដើម្បី​ឲ្យ​មាន​សន្តិភាព​និង​យុត្តិធម៌​»។

d សូម​មើល​ប្រការ​ទី​១​នៃ​គោល​ការណ៍​អង្គការ​សហប្រជាជាតិ។